Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន24 មេសា 2025

បច្ចេកវិទ្យា កំណែទម្រង់ និងកិច្ចសហប្រតិបត្តិការ ជាមាគ៌ាឆ្ពោះទៅរកវិបុលភាពក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នាពេលអនាគត

ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែ​មេសា ឆ្នាំ​២០២៥ — នៅ​ក្នុង​ឆ្នាំ​២០២៤ តំបន់​អាស៊ីបូព៌ា និង​​ប៉ាស៊ី​ហ្វ៊ិក​ បាន​ឈ្នះ​តំបន់​ភាគ​ច្រើនលើ​ពិ​ភព​លោក​​ ខាង​កំណើន​សេដ្ឋកិច្ច។ ដើម្បី​រក្សា​​ចលនាការនេះបន្ត​​ទៅមុខ និង​ដើម្បី​បង្កើត​ការងារបន្ថែម​ទៀត ប្រទេស​នៅ​ក្នុង​តំបន់​ត្រូវ​ប្រឹងរុល​​ជម្នះ​ភាព​មិន​ប្រាកដ​ប្រជា​ និង​លៃលក​ដោះ​ស្រាយ​បញ្ហា​ប្រឈម​យូរអង្វែង​ពាក់​ព័ន្ធ​​​ជាមួយ​ការ​ប្រែ​ប្រួល​នៅ​ក្នុង​ចរន្ត​សមាហរ​ណ​កម្មសកល, ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​និន្នាការ​ប្រ​ជា​សាស្ត្រ។   

នៅក្នុង​របាយការណ៍​ចុងក្រោយ​ក្រោម​ចំណងជើងថា​ 2025 Regional Economic Update ធនាគារ​ពិភពលោកព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នឹង​ធ្លាក់​​មកនៅត្រឹម​ ៤ភាគរយ​ ក្នុង​ឆ្នាំ​២០២៥ ពី​ ៥ភាគរយ ក្នុង​ឆ្នាំ​២០២៤។ លទ្ធ​ភាព​មានកំណើត​ខ្ពស់ ឬ ទាប​ជាង អាស្រ័យ​មួយ​ផ្នែកលើ​ទស្សនវិស័យ​ទូលំទូលាយ​នៃ​កំណើន និង​មួយ​ផ្នែក​ទៀត​ អាស្រ័យ​លើ​ថា​តើ​ គោលនយោបាយ​របស់​ប្រទេស​នីមួយ​ៗ ឆ្លើយ​តប​ដូចម្តេច​ទៅនឹង​ភាព​មិន​ប្រាកដ​ប្រជា នៅ​លើ​សកលលោក។ អត្រា​ភាព​ក្រី​ក្រក្នុង​តំបន់​នឹង​បន្តធ្លាក់ចុះ។ តាម​ការ​ប៉ាន់​ស្មាន ប្រជា​ជន​ក្នុង​តំបន់ ២៤​លាននាក់ ត្រូវ​បាន​រំពឹង​ថា​នឹង​រួច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ រវាង​ឆ្នាំ​២០២៤ និង ឆ្នាំ​២០២៥ នេះ​បើ​ផ្អែក​លើ​បន្ទាត់​ភាព​ក្រី​ក្រ​សម្រាប់​ប្រទេស​មាន​ចំណូល​មធ្យម​ខ្ពស់។*

ការ​កើនឡើងនៃភាព​មិន​ប្រាកដ​ប្រជា​លើ​សកលលោក​ កំពុង​តែ​ជះ​ឥទ្ធិ​ពល​ទៅលើ​ភាព​ជឿ​ជាក់​របស់​ធុរកិច្ច និង​អ្នក​ប្រើ​ប្រាស់ ដោយ​បង្ក​ឧបសគ្គ​ដល់​ការ​វិនិយោគ និង​ការ​ជាវ​យក​ទៅប្រើ​ប្រាស់។ ការ​រឹតត្បិតផ្នែក​ពាណិជ្ជកម្ម ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជះ​ផល​ប៉ះពាល់​ទៅលើ​ការ​នាំចេញ​របស់​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វ៊ក ហើយ​ទន្ទឹមគ្នានោះ ការ​ថយចុះនៃកំណើនសេដ្ឋកិច្ច​សកល ទំនង​ជា​នឹង​នាំឱ្យ​តម្រូវ​ការ​ទីផ្សារ​ក្រៅប្រទេស​ធា្លក់​ចុះ​ថែម​ទៀត​ដែរ។

លោកស្រី ម៉ានូអេលឡា វ. ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធាន​ធនាគារ​ពិភពលោក​សម្រាប់​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថា៖ “ទន្ទឹម​នឹង​ការ​ប្រឹង​រុលជម្នះ​ភាពមិនប្រាកដប្រជាលើ​សកលលោក​ ប្រទេសក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានឱកាសពង្រឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន ដោយចាប់​យក និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ, បើកឱកាសអាជីវកម្មថែម​ទៀត​តាមរយៈកំណែទម្រង់មុះមុត​ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។”

សម្រាប់​ឆ្នាំ២០២៥ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​ក្នុង​តំបន់ មាន​ដូច​តទៅ៖ សេដ្ឋកិច្ច​នៅ​ប្រទេស​ចិននឹង​មាន​កំណើនក្នុង​កម្រិត​ ៤ភាគរយ, កម្ពុជា ៤ភាគរយ, ឥណ្ឌូណេស៊ី ៤,៧ភាគរយ, ម៉ាឡេស៊ី ៣,៩ភាគរយ, ម៉ុងហ្គោលី ៦,៣ភាគរយ, ឡាវ ៣,៥ភាគរយ, ហ្វ៊ីលីពីន ៥,៣ភាគរយ, ថៃឡង់ដ៍ ១,៦ភាគរយ, និង​ វៀតណាម ៥,៨ភាគរយ។ បណ្តាប្រទេស​កោះប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​​ក្នុង​កម្រិត ២,៥ភាគរយ។

ធនាគារពិភពលោក ផ្តល់​អនុសាសន៍​នូវ​គោលនយោបាយ​បីមុខព្រួញ​ព្រមគ្នា។ ទីមួយ ការ​ចាប់​យក​បច្ចេកវិទ្យា​ថ្មីៗ​ដែល​នឹង​អាច​បង្កើន​ផលិតភាព​ និង​បង្កើត​ការ​ងារ​ថ្មី​ថែម​ទៀត ដូច​ត្រូវ​បាន​ឃើញ​កន្លង​មក​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ។ ទីពីរ បន្តកំណែ​ទម្រង់​ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង ជា​ពិសេស​ នៅ​ក្នុង​វិស័យ​សេវាកម្ម ដែល​តាម​រយៈនេះ​វា​អាច​នាំមក​នូវ​កាលា​នុវត្ត​ភាព​សេដ្ឋកិច្ច​ថ្មីៗថែម​ទៀត ដូចមាន​កន្លង​មក​នៅ​ប្រទេស​វៀត​ណាម។ ទីបី កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែទូលំទូលាយអាច​នឹង​ជួយ​បង្កើន​ភាព​ធន់​ថែម​ទៀត។

លោក អាឌីត្យា ម៉ាតទូ (Aaditya Mattoo) សេដ្ឋ​វិទូ​ជាន់​ខ្ពស់​នៃធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថា៖ “បច្ចេកវិទ្យាថ្មីរួម​បញ្ចូល​គ្នា​ជាមួយកំណែទម្រង់មុះមុត​ និងកិច្ចសហប្រតិបត្តិការប្រកបដោយនវានុវត្តន៍​ នឹងជួយបណ្តា​ប្រទេសនៅ​ក្នុងតំបន់ ក្នុង​ការ​ទប់​ទល់​ជាមួយ​នឹងបរិយាកាសបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុង​រយៈពេលវែងទៅមុខ​។ នេះ​ជា​រូបមន្ត​សម្រាប់ឈានទៅសម្រេច​បាន​​ផលិតភាព​ខ្ពស់ និង​ការងារ​កាន់តែ​ប្រសើរ​។”  

---

*ធនាគារពិភពលោកកំណត់បន្ទាត់ភាពក្រីក្រ​ក្នុង​តម្លៃ ៦,៨៥ដុល្លារអាមេរិក​ ក្នុង​មួយ​ថ្ងៃ សម្រាប់​ប្រទេស​មាន​ចំណូល​មធ្យម​ខ្ពស់។

ប្រភព៖ World Bank Data Topic: Poverty and Inequality.

សេចក្តីប្រកាសព័ត៌មាន​លេខ 2025/065/EAP

ទំនាក់ទំនង

ទីក្រុងវ៉ាស៊ីនតោន៖
Geetanjali Chopra

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image