ការព្យាករណ៍បានបង្ហាញឲ្យដឹងថា តំបន់នេះនឹងមានកំណើនសេដ្ឋកិច្ចជិត ៧ភាគរយ នៅឆ្នាំនេះ ហើយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែរក្សាបាននូវភាពរឹងមាំក្នុងកម្រិត ៧,២ ភាគរយ។
សឹង្ហបូរី ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៤ ‑‑ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលបានចេញផ្សាយនៅថ្ងៃនេះដោយធនាគារពិភពលោក បានឲ្យដឹងថា បណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើននៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នឹងមានកំណើនសេដ្ឋកិច្ចទាបជាងមុនបន្តិចនៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែ ល្បឿននៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ដោយមិនរាប់បញ្ចូលប្រទេសចិន នឹងកើនឡើងនៅឆ្នាំក្រោយ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់បានវិលមករកភាពល្អប្រសើរឡើងវិញ និងជំរុញឲ្យមានការនាំចេញកាន់តែច្រើនពីតំបន់នេះ។ ក៏ប៉ុន្តែ បណ្តាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅតែជាតំបន់ដែលកំពុងមានការរីកលូតលាស់លឿនេះជាងគេបំផុតនៅក្នុងពិភពលោក។
របាយការណ៍នេះបានសរសេរថា សេដ្ឋកិច្ចរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីបូព៌ា នឹងកើនឡើងត្រឹម ៦,៩ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយបានថយចុះពី ៧,២ភាគរយធៀបនឹងឆ្នាំ ២០១៣។កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន នឹងថយចុះបន្តិចមកនៅត្រឹម ៧,៤ភាគរយនៅឆ្នាំនេះ និង ៧,២ ភាគរយនៅឆ្នាំ ២០១៥ ស្របពេលដែលរដ្ឋាភិបាលចិនព្យាយាមរក្សាសេដ្ឋកិច្ចរបស់ខ្លួនឲ្យមាននិរន្តរភាពជាងមុន តាមរយៈការអនុវត្តនូវគោលនយោបាយឆ្លើយតបទៅនឹងភាពងាយរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងការកំហិតនៃរចនាសម្ព័ន្ធ។ ដោយមិនរាប់បញ្ចូលប្រទេសចិន កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកនៅ ៤,៨ភាគរយ នៅឆ្នាំនេះ មុននឹងកើនឡើងវិញមកនៅ ៥,៣ភាគរយនៅឆ្នាំ ២០១៥ ស្របពេលដែលការនាំចេញមានការកើនឡើង និងកំណែទម្រង់សេដ្ឋកិច្ចក្នុងស្រុកមានភាពប្រសើរឡើង នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
លោក អាក់សែល វ៉ាន់ត្រុតសេនប៊ើគ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាស៍ថា «តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នឹងបន្តមានសក្តានុពលក្នុងការរីកលូតលាស់ក្នុងកម្រិតមួយកាន់តែខ្ពស់ជាងមុន និងលឿនជាងបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀតនៅក្នុងតំបន់ ប្រសិនបើ អ្នកតាក់តែងគោលនយោបាយ អនុវត្តនូវរបៀបវារៈកំណែទម្រង់ក្នុងស្រុកមួយក្នុងទ្រង់ទ្រាយធំ ដែលរួមមាន ការលុបបំបាត់ចោលនូវឧបសគ្គនានាចំពោះវិនិយោគទុនក្នុងស្រុក ធ្វើឲ្យប្រសើរឡើងដល់ភាពប្រកួតប្រជែងលើការនាំចេញ និងផ្តល់ការពន្យល់ឲ្យបានច្បាស់លាស់លើការចំណាយសាធារណៈ។»
ស្របពេលដែលតំបន់នេះទាំងមូល នឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនជាងតំបន់ដទៃទៀតពីភាពល្អប្រើសើរឡើងវិញនៃសេដ្ឋកិច្ចសាកល ផលប៉ះពាល់នេះនឹងមានភាពខុសៗគ្នាពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើបរិយាកាសវិនិយោគនិងការនាំចេញរបស់ប្រទេសទាំងនោះ។ ប្រទេសចិន ម៉ាឡេស៊ី វៀតណាម និងកម្ពុជា បានត្រៀមលក្ខណៈល្អ ក្នុងការបង្កើនការនាំចេញ ដែលជាការឆ្លុះបញ្ចាំងអំពីការធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មនៅក្នុងសាកលលោក និងក្នុងតំបន់ ដែលបានជំរុញពាណិជ្ជកម្មសកលលោក នៅក្នុង រយៈពេល ២០ឆ្នាំចុងក្រោយមកនេះ។
របាយការណ៍នេះបានកែតម្រូវការព្យាករណ៍របស់ធនាគារពិភពលោកលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីសម្រាប់ឆ្នាំ ២០១៤ ពី ៤,៩ភាគរយនៅក្នុងខែមេសា ទៅជា ៥,៧ភាគរយ ដោយសារតែទំហំនៃការនាំចេញមានការកើនឡើងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ប្រទេសថៃក៏ត្រូវបានគេរំពឹងទុកផងដែរថានឹងទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចសាកលលោកដែលបានវិលមករកភាពប្រសើរឡើងវិញនេះ ទោះបីជាខ្លួនមានភាពខ្លាំងក្នុងការចូលទៅក្នុងខ្សែសង្វាក់ផលិតកម្មសាកលក្តី ប្រសិនបើភាពវឹកវរខាងផ្នែកនយោបាយបានធូរស្បើយ។
ក៏ប៉ុន្តែ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនៅតែពឹងផ្អែកលើទំនិញនាំចេញនោះ កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះពី ៥,៨ភាគរយក្នុងឆ្នាំ ២០១៣ មកនៅត្រឹម ៥,២ភាគរយនៅក្នុងឆ្នាំនេះ ដែលបណ្តាលមកពីតម្លៃទំនិញធា្លក់ចុះ ទាបជាងការប្រើប្រាស់ដែលរដ្ឋាភិបាលបានប៉ាន់ស្មាន និងការបង្កើនឥណទានដែលមានសភាពកាន់តែយឺតជាងមុន។
ជាចំណុចដ៏ល្អមួយសម្រាប់ប្រទេសនានានៅក្នុងតំបន់នេះ៖ ការប្រើប្រាស់ជាលក្ខណៈឯកជនមានទំហំធំ គាំទ្រដោយកត្តារួមផ្សំផ្សេងៗដូចជា ការចំណាយទាក់ទងទៅនឹងការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងទីផ្សារការងារដ៏រឹងមាំមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងប្រទេសហ្វ៊ីលីពីន ការផ្ញើប្រាក់ដែលមានបរិមាណច្រើនត្រឡប់ចូលក្នុងប្រទេសវិញ បានជំរុញឲ្យការប្រើប្រាស់ជាលក្ខណៈឯកជនមានការកើនឡើង ដែលមានទំហំច្រើនជាងពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចសរុបរបស់ប្រទេស បើតាមការព្យាករណ៍ទុកកំណើននេះនឹងកើនឡើងដលើ ៦,៤ភាគរយនៅឆ្នាំនេះ និង ៦,៧ភាគរយនៅក្នុងឆ្នាំ ២០១៥។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្របពេលជាមួយនឹងការធ្វើកំណែទម្រង់ស្ថាប័ននិងគោលនយោបាយនាពេលថ្មីៗនេះ ព្រមទាំងការបើកឲ្យមានទំនាក់ទំនងជាអន្តរជាតិឡើងវិញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើនឡើងដល់ ៨,៥ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ។
ភាពមិនប្រាកដប្រជាដែលគួរឲ្យកត់សម្គាល់ជាច្រើនដែលនៅបន្តកើតមាន អាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ បណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ជាពិសេស បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបនិងជប៉ុន អាចជួបប្រទះនូវហានិភ័យធ្ងន់ធ្ងរនៅពេលខាងមុខ។ ស្ថានភាពហិរញ្ញវត្ថុសាកលលោក អាចកាន់តែមានសភាពតានតឹងខ្លាំងឡើង ហើយភាពតានតឹងផ្នែកនយោបាយភូមិសាស្រ្តក្នុងសកលលោកនិងក្នុងតំបន់ អាចជះឥទ្ធិពលដល់ការព្យាករណ៍ទាំងនេះ។ តំបន់នេះ ក៏នៅតែមានភាពងាយរងផលប៉ះពាល់ផងដែរ ប្រសិនបើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនមានការធា្លក់ចុះខ្លាំង (ទោះបីជាវាទំនងជាមិនអាចកើតឡើងក្តី) ដែលអាចធ្វើឲ្យប៉ះពាល់ដល់ផលិតករទំនិញយ៉ាងខ្លាំង ដូចជា អ្នកនាំចេញលោហៈធាតុ នៅក្នុងប្រទេសម៉ុងហ្គោលី និងអ្នកនាំចេញធ្យូងថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោក ស៊ុដហៀ សេទី ប្រធានសេដ្ឋកិច្ចវិទូប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក បានមានប្រសាសន៍ថា «វិធីដែលប្រសើរបំផុតសម្រាប់ប្រទេសនានានៅក្នុងតំបន់នេះ ក្នុងការទប់ទល់ទៅនឹងហានិភ័យទាំងនេះ គឺត្រូវឆ្លើយតបទៅនឹងភាពងាយរងផលប៉ះពាល់ទំាងឡាយដែលបណ្តាលមកពីគោលនយោបាយហិរញ្ញវត្ថុនិងសារពើពន្ធក្នុងអតីតកាល ហើយយកវិធានការទាំងនេះទៅបំពេញបន្ថែមលើកំណែទម្រង់រចនាសម្ព័ន្ធនានាដើម្បីបង្កើនភាពប្រកួតប្រជែងលើការនាំចេញ។»
របាយការណ៍នេះបានបង្ហាញនូវអនុសាសន៍គោលនយោបាយសម្រាប់បណ្តាប្រទេសផ្សេងៗដើម្បីទប់ទល់ទៅនឹងហានិភ័យ និងចាប់ផ្តើមដើរនៅលើផ្លូវមួយដែលមានកំណើនប្រកបដោយចីរភាព។ ឧទាហរណ៍ ប្រទេសម៉ុងហ្គោលី និងឡាវ ចាំបាច់ត្រូវតែកាត់បន្ថយនូវឱនភាពសារពើពន្ធ និងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន និងថៃឡង់ដ៍ វិធានការនានាក្នុងការគាំទ្រដល់ប្រាក់ចំណូលនិងកាត់បន្ថយប្រាក់ឧបត្ថម្ភដែលចំណាយមិនត្រឹមត្រូវ នឹងជួយបង្កើតឲ្យមានឱកាសសម្រាប់ការវិនិយោគផ្តោតលើផលិតភាព និងការចំណាយផ្តោតលើការកាត់បន្ថយភាពក្រីក្រ ខណៈដែលកំពុងកសាងឡើងវិញជាបណ្តើរៗនូវប្រព័ន្ធសុវត្ថិភាពសារពើពន្ធ។
នៅក្នុងប្រទេសចិន នៅពេលដែលរដ្ឋាភិបាលព្យាយាមរក្សាតុល្យភាពរវាងហានិភ័យដែលកំពុងកើនឡើងនិងការឆ្លើយតបទៅនឹងគោលដៅនៃកំណើន របាយការណ៍នេះ បានបង្ហាញឲ្យដឹងថា កំណែទម្រង់រចនាសម្ព័ន្ធនានានៅក្នុងវិស័យជាច្រើននាពេលកន្លងមកលើផ្នែកសហគ្រាសនិងសេវាកម្មរបស់រដ្ឋ អាចជួយរក្សាលំនឹងផលប៉ះពាល់បណ្តាលមកពីការអនុវត្តវិធានការបន្ថែម ដើម្បីត្រួតពិនិត្យមើលបំណុលក្នុងស្រុករបស់រដ្ឋាភិបាល និងត្រួតពិនិត្យមើលប្រព័ន្ធធនាគារដែលមិនច្បាស់លាស់។
របាយការណ៍នេះក៏បានសរសេរផងដែរអំពីកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង ដែលនឹងជួយប្រទេសនានាឲ្យទាញយកផលប្រយោជន៍ឲ្យបានច្រើនបំផុតពីស្ថានភាពសេដ្ឋកិច្ចសាកលដែលបានវិលមករកភាពល្អប្រសើរឡើងវិញនោះ។ កំណែទម្រង់សំខាន់ៗរួមមាន ការវិនិយោគកាន់តែច្រើនឡើងថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អភស្តុភារពាណិជ្ជកម្ម និងធ្វើសេរីភាវូបនីយកម្មសេវាកម្ម និងវិនិយោគទុនផ្ទាល់ពីបរទេស។ ហើយប្រព័ន្ធអប់រំជាច្រើននៅក្នុងតំបន់នេះ មិនបានបង្កើតនូវជំនាញនានាដែលទីផ្សារពលកម្មត្រូវការនោះទេ។ របាយការណ៍នេះ បានណែនាំនូវយុទ្ធសាស្ត្រដែលមានលក្ខណៈទូលំទូលាយមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហានានា រាប់បញ្ចូលទាំងការអភិវឌ្ឍការអប់រំសម្រាប់កុមារតូច រហូតដល់ការអប់រំថ្នាក់ឧត្តមសិក្សា និងការសិក្សារៀនសូត្រជាប្រចាំ។
ប្រទេសកម្ពុជា
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានលំនឹងល្អ ទោះបីជាមានភាពមិនប្រាកដប្រជានៅក្នុងស្រុក និងអស្ថេរភាពនៅក្នុងបណ្តាប្រទេសជិតខាងខ្លួនក្តី។ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៧,២ភាគរយ នៅក្នុងឆ្នាំ ២០១៤ និង ៧,៥ភាគរយនៅក្នុងឆ្នាំ ២០១៥។ វិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបន្ទាប់មកគឺមានវិស័យសំណង់។ អត្រានៃភាពក្រីក្រ បានបន្តធ្លាក់ចុះដល់ ១៨,៦ភាគរយ នៅក្នុងឆ្នាំ ២០១២ ក៏ប៉ុន្តែ ល្បឿននៃការកាត់បន្ថយភាពក្រីក្រ បានថយចុះក្នុងចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១១ នៅពេលដែលតម្លៃអង្ករដែលបានកើនឡើងកាន់តែខ្ពស់ បានធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ វិស័យធនាគារ មានស្ថេរភាព ដោយសារវិនិយោគទុនផ្ទាល់ពីបរទេសនិងប្រាក់បញ្ញើរបស់វិស័យឯកជនមានការកើនឡើងខ្ពស់។ ក៏ប៉ុន្តែ កំណើននេះ អាចនឹងជួបហានិភ័យ ប្រសិនបើ កម្ពុជាជួបនូវវិបត្តិការងារ ទឹកជំនន់ ការបន្តធ្លាក់ចុះនៃតម្លៃស្រូវ និងអសន្តិសុខខាងនយោបាយនៅក្នុងតំបន់ដែលអាចនឹងកើតមានឡើង។
លោក អាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក បានមានប្រសាសន៍ថា «កម្ពុជាកំពុងតែរីករាយក្នុងការទទួលបាននូវកំណើនសេដ្ឋកិច្ចល្អសម្រាប់រយៈពេលមួយឆ្នាំទៀត ដោយសារស្ថានភាពសេដ្ឋកិច្ចសាកលលោកដែលបានវិលត្រឡប់មកភាពល្អប្រសើរវិញ។ កំណើនដ៏រឹងមាំនេះ នឹងជួយកម្ពុជាឲ្យសម្រេចបានគោលដៅរបស់ខ្លួនក្នុងការបន្តកាន់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិបុលភាពជារួម។»
លោក អេនរិច អាល់ដាហ្ស ការ៉ូល សេដ្ឋកិច្ចវិទូជាន់ខ្ពស់ប្រចាំប្រទេស បានមានប្រសាសន៍ថា «កម្ពុជាបានចូលរួមក្នុងក្រុមបណ្តាប្រទេសដែលមានកំណើនខ្ពស់។ ជាមួយនឹងការទទួលបាននូវកំណើនជាមធ្យមប្រចាំឆ្នាំ ៧,៧ភាគរយ សម្រាប់រយៈពេល ពីរទសវត្សក្នុងពេលនេះ បច្ចុប្បន្ន កម្ពុជាគឺជាប្រទេសទី ៦ ដែលមានកំណើនលឿនជាងគេបំផុតនៅក្នុងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៣ដល់ ២០១៣។ អត្រាកំណើនដែលកាន់តែទាបជាងមុន ចាប់តំាងពីមានវិបតិ្តហិរញ្ញវត្ថុសាកលលោកមក បានប្រប៉ាន់ ថា កម្ពុជាកំពុងសម្លឹងរកមើលវិធីផ្សេងៗដើម្បីបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ដើម្បីជួយសម្រេចគោលបំណងរបស់ខ្លួន។»
របាយការណ៍នេះ បានឲ្យដឹងថា បញ្ហាប្រឈមដែលសំខាន់ គឺត្រូវធ្វើយ៉ាងណាដើម្បីជំរុញវិស័យកសិកម្ម ទេសចរណ៍ និងផលិតកម្ម។ វិធានការនានាដូចជា ការបង្កើនវិនិយោគទុនសាធារណៈលើសេវាកម្មផ្តល់យោបល់ផ្នែកកសិកម្ម ការបណ្តុះគ្រាប់ពូជ និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ អាចបង្កើនផលិតភាពនៃវិស័យកសិកម្មបាន។ ក្រុមហ៊ុននានា អាចទទួលបានអត្ថប្រយោជន៍ពីការលុបបំបាត់ចោលនូវកត្តារារាំងសំខាន់ៗនានា ដូចជា តម្លៃអគ្គិសនីខ្ពស់ និងប្រព័ន្ធដែលគ្មានលក្ខណៈប្រកួតប្រជែង។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក គឺជាការត្រួតពិនិត្យមើលឡើងវិញដែលមានលក្ខណៈទូលំទូលាយរបស់ធនាគារពិភពលោកលើសេដ្ឋកិច្ចនៅក្នុងតំបន់នេះ។ របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយ ពីរដងក្នុងមួយឆ្នាំ និងអាចរកអានបានដោយឥតគិតថ្លៃនៅលើវេបសាយត៍តាមអាសយដ្ឋាន៖ https://www.worldbank.org/eapupdate