ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ — ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័ត កញ្ចប់ថវិកាចំនួន ២០លានដុល្លារអាមេរិក សម្រាប់ជួយដល់រដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ាន ក្នុងការងារលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកក្នុងដែនសមុទ្រក្នុងតំបន់របស់ខ្លួន តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា Southeast Asia Regional Program on Combating Marine Plastics (SEA-MaP)។
អាស៊ីអាគ្នេយ៍បានក្លាយជាចំណុចក្តៅមួយនៃការបំពុលដោយកាកសំណល់ប្លាស្ទិក ដោយសារតែមានការរីកលូតលាស់របស់ទីក្រុង និងការកើនឡើងនៃចំនួនមនុស្សវណ្ណៈកណ្តាល យ៉ាងឆាប់រហ័ស។ បញ្ហាបំពុលដោយប្លាស្ទិកនេះបានបង្កឲ្យមានការខាតបង់ច្រើន ក្នុងនោះ គ្រាន់តែក្នុងឆ្នាំ២០១៥ សកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធដែនសមុទ្រនៃបណ្តាប្រទេសសមាជិកអាស៊ាន រងការខូចខាតគិតជាតម្លៃទឹកប្រាក់ ប្រហែល ២,១ប៊ីលានដុល្លារអាមេរិក។ លើសពីនេះទៅទៀត វដ្តជីវិតទាំងមូលរបស់ប្លាស្ទិក រាប់ទាំងសកម្មភាពផលិតនិងដឹកជញ្ជូនរបស់វា បានបំភាយឧស្ម័នកាបូនិករាប់ប៊ីលានតោនទៅក្នុងស្រទាប់បរិយាកាស។
តាមរយៈកញ្ចប់ថវិកានេះ ធនាគារពិភពលោកនឹងសហការជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន និង ដៃគូនានានៅកម្រិតតំបន់ និងនៅតាមប្រទេស ក្នុងការងារពង្រឹងគោលនយោបាយ និងក្របខណ្ឌបទបញ្ញត្តិដែលគ្រប់គ្រងសកម្មភាពផលិត និងការប្រើប្រាស់វត្ថុប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះមានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក, បង្កើនសកម្មភាពកែច្នៃឡើងវិញ និងទប់ស្កាត់ការបំពុលក្នុងដីនិងក្នុងដែនសមុទ្រ តាមរយៈសកម្មភាពទុកដាក់សំរាមប្លាស្ទិកឲ្យបានត្រឹមត្រូវ។ គម្រោងនេះក៏នឹងជួយផងដែរដល់បណ្តាសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធឆ្នេរនិងដែនសមុទ្រ ដែលរងផលការប៉ះពាល់អាក្រក់ខ្លាំងពីសំរាមក្នុងផ្ទៃសមុទ្រ ជាពិសេសវិស័យសំខាន់ៗមួយចំនួន មានដូចជា ផ្នែកនេសាទ, ទេសចរណ៍ និង នាវាដឹកជញ្ជូនទំនិញ។
លោកស្រី ម៉ានអែឡា ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតាមដងទន្លេនិងមហាសមុទ្ររបស់ពិភពលោក ចាំបាច់ត្រូវធ្វើសកម្មភាពនៅកម្រិតប្រទេស និងកិច្ចខិតខំប្រឹងប្រែងរួមជាមួយនឹងការសម្របសម្រួលគ្នាឲ្យបានល្អ។ យើងរីករាយក្នុងការជួយរដ្ឋសមាជិកអាស៊ានក្នុងកិច្ចសហការគ្នា ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិកទៅក្នុងដែនទឹកទន្លេនិងសមុទ្រ ក៏ដូចជាក្នុងការស្វែងរកដំណោះស្រាយចំពោះឥទ្ធិពលអវិជ្ជមាន ដែលកាកសំណល់ប្លាស្ទិកអាចបង្កដល់សេដ្ឋកិច្ច, បរិស្ថាន, អាកាសធាតុ និង សុខភាពរបស់ប្រជាជន។”
តាមរយៈកិច្ចសហការជាមួយរដ្ឋសមាជិកអាស៊ាន ធនាគារពិភពលោក កន្លងមក បានធ្វើការសិក្សាស្ទង់មើលស្ថានភាពទីផ្សាររបស់ប្លាស្ទិកនៅតាមប្រទេសជាក់លាក់ ហើយពេលនេះក៏កំពុងផ្តល់ការគាំទ្រដល់ការរៀបចំផែនការសកម្មភាពនិងផែនទីបង្ហាញផ្លូវថ្នាក់ជាតិ សម្រាប់ឈានទៅលុបបំបាត់ជាជំហានៗនូវទម្លាប់ប្រើប្រាស់វត្ថុប្លាស្ទិកតែមួយដងហើយគ្រវាត់ចោល និងពង្រឹងទម្លាប់កែច្នៃប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ។ ធនាគារពិភពលោកក៏កំពុងតែផ្តល់ជំនួយហិរញ្ញវត្ថុផងដែរដល់កិច្ចកខិតខំប្រឹងប្រែងនានាក្នុងការគ្រប់គ្រងកាកសំណល់ ដើម្បីលុបបំបាត់ការហូរធ្លាយនៃកាកសំណល់ប្លាស្ទិកទៅក្នុងបរិស្ថាន។
បណ្តាប្រទេសសមាជិកអាស៊ានមានទន្លេនិងដែនសមុទ្រច្រើនប្រើប្រាស់រួមគ្នា ព្រមទាំងបណ្តាញទីផ្សារសម្រាប់ធ្វើពាណិជ្ជកម្មផលិតផលនិងសំណល់ប្លាស្ទិក ដូច្នេះ ច្បាស់ណាស់ គេចាំបាច់ត្រូវតែធ្វើចំណាត់ការនៅថ្នាក់ជាតិ និងថ្នាក់តំបន់តាមរយៈការសម្របសម្រួលសកម្មភាពគ្នា។ កម្មវិធីនេះប្រមែប្រមូលប្រទេសនិងស្ថាប័នសំខាន់ៗនៅក្នុងតំបន់មកធ្វើការនៅជុំវិញផលប្រយោជន៍រួមមួយ ក្នុងការឈានទៅលុបបំបាត់ការបំពុលដោយកាកសំណល់ប្លាស្ទិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កម្មវិធីនេះនឹងពង្រឹងគោលនយោបាយ និងស្ថាប័នក្នុងតំបន់លើផ្នែកការងារកែច្នៃកាកសំណល់ប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ហើយនឹងបង្កើតវេទិកានានាក្នុងតំបន់សម្រាប់លើកកម្ពស់នវានុវត្តន៍, ចំណេះដឹង និងភាពជាដៃគូក្នុងការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ។
លោក Dato Lim Jock Hoi អគ្គលេខាធិការនៃសមាគមអាស៊ាន មានប្រសាសន៍ថា៖ “ដែនសមុទ្រនិងឆ្នេរសមុទ្ររបស់យើង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតនិងរបរចញ្ចឹមជីវិតរបស់យើង ក៏ប៉ុន្តែវាកំពុងតែរងសម្ពាធយ៉ាងខ្លាំង ជាពិសេសពីសំណាក់ការបំពុលដោយកាកសំណល់ប្លាស្ទិក ដែលអាចនាំគ្រោះថ្នាក់ដល់សុខភាព និងជះឥទ្ធិពលអវិជ្ជមានទៅលើឧស្សាហកម្មទេសចរណ៍និងនេសាទ ដែលមានសារៈសំខាន់មែនទែនសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។ គម្រោងថ្នាក់តំបន់មួយនេះ ជាសក្ខីកម្មបង្ហាញអំពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ក្នុងការស្វែងរកដោយប្រតិសកម្មនូវដំណោះស្រាយចំពោះបញ្ហាឆ្លងដែនមួយនេះ ដើម្បីកែលម្អឲ្យប្រសើរឡើងវិញនូវសុខភាពរបស់ផ្ទៃដែនសមុទ្ររបស់យើង ដែលជាទីពឹងពាក់អាស្រ័យរបស់ប្រជាជនជាច្រើននៅក្នុងតំបន់អាស៊ានយើងនេះ។”
គម្រោង SEA-MaP នឹងត្រូវបានអនុវត្តដោយលេខាធិការដ្ឋានអាស៊ាន ដោយសហការយ៉ាងជិតស្និទ្ធជាមួយបណ្តារដ្ឋសមាជិក និងជាមួយដៃគូ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ក្រុងបាងកកស្តីពីការសម្អាតសំរាមដែនសមុទ្រក្នុងតំបន់អាស៊ាន (២០១៩) (Bangkok Declaration on Combating Marine Debris in ASEAN Region (2019)) និងស្របតាមផែនការសកម្មភាពអាស៊ានឈានទៅសម្អាតសំរាមដែនសមុទ្រ (២០២១) (ASEAN Regional Action Plan for Combating Marine Debris (2021))។