ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ — នៅក្នុងឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានឈ្នះតំបន់ភាគច្រើនលើពិភពលោក ខាងកំណើនសេដ្ឋកិច្ច។ ដើម្បីរក្សាចលនាការនេះបន្តទៅមុខ និងដើម្បីបង្កើតការងារបន្ថែមទៀត ប្រទេសនៅក្នុងតំបន់ត្រូវប្រឹងរុលជម្នះភាពមិនប្រាកដប្រជា និងលៃលកដោះស្រាយបញ្ហាប្រឈមយូរអង្វែងពាក់ព័ន្ធជាមួយការប្រែប្រួលនៅក្នុងចរន្តសមាហរណកម្មសកល, ការប្រែប្រួលអាកាសធាតុ និងនិន្នាការប្រជាសាស្ត្រ។
នៅក្នុងរបាយការណ៍ចុងក្រោយក្រោមចំណងជើងថា 2025 Regional Economic Update ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នឹងធ្លាក់មកនៅត្រឹម ៤ភាគរយ ក្នុងឆ្នាំ២០២៥ ពី ៥ភាគរយ ក្នុងឆ្នាំ២០២៤។ លទ្ធភាពមានកំណើតខ្ពស់ ឬ ទាបជាង អាស្រ័យមួយផ្នែកលើទស្សនវិស័យទូលំទូលាយនៃកំណើន និងមួយផ្នែកទៀត អាស្រ័យលើថាតើ គោលនយោបាយរបស់ប្រទេសនីមួយៗ ឆ្លើយតបដូចម្តេចទៅនឹងភាពមិនប្រាកដប្រជា នៅលើសកលលោក។ អត្រាភាពក្រីក្រក្នុងតំបន់នឹងបន្តធ្លាក់ចុះ។ តាមការប៉ាន់ស្មាន ប្រជាជនក្នុងតំបន់ ២៤លាននាក់ ត្រូវបានរំពឹងថានឹងរួចចាកផុតពីភាពក្រីក្រ រវាងឆ្នាំ២០២៤ និង ឆ្នាំ២០២៥ នេះបើផ្អែកលើបន្ទាត់ភាពក្រីក្រសម្រាប់ប្រទេសមានចំណូលមធ្យមខ្ពស់។*
ការកើនឡើងនៃភាពមិនប្រាកដប្រជាលើសកលលោក កំពុងតែជះឥទ្ធិពលទៅលើភាពជឿជាក់របស់ធុរកិច្ច និងអ្នកប្រើប្រាស់ ដោយបង្កឧបសគ្គដល់ការវិនិយោគ និងការជាវយកទៅប្រើប្រាស់។ ការរឹតត្បិតផ្នែកពាណិជ្ជកម្ម ត្រូវបានគេរំពឹងថានឹងជះផលប៉ះពាល់ទៅលើការនាំចេញរបស់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ក ហើយទន្ទឹមគ្នានោះ ការថយចុះនៃកំណើនសេដ្ឋកិច្ចសកល ទំនងជានឹងនាំឱ្យតម្រូវការទីផ្សារក្រៅប្រទេសធា្លក់ចុះថែមទៀតដែរ។
លោកស្រី ម៉ានូអេលឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ទន្ទឹមនឹងការប្រឹងរុលជម្នះភាពមិនប្រាកដប្រជាលើសកលលោក ប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានឱកាសពង្រឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន ដោយចាប់យក និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ, បើកឱកាសអាជីវកម្មថែមទៀតតាមរយៈកំណែទម្រង់មុះមុត និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។”
សម្រាប់ឆ្នាំ២០២៥ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ មានដូចតទៅ៖ សេដ្ឋកិច្ចនៅប្រទេសចិននឹងមានកំណើនក្នុងកម្រិត ៤ភាគរយ, កម្ពុជា ៤ភាគរយ, ឥណ្ឌូណេស៊ី ៤,៧ភាគរយ, ម៉ាឡេស៊ី ៣,៩ភាគរយ, ម៉ុងហ្គោលី ៦,៣ភាគរយ, ឡាវ ៣,៥ភាគរយ, ហ្វ៊ីលីពីន ៥,៣ភាគរយ, ថៃឡង់ដ៍ ១,៦ភាគរយ, និង វៀតណាម ៥,៨ភាគរយ។ បណ្តាប្រទេសកោះប៉ាស៊ីហ្វ៊ិក ត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ២,៥ភាគរយ។
ធនាគារពិភពលោក ផ្តល់អនុសាសន៍នូវគោលនយោបាយបីមុខព្រួញព្រមគ្នា។ ទីមួយ ការចាប់យកបច្ចេកវិទ្យាថ្មីៗដែលនឹងអាចបង្កើនផលិតភាព និងបង្កើតការងារថ្មីថែមទៀត ដូចត្រូវបានឃើញកន្លងមកនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ ទីពីរ បន្តកំណែទម្រង់ដើម្បីបង្កើនការប្រកួតប្រជែង ជាពិសេស នៅក្នុងវិស័យសេវាកម្ម ដែលតាមរយៈនេះវាអាចនាំមកនូវកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗថែមទៀត ដូចមានកន្លងមកនៅប្រទេសវៀតណាម។ ទីបី កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយអាចនឹងជួយបង្កើនភាពធន់ថែមទៀត។
លោក អាឌីត្យា ម៉ាតទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “បច្ចេកវិទ្យាថ្មីរួមបញ្ចូលគ្នាជាមួយកំណែទម្រង់មុះមុត និងកិច្ចសហប្រតិបត្តិការប្រកបដោយនវានុវត្តន៍ នឹងជួយបណ្តាប្រទេសនៅក្នុងតំបន់ ក្នុងការទប់ទល់ជាមួយនឹងបរិយាកាសបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងរយៈពេលវែងទៅមុខ។ នេះជារូបមន្តសម្រាប់ឈានទៅសម្រេចបានផលិតភាពខ្ពស់ និងការងារកាន់តែប្រសើរ។”
---
*ធនាគារពិភពលោកកំណត់បន្ទាត់ភាពក្រីក្រក្នុងតម្លៃ ៦,៨៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ សម្រាប់ប្រទេសមានចំណូលមធ្យមខ្ពស់។
ប្រភព៖ World Bank Data Topic: Poverty and Inequality.