Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន20 កញ្ញា 2023

ធនាគារពិភពលោក៖ ការបង្កើនគុណភាពអប់រំជាគន្លឹះនាំទៅសម្រេចគោលបំណងនៃការអភិវឌ្ឍនៃបណ្តាប្រទេសមានចំណូលមធ្យមក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក

វិនិយោគលើគ្រូបង្រៀនថ្ងៃនេះ ដើម្បីការរីកចម្រើនរបស់មនុស្សជំនាន់ក្រោយ

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ – ជារៀងរាល់ឆ្នាំ មាន​កុមារប្រហែល ១៧២លាននាក់ បានចុះឈ្មោះចូលរៀននៅកម្រិត​បឋមសិក្សានៅក្នុងប្រទេសចំនួន២២ ដែលមានចំណូលមធ្យមកម្រិតមធ្យមនៅក្នុងតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។ ការវិនិយោគទៅលើ​កម្រិតបឋមនៃវិស័យអប់រំ គឺជាគន្លឹះដែលនាំឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅក្នុង​តំបន់​អាស៊ីបូព៌ាកន្លងមក។ យ៉ាងណាក៏ដោយ បើទោះបីជាមានភាពជឿនលឿនច្រើននៅក្នុងការចុះឈ្មោះចូលរៀនក៏ដោយ ក៏​កុមារក្នុងប្រទេសមួយចំនួន និងផ្នែកខ្លះនៃបណ្តាប្រទេសមួយចំនួន នៅតែ​មិនទាន់ទទួលបានជំនាញអប់រំជាមូលដ្ឋាននៅឡើយ​ទេ នេះបើយោងតាមរបាយការណ៍ចុងក្រោយ​របស់​ធនាគារពិភពលោក ក្រោម​ចំណងជើងថា “ជួសជុលមូលដ្ឋានគ្រឹះ៖ គ្រូបង្រៀន និងការអប់រំមូលដ្ឋាននៅតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក” (World Bank report, Fixing the Foundation: Teachers and Basic Education in East Asia and Pacific)។ នៅក្នុងប្រទេសទាំងអស់ដែលមាននៅក្នុងរបាយការណ៍នេះ គុណភាពនៃការអប់រំ នៅតាមតំបន់ជនបទ និងតំបន់ក្រីក្រ មានគុណភាពអន់ខ្សោយជាងនៅតាមតំបន់ទីក្រុង និងតំបន់អ្នកមានរស់នៅ។

របាយការណ៍នេះបាននិយាយថា ភាពក្រីក្រក្នុងការសិក្សា មានកម្រិតលើស ៥០ភាគរយនៅក្នុងប្រទេសចំនួន ១៤ ក្នុងចំណោម ២២​ប្រទេស ក្នុងនោះរួមមានប្រទេសឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា ហ្វីលីពីន, និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (ភាពក្រីក្រក្នុងការសិក្សាជាបន្ទាត់គោលសម្រាប់វាស់មើលថាតើក្មេងអាយុ ១០ ឆ្នាំម្នាក់ អាចចេះ​អាន និងយល់សេចក្តីក្នុង​សម្ភារៈអានសមស្របតាមអាយុ បានដែរឬទេ)។ នៅប្រទេសម៉ាឡេស៊ីដែលជា​ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ភាពក្រីក្រក្នុងការសិក្សាមានកម្រិតលើស ៤០ភាគរយ ផ្ទុយពីនៅ​​ប្រទេសជប៉ុន, សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ដែល ភាពក្រីក្រក្នុងការសិក្សានេះមានកម្រិត​តែពី ៣ ទៅ ៤ភាគរយ ប៉ុណ្ណោះ។

ការខកខានក្នុងការបំពាក់ឱ្យ​សិស្សនូវជំនាញមូលដ្ឋាន ជាហេតុធ្វើឱ្យពួកគេបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការទទួលបានជំនាញកម្រិតខ្ពស់បន្ថែមទៀត សម្រាប់​ជួយពួកគេក្នុងការប្រជែងយកឈ្នះនៅក្នុងទីផ្សារការងារ និងឱ្យ​រួចចាកផុតពីភាពក្រីក្រ។ ដោយសារការរៀនសូត្រជាសកម្មភាពរៀនជាបន្តបន្ទាប់ កុមារទាំងនេះជាច្រើននាក់​នឹងមិនមាន​លទ្ធភាពអភិវឌ្ឍជំនាញរបស់ខ្លួន​ឱ្យ​មាន​កម្រិតខ្ពស់ថែមទៀតទេ ដែលជាតម្រូវការសម្រាប់ផ្នែក​ផលិតកម្ម​បែបនវានុវត្តន៍ និងសេវាកម្មទំនើប ដែលជាសកម្មភាពសេដ្ឋកិច្ចសម្រាប់​ជំរុញផលិតភាពឈានទៅរុញប្រទេសឱ្យឡើងពីឋានៈមានចំណូលមធ្យម ទៅជាប្រទេសមានចំណូលខ្ពស់។

ពិតណាស់ មានកត្តាជាច្រើនដែលមានឥទ្ធិពលលើការសិក្សា ដូចជាប្រាក់ចំណូលគ្រួសារ, សុខភាព និងការទទួលបានសម្ភារៈសិក្សាជាដើមនៅពេលដែលកុមារចូលសាលារៀន ប៉ុន្តែគ្រូបង្រៀនជាកត្តាដែលជះឥទ្ធិពលខ្លាំងជាងគេ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យពីប្រទេសមួយចំនួនក្នុងតំបន់បង្ហាញថា គ្រូបង្រៀនច្រើន​តែ​មានចំណេះដឹងនៅមាន​កម្រិតលើមុខវិជ្ជាដែលពួកគេបង្រៀន​។ នៅប្រទេសឡាវ មានតែ ៨ភាគរយនៃគ្រូបង្រៀនថ្នាក់ទី ៤ ប៉ុណ្ណោះដែលទទួលបានពិន្ទុ ៨០ ភាគរយ ឬខ្ពស់ជាងនេះលើការវាយតម្លៃគណិតវិទ្យាថ្នាក់ទី ៤។ នៅ​ប្រទេសឥណ្ឌូនេស៊ី ដូចគ្នាដែរ គឺមានតែ ៨ភាគរយនៃគ្រូបង្រៀនថ្នាក់ទី ៤ ប៉ុណ្ណោះដែលទទួលបានពិន្ទុ ៨០ភាគរយ ឬខ្ពស់ជាងនេះ លើការវាយតម្លៃជំនាញភាសាឥណ្ឌូនេស៊ីដែលពួកគេបង្រៀន​។ ទិន្នន័យ​ក៏បានបង្ហាញដែរ​ថា អវត្តមានរបស់​គ្រូបង្រៀន

ក៏​ជា​បញ្ហា​ក្នុង​ប្រទេស​មួយ​ចំនួននៅ​ក្នុង​តំបន់ដែរ។ អាស្រ័យហេតុនេះហើយបានជារបាយការណ៍នេះផ្តោតលើគ្រូបង្រៀន និងលើវិធីសម្រាប់​គាំទ្រដល់គ្រូបង្រៀន និងពង្រឹងគុណភាពនៃការបង្រៀនឱ្យ​បាន​កាន់តែប្រសើរឡើងថែមទៀត។

លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធាន​ធនាគារពិភពលោកសម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការលូតលាស់ និងសកម្មស្វាហាប់ជាងគេបំផុតក្នុងពិភពលោក។ ដើម្បីទ្រទ្រង់ដល់សភាពស្វាហាប់នេះ និងបង្កលទ្ធភាពឱ្យកុមារបច្ចុប្បន្នទទួលបានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើងនៅពេលពួកគេក្លាយខ្លួនមនុស្សពេញវ័យដែលមានផលិតភាព ចាំបាច់​ត្រូវ​ធ្វើ​យ៉ាង​ណាឱ្យកុមារទទួលបាននូវការបង្រៀនមានគុណភាពខ្ពស់ ដែលកសាងបាននូវជំនាញជាមូលដ្ឋានសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់​ពួក​គេ។”

ដោយសារគ្រូបង្រៀនដែលមានស្រាប់ភាគច្រើនទំនងជានៅបង្រៀនដល់ឆ្នាំ២០៣០ របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យផ្តោតលើការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀន។ ខណៈពេលដែលទិន្នន័យបង្ហាញថាគ្រូបង្រៀនក្នុងតំបន់ដែលទទួល​ការ​បណ្តុះបណ្តាលជារៀងរាល់ឆ្នាំមានចំនួនភាគរយច្រើនគួរសមកពិតមែន តែការសិក្សារស្ទង់មើលថ្មីៗនៅក្នុងប្រទេសកម្ពុជា, ហ្វីជី, ឡាវ, ម៉ុងហ្គោលី, ហ្វីលីពីន, ថៃ, ទីម័រខាងកើត, តុងហ្គា និងវៀតណាម បង្ហាញថា កម្មវិធីបណ្តុះបណ្តាលមិនបាន​ប្រើ​ប្រាស់​ការ​អនុវត្តណា​​ដែល​ទាក់ទងទៅនឹងការកែលម្អការសិក្សា​របស់​សិស្សទេ។ ជាឧទាហរណ៍ ក្នុងចំណោមប្រទេសដែលបានធ្វើ​ការ​សិក្សា​ស្ទង់មើល ការផ្តោតសំខាន់លើខ្លឹមសារនៃ​មុខវិជ្ជា​មានតែ ១៤ភាគរយនៃកម្មវិធីសិក្សា​តែប៉ុណ្ណោះ ធៀបនឹង ៨១ភាគរយនៃកម្មវិធីដែលទាក់ទងនឹងការកែលម្អឱ្យប្រសើរឡើងនូវ​ការសិក្សារបស់សិស្សនៅទូទាំងពិភពលោក។

ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន កម្មវិធីបណ្តុះបណ្តាលគួរតែពង្រឹងចំណេះដឹងមុខវិជ្ជា, ផ្តល់ឱកាសដើម្បីអនុវត្តចំណេះដឹងថ្មីៗក្នុងចំណោមគ្រូបង្រៀនដូចគ្នា អមជាមួយនឹងការបង្វឹក និងប្រឹក្សាណែនាំបន្ថែម និងផ្តល់នូវការលើកទឹកចិត្តក្នុងអាជីពដែលភ្ជាប់ទៅនឹងការតម្លើងតំណែង ឬប្រាក់បៀរវត្សរ៍ផងដែរ។ គ្រូបង្រៀនគួរសក្តិសមទទួលបានរង្វាន់ផងដែរ សម្រាប់ការរក្សា​បាននូវគុណភាពនៃការបង្រៀនក្នុងមួយ​អាជីពរបស់ពួកគេ។

បច្ចេកវិទ្យាអប់រំ (EdTech) ក៏មានសក្តានុពលក្នុងការធ្វើ​បរិវត្តនៃការបង្រៀន និងការរៀនសម្រាប់សិស្សផងដែរ។ ការស្រាវជ្រាវបង្ហាញថា ការចូលប្រើប្រាស់​ការបង្រៀនដែលបានថតទុកជាមុនដោយគ្រូដែលមានសមត្ថភាពខ្ពស់ បានជួយ​ឱ្យសិស្សទទួល​បាន​ពិន្ទុ​កាន់តែប្រសើរឡើង ហើយក៏​ជួយគ្រូដទៃទៀតឱ្យបំពេញកិច្ចបង្រៀនបានកាន់តែល្អជាងមុនដែរ ។ ទោះជាយ៉ាងណាក៏ដោយបច្ចេកវិទ្យា EdTech នេះអាចដំណើរការល្អ​បាន ទាល់តែគ្រូបង្រៀនមានការបណ្តុះបណ្តាលឱ្យចេះប្រើវាដែរ។

របាយការណ៍បាននិយាយថា ការគាំទ្រ និងការប្តេជ្ញាចិត្តផ្នែកនយោបាយពីសំណាក់​អ្នករៀបចំគោលនយោបាយចំពោះការបង្កើនលទ្ធផលសិក្សា មានសារៈសំខាន់ណាស់​សម្រាប់ធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានជាក់លាក់។ ការដាក់ចេញនូវ​វិធានការ​ដើម្បីសម្រេចបាននូវ​ការលើកកម្ពស់គុណភាពបង្រៀន និងកែលម្អការរៀនសូត្ររបស់សិស្ស រួមទាំងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិទ្យា EdTech ​តម្រូវឱ្យមានការចំណាយធនធានដែលមានស្រាប់ឱ្យ​កាន់តែមាន​ប្រសិទ្ធភាពថែមទៀត អមជាមួយ​​ការ​ផ្តល់​ធនធានបន្ថែម តាមការចាំបាច់។

លោក អាឌីត្យ៉ា ម៉ាទូ សេដ្ឋវិទូ ជាន់ខ្ពស់​នៃធនាគាពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក និយាយថា៖ “ការដោះស្រាយបញ្ហានៃភាពក្រីក្រក្នុងការសិក្សានឹងធ្វើឱ្យអនាគតរបស់កុមារជំនាន់ក្រោយ និងទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ មានភាពកាន់តែភ្លឺស្វាង។ ការជួសជុលមូលដ្ឋានគ្រឹះនៃការអប់រំ ទាមទារឱ្យមានកំណែទម្រង់ និងធនធាន ក៏ដូចជាកិច្ចសហការរវាងតួអង្គពាក់ព័ន្ធទាំងអស់ មានដូចជា ក្រសួងអប់រំ និងហិរញ្ញវត្ថុ គ្រូបង្រៀន និងមាតាបិតា ជាដើម។”

សេចក្តីប្រកាសព័ត៌មាន​លេខ 2024/005/EAP

ទំនាក់ទំនង

នៅក្រុងវ៉ាស៊ីនតោន៖
Kym Smithies
+1 202-458-8629

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image