ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ — ការរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងបង្កការប៉ះទង្គិចយ៉ាងដំណំទៅលើក្បាលម៉ាស៊ីនសំខាន់ៗសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។ ដោយសារមូលហេតុនេះ នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយរហូតដល់រវាង -១ និង -២,៩ ភាគរយ តាមការឱ្យដឹងពីរបាយការណ៍ «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» (Cambodia in the Time of COVID-19) ដែលជារបាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយ សម្រាប់ប្រទេសកម្ពុជា។
នៅក្នុងស្ថានភាពនេះ ភាពក្រីក្រក្នុងឆ្នាំ២០២០ អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ដែលខ្ពស់ជាងកម្រិតនៅខ្សែបន្ទាត់គោល ឬនិយាយបានម៉្យាងទៀតថា កម្រិតនៅពេលដែលគ្មានជំងឺកូវីដ-១៩ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលពាក់ព័ន្ធជាមួយវិស័យសំខាន់ៗ — មាន វិស័យទេសចរណ៍, សំណង់, ពាណិជ្ជកម្ម, ឧស្សាហកម្មផលិត, និងឧស្សាហកម្មកាត់ដេរ — ប្រសិនបើពួកគេបាត់បង់ចំណូលអស់ ៥០ភាគរយ សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា។ ជាមួយគ្នានេះ ឱនភាពសារពើពន្ធនឹងមានកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក។
ការដួលរលំនៃកម្លាំងសំខាន់ៗសម្រាប់ជំរុញកំណើនបានប៉ះទង្គិចយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ ១,៧៦លាននាក់ ស្ថិតក្នុងហានិភ័យ។ របាយការណ៍នេះក៏បានព្រមានដែរថា ការហូរចូលនៃមូលធនមកពីក្រៅប្រទេសក៏កំពុងតែស្តួចស្តើងទៅៗដែរ ដែលតាមរយៈនេះវានឹងញ៉ាំងឱ្យតម្លៃនៃទីផ្សារអចលនទ្រព្យស្រុតចុះ ហើយទំនងជានឹងឈានទៅបញ្ចប់ការរីកលូតលាស់យ៉ាងរហ័សនៃវិស័យសំណង់ ទៀតផង។ កម្ចីមិនដំណើរការ(កម្ចីខូច)ត្រូវបានរំពឹងថានឹងអាចមានទំហំកាន់តែធំឡើង ក្នុងពេលដែលពុំទាន់មានការទូទាត់សងឥណទានបច្ចុប្បន្នដែលត្រូវបានធ្វើកន្លងមកចំពោះឱ្យវិស័យសំណង់, អចលនទ្រព្យ និងការលក់ទិញលំនៅឋានតាមរយៈការបង់រំលស់។
ជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩នេះ របាយការណ៍បានស្នើឡើងនូវអនុសាសន៍គោលនយោបាយមួយចំនួន សំដៅជួយជាបន្ទាន់ជំនួយសេដ្ឋកិច្ចនិងការពារសុខភាពសាធារណៈ ស្តារឡើងសេដ្ឋកិច្ចឲ្យងើបឡើងវិញក្នុងរយៈពេលខ្លី និងជួយពង្រឹងភាពធន់នៃផ្នែកម៉ាក្រូសារពើពន្ធ និងសង្គម នៅក្នុងរយៈពេលមធ្យម។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «វិបត្តិជាសកលដែលបង្កដោយការរាលដាលនៃជំងឺកូវីដ-១៩នេះ បានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងដំណំមកលើសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២០។» លោកស្រីមានប្រសាសន៍បន្ថែមទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តថានឹងជួយកម្ពុជាក្នុងការជួយដោះស្រាយឱ្យមានប្រសិទ្ធភាពជាមួយវិបត្តិកូវីដ-១៩នេះ និងក្នុងការពង្រឹងសេដ្ឋកិច្ចឱ្យឆាប់ងើបឡើងវិញ និងមានភាពធន់ នាពេលអនាគត។»
របាយការណ៍នេះរួមមានផ្នែកមួយដែរដែលផ្តោតពិសេសទៅលើសារៈសំខាន់របស់គុណភាពអប់រំ ក្នុងមុខងារគន្លឹះមួយសម្រាប់ការអភិវឌ្ឍមនុស្ស និងសម្រាប់ធ្វើឱ្យមានកំណើនប្រកបដោយចីរភាពនៅកម្ពុជា។ ជារួម ថវិកាចំណាយទៅលើវិស័យអប់រំបានកើនសឹងតែជិតបីដងទៅហើយ គឹមានចំនួន ៨៤៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ប្រៀបទៅនឹង ៣៤៣លានដុល្លារក្នុងឆ្នាំ២០១៤ ដោយក្នុងនោះមួយចំណែកក្រាស់ក្រែលត្រូវបានចាយទៅលើការដំឡើងបៀវត្សរ៍របស់គ្រូបង្រៀន។ យ៉ាងណាក៏ដោយ ការបង្កើនគុណភាពអប់រំនៅក្នុងប្រព័ន្ធសាលារដ្ឋនៅតែបន្តជាបញ្ហាប្រឈមធំនៅឡើយ។
ផ្នែកដែលផ្តោតពិសេសនៅក្នុងរបាយការណ៍នេះ បានធ្វើការពិនិត្យទៅលើគំរូពីរនៃសាលារៀន — គឺ សាលារៀនជំនាន់ថ្មី (New Generation School) និង សាលារៀនដែលមានការគ្រប់គ្រងនៅកម្រិតសាលា (School Based Management) — ដោយសារសាលាគំរូទាំងពីរនេះបានបង្ហាញលទ្ធផលគួរឱ្យទុកចិត្ត នៅក្នុងគុណភាពនៃការអប់រំ។ នៅក្នុងសាលាគំរូទាំងពីរនេះ កត្តាធំៗនៅក្នុងចំណោមកត្តាសំខាន់ៗដែលរួមចំណែកនាំឱ្យការសិក្សាររៀនសូត្ររបស់សិស្សទទួលបានលទ្ធផលល្អប្រសើរនោះ គឺការផ្តល់ឱ្យសាលាទាំងនេះមានស្វ័យភាពក្នុងកម្រិតមួយសម្រាប់គ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន អមដោយគណនេយ្យភាពខ្ពស់ជាងមុន, ការប្រើប្រាស់វិធីគ្រប់គ្រងផ្អែកលើស្នាដៃការងារ, និងការសង្កត់ធ្ងន់ទៅលើគុណភាពរបស់គ្រូបង្រៀន។
ផ្នែកដែលផ្តោតពិសេសនៅក្នុងរបាយការណ៍នេះ ក៏បានរំលេចឡើងផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន ដើម្បីឈានទៅកែលម្អគុណភាពនៃការអប់រំនៅកម្ពុជា ដូចជាការពង្រឹងគណនេយ្យភាពនៅតាមសាលារដ្ឋ, ការភ្ជាប់លក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍និងការដំឡើងមុខតំណែងទៅនឹងការសម្រេចបានស្នាដៃការងារ, និងការធ្វើវិសិដ្ឋកម្មលើសមត្ថភាពនិងគុណភាពរបស់គ្រូបង្រៀន។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មានបច្ចុប្បន្នភាពក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។