វិនិយោគលើគ្រូបង្រៀនថ្ងៃនេះ ដើម្បីការរីកចម្រើនរបស់មនុស្សជំនាន់ក្រោយ
ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ – ជារៀងរាល់ឆ្នាំ មានកុមារប្រហែល ១៧២លាននាក់ បានចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សានៅក្នុងប្រទេសចំនួន២២ ដែលមានចំណូលមធ្យមកម្រិតមធ្យមនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។ ការវិនិយោគទៅលើកម្រិតបឋមនៃវិស័យអប់រំ គឺជាគន្លឹះដែលនាំឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីបូព៌ាកន្លងមក។ យ៉ាងណាក៏ដោយ បើទោះបីជាមានភាពជឿនលឿនច្រើននៅក្នុងការចុះឈ្មោះចូលរៀនក៏ដោយ ក៏កុមារក្នុងប្រទេសមួយចំនួន និងផ្នែកខ្លះនៃបណ្តាប្រទេសមួយចំនួន នៅតែមិនទាន់ទទួលបានជំនាញអប់រំជាមូលដ្ឋាននៅឡើយទេ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ក្រោមចំណងជើងថា “ជួសជុលមូលដ្ឋានគ្រឹះ៖ គ្រូបង្រៀន និងការអប់រំមូលដ្ឋាននៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក” (World Bank report, Fixing the Foundation: Teachers and Basic Education in East Asia and Pacific)។ នៅក្នុងប្រទេសទាំងអស់ដែលមាននៅក្នុងរបាយការណ៍នេះ គុណភាពនៃការអប់រំ នៅតាមតំបន់ជនបទ និងតំបន់ក្រីក្រ មានគុណភាពអន់ខ្សោយជាងនៅតាមតំបន់ទីក្រុង និងតំបន់អ្នកមានរស់នៅ។
របាយការណ៍នេះបាននិយាយថា ភាពក្រីក្រក្នុងការសិក្សា មានកម្រិតលើស ៥០ភាគរយនៅក្នុងប្រទេសចំនួន ១៤ ក្នុងចំណោម ២២ប្រទេស ក្នុងនោះរួមមានប្រទេសឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា ហ្វីលីពីន, និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ (ភាពក្រីក្រក្នុងការសិក្សាជាបន្ទាត់គោលសម្រាប់វាស់មើលថាតើក្មេងអាយុ ១០ ឆ្នាំម្នាក់ អាចចេះអាន និងយល់សេចក្តីក្នុងសម្ភារៈអានសមស្របតាមអាយុ បានដែរឬទេ)។ នៅប្រទេសម៉ាឡេស៊ីដែលជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ភាពក្រីក្រក្នុងការសិក្សាមានកម្រិតលើស ៤០ភាគរយ ផ្ទុយពីនៅប្រទេសជប៉ុន, សិង្ហបុរី និងសាធារណរដ្ឋកូរ៉េ ដែល ភាពក្រីក្រក្នុងការសិក្សានេះមានកម្រិតតែពី ៣ ទៅ ៤ភាគរយ ប៉ុណ្ណោះ។
ការខកខានក្នុងការបំពាក់ឱ្យសិស្សនូវជំនាញមូលដ្ឋាន ជាហេតុធ្វើឱ្យពួកគេបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការទទួលបានជំនាញកម្រិតខ្ពស់បន្ថែមទៀត សម្រាប់ជួយពួកគេក្នុងការប្រជែងយកឈ្នះនៅក្នុងទីផ្សារការងារ និងឱ្យរួចចាកផុតពីភាពក្រីក្រ។ ដោយសារការរៀនសូត្រជាសកម្មភាពរៀនជាបន្តបន្ទាប់ កុមារទាំងនេះជាច្រើននាក់នឹងមិនមានលទ្ធភាពអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យមានកម្រិតខ្ពស់ថែមទៀតទេ ដែលជាតម្រូវការសម្រាប់ផ្នែកផលិតកម្មបែបនវានុវត្តន៍ និងសេវាកម្មទំនើប ដែលជាសកម្មភាពសេដ្ឋកិច្ចសម្រាប់ជំរុញផលិតភាពឈានទៅរុញប្រទេសឱ្យឡើងពីឋានៈមានចំណូលមធ្យម ទៅជាប្រទេសមានចំណូលខ្ពស់។
ពិតណាស់ មានកត្តាជាច្រើនដែលមានឥទ្ធិពលលើការសិក្សា ដូចជាប្រាក់ចំណូលគ្រួសារ, សុខភាព និងការទទួលបានសម្ភារៈសិក្សាជាដើមនៅពេលដែលកុមារចូលសាលារៀន ប៉ុន្តែគ្រូបង្រៀនជាកត្តាដែលជះឥទ្ធិពលខ្លាំងជាងគេ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យពីប្រទេសមួយចំនួនក្នុងតំបន់បង្ហាញថា គ្រូបង្រៀនច្រើនតែមានចំណេះដឹងនៅមានកម្រិតលើមុខវិជ្ជាដែលពួកគេបង្រៀន។ នៅប្រទេសឡាវ មានតែ ៨ភាគរយនៃគ្រូបង្រៀនថ្នាក់ទី ៤ ប៉ុណ្ណោះដែលទទួលបានពិន្ទុ ៨០ ភាគរយ ឬខ្ពស់ជាងនេះលើការវាយតម្លៃគណិតវិទ្យាថ្នាក់ទី ៤។ នៅប្រទេសឥណ្ឌូនេស៊ី ដូចគ្នាដែរ គឺមានតែ ៨ភាគរយនៃគ្រូបង្រៀនថ្នាក់ទី ៤ ប៉ុណ្ណោះដែលទទួលបានពិន្ទុ ៨០ភាគរយ ឬខ្ពស់ជាងនេះ លើការវាយតម្លៃជំនាញភាសាឥណ្ឌូនេស៊ីដែលពួកគេបង្រៀន។ ទិន្នន័យក៏បានបង្ហាញដែរថា អវត្តមានរបស់គ្រូបង្រៀន
ក៏ជាបញ្ហាក្នុងប្រទេសមួយចំនួននៅក្នុងតំបន់ដែរ។ អាស្រ័យហេតុនេះហើយបានជារបាយការណ៍នេះផ្តោតលើគ្រូបង្រៀន និងលើវិធីសម្រាប់គាំទ្រដល់គ្រូបង្រៀន និងពង្រឹងគុណភាពនៃការបង្រៀនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការលូតលាស់ និងសកម្មស្វាហាប់ជាងគេបំផុតក្នុងពិភពលោក។ ដើម្បីទ្រទ្រង់ដល់សភាពស្វាហាប់នេះ និងបង្កលទ្ធភាពឱ្យកុមារបច្ចុប្បន្នទទួលបានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើងនៅពេលពួកគេក្លាយខ្លួនមនុស្សពេញវ័យដែលមានផលិតភាព ចាំបាច់ត្រូវធ្វើយ៉ាងណាឱ្យកុមារទទួលបាននូវការបង្រៀនមានគុណភាពខ្ពស់ ដែលកសាងបាននូវជំនាញជាមូលដ្ឋានសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។”
ដោយសារគ្រូបង្រៀនដែលមានស្រាប់ភាគច្រើនទំនងជានៅបង្រៀនដល់ឆ្នាំ២០៣០ របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យផ្តោតលើការពង្រឹងសមត្ថភាពរបស់គ្រូបង្រៀន។ ខណៈពេលដែលទិន្នន័យបង្ហាញថាគ្រូបង្រៀនក្នុងតំបន់ដែលទទួលការបណ្តុះបណ្តាលជារៀងរាល់ឆ្នាំមានចំនួនភាគរយច្រើនគួរសមកពិតមែន តែការសិក្សារស្ទង់មើលថ្មីៗនៅក្នុងប្រទេសកម្ពុជា, ហ្វីជី, ឡាវ, ម៉ុងហ្គោលី, ហ្វីលីពីន, ថៃ, ទីម័រខាងកើត, តុងហ្គា និងវៀតណាម បង្ហាញថា កម្មវិធីបណ្តុះបណ្តាលមិនបានប្រើប្រាស់ការអនុវត្តណាដែលទាក់ទងទៅនឹងការកែលម្អការសិក្សារបស់សិស្សទេ។ ជាឧទាហរណ៍ ក្នុងចំណោមប្រទេសដែលបានធ្វើការសិក្សាស្ទង់មើល ការផ្តោតសំខាន់លើខ្លឹមសារនៃមុខវិជ្ជាមានតែ ១៤ភាគរយនៃកម្មវិធីសិក្សាតែប៉ុណ្ណោះ ធៀបនឹង ៨១ភាគរយនៃកម្មវិធីដែលទាក់ទងនឹងការកែលម្អឱ្យប្រសើរឡើងនូវការសិក្សារបស់សិស្សនៅទូទាំងពិភពលោក។
ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន កម្មវិធីបណ្តុះបណ្តាលគួរតែពង្រឹងចំណេះដឹងមុខវិជ្ជា, ផ្តល់ឱកាសដើម្បីអនុវត្តចំណេះដឹងថ្មីៗក្នុងចំណោមគ្រូបង្រៀនដូចគ្នា អមជាមួយនឹងការបង្វឹក និងប្រឹក្សាណែនាំបន្ថែម និងផ្តល់នូវការលើកទឹកចិត្តក្នុងអាជីពដែលភ្ជាប់ទៅនឹងការតម្លើងតំណែង ឬប្រាក់បៀរវត្សរ៍ផងដែរ។ គ្រូបង្រៀនគួរសក្តិសមទទួលបានរង្វាន់ផងដែរ សម្រាប់ការរក្សាបាននូវគុណភាពនៃការបង្រៀនក្នុងមួយអាជីពរបស់ពួកគេ។
បច្ចេកវិទ្យាអប់រំ (EdTech) ក៏មានសក្តានុពលក្នុងការធ្វើបរិវត្តនៃការបង្រៀន និងការរៀនសម្រាប់សិស្សផងដែរ។ ការស្រាវជ្រាវបង្ហាញថា ការចូលប្រើប្រាស់ការបង្រៀនដែលបានថតទុកជាមុនដោយគ្រូដែលមានសមត្ថភាពខ្ពស់ បានជួយឱ្យសិស្សទទួលបានពិន្ទុកាន់តែប្រសើរឡើង ហើយក៏ជួយគ្រូដទៃទៀតឱ្យបំពេញកិច្ចបង្រៀនបានកាន់តែល្អជាងមុនដែរ ។ ទោះជាយ៉ាងណាក៏ដោយបច្ចេកវិទ្យា EdTech នេះអាចដំណើរការល្អបាន ទាល់តែគ្រូបង្រៀនមានការបណ្តុះបណ្តាលឱ្យចេះប្រើវាដែរ។
របាយការណ៍បាននិយាយថា ការគាំទ្រ និងការប្តេជ្ញាចិត្តផ្នែកនយោបាយពីសំណាក់អ្នករៀបចំគោលនយោបាយចំពោះការបង្កើនលទ្ធផលសិក្សា មានសារៈសំខាន់ណាស់សម្រាប់ធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានជាក់លាក់។ ការដាក់ចេញនូវវិធានការដើម្បីសម្រេចបាននូវការលើកកម្ពស់គុណភាពបង្រៀន និងកែលម្អការរៀនសូត្ររបស់សិស្ស រួមទាំងការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងបច្ចេកវិទ្យា EdTech តម្រូវឱ្យមានការចំណាយធនធានដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត អមជាមួយការផ្តល់ធនធានបន្ថែម តាមការចាំបាច់។
លោក អាឌីត្យ៉ា ម៉ាទូ សេដ្ឋវិទូ ជាន់ខ្ពស់នៃធនាគាពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក និយាយថា៖ “ការដោះស្រាយបញ្ហានៃភាពក្រីក្រក្នុងការសិក្សានឹងធ្វើឱ្យអនាគតរបស់កុមារជំនាន់ក្រោយ និងទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ មានភាពកាន់តែភ្លឺស្វាង។ ការជួសជុលមូលដ្ឋានគ្រឹះនៃការអប់រំ ទាមទារឱ្យមានកំណែទម្រង់ និងធនធាន ក៏ដូចជាកិច្ចសហការរវាងតួអង្គពាក់ព័ន្ធទាំងអស់ មានដូចជា ក្រសួងអប់រំ និងហិរញ្ញវត្ថុ គ្រូបង្រៀន និងមាតាបិតា ជាដើម។”