Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន22 មិថុនា 2022

ធនាគារពិភពលោកអនុម័តថវិកា ២០លានដុល្លារអាមេរិក ជូនសមាគមអាស៊ាន សម្រាប់ធ្វើសកម្មភាពលុបបំបាត់ការបំពុលដោយប្លាស្ទិកក្នុងដែនសមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍

ទីក្រុងវ៉ាស៊ីនតោន​​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២២ — ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក​ នៅថ្ងៃនេះ បានអនុម័ត កញ្ចប់ថវិកាចំនួន ២០លានដុល្លារអាមេរិក សម្រាប់ជួយដល់រដ្ឋ​សមាជិកនៃសមាគមប្រជាជាតិអាស៊ាន ក្នុងការងារលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកក្នុងដែនសមុទ្រក្នុងតំបន់របស់ខ្លួន តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា Southeast Asia Regional Program on Combating Marine Plastics (SEA-MaP)។​

អាស៊ីអាគ្នេយ៍បានក្លាយជាចំណុចក្តៅមួយនៃការបំពុលដោយកាកសំណល់ប្លាស្ទិក ដោយសារតែមានការ​រីកលូតលាស់របស់​ទីក្រុង​ និងការកើនឡើង​នៃចំនួន​មនុស្ស​វណ្ណៈកណ្តាល យ៉ាងឆាប់រហ័ស។​ បញ្ហាបំពុល​ដោយប្លាស្ទិកនេះបានបង្កឲ្យមានការខាតបង់ច្រើន​​ ក្នុងនោះ គ្រាន់តែក្នុងឆ្នាំ២០១៥ សកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធដែនសមុទ្រនៃបណ្តាប្រទេសសមាជិកអាស៊ាន រងការខូចខាតគិតជាតម្លៃទឹកប្រាក់ ប្រហែល ២,១ប៊ីលានដុល្លារអាមេរិក។ លើសពីនេះទៅទៀត វដ្តជីវិតទាំងមូលរបស់ប្លាស្ទិក រាប់ទាំងសកម្មភាពផលិតនិងដឹកជញ្ជូន​របស់វា បានបំភាយឧស្ម័នកាបូនិករាប់ប៊ីលានតោនទៅក្នុងស្រទាប់បរិយាកាស។

តាមរយៈកញ្ចប់ថវិកានេះ ធនាគារពិភពលោកនឹងសហការជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន និង ដៃគូនានានៅកម្រិតតំបន់ និងនៅតាមប្រទេស ក្នុងការងារពង្រឹងគោលនយោបាយ និងក្របខណ្ឌបទបញ្ញត្តិដែលគ្រប់គ្រងសកម្មភាពផលិត និងការប្រើ​ប្រាស់វត្ថុប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។​​ គម្រោងនេះមានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក, បង្កើនសកម្មភាពកែច្នៃឡើងវិញ និងទប់ស្កាត់ការបំពុលក្នុងដីនិងក្នុងដែនសមុទ្រ តាមរយៈសកម្មភាពទុកដាក់សំរាមប្លាស្ទិកឲ្យបានត្រឹមត្រូវ។ គម្រោងនេះ​ក៏នឹង​ជួយផងដែរដល់បណ្តាសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធឆ្នេរនិងដែនសមុទ្រ ដែលរងផលការប៉ះពាល់អាក្រក់ខ្លាំង​ពីសំរាម​ក្នុង​ផ្ទៃ​សមុទ្រ​ ជាពិសេសវិស័យសំខាន់ៗមួយចំនួន មានដូចជា ផ្នែកនេសាទ,​ ទេសចរណ៍ និង នាវាដឹកជញ្ជូនទំនិញ។

លោកស្រី ម៉ានអែឡា ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការកាត់បន្ថយការបំពុលដោយប្លាស្ទិក​នៅតាមដងទន្លេ​និងមហាសមុទ្ររបស់ពិភពលោក ចាំបាច់ត្រូវធ្វើសកម្មភាពនៅ​កម្រិតប្រទេស និងកិច្ចខិតខំប្រឹងប្រែងរួមជាមួយនឹងការសម្រប​សម្រួលគ្នាឲ្យបានល្អ។​ យើងរីករាយក្នុងការជួយរដ្ឋសមាជិកអាស៊ានក្នុងកិច្ចសហការគ្នា ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិកទៅក្នុងដែនទឹកទន្លេនិងសមុទ្រ ក៏ដូចជាក្នុងការស្វែងរកដំណោះស្រាយចំពោះឥទ្ធិពល​អវិជ្ជមាន ដែល​កាកសំណល់ប្លាស្ទិកអាចបង្កដល់សេដ្ឋកិច្ច, បរិស្ថាន, អាកាសធាតុ និង សុខភាពរបស់ប្រជាជន។”

តាមរយៈកិច្ចសហការជាមួយរដ្ឋសមាជិកអាស៊ាន ធនាគារពិភពលោក កន្លងមក ​បានធ្វើការ​សិក្សាស្ទង់មើល​ស្ថានភាព​ទីផ្សាររបស់​ប្លាស្ទិក​នៅតាមប្រទេសជាក់លាក់ ហើយពេលនេះក៏កំពុងផ្តល់ការគាំទ្រដល់ការរៀបចំផែនការសកម្មភាពនិងផែនទីបង្ហាញ​ផ្លូវថ្នាក់ជាតិ សម្រាប់ឈានទៅលុបបំបាត់ជាជំហានៗនូវទម្លាប់ប្រើប្រាស់វត្ថុប្លាស្ទិកតែមួយដងហើយគ្រវាត់ចោល និងពង្រឹងទម្លាប់កែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ។ ធនាគារពិភពលោកក៏កំពុងតែផ្តល់ជំនួយហិរញ្ញវត្ថុផងដែរដល់កិច្ចកខិតខំប្រឹងប្រែងនានា​ក្នុង​ការគ្រប់​គ្រង​កាកសំណល់ ដើម្បីលុបបំបាត់ការហូរធ្លាយនៃកាក​សំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន។​

បណ្តាប្រទេសសមាជិកអាស៊ានមានទន្លេនិងដែនសមុទ្រច្រើនប្រើប្រាស់រួមគ្នា ព្រមទាំងបណ្តាញទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្ម​ផលិតផលនិងសំណល់ប្លាស្ទិក​ ដូច្នេះ​ ច្បាស់ណាស់ គេចាំបាច់ត្រូវតែធ្វើចំណាត់ការនៅថ្នាក់ជាតិ និងថ្នាក់តំបន់តាមរយៈការសម្រប​សម្រួលសកម្មភាពគ្នា។ កម្មវិធីនេះប្រមែប្រមូលប្រទេសនិងស្ថាប័នសំខាន់ៗនៅក្នុងតំបន់មកធ្វើការនៅជុំវិញផលប្រយោជន៍​រួម​មួយ ក្នុងការឈានទៅលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។​ កម្មវិធីនេះនឹងពង្រឹងគោលនយោបាយ និងស្ថាប័នក្នុងតំបន់លើផ្នែកការងារកែច្នៃកាកសំណល់ប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ហើយនឹងបង្កើតវេទិកានានាក្នុងតំបន់សម្រាប់លើកកម្ពស់នវានុវត្តន៍, ចំណេះដឹង និងភាពជាដៃគូក្នុងការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ។

លោក Dato Lim Jock Hoi អគ្គលេខាធិការនៃសមាគមអាស៊ាន​ មានប្រសាសន៍ថា៖ “ដែនសមុទ្រនិងឆ្នេរសមុទ្ររបស់យើង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតនិងរបរចញ្ចឹមជីវិតរបស់យើង ក៏ប៉ុន្តែវាកំពុងតែរងសម្ពាធយ៉ាងខ្លាំង​​ ជាពិសេសពីសំណាក់ការបំពុលដោយកាកសំណល់ប្លាស្ទិក ដែលអាចនាំគ្រោះថ្នាក់ដល់សុខភាព និងជះឥទ្ធិពលអវិជ្ជមានទៅលើឧស្សា​ហកម្មទេសចរណ៍និងនេសាទ ដែលមានសារៈសំខាន់មែនទែនសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។ គម្រោងថ្នាក់តំបន់មួយនេះ ជាសក្ខីកម្មបង្ហាញអំពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ក្នុងការស្វែងរកដោយប្រតិសកម្មនូវដំណោះស្រាយចំពោះ​បញ្ហាឆ្លងដែនមួយនេះ ដើម្បីកែលម្អឲ្យប្រសើរឡើងវិញនូវសុខភាពរបស់ផ្ទៃដែនសមុទ្ររបស់យើង ដែលជាទីពឹងពាក់​អាស្រ័យរបស់ប្រជាជនជាច្រើននៅក្នុងតំបន់អាស៊ានយើងនេះ។”

គម្រោង SEA-MaP នឹងត្រូវបានអនុវត្តដោយលេខាធិការដ្ឋានអាស៊ាន ដោយសហការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋសមាជិក និងជាមួយដៃគូ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ក្រុងបាងកកស្តីពីការសម្អាតសំរាមដែនសមុទ្រក្នុងតំបន់អាស៊ាន​ (២០១៩) (Bangkok Declaration on Combating Marine Debris in ASEAN Region (2019)) និងស្របតាមផែនការសកម្មភាពអាស៊ានឈានទៅសម្អាតសំរាមដែនសមុទ្រ​ (២០២១)  (ASEAN Regional Action Plan for Combating Marine Debris (2021))។

សេចក្តីប្រកាសព័ត៌មាន​លេខ 2022/118/EAP

ទំនាក់ទំនង

នៅទីក្រុងវ៉ាស៊ីនតោន៖
Kym Smithies
+1 202 458 0152

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image