Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន30 មិថុនា 2022

សេដ្ឋកិច្ចកម្ពុជាកំពុងមានកំណើនឡើងវិញ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ

ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ — សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ យោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក។ របាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ក្រោមចំណងជើង Weathering the Oil Price Shock ដែលចេញផ្សាយដោយធនាគារ​ពិភពលោក​ក្នុងខែមិថុនានេះ បង្ហាញថា ខណៈដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនិង​ការនាំចេញទំនិញទៅបរទេសកំពុងបន្តរើបឡើងវិញពីការធ្លាក់ចុះក្នុងសម័យមានការរាតត្បាតជំងឺកូវីដ-១៩ កំណើននេះមានសភាពមិនដូចគ្នានៅតាមគ្រប់ផ្នែកទេ ដោយសារតែអតិផរណាដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

របាយការណ៍នេះបង្ហាញថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០២២ ការនាំចេញមានតម្លៃទឹកប្រាក់ ៤,៨ប៊ីលានដុល្លារអាមេរិក គឺកើន ២៦ភាគរយ​ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ វិស័យប្រពៃណីដែលជំរុញកំ​ណើន មានផ្នែកកាត់ដេរសម្លៀកបំពាក់, ទំនិញធ្វើដំណើរនិង​ស្បែកជើង នៅតែបន្តរីកទំហំ រីឯឧស្សាហកម្ម​ផលិតថ្មីៗ ដូចជា​ផ្នែកផលិតបរិក្ខារអគ្គិសនី និង​គ្រឿងបន្លាស់រថយន្តជាដើម កំពុងតែលេចរូបរាង ហើយការនាំចេញទៅសហរដ្ឋអាមរិកក៏កំពុងតែស្ទុះឡើងវិញដែរ។

ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា​ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។” លោកស្រីពោលបន្ថែមទៀតថា៖ “ការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារលើពិភពលោកដោយសារតែសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងតែថែមទម្ងន់នៃការលំបាកថែមទៀតទៅលើជនក្រីក្រ ហើយវាក៏នឹងធ្វើឲ្យការកាត់បន្ថយភាពក្រីក្រ​ថមថយល្បឿនវិញដែរ។ កម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាល ដែលកន្លងមកមានសារៈសំខាន់ណាស់​ក្នុងការ​ជួយគ្រួសារក្រីក្រក្នុងការឆ្លងកាត់​ការលំបាកក្នុងពេលមានជំងឺរាតត្បាត នឹងចាំបាច់ត្រូវតែបន្តធ្វើតទៅទៀត។”

នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារ អំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិ​យោគ និងការធ្វើពាណិជ្ជកម្ម ផង។ របាយការណ៍នេះផ្តល់អនុសាសន៍គោលនយោបាយមួយចំនួនដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ។ អនុសាសន៍រួមមាន ភាពចាំបាច់បន្តកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩, បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និងវិនិយោគិន, ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជកម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម, និងការបន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។

ក្នុងរបាយការណ៍នេះក៏មានការវិភាគជាពិសេស លើភាពរអាក់រអួលនៅក្នុងខ្សែច្រ​វាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩។ ផ្នែកពិសេសនេះ បានស្នើឡើងនូវយុទ្ធសាស្ត្រមួយចំនួនសម្រាប់កាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក (Logistics)។ វាក៏បានសង្កត់ធ្ងន់ដែរថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្កើន​សមត្ថភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម​របស់ខ្លួន និងពង្រីកបណ្តាញផ្លូវដឹកជញ្ជូន ចាំបាច់ត្រូវធ្វើតាមបែបអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទៅហួសពីតម្រូវការឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទៅទៀត។ ចាំបាច់ត្រូវមានកិច្ចខិតខំបន្តទៀតក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានមើល​​ប្រសិទ្ធភាពរបស់ច្រកទ្វារ​និងផ្លូវធ្វើពាណិជ្ជកម្មសំខាន់ៗ, ពង្រីក​ “កម្មវិធីពាណិជ្ជករឆ្នើម” (“Best Trader scheme”) ឲ្យបានទូលំទូលាយទៅក្នុងផ្នែក​ឡូហ្ស៊ីស្ទិក, រៀបចំផែនការធុរកិច្ច​រយៈពេលវែងមួយសម្រាប់គមនាគមន៍ផ្លូវដែក, និង​ការបង្កើតកម្មវិធី “ឃ្លាំមើលតាមផ្លូវ” (“ROADWATCH”) ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និង​ពលរដ្ឋ​រាយការណ៍អំពីសកម្ម​ភាព​មិនប្រក្រតីនានា។ ការធ្វើកំណែទម្រង់ទាំងនេះ​ចាំបាច់ត្រូវមានអភិក្រមបែបស្ថាប័ន និង​ភ្នាក់ងារនាំមុខមួយរបស់រដ្ឋាភិបាលសម្រាប់ពិនិត្យមើលទូទៅពី​លើ​ការ​អភិវឌ្ឍ​នៃផ្នែកឡូហ្ស៊ីស្ទិក នៅកម្រិតថ្នាក់ជាតិ និង​នៅតាមច្រកទ្វារពាណិជ្ជកម្ម។  

ចេញផ្សាយពីរដងក្នុងមួយឆ្នាំ របាយការណ៍នេះផ្តល់​ព័ត៌មានបច្ចុប្បន្នភាពស្តីពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចរបស់​កម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម។

សេចក្តីប្រកាសព័ត៌មាន​លេខ 2022/120/EAP

ទំនាក់ទំនង

នៅភ្នំពេញ៖
លោក ប៊ូ សារឿន
(855 12) 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image