Skip to Main Navigation
publication20 កក្កដា 2022

យុទ្ធសាស្ត្រសម្រាប់កាត់បន្ថយចំណាយលើឡូហ្ស៊ីស្ទិកខណៈដែលខ្សែច្រវាក់ផ្គត់ផ្គង់មានភាពរអាក់រអួលក្រោយពីមានវិបត្តិកូវីដ-១៩

សេចក្តីសង្ខេប

ជំពូកពិសេសនៃរបាយការណ៍នេះ ធ្វើការពិនិត្យវាយតម្លៃលើឥទ្ធិពលដែលភាពរអាក់រអួលក្នុងខ្សែច្រវាក់​ផ្តត់ផ្គង់​មាន​ទៅលើ​រំហូរពាណិជ្ជកម្ម និង​សកម្មភាព​លើកដាក់ទំនិញនៅកំពង់ផែរបស់កម្ពុជា នៅក្រោយការផ្ទុះ​​ការ​រាត​ត្បាត​ជំងឺកូវីដ-១៩ ហើយក៏លើកឡើងផងដែរនូវអនុសាសន៍មួយចំនួន សំដៅជួយពង្រឹង​ឧត្តមភាព​នៃភាពប្រកួត​ប្រជែងរបស់កម្ពុជា ជាប្រយោជន៍ដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញឲ្យបានកាន់តែស្វាហាប់​ និង​ឆាប់​រហ័ស​។ ជាពិសេសទៅទៀត ជំពូកនេះបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីកត្តានាំឲ្យមានការចំណាយ​ថ្លៃ​ដើម​ខ្ពស់លើឡូហ្ស៊ីស្ទិករបស់កម្ពុជា និងបង្ហាញវិធានការជាក់លាក់ដែលអាចជួយរដ្ឋាភិបាល​ក្នុង​ការ​តាក់​តែង​យុទ្ធ​សាស្ត្រ​នានា​សម្រាប់ដោះស្រាយ​ចំណុចខ្សោយនៅក្នុង​បណ្តាញនៃខ្សែច្រវាក់ផ្គត់ផ្គង់។​ ការរាតត្បាតជំងឺ​​កន្លង​មកនេះបាន​ធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់ទូទាំងសកលលោកត្រូវរអាក់រអួលមិនដែលធ្លាប់មានពីមុនមក ហើយ​​មក​ទល់​ពេលនេះ​នៅ​មិន​ទាន់​មានសញ្ញាណាថាវានឹងឈប់រអាក់រអួលនៅពេលណាទេ[1]។ នៅក្នុង​បរិការណ៍បែបនេះ កំណែទម្រង់បែប​ប្រែធាតុស៊ីជម្រៅកាន់តែមានភាពចាំបាច់​ខ្លាំង ជាពិសេស​បន្ទាប់ពីសេដ្ឋកិច្ច​របស់​កម្ពុជា​រួញ​មាឌចុះដល់ដក ៣,១ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារតែសកម្មភាពនាំចេញ និង​វិស័យទេសចរណ៍រងការប៉ះទង្គិច​ខ្លាំង​ជាង​គេបំផុត។ នៅដើមឆ្នាំ ២០២០ រោងចក្រកាត់ដេររាប់រយ ត្រូវបានផ្អាក់ដំណើរការ ដោយសារតែភាពរអាក់រអួលនៃការនាំចូលវត្ថុធាតុដើមពីប្រទេសចិន។ ប្រទេសកម្ពុជាគឺជាប្រទេសនាំមុខគេមួយនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសអង្ករ ហើយដោយសារការរអាករអួលផ្នែកដឹកជញ្ជូនពិសេសការខ្វះកុងទីន័របានបន្ទុចបង្អាក់ការនាំចេញទៅអឺរ៉ុបជាពិសេស។ ផលិតផលកសិកម្មពិសេស អង្ករ ដែលត្រូវការដឹកជញ្ជូនធ្ងន់ៗនិងតម្លៃថោក មិនដូចគ្រឿងអេឡិចត្រូចនិច ត្រូវបានទទួលរងការប៉ះពាល់យ៉ាងខ្លាំងដោយតម្លៃកើនឡើងនៃការដឹកជញ្ជូនតាមសមុទ្រ។ ខណៈដែលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹង​រើបខ្លួនឡើងវិញ​ទៅទទួល​បាន​កំណើន​ ៤,៥ភាគរយ​ក្នុង​ឆ្នាំ​២០២២​ កំណើនវែងឆ្ងាយទៅមុខ​នឹង​អាស្រ័យលើជម្រើសគោលនយោបាយ និង​ការកែទម្រង់ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​នាំចេញ​របស់​ប្រទេស​ស្ទុះស្ទារឡើងវិញឲ្យបានឆាប់រហ័ស។

ការធ្វើសមាហរណកម្មកាន់តែទូលំទូលាយថែមទៀតទៅក្នុង​ខ្សែច្រវាក់តម្លៃក្នុងតំបន់ និងក្នុង​កម្រិតសាកល បានប្រែក្លាយបញ្ហាឡូហ្ស៊ីស្ទិកមានប្រសិទ្ធភាព និងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ ទៅជាកត្តាស្នូលនៅក្នុង​យុទ្ធសាស្ត្រ​អ​ភិ​វឌ្ឍន៍​របស់​កម្ពុជា ហើយវាក៏ជាបុរេលក្ខខណ្ឌសំខាន់មួយដែរសម្រាប់​ដំណើរឆ្ពោះទៅឡើងឋានៈជាប្រទេសមាន​ចំណូល​ខ្ពស់។ នៅក្នុង​ចន្លោះឆ្នាំ១៩៩៥ និង​ឆ្នាំ​២០១៩ មុន​នឹង​មានការវាយប្រហារពីសំណាក់ជំងឺរាតត្បាត កម្ពុជាទទួល​បាន​កំណើន​សេដ្ឋកិច្ច​មធ្យម​ក្នុង​មួយ​ឆ្នាំក្នុង​កម្រិត ៧,៦ភាគរយ ដែលដាក់ប្រទេសនេះក្នុងចំណោមប្រទេសដែលមាន​កំណើនសេដ្ឋកិច្ចលឿននៅលើពិភពលោក នាពេលនោះ។ នៅឆ្នាំ២០១៥ សេដ្ឋកិច្ចបានឈានកម្រិត​ជាប្រទេសមាន​ចំណូល​ទាបមធ្យម។ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់, វិស័យទេសចរណ៍ ហើយថ្មីៗនេះ វិស័យសំណង់និងអចលនទ្រព្យ ជាកត្តាចម្បងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់។ ពិតណាស់ ទាំងនេះជាសមិទ្ធផលគួរឲ្យស្ងើច​សរសើរ ប៉ុន្តែ សេដ្ឋកិច្ច​នៅតែមានមូលដ្ឋានមួយដែលមិនសូវសម្បូរបែប។ អស់ពេលជាច្រើនទសវត្សរ៍ ផ្នែកនាំ​ចេញ​របស់​កម្ពុជានៅតែពឹងផ្អែកខ្លាំងលើផលិតផលចម្បងបីមុខ មាន៖ ផលិតផលសម្លៀកបំពាក់, ទំនិញធ្វើដំណើរ និង​ស្បែកជើង (GTF), ដែលផ្គួបគ្នាមកស្មើនឹង ៦៥ភាគរយ នៃបិរមាណទំនិញនាំចេញសរុបពីកម្ពុជាទៅកាន់ទីផ្សារនៅ​ក្រៅប្រទេស។

វឌ្ឍនភាពក្នុងការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចមានមែនតែនៅយឺតដោយសារកត្តាមួយចំនួន ប៉ុន្តែអ្វី​ដែល​នៅតែ​ជា​ឧបសគ្គធំរបស់កម្ពុជា​សម្រាប់ការប្រកួតប្រជែងគឺ​ការចំណាយថ្លៃដើមខ្ពស់ទៅលើឡូហស៊ីស្ទិក និងភាពទន់ខ្សោយក្នុង​ការ​ភ្ជាប់​បណ្តាញ​ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់។ ពាណិជ្ជកម្ម ជាពិសេស​ ការនាំចេញ កំពុងដើរតួស្នូលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​ដំណោះស្រាយឡូហ្ស៊ីស្ទិកបែបវៃឆ្លាត និង​ការ​គ្រប់​គ្រង​ខ្សែច្រវាក់​ផ្គត់​ផ្គត់​ឲ្យ​បាន​ស័ក្តិសិទ្ធ​នៅតែ​ជាបុរេលក្ខខណ្ឌ​ធំ​សម្រាប់​ធានាឲ្យបាន​នូវសមត្ថភាពប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​ប្រទេសនេះ សម្រាប់​រយៈពេល​វែងឆ្ងាយទៅមុខ។ ត្រឹមឆ្នាំ​២០៣០ មាន​ការ​រំពឹងទុកថា ការចលនា​​ទំនិញ​របស់​បណ្តា​ក្រុមហ៊ុន​នៅកម្ពុជា​​ឆ្លង​កាត់​​ផ្លូវហាយវ៉េ, កំពុងផែ, ព្រលានយន្តហោះ និង​ឃ្លាំងស្តុក នឹង​កើន​​ទំហំរហូតដល់ទៅបួនដងលើសពីទំហំក្នុងពេល​បច្ចុប្បន្ន​នេះ ទៅទៀត[2]។ ផ្ទុយទៅវិញ ចំណាយថ្លៃដើមទៅលើឡូហ្ស៊ីស្ទិកធៀបទៅនឹងផ.ស.ស នៅតែខ្ពស់ជាងគេខ្លាំងធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ាន គឺ តាម​ការ​​ប៉ាន់​ប្រមាណ​ ​មាន​ប្រហែល ២៦,៤៣ភាគ​រយ​នៃ​ផ.ស.ស នៅ​ក្នុង​ឆ្នាំ២០២០។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ថ្លៃចំណាយទៅលើការទុកដាក់ទំនិញទម្រាំដល់ពេលយកចេញទៅដល់ដៃអ្នកទទួល មានកម្រិតខ្ពស់ណាស់នៅកម្ពុជា គឺ តាមការប៉ាន់ស្មាន មាន​តម្លៃ​សមមូលទៅនឹង​ ១៣ភាគរយនៃផ.ស.ស ក្នុង​ឆ្នាំ​២០២០ ដែលតាមរយៈនេះ​វា​នាំឲ្យមានភាពមិនប្រាកដប្រជាខ្លាំងនៅក្នុង​ខ្សែច្រវាក់ផ្គត់ផ្គង់។

ភាពចាំបាច់បង្កើន​ភាពពឹងពាក់ឬការជឿទុកចិត្តបាន និង​សេវាមានគុណភាពនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ គឺ​ជា​គន្លឹះនាំទៅរក​ការ​ធ្វើ​ឲ្យ​មាន​ភាពកាន់​តែ​ប្រសើរ​ឡើង​នៅ​ក្នុង​មុខងារ​ឡូហ្ស៊ីស្ទិក​របស់​កម្ពុជា ព្រោះថា ពេលវេលានិង​ថ្លៃចំណាយ​ជាធាតុផ្សំនៃភាពទស្សទាយបានក៏ពិតមែន ប៉ុន្តែគុណភាពនៃការដឹកជញ្ជូនតាមនាវាក៏ជាសមាសភាគសំខាន់​មួយ​ទៀត​ដែរ។ បុព្វហេតុនៅពីក្រោយការយឺតយ៉ាវ ឬ​ភាពមិនអាចពឹងពាក់ឬការជឿទុកចិត្តបានមួយចំនួន​អាច​កែតម្រូវឡើងវិញ​តាម​រយៈអន្តរាគមន៍​ពី​សំណាក់​រដ្ឋា​ភិបាល​កម្ពុជា ឧទាហរណ៍ ដូចជា គុណភាពនៃសេវាកម្ម ឬ​ ថ្លៃចំណាយ និ​ងល្បឿន​របស់​ដំណើរ​ការ​បញ្ចេញ​ទំនិញ​ពីប្រតិបត្តិការគយ។ ប៉ុន្តែ មានកត្តា​ផ្សេងទៀតដែលជាដើមហេតុនៅពីក្រោយភាពយឺតយ៉ាវ​ ឬ ភាព​មិន​អាច​ពឹង​ពាក់​ឬជឿជាក់បាន មានដូចជាការពឹងតែទៅលើផ្លូវដឹកជញ្ជូន​ប្រយោលតាម​នាវា​ ឬ​ទៅលើ​ការ​ឆ្លងកាត់ទំនិញ​នៅ​តាម​កំពង់ផែដែលស្ថិតនៅក្នុង​តំបន់ក្រៅដែនរបស់​ខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ដែល​មិន​ស្ថិត​ក្រោម​ដែន​យុត្តា​ធិការ​របស់​ប្រទេស។ ការបង្កើន​បាន​នូវ​ភាពទុក​ចិត្ត​បាន​របស់​ខ្សែច្រវាក់​ផ្គត់​ផ្គង់ វានឹង​កាន់​តែ​បង្កើន​ឧត្តម​ភាពប្រៀប​ធៀប​របស់​កម្ពុជា​ឡើងមួយ​កម្រិត​ទៀត ជា​ពិសេ​ស​នៅ​ក្នុង​វេលាមួយ​ដែល​មាន​ភាពមិន​ប្រាកដ​ប្រ​ជា​កាន់​តែ​ខ្លាំង ហើយ​ក្រុម​ហ៊ុន​នាវា​ដឹក​ជញ្ជូន​មួយ​ចំនួន​ក៏​សុខ​ចិត្ត​ហ៊ាន​បង់​ថ្លៃថែម​មួយ​កម្រិត​ទៀតដែរ ឲ្យ​តែ​ប្រាកដថាទំនិញ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​គោលដៅ​តាម​ការ​គ្រោង​ទុក។

ជំពូកពិសេស​នៃរបាយការណ៍នេះ បានទាញការសន្និដ្ឋានថា យុទ្ធសាស្ត្រនានាដែលផ្តោតលើ​ការ​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ឡូហ្ស៊ីស្ទិក និង​ដោះស្រាយ​ចំណុចខ្សោយ​ក្នុង​ការ​ភ្ជាប់​បណ្តាញ​ជាមួយ​ខ្សែច្រវាក់​ផ្គត់​ផ្គង់​នៅ​កម្ពុជា គឺ​ជា​ការ​ឆ្លើយ​តប​កំពូល​ផ្នែក​គោល​នយោបាយ​ទៅនឹងហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ច ដែលគ្មាន​អ្នក​ណា​អាច​​ស្មាន​ទុក​បានជាមុន ព្រោះ​ថា យុទ្ធសាស្ត្រ​ទាំងនោះមានគោលដៅបង្កើន​ប្រសិទ្ធភាព និង​រួមចំណែក​ដល់​ការ​ពង្រឹង​ភាពធន់​របស់​ក្រុម​ហ៊ុន​។ ខ្សែច្រវាក់ផ្គត់ផ្គង់ទាំងនោះបង្កើតបានជាប្រព័ន្ធស្មុគ្រស្មាញមួយ ហើយ​កាលណាមាន​ភាព​រអាក់​រអួល​ណាមួយ​កើតឡើងនៅកម្រិតណាមួយ វា​អាច​​ជះ​ឥទ្ធិពល​ទៅលើ​បណ្តាញ​បែងចែកទំនិញទាំងមូល​តែម្តង។ ដូចយើងធ្លាប់បានដឹងហើយថា ខ្សែច្រវាក់ផ្គត់ផ្គង់នៅរឹងមាំបាន​ដរាបណាមិន​ទាន់​មាន​ចំណុចខ្សោយ​ណាមួយ​នៅ​ក្នុង​បណ្តាញ​របស់​វា​ទេ​ ហើយត្រង់នេះឯងមានសារៈសំខាន់ពិសេស​សម្រាប់​កម្ពុជា ដែលហេដ្ឋរចនា​សម្ព័ន្ធដឹកជញ្ជូន​និង​រក្សា​ទុកទំនិញ បច្ចុប្បន្ននេះ មានកម្រិត​ត្រឹម​តែ​ ៨ភាគរយ ប៉ុណ្ណោះនៃផ.ស.ស[3]។ ដូចមាន​បង្ហាញ​ជូន​នៅ​ក្នុង​របាយ​ការណ៍នេះស្រាប់ កត្តានាំឲ្យមានការចំណាយថ្លៃដើមនិង​ភាព​មិន​ប្រាកដប្រជាខ្ពស់ រួមមាន៖

(i)               ចំណាយខ្ពស់ទៅលើ​ការទូទាត់ និង​ការដឹកជញ្ជូន រួម​ទាំង​ការបង់ប្រាក់​ក្រៅផ្លូវការ,

(ii)              ការរៀបចំផែនការឡូហ្ស៊ីស្ទិកមានលក្ខណៈបែកខ្ញែក ហើយប្រភេទមធ្យោបាយដឹកជញ្ជូន​ខ្វះចម្រុះភាព ក្នុងនោះ គមនាគមន៍ផ្លូវដែកបំពេញមុខងារបានតិចតួចមែនទែន,

(iii)             ប្រព័ន្ធដឹកជញ្ជូនតាមនាវាមាន​លក្ខណៈប្រមូលផ្តុំ ងាយរងឥទ្ធិពលតៗគ្នា ហើយ

(iv)             ការដកចេញនូវ​ចំណាត់ការគយស្វ័យប្រវត្តិ (green lane) នាំឲ្យមានការពាក់ព័ន្ធផ្ទាល់​រវាង​មនុស្សនិងមនុស្ស​កាន់តែច្រើន និង​ការ​ធ្វើ​សវនកម្ម​ក្រោយ​ការ​បញ្ចេញទំនិញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិត​ភាព​ការ​ងារ។ 

ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា​នៅមានការអភវិឌ្ឍបានតិចតួច ហើយ​សមត្ថភា​ព​របស់​ប្រទេស​ក្នុង​ការ​បំពេញ​មុខងារ​ ឡូហ្ស៊ីស្ទិក​ក៏​នៅ​មាន​កម្រិត​ទាប​ខ្លាំងដែរ​ ធៀបទៅនឹងប្រទេស​ក្នុង​តំបន់ ដែល​ជា​ហេតុ​នាំឲ្យ​មាន​ការ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់។ ចំណាយទាំងនោះមិនមែនសំដៅតែទៅលើការចាយវាយ​សាច់​ប្រាក់​ទេ ប៉ុន្តែ​ក៏មាននៅក្នុងទម្រង់​នៃ​ការ​ខ្វះ​ភាពជឿជាក់​បានដែរ (ដូច្នេះ​ នាំឲ្យការទទួល​បញ្ជា​ទំនិញនិង​ការ​ប្រគល់​ទំនិញ​ឲ្យ​អតិថិជនមានរយៈពេលកាន់តែយូរ/higher lead times) ដែលជាប្រភពធំមួយនៃការចំណាយលើឡូហ្ស៊ីស្ទិក។ ចំណាត់ការនៃការគ្រប់គ្រងខ្សែច្រវាក់​ផ្គត់​ផ្គង់ ជា​ទូទៅ ច្រើនតែតម្រង់មុនគេទៅលើភាពពឹងពាក់ទុកចិត្តបាន ដោយផ្តោតសំខាន់ទៅលើសមត្ថភាព​រក្សា​ទុក​ដាក់​ទំនិញ, ការលើកកម្ពស់សេវាកម្ម, ការបញ្ជូនទំនិញដោយអិចស្ប្រេស, ពិន័យក្នុងកិច្ចសន្យា និងស្ថានភាព​របស់​ទំនិញ។ កន្លងមក រដ្ឋាភិបាល​កម្ពុជា ផ្នែកឯកជន និង​ដៃគូអភិវឌ្ឍន៍ បាន​ខិតខំរួមគ្នា​ដោះស្រាយ​ឧបសគ្គ​ទាំងនេះខ្លះដែរ។ ក្រោយមកទៀត មានការវិវត្តចំណាត់ការផ្សេងទៀតសំដៅដោះស្រាយ​បញ្ហាប្រឈមធំៗដែល​ក្រុម​ហ៊ុន​កម្ពុជា​បាន​ជួបប្រទះ។ ជាផ្នែកមួយនៃវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជនលើកទី១៨ ដែលបានប្រព្រឹត្តិទៅនាខែមីនាឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានប្រកាសចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដើម្បីកាត់បន្ថយតម្លៃឡូហ្សីស្ទិក ដោយរួមទាំង​ ការកាត់ចេញកាំកុងត្រួលពីច្រកព្រុំដែនគោក និងកាំសាបពីច្រកកំពង់ផែ។ ថ្មីៗនេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​ផែនការស្តារសេដ្ឋកិច្ចឡើងវិញ​សម្រាប់​ឆ្នាំ ២០២១–២០២៣ ដែល​មាន​គោលដៅ​កសាងមូលដ្ឋានគ្រឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច, តម្រង់ទិសទៅរកការធ្វើពិពិធកម្ម​និង​បង្កើន​​ភាព​ប្រកួត​ប្រជែងរបស់សេដ្ឋកិច្ច និង​កំណត់​ជាអាទិភាពចម្បងនូវភាពចាំបាច់​ត្រូវ​កែលម្អ​ផ្នែក​ឡូហ្ស៊ីស្ទិកទាំង​មូល។

នៅក្នុងន័យនេះ រដ្ឋា​ភិបាល​បាន​ធ្វើ​ការ​សង្កត់ធ្ងន់​សារជាថ្មី​លើ​ភាព​ចាំបាច់​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ការ​ចំ​ណាយ​ខ្ពស់​លើ​ឡូហ្ស៊ីស្ទិក ហើយបច្ចុប្បន្ននេះកំពុងរៀបចំផែនការមេ​កម្ពុជា​ស្តីពីឡូហ្ស៊ីស្ទិក​និង​មធ្យោ​បាយដឹកជញ្ជូនចម្រុះ ឆ្នាំ២០២២-២០២៣  (Logistics and Intermodal Masterplan for Cambodia 2022‒2023)។ គោលបំណងរបស់ផែនការមេនេះគឺដើម្បីកាត់បន្ថយ​ចំណាយថ្លៃដើមលើឡូហ្ស៊ីស្ទិក និង​ធ្វើ​ឲ្យខ្សែច្រវាក់​ផ្គត់​ផ្គង់​ឆ្លងព្រំដែន​កាន់តែ​មាន​តម្លាភាព និងដំណើរការរបស់វាកាន់តែរលូន។ ផែនការមេនេះ​ត្រូវ​បាន​រៀបចំឡើយ​ដោយ​ផ្អែកលើ​ការ​អភវិឌ្ឍន​ប្រព័ន្ធប្រមូលផ្តុំមួយដែល​បម្រើសេវាកម្ម​ដល់​ពាណិជ្ជកម្ម និង​ការ​ចលនា​កុងតឺនឺរទំនិញក្នុង​ស្រុក​តាម​អ័ក្ស​ធំៗចំនួនបី (មាននៅប៉ែក​ពាយ័ព្យ, អាគ្នេយ៍ និង​និរតី) ដោយភ្ជាប់ខ្លួន​ទៅនឹងបណ្តាញបន្ទាប់បន្សំទីពីរ (ប៉ែកតំបន់ឆ្នេរ, ខាងជើង និងឦសាន)​ ដោយផ្សារភ្ជាប់ផងដែរជាមួយ​មណ្ឌលប្រមូលផ្តុំធំៗទាំងបួន (ក្រុងព្រះសីហនុ, ភ្នំពេញ, បាត់ដំបង និង​ សៀមរាប) តាមរយៈច្រកឆ្លងកាត់ព្រំដែរ (ប៉ោយប៉ែត និង​ បាវិត) ដែលទាំងអស់នេះត្រូវ​បាន​ឲ្យឈ្មោះថា​ ផែនការអភិវឌ្ឍន៍ឡូហ្ស៊ីស្ទិករួម “៣៣៤២”[4]

ក្រៅពីកម្មវិធីវិនិយោគចំគោលដៅជាក់លាក់នានា ចាំបាច់ត្រូវធ្វើការកែទម្រង់គោលនយោបាយនិង​ស្ថាប័នថែម​ទៀត​ដើម្បីពង្រីក​ប្រសិទ្ធភាពរបស់ប្រព័ន្ធឡូហ្ស៊ីស្ទិក និង​ខ្សែច្រវាក់​ផ្គត់ផ្គង់។ តាមរយៈនេះ វាអាចជួយកែលម្អឱ្យបានកាន់តែ​ប្រសើរថែមទៀតនូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, សម្រួលកិច្ច​ធ្វើពាណិជ្ជកម្មអន្តរជាតិ, និង​ពង្រីក​ការ​តភ្ជាប់បានកាន់តែប្រសើរសម្រាប់បំពេញសេចក្តីត្រូវការរបស់​អ្នក​ប្រើ​ប្រាស់ និងភាពចាំបាច់​នៃការធ្វើសមាហរណកម្ម​មធ្យោបាយសម្រួលនានាក្នុងតំបន់សម្រាប់​ការផ្គត់ផ្គង់​ធាតុចូល និង​ធាតុចេញ​ ឲ្យបា​នទៀងទាត់។ ជំពូក​ពិសេស​នៃ របាយការណ៍នេះ បានលើកឡើងនូវជម្រើសវិធានការគោលនយោបាយមួយចំនួន ដែល​អាច​ជម្រុញ​ការ​កែទម្រង់ឡូហ្ស៊ីស្ទិក និង​ខ្សែច្រវាក់​ផ្គត់​ផ្គង់ នៅ​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ដូចមាន​បង្ហាញជូន​នៅ​ក្នុង​តារាង S.ES1(សូមមើលក្នុងឯកសារភាសាអង់គ្លេស) ។

ផ្នែកដទៃៗទៀតនៅក្នុង​ជំពូកពិសេសនេះ ពិនិត្យមើលទៅលើ (i) ភាពស្រពេចស្រពិល​របស់​ខ្សែច្រវាក់​ផ្គត់​ផ្គង់​លើ​សកល​លោកក្រោយ​ពី​មាន​ជំងឺរាតត្បាតកូវីដ-១៩, (ii) រំហូរពាណិជ្ជកម្ម និង​ការ​រៀបចំសណ្ឋាន​នៃខ្សែច្រវាក់​ផ្គត់​ផ្គង់​នៅ​កម្ពុជា, (iii) ថ្លៃចំណាយលើឡូហ្ស៊ីស្ទិក​ធៀបទៅនឹងផ.ស.ស និង (iv) កត្តានាំឲ្យមាន​ថ្លៃចំណាយខ្ពស់ និង​ភាពមិន​អាចពឹងពាក់ឬទុកចិត្តបាន មុននឹង​ផ្តល់​ការ​ពន្យល់​ក្បោះក្បាយ​អំពី​វិធានការជាក់​លាក់​សម្រាប់​រយៈកាល​ខ្លី មធ្យម និង​វែង ដែល​អាច​ជួយ​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ការ​តាក់​តែង​យុទ្ធសាស្ត្រ​នានា សម្រាប់​ដោះស្រាយ​ចំណុច​ទន់​ខ្សោយ​នៅ​តាម​ខ្សែច្រវាក់​ផ្គត់​ផ្គង់។

 

[1] World Bank 2022.

[2] World Bank 2018.

[3] OECD 2022.

[4] “3343” សំដៅអ័ក្សធំៗទាំងបី (ច្រករបៀងប៉ែកពាយ័ព្យ, អាគ្នេយ៍ និងនិរតី), បណ្តាញភ្ជាប់​បន្ទាប់បន្សំទាំងបី (ច្រករបៀងតាមតំបន់ឆ្នេរ, ប៉ែក​ខាងជើង និង​ប៉ែកឦសាន), ច្រកទ្វារព្រំដែន​ពីរ (ប៉ោយប៉ែត-ស៊ីសុផុន និង​ បាវិត-ស្វាយរៀង) និង មណ្ឌលប្រមូលផ្តុំធំទាំងបួន (ខេត្ត​សៀមរាប, បាត់ដំបង, រាជធានីភ្នំពេញ និង​ក្រុងព្រះសីហនុ)។