ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ — សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ យោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក។ របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារពិភពលោកក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិងការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
របាយការណ៍នេះបង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិងស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្មផលិតថ្មីៗ ដូចជាផ្នែកផលិតបរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញដែរ។
ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជាត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។” លោកស្រីពោលបន្ថែមទៀតថា៖ “ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់ក្នុងការជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត។”
នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារ អំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។ អនុសាសន៍រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។
ក្នុងរបាយការណ៍នេះក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក (Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួសពីតម្រូវការឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅទៀត។ ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀតក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើលប្រសិទ្ធភាពរបស់ច្រកទ្វារនិងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ, ពង្រីក “កម្មវិធីពាណិជ្ជករឆ្នើម” (“Best Trader scheme”) ឲ្យបានទូលំទូលាយទៅក្នុងផ្នែកឡូហ្ស៊ីស្ទិក, រៀបចំផែនការធុរកិច្ចរយៈពេលវែងមួយសម្រាប់គមនាគមន៍ផ្លូវដែក, និងការបង្កើតកម្មវិធី “ឃ្លាំមើលតាមផ្លូវ” (“ROADWATCH”) ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និងពលរដ្ឋរាយការណ៍អំពីសកម្មភាពមិនប្រក្រតីនានា។ ការធ្វើកំណែទម្រង់ទាំងនេះចាំបាច់ត្រូវមានអភិក្រមបែបស្ថាប័ន និងភ្នាក់ងារនាំមុខមួយរបស់រដ្ឋាភិបាលសម្រាប់ពិនិត្យមើលទូទៅពីលើការអភិវឌ្ឍនៃផ្នែកឡូហ្ស៊ីស្ទិក នៅកម្រិតថ្នាក់ជាតិ និងនៅតាមច្រកទ្វារពាណិជ្ជកម្ម។
ចេញផ្សាយពីរដងក្នុងមួយឆ្នាំ របាយការណ៍នេះផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម។