ផ្នែកសំខាន់៖
- ទោះបីជាកត្តាដែលនាំឲ្យរីកលូតលាស់នៅបន្តមានជាធម្មតាក្តី ក៏ទំហំនៃកំណើននេះមានការប្រែប្រួលដែរ។ វិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីននៃកំណើនដ៏សំខាន់មួយរបស់កម្ពុជា ចំណែកឯវិស័យសំណង់បាននាំមុខវិស័យទេសចរណ៍ដែលកំពុងធ្លាក់ចុះ និងវិស័យដំណាំ គឺជាចលករកំណើនដ៏សំខាន់បំផុតទីពីរ។
- កំណើនសេដ្ឋកិច្ចដ៏ល្អដែលបន្តកើនឡើងសម្រាប់ឆ្នាំនេះ សម្រេចបានដោយសារតែការអនុវត្តវិស័យខាងក្រៅបានល្អតាមរយៈលំហូរចូលនៃវិនិយោគទុនផ្ទាល់ពីបរទេសកើនឡើង ដែលជួយទ្រទ្រង់យ៉ាងច្រើនដល់ឱនភាពគណនីចរន្ត ចូលរួមចំណែកក្នុងការបង្កើនធនធានបម្រុងអន្តរជាតិ។
- ទោះបីជាអតិផរណាមានការកើនឡើងបន្តិចបន្តួចក្តី ក៏ស្ថេរភាពថ្លៃនៅស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន ដែលគាំទ្រដល់ការពង្រីកវិសាលភាពនៃសេដ្ឋកិច្ច និងគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ។
- កំណើននៃប្រាក់បញ្ញើរបស់វិស័យឯកជន បានកើនឡើងយ៉ាងលឿនដោយសារតែមានភាពជឿជាក់ឡើវិញលើសេដ្ឋកិច្ច ដែលរួមចំណែកធ្វើឲ្យមានស្ថេរភាពកាន់តែច្រើនឡើងនៅក្នុងវិស័យធនាគារ។
- ផ្នែកសារពើពន្ធ ត្រូវបានពង្រឹងបន្ថែម ដោយសារការគ្រប់គ្រងប្រាក់ចំណូលមានការកែលម្អ ផ្តល់នូវហិរញ្ញប្បទានបន្ថែមសម្រាប់គាំទ្រដល់ការចំណាយសាធារណៈចាំបាច់ដែលកំពង់កើនឡើង ដោយមិនធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។
- កម្ពុជាបានជាប់លំដាប់ថ្នាក់លើគេផែ្នកកំណើនសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ៧,៧ភាគរយ ក្នុងរយៈពេលពីរទសវត្ស ដែលបច្ចុប្បន្ននេះបានធ្វើឲ្យកម្ពុជា ក្លាជាប្រទេសដែលរីកលូតលាស់លឿនជាងគេទី ៦ នៅក្នុងពិភពលោកក្នុងកំឡុងពេលនោះ។ កំណើនដ៏ខ្ពស់នៃសេដ្ឋកិច្ចរបស់កម្ពុជា មានលក្ខណៈគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងឡើង ដោយសារតែកម្ពុជាមានភាពធន់ ដោយថែរក្សាបាននូវកំណើនមួយថេរបង្គួរក្នុងកំឡុងពេលនេះ។ កំណើននេះ បានដាក់កម្ពុជានៅដោយឡែកពីប្រទេសមួយចំនួនដូចជា ប្រទេសហ្គីនីអេក្វាទ័រ លីបេរី អង់ហ្គោឡា និងខេបវើដ ដែលស្ថិតក្នុងចំណោមប្រទេសចំនួន ៥ លើគេដែលមានការរីកលូតលាស់លឿនជាងគេបំផុត នៅក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ ក៏ប៉ុន្តែ មិនធ្លាប់ជួបប្រទះកំណើនថេរបែបនេះទេ។ កំណើននេះ បានដាក់កម្ពុជានៅក្នុងចំណោមក្រុមមួយដែលមានប្រទេសចំនួន ៨ គឺ «ក្រុមប្រទេសដែលមានកំណើនលឿន»។ ប្រទេសក្នុងតំបន់ដទៃទៀត នៅក្នុងក្រុមដែលបានជ្រើសរើសនេះ មាន ប្រទេសចិន ឡាវ និងវៀតណាម។
ទស្សនៈវិស័យ
- ទស្សនៈវិស័យសម្រាប់កំណើន ទំនងជាអាចសម្រេចបានដោយសារស្ថេរភាពនយោបាយក្នុងស្រុកមានឡើងវិញ មានភាពល្អប្រសើរឡើងវិញនៅសហរដ្ឋអាមេរិក និងការមានស្ថេរភាពឡើងវិញនៅក្នុងប្រទេសថៃ ទាំងអស់នេះ បានគាំទ្រធ្វើឲ្យ ផសស កើនឡើងដល់ ៧,៥ភាគរយ នៅក្នុងឆ្នាំ ២០១៥ ប្រហាក់ប្រហាក់នឹងកំណើននៅក្នុងឆ្នាំ ២០១៣ដែរ។
- ក៏ប៉ុន្តែ មានហានិភ័យច្រើនទាក់ទងទៅនឹងកំណើនដែលបានព្យាករណ៍ទុក៖ ភាពវឹកវរក្នុងចំណោមពលករដែលកើតមានឡើងវិញពាក់ព័ន្ធនឹងរឿងនយោបាយ ទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀងប្រចាំឆ្នាំ ការធ្លាក់ចុះបន្ថែមទៀតនៃតម្លៃអង្ករ និងភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងតំបន់ដែលអាចនឹងកើតមាន។
បញ្ហាប្រឈមដែលកំពុងកើតមាន និងអនុសាសន៍៖
- តើកម្ពុជាអាចថែរក្សានិងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយភាពក្រីក្របន្ថែមទៀតបានដោយរបៀបណា? បញ្ហាប្រឈមសំខាន់ នឹងត្រូវជំរុញវិស័យកសិកម្មនិងវិស័យទេសចរណ៍សាជាថ្មី៖
- កំណើនផលិតកម្មអង្ករ បានធ្លាក់ចុះចាប់តំាងពីឆ្នាំ ២០១២ មក និងដោយសារតែមានកត្តារារាំងផ្នែកផ្ទៃដីដាំដុះ ការវិលមករកភាពល្អប្រសើរឡើងវិញនឹងពឹងផ្អែកចាប់ពីពេលនេះតទៅលើកំណើននៃផលិតភាពនិងគុណភាពអង្ករ ច្រើនជាងពឹងផ្អែកការពង្រីកផ្ទៃដីដាំដុះ។ ក្រៅពីនេះ ការកែលម្អការកិនស្រូវនិងថ្លៃចំណាយផ្នែកភស្តុភារ នឹងជួយកម្ពុជាជិតសម្រេចបានគោលដៅរបស់ខ្លួនដែលកំណត់នាំចេញអង្ករឲ្យបានមួយលានតោន។
- ការកែលម្អការដឹកជញ្ជូនតាមផ្លូវថ្នល់ ព្រមជាមួយនឹងការសម្របសម្រួលកាន់តែច្រើនឡើងថែមទៀតលើកិច្ចខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលថ្នាក់មជ្ឈឹមនិងថ្នាក់មូលដ្ឋាន វិស័យឯកជននិងសហគមន៍មូលដ្ឋាន នឹងជួយបង្កើនភាពផ្សេងៗគ្នានៃគោលដៅរបស់អ្នកទេសចរ ក្រៅពីទៅទស្សនាសួនស្ថាបត្យកម្មអង្គរ ឲ្យមកទស្សនាតំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍វិញ។
- ការជួយគាំទ្រដល់កំណើននៃវិស័យកម្មន្តសាល ក៏នឹងមានឥទ្ធិពលផងដែរក្នុងការថែរក្សានិងជំរុញកំណើនសេដ្ឋកិច្ច។ របាយការណ៍វាយតម្លៃលើបរិយាកាសវិនិយោគដែលនឹងជិតចេញផ្សាយក្នុងពេលឆាប់ៗខាងមុខ បានបង្ហាញថា កត្តារារាំងសំខាន់ៗចំពោះក្រុមហ៊ុននានា គឺបញ្ហាតម្លៃអគ្គិសនី និងការទទួលបានអគ្គិសនីប្រើប្រាស់ ការចំណាយក្រៅផ្លូវការ និងប្រព័ន្ធដែលគ្មានលក្ខណៈប្រកួតប្រជែង។ តំបន់សេដ្ឋកិច្ចពិសេស ដែលមានគោលបំណងផ្តល់នូវបរិយាកាសពាណិជ្ជកម្មមួយដែលល្អប្រសើរនោះ មិនទាន់បានផ្តល់នូវអត្ថប្រយោជន៍ដែលអ្នកវិនិយោគទុនបរទេសរំពឹងចង់បាននោះទេ។ កំណើននាពេលបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីកាលានុវត្តភាពមួយដើម្បីធ្វើឲ្យប្រសើរឡើងដល់បរិយាកាសពាណិជ្ជកម្ម តាមរយៈដោះស្រាយបញ្ហាតម្លៃអគ្គិសនីដែលមានកម្រិតខ្ពស់ប្រកបដោយតម្លាភាព ការបន្តភាពស្វ័យប្រវត្តិនៃដំណើរការពាណិជ្ជកម្ម ការកែលម្អការសម្របសម្រួលផ្នែកពាណិជ្ជកម្ម ការបង្កើនភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស ការបញ្ចប់ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីវិនិយោគទុន ដែលលើកកម្ពស់ដល់បរិយាកាសវិនិយោគ និងការធ្វើឲ្យងាយស្រួលដល់ការចុះបញ្ជីពាណិជ្ជកម្ម។ ដើម្បីទាក់ទាញវិនិយោគទុនបរទេសបន្ថែម ឲ្យផ្លាស់ប្តូរទីតាំងចេញពីប្រទេសជឿនលឿននៅក្នុងតំបន់ វាក៏ជាបញ្ហាសំខាន់ផងដែរក្នុងការថែរក្សាស្ថេរភាពនយោបាយ និងមានសារៈសំខាន់ដើម្បីឈានដំណើរការមួយដែលមានភាពច្បាស់លាស់និងមានតម្លាភាព ទាក់ទងទៅនឹងការចរចារត្រីភាគីអំពីប្រាក់បៀវត្សរ៍អប្បបរមា សម្រាប់វិស័យកាត់ដេរ។
- ការថែរក្សាស្ថេរភាពនៅក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈការបង្កើនការត្រួតពិនិត្យលើវិស័យធនាគារ នឹងជួយទប់ស្កាត់ការកើនឡើងមិនសូវល្អនៃវិស័យសំណង់និងអចលនទ្រព្យ។
- ពិសេសជាងនេះទៀត ការបង្កើនទុនវិនិយោគ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ និងការកែលម្អការអប់រំក្នុងប្រព័ន្ធនិងវិជ្ជាជីវៈ នឹងជួយកម្ពុជាឲ្យវិលត្រឡប់ទៅរកកំណើនមួយដែលខ្ពស់ជាងនេះ។
- ការបង្កើតរបៀបវារៈកំណែទម្រង់ជាក់លាក់ ដែលមានគោលដៅផ្សាភ្ជាប់ទៅនឹងកំណែទម្រង់អាទិភាព និងក្រមខ័ណ្ឌត្រួតពិនិត្យមួយដែលរឹងមាំ នឹងជួយលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តរបស់រដ្ឋាភិបាល។