Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 31 មករា 2022

ផលិតភាព, ពិពិធកម្ម និងការវិនិយោគក្នុងស្រុក ជាកត្តាគន្លឹះសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា


ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២២ — សេដ្ឋកិច្ច​របស់​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណោម​សេដ្ឋកិច្ចតំបន់​អាស៊ីបូព៌ាដែលរងការខូចខាត​យ៉ាងដំណំ​ពីសំណាក់​ការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសនេះអា​ច​ស្តារសេដ្ឋកិច្ច​ឱ្យ​មានកំណើនទៀងទាត់ឡើង​វិញ​បានតាមរយៈការបង្កើន​ផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និង​ចាត់វិធានការ​នានាឈានទៅជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុកថែមទៀត។ ធនាគារពិភពលោក​និយាយដូច្នេះនៅ​ក្នុងជំនួយ​ស្មារតីមួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់​​កម្ពុជា។

កម្ពុជាធ្លាប់សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ជាមធ្យម​ ៧,៧ភាគរយ​ក្នុង​មួយឆ្នាំ ចាប់ពីឆ្នាំ​១៩៩៥​ ដល់​ឆ្នាំ២០១៩ ប៉ុន្តែ​អត្រា​នេះ​បានស្រុតចុះយ៉ាងគំហុក​អស់ចំនួន១០,១ភាគរយ ធ្វើ​ឱ្យ​ទំហំសេដ្ឋកិច្ច​រួមមាឌអស់​៣,១ភាគរយ​ក្នុង​ឆ្នាំ​២០២០ មុន​នឹង​រើបឡើងវិញ​សន្សឹមៗ​រហូតបានកំណើន​ ២,២ភាគរយ​ នាដំណាច់ឆ្នាំនោះ។ ជំងឺរាតត្បាតជាដើមចមធំធ្វើ​ឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែ​ការពឹងផ្អែក​ទៅលើផលិតផល, ទីផ្សារ និង​ធន​ធាន​ហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើ​ឱ្យ​កម្ពុជា​ខ្វះជំហររឹងមាំសម្រាប់​ទប់​ទល់​ទៅនឹងការអង្រួនដែលកើតមានចំពោះ​សេដ្ឋកិច្ច នេះបើយោង​តាមការលើកឡើងនៅក្នុង​របាយការណ៍ក្រោមចំណងជើងថា “ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រ​សម្រាប់​ធ្វើ​ពិពិធកម្ម​លើគំរូកំណើនសេដ្ឋកិច្ច​កម្ពុជា” (Resilient Development, a Strategy to Diversify Cambodia’s Growth Model)។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើន​ដោយចរីភាពវិញ​ ចាំបាច់​ត្រូវ​ការ​របៀបវារៈកែទម្រង់​ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោត​ការយកចិត្តទុកដាក់លើ​ការ​បង្កើនសមត្ថភាព​របស់ក្រុមហ៊ុន ពលករ និង​ក្រុមគ្រួសារនៅកម្ពុជា, ពង្រឹង​បទប្បញ្ញត្តិ​ដើម្បី​ឆ្លើយតបទៅនឹង​សកម្មភាពបំភ្លៃលើទីផ្សារ និងដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច, និង​ការវិនិយោគថែមទៀត​ទៅលើហេដ្ឋារចនាសម្ព័ន្ធ​ដែលទ្រទ្រង់ដល់កំណើន​ប្រកបដោយគុណភាព”។

លើកស្រី សាលីម ពោលបន្ថែមទៀតថា៖ “ចំណាត់ការគោលនយោបាយរយៈពេលខ្លី និង​មធ្យម​មួយចំនួន​អាច​មានប្រយោជន៍ដល់​យុទ្ធសាស្ត្រា​ស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យ​កម្ពុជា​អាចកសាងសេដ្ឋកិច្ច​បានមកវិញ​កាន់​តែរឹងមាំ​ថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។”

 

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរ,​ ស្បែកជើង, អង្ករ, ដំឡូងមី និង​ទេសចរណ៍ មានទំហំ​៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះ​មានទីផ្សារ​ធំ​តែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលស្រូបយក​៦៩ភាគរយនៃបរិមាណទំនិញនាំចេញ​ទាំងនោះ។ ​ផលិតភាពពលកម្មក៏នៅទាបដោយមកពីជំនាញនិងការបណ្តុះបណ្តាលនៅមានកម្រិតទាប ហើយ “កត្តា​ផលិតភាពសរុប” -- ដែលជារង្វាស់សម្រាប់កំណត់មើលថាតើ​ប្រទេសមួយ​ប្រើប្រាស់មាន​ប្រសិទ្ធផលកម្រិតណានូវពលកម្ម​និង​ដើមទុនរួមរបស់ខ្លួន​ -- ក៏នៅទាបដែរ។ លើសពីនេះទៀត  ​អត្រា​ប្រាក់​សន្សំក្នុងប្រទេសមានកម្រិត​ទាប គួបផ្សំនឹង​នឹងការវិនិយោគក្នុងស្រុកនៅមានកម្រិតទាបដែរ ធ្វើ​ឱ្យ​​កម្ពុជាត្រូវ​​ពឹងផ្អែកខ្លាំងទៅលើ​ធន​ធាន​ហិរញ្ញប្បទាននៅខាងក្រៅប្រទេស។

កម្ពុជា​មាន​ជម្រើសច្រើនសម្រាប់​ដោះស្រាយ​បញ្ហា​ខ្វះពិពិធកម្មក្នុង​សេដ្ឋកិច្ច និង សម្រាប់​កសាងឡើងវិញឱ្យ​កាន់តែ​ប្រសើរជាងមុន។ ការ​វិនិយោគទៅលើធនធានមនុស្ស,​ ការធ្វើ​ឱ្យ​ការ​​បែងចែកធនធានឱ្យ​កាន់​តែមានប្រសិទ្ធផល​តាមរយៈការ​កែលម្អសមត្ថភាពស្ថាប័នទីផ្សារ​, និង​ការ​បង្កើន​ការ​គ្រប់​គ្រង​ការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោម​ជម្រើស​ដែល​អាច​ជួយ​ជំរុញ​ផលិតភាពក្នុង​សេដ្ឋកិច្ច​។​ ការ​បង្កើន​ការ​រួមចំណែករបស់ខ្លួនទៅក្នុង​ខ្សែច្រវាក់​តម្លៃសាកល, ការ​បង្កើតតម្លៃបន្ថែម​ក្នុង​វិស័យ​កសិកម្ម, និង​ការ​ពង្រីកភាព​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យសេវាកម្ម ក៏​នឹង​អាច​ជួយ​ធ្វើ​ឱ្យ​ការ​នាំចេញ​កាន់តែមានភាពសម្បូវបែបផងដែរ។ ការវិនិយោគក្នុងស្រុក​នឹងទទួលបានប្រយោជន៍ថែមទៀត ពីការលើកកម្ពស់​ការសន្សំប្រាក់​ក្នុងស្រុក​ឱ្យមានកម្រិតកាន់តែខ្ពស់, ការលើកទឹកចិត្ត​ដល់​ការ​វិនិយោគបរទេសនៅតាមវិស័យមានផលិតភាពខ្លាំងជាងគេ និង​ការ​ពង្រីកលទ្ធភាពក្នុង​ការស្វែងរកបានហិរញ្ញវត្ថុសម្រាប់​យកមកធ្វើ​អាជីវកម្ម។


សេចក្តីប្រកាសព័ត៌មាន​លេខ 2022/057/EAP

ទំនាក់ទំនង

ភ្នំពេញ៖
លោក ប៊ូ សារឿន
(855 12) 414 088
sbou@worldbank.org
Api
Api