Skip to Main Navigation
publication 29 ឧសភា 2020

កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩


កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩

សារគន្លឹះសំខាន់ៗ៖

  • វិបត្តិសេដ្ឋកិច្ចនិងរោគរាតត្បាតទូទាំងសកលលោកដោយសារមកពីជំងឺ​កូវីដ-១៩ បាន​បង្ក​ការ​គំរាមកំហែង​ខ្លាំងមែនទែនមកលើការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន​ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ នៃប្រវត្តិសាស្ត្រ​របស់ខ្លួន។ ​
  • វិស័យបីដែលរងការប៉ះទង្គិចខ្លាំងជាងគេ — គឺវិស័យទេសចរណ៍, ឧស្សាហកម្មផលិតសម្រាប់នាំចេញ, និងវិស័យ​សំណង់ — មានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និង​ផ្តល់ការងារ​មាន​កម្រៃចំនួន​ ៣៩,៤ភាគរយ នៃការងារសរុប នៅក្នុងឆ្នាំ២០១៩។
  • ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាទំនងជា​នឹង​ថមថយកំណើនខ្លាំងមែនទែនដែលមិនធ្លាប់មានតាំងពីឆ្នាំ​១៩៩៤មក ដោយវានឹងថមថយខ្លាំងធ្លាក់រហូតដល់កម្រិតរវាង -១ភាគរយ ក្នុងសេណារីយោគោល និង -២,៩ ភាគរយ ក្នុងសេណារីយោដែលទាបបំផុត។ ភាពក្រីក្រ​អាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ពិសេស​ក្នុងចំណោមក្រុម​គ្រួសារ​ដែលប្រឡូកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការទិញលក់ដុំនិងរាយ, វិស័យកាត់ដេរ, ផ្នែកសំណង់, ពាណិជ្ជកម្ម, ឬ ក្នុងឧស្សាហកម្មផលិត ក្នុងករណីបើពួកគាត់បាត់បង់ចំណូលអស់ ៥០ភាគរយ ក្នុងរយៈពេលប្រាំមួយខែជាប់គ្នា។    
  • ជាមួយគ្នានេះ ឱនភាពសារពើពន្ធ​នឹងឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងកំឡុងពេល ២២ឆ្នាំ កន្លងមក ហើយបំណុលសាធារណៈត្រូវ​បាន​រំពឹងទុកថា​នឹងកើនដល់ ៣៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផសស) រហូតដល់ឆ្នាំ២០២២។
  • អាជ្ញាធររបស់រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលរបស់ជំងឺ និង​ផ្តល់​ជំនួយហិរញ្ញវត្ថុដល់​ក្រុមគ្រួសារ, កម្មករ, និង​សហគ្រាសដែលរងការប៉ះទង្កិចពីវិបត្តិនេះ។
  • ដើម្បីជួយសម្រួលឱ្យសេដ្ឋកិច្ចអាចងើបមានភាពស្វាហាប់ឡើងវិញ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តធានា​ឱ្យ​មានស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុ ហើយ​បង្កើនល្បឿនការកែទម្រង់ពាណិជ្ជកម្ម​​និង​ការ​វិនិយោគ ព្រមទាំងជំរុញ​ឱ្យកាន់តែលឿនទៅមុខនូវការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍ។ 

ពហុសារព័ត៌មាន

Image
click
វីដេអូ