Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 30 មីនា 2020

តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក៖ ប្រទេសទាំងអស់ ត្រូវនាំគ្នាចាត់វិធានការពេលនេះ ដើម្បីបន្ធូរផលប៉ះទង្គិចរបស់កូវីឌ-១៩ទៅលើសេដ្ឋកិច្ច

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — វីរុស​ដែលបានធ្វើឱ្យ​បណ្តាញផ្គត់ផ្គង់នៅប្រទេសចិនត្រូវ​អាក់​ខាន​ បាន​បង្កផលប៉ះទង្គិចទូទាំងសាកលលោកហើយនាពេលនេះ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅ​ក្នុង​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកដែល​កំពុងប្រឹងងើបឡើងពីភាពតានតឹងពាណិជ្ជកម្ម និង​ប្រឹងពុះពារជាមួយ​ការ​រាលដាល​របស់​វីរូស​កូវីឌ-១៩ ពេលនេះ​ប្រឈមជាមួយស្ថានភាពមួយទៀត គឺលទ្ធភាពដែលវិបត្តិហិរញ្ញវត្ថុនិង​ដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចទូទាំងសាកលលោក។

មកទល់ពេលនេះ ការ​ប្រកាន់​យក​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ​និង​បទប្បញ្ញត្តិហិរញ្ញវត្ថុបែបមធ្យ័ត បាន​ជួយ​ប្រទេស​ភាគច្រើនក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ឱ្យមាន​សមត្ថភាពគ្រប់គ្រាន់ក្នុងការលៃលកជាមួយ​ស្ថានភាព​រំជើប​រំជួល​ធម្មតា។ តែបច្ចុប្បន្ននេះ យើង​កំពុង​តែ​ប្រឈមមុខទៅនឹងស្ថានភាពអធម្មតាមួយ ដែលព្រឹត្តិការណ៍ច្រើនគួបគ្នា​និង​ប្រទាក់​ក្រឡា​គ្នា​បង្ក​ភាព​រង្គោះរង្គាយដល់​សេដ្ឋកិច្ច​ពិភពលោក។ ប្រទេសទាំងអស់លើសាកលលោកទំនងជាមិន​អាចគេចផុតពីរង​ការ​លំបាកធំដុំផ្នែកសេដ្ឋកិច្ចឡើយ។ ដូច្នេះ ប្រទេសទាំងអស់​ត្រូវ​តែនាំគ្នា​ចាត់វិធានការពេលនេះ -- រួម​ទាំង​ធ្វើការវិនិយោគជា​បន្ទាន់​ទៅ​លើ​សមត្ថភាព​នៃសេវាសុខាភិបាល និង​វិធានការ​ថិវកា​តាមគោលដៅអាទិភាពផង -- ដើម្បីបន្ធូរបានខ្លះ​នូវ​ផលប៉ះទង្គិច​ភ្លាម​ៗទៅលើ​សេដ្ឋកិច្ច។ ធនាគារពិភពលោក បាន​ផ្តល់​អនុសាសន៍ដូច្នេះ​ នៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក​ ខែមេសា ឆ្នាំ​២០២០ ដែល​មានចំណងជើងថា «តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ក្នុងសម័យកាលកូវីឌ-១៩»

ស្ថិតនៅក្នុងបរិយាកាសមួយដែលមានការប្រែប្រួល​យ៉ាងរហ័សបែបនេះ គេពិបាក​នឹងធ្វើការព្យាករ​កំណើនសេដ្ឋកិច្ច​ឱ្យ​បានជាក់​លាក់​ណាស់។ អាស្រ័យហេតុនេះ របាយការណ៍សូមបង្ហាញជូនតែ​បន្ទាត់គោល និង​សេណារីយោករណី​ទាបៗតែប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចក្នុង​តំបន់នេះ​ត្រូវ​បាន​ប៉ាន់ទុកជាមុនថា​នឹង​បន្ថយល្បឿនមកនៅត្រឹម​ ២,១ភាគរយ នៅក្នុង​បន្ទាត់គោល ហើយ​នៅ​ក្នុង​សេណារីយោទាប​វាអាចធ្លាក់អវិជ្ជមានមកនៅត្រឹម ០,៥ភាគរយ ក្នុង​ឆ្នាំ​២០២០ ប្រៀបធៀបទៅនឹង​ ៥,៨ភាគរយ ដែល​បាន​ស្មានទុក​ក្នុង​ឆ្នាំ​២០១៩។ កំណើនសេដ្ឋកិច្ចនៅប្រទេសចិន ត្រូវ​បាន​ប៉ាន់ទុកថា​នឹងស្រុតចុះ​មក​នៅ​ ២,៣ភាគរយ នៅ​ក្នុង​បន្ទាត់គោល និង​មក​នៅ​ត្រឹម​ ០,១ភាគរយ​ក្នុង​សេណារីយោទាប ក្នុង​ឆ្នាំ​២០២០នេះ ប្រៀបធៀបទៅនឹង​កំណើន ៦,១ភាគរយ​ដែល​មាននៅក្នុង​ឆ្នាំ​២០១៩។ ការរាំងខ្ទប់​កុំឱ្យវីរុសនេះ​រាតត្បាតតទៅទៀតបាន អាច​នឹង​ជួយឱ្យសេដ្ឋកិច្ចក្នុង​តំបន់ងើបឡើងវិញបន្តិចម្តងបាន ទោះបីជាទៅមុខទៀត ភាពតានតឹងនៃផ្សារហិរញ្ញវត្ថុនៅមានហានិភ័យខ្ពស់​ ក៏ដោយ។

កម្លាំងអង្រួន​របស់វីរុសកូវីឌ-១៩ នឹង​បង្កផលប៉ះទង្គិចធ្ងន់ធ្ងរទៅលើភាពក្រីក្រផងដែរ។ របាយការណ៍នេះ​បាន​ប៉ាន់ប្រមាណថា នៅក្រោមសេណារីយោបន្ទាត់គោលនៃកំណើន មានមនុស្ស​មិន​ដល់​ ២៤​លាន​នាក់​ ទេ​ដែល​នឹង​អាច​ឆ្លងផុតភាពក្រីក្រនៅ​ទូទាំងតំបន់​ក្នុង​ឆ្នាំ​២០២០ (ដោយប្រើបន្ទាត់ភាពក្រីក្រគិតតម្លៃទឹកប្រាក់ ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ) ហើយចំនួននេះនឹងមានច្រើនទៅវិញប្រសិនបើគ្មានការរាតត្បាតមេរោគកូវីឌ-១៩។ ប្រសិនបើស្ថានភាពសេដ្ឋកិច្ច​បន្តចុះដុនដាបឈានចូលដល់​​សេណារីយោ​ទាប ពេលនោះ​ភាពក្រីក្រ​នឹង​កើនឡើង ដោយមានមនុស្ស​ប្រហែល១១លាននាក់នឹងធ្លាក់ចូល​ក្នុងភាពក្រីក្រវិញ។ មុននេះ ការព្យាករបាន​ប្រមើលឃើញថា នឹង​មានមនុស្សជិត ៣៥​លាននាក់ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក អាច​ឆ្លងផុតភាពក្រីក្រ​ នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានជាង ២៥លាននាក់ នៅ​ក្នុង​ប្រទេសចិន។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «មុននេះបន្តិច ប្រទេសនានានៅក្នុងតំបន់អាស៊ីបូព៌ានិង​ប៉ាស៊ីហ្វ៊ិក កំពុងតែប្រឹងប្រែងរកវិធីសម្រាប់លៃលក​ជាមួយ​ភាពតានតឹងផ្នែកពាណិជ្ជកម្ម​អន្តរជាតិ និង​ផលវិបាកពីការសាយភាយវីរុសកូវីឌ-១៩នៅក្នុងប្រទេសចិន រួចទៅហើយ តែឥឡូវប្រទេសទាំងអស់នេះ​ត្រូវ​ប្រឈម​នឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចទូទាំងសាកលលោកទៀត។ ដំណឹងល្អគឺនៅត្រង់ថា តំបន់នេះនៅមានចំណុចខ្លាំងច្រើនដែលខ្លួនអាចទាញយកមកប្រើបាន ប៉ុន្តែប្រទេសទាំងអស់ត្រូវ​តែចាត់វិធានការឱ្យបានរហ័សរហួន និង​ក្នុង​ទ្រង់ទ្រាយមួយធំធេងដែល​មិន​ធ្លាប់​មាន​ពីមុនមក។»

របាយការណ៍បានលើកអនុសាសន៍វិធានការមួយចំនួន ​មាន​ដូចជា ការ​វិនិយោគជា​បន្ទាន់ទៅលើ​សមត្ថភាព​របស់​ប្រព័ន្ធ​សុ​ខាភិបាល និង​ទៅលើ​ការ​ត្រៀមលក្ខណៈយូរអង្វែង។ របាយការណ៍​ក៏ស្នើផងដែរឱ្យ​ប្រទេសទាំងអស់ប្រកាន់យកទស្សនៈចម្រុះគ្រប់ជ្រុងជ្រោយ​ចំពោះវិធានការរាំងខ្ទប់វីរុស​ និង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច។ វិធានការថវិកា​គោលដៅអាទិភាព - មានដូចជាប្រាក់ឧបត្ថម្ភសម្រាប់ពេលមានជំងឺ​ និង​សម្រាប់​ថែទាំងសុខភាព - អាចជួយដល់​ការរាំងខ្ទប់​ការ​រាល​ដាល​វីរុស និង​ជួយ​ធានា​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ស្ថានភាពខ្វះខាតបណ្តោះអាសន្ននេះក្លាយទៅជា​ការ​បាត់​បង់​មូលធនមនុស្ស​យូរអង្វែងឡើយ។

លោក អាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់​របស់ធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍ថា៖ «បន្ថែមលើវិធានការអង់អាចនានា ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​កាន់តែជ្រាលជ្រៅថែមទៀត គឺ​ជា​ថ្នាំវ៉ាក់សាំងដ៏​មាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំងទៅនឹង​ការ​គំរាម​កំហែង​របស់​វីរុសនេះ។ បណ្តា​ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក និង​នៅ​តាម​តំបន់​ផ្សេង​ទៀត ត្រូវ​តែ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺនេះ, រក្សា​ពាណិជ្ជកម្មឱ្យនៅដំណើរការដដែល និងចេះ​សម្រប​សម្រួល​គ្នា​ផ្នែកគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច។»

របាយការណ៍នេះអំពាវនាវ​ឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និង​ភាពជាដៃគូឆ្លងដែនរវាងផ្នែកសាធារណៈនិងឯកជន ដើម្បី​បង្កើនសម្ទុះផលិតកម្ម និង​ការផ្គត់ផ្គង់​សម្ភារៈបរិក្ខារពេទ្យ​និង​សេវា​សំខាន់ៗ​ នៅ​ក្នុង​សភាពដែល​មាន​ការ​រាតត្បាតមេរោគនេះ និង​ដើម្បីធានា​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅពេលក្រោយមកទៀត។ អ្វីដែលសំខាន់នោះគឺ គោលនយោបាយពាណិជ្ជកម្ម​គួរតែនៅបើកចំហ ដើម្បី​បង្កលទ្ធភាពឱ្យមានរំហូរចេញចូលរបស់​ការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ​និង​ការ​ផ្គត់ផ្គង់ទំនិញដទៃទៀត​ ​រវាង​ប្រទេស​ផង​គ្នា ក៏ដូចជាជួយសម្រួល​ឱ្យ​សេដ្ឋកិច្ចក្នុង​តំបន់​​ឆាប់ងើបឡើងបាន​ផង។

អនុសាសន៍គោលនយោបាយមួយទៀតដែលរបាយការណ៍​បាន​ស្នើឡើង គឺស្នើឱ្យមានការបន្ធូរបន្ថយផ្នែកខ្ចីបុល ដើម្បីជួយ​ក្រុមគ្រួសារ​ក្នុង​ការ​កែសម្រួល​ទម្លាប់ទទួលទានប្រើប្រាស់របស់គេ និង​ជួយ​ក្រុមហ៊ុន​ឱ្យ​នៅរស់រានឆ្លងកាត់​វិបត្តិនេះ​បាន​ផង​ដែរ។ យ៉ាងណាក្តី ដោយសារតែវិបត្តិនេះ​មាន​សក្តានុពល​អូសបន្លាយយូរ របាយការណ៍នេះ​បាន​ធ្វើ​ការ​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ត្រូវ​មាន​ឱ្យ​រឹត​បន្តឹង​វិធានការនានារួមគ្នាជាមួយ​នឹង​ការ​តាមដានមើលពីលើ​ការអនុវត្ត​បទប្បញ្ញត្តិ ពិសេស​ដោយសារ​ប្រទេសជាច្រើនក្នុងតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកនេះ កំពុងមានបន្ទុកបំណុលរបស់ក្រុមហ៊ុន​និងតាមគ្រួសារ ក្នុងកម្រិតខ្ពស់ស្រាប់។ សម្រាប់ប្រទេសដែលនៅក្រជាងគេ វិធានការសម្រាលបំណុលគឺសំខាន់ណាស់ ដើម្បីអាច​​បង្វែរធនធាន​ចាំបាច់​ទៅ​ផ្តោតលើ​ការ​គ្រប់​គ្រង​ផលប៉ះទង្គិច​របស់​ការរាតត្បាតនៃវីរុស​នេះទៅលើផ្នែក​សេដ្ឋកិច្ច​ និង​សុខាភិបាល។  

របាយការណ៍នេះក៏រំលេចឱ្យឃើញផងដែរនូវ​ហានិភ័យ​កាន់​តែខ្ពស់ថែម​ទៀត ​ជុំវិញលទ្ធភាពនៃការធ្លាក់ចុះទៅក្នុងភាពក្រីក្រ​របស់​បណ្តា​គ្រួសារ ដែល​ធ្លាប់​តែពឹងអាស្រ័យមុខរបរទៅលើវិស័យទាំងឡាយដែលងាយ​រងគ្រោះពីផលប៉ះទង្គិច​របស់​កូវីឌ-១៩ ដូចជា​វិស័យទេសចរណ៍​នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​តាម​កោះប៉ាស៊ីហ្វ៊ិក, វិស័យកម្មន្តសាលនៅ​ប្រទេសកម្ពុជា ​និង​វៀតណាម, និង​ក្នុងចំណោម​គ្រួសារដែល​ធ្លាប់​តែ​ពឹងអាស្រ័យលើកម្លាំងពលកម្ម​ក្រៅប្រព័ន្ធផ្លូវការនៅតាមប្រទេសទាំងអស់។ នៅប្រទេសមួយចំនួន ផលប៉ះទង្គិច​របស់​កូវីឌ-១៩ នេះ បាន​បន្ថែម​បញ្ហា​ពីលើកត្តាជាក់លាក់ដែល​កើត​មាន​តាម​ប្រទេស​ស្រាប់ មាន​ដូចជា បញ្ហាភាពរាំងស្ងួត(នៅប្រទេសថៃ) ឬ​ បញ្ហា​វិបត្តិខ្វះទំនិញកសិផល (ប្រទេសម៉ុងហ្គោលី) ជា​ដើម។ នៅ​បណ្តាប្រទេសកោះប៉ា​ស៊ី​ហ្វ៊ិក​ខ្លះ ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២០២០ ស្ថិតនៅក្រោមហានិភ័យខ្លាំង ដោយសារ​តែ​សេដ្ឋកិច្ចនៃប្រទេសទាំងនោះពឹងផ្អែកខ្លាំង​លើ​ជំនួយឥតសំណង, វិស័យទេសចរណ៍ និង​ការនាំចូល។     

ដោយសារតែការរាតត្បាតរបស់វីរុស​កូវីឌ-១៩ ស្ថានភាពសេដ្ឋកិច្ច​រវាងប្រទេសនានាមានសភាពមិនប្រាកដប្រជាទេ ហើយ​វា​ប្រែប្រួល​រហូតពីមួយថ្ងៃទៅមួយថ្ងៃ។ ការវិភាគនៅក្នុងរបាយការណ៍នេះ​គឺឈរលើមូលដ្ឋានទិន្នន័យ​ដែល​មាននៅតាម​ប្រទេស​ គិត​ត្រឹម​ថ្ងៃទី​២៧ ខែមីនា។

ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ធនាគារពិភពលោក​កំពុង​តែអនុវត្ត​កម្មវិធីកញ្ចប់​ហិរញ្ញវត្ថុចំនួន ១៤ប៊ីលានដុល្លារអាមេរិក ដោយ​បញ្ចេញ​វា​ឱ្យ​បាន​ឆាប់​រហ័សសម្រាប់​ពង្រឹងការ​ឆ្លើយតប​ទៅនឹង​ការ​រាត​ត្បាត​របស់​កូវីឌ-១៩​ នៅ​តាម​ប្រទេសនានា និងជួយធ្វើយ៉ាងណា​ឱ្យសេដ្ឋកិច្ចឆាប់ងើបឡើងវិញ។ វិធានការឆ្លើយតបភ្លាមៗរួមមាន ជំនួយហិរញ្ញវត្ថុ, ការ​ផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយបច្ចេកទេស ដល់​បណ្តា​ប្រទេស​ឱ្យ​មាន​លទ្ធភាពលៃលក​ជាមួយ​ផលប៉ះទង្គិច​របស់​ការ​រាត្បាតនេះ ទៅលើ​សេដ្ឋកិច្ច និង​សុខាភិបាល។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងផ្តល់ហិរញ្ញប្បទានចំនួន ៨ប៊ីលានដុល្លារអាមេរិក សម្រាប់​ជួយដល់​បណ្តាក្រុមហ៊ុនដែល​រងការប៉ះទង្គិចពីវីរុសនេះ និង​ដើម្បី​ឱ្យគេអាចរក្សា​ការ​ងារ​បាន​ផង។ ធនាគារអន្តរជាតិសម្រាប់​ការ​កសាងឡើងវិញ​និង​ការ​អភិវឌ្ឍ (IBRD) និង សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) កំពុងតែដាក់ចេញកញ្ចប់​ថវិកា ៦ប៊ីលានដុល្លារអាមេរិកសម្រាប់​វិធានការឆ្លើយតបផ្នែកសុខាភិបាល។ ដោយសារតម្រូវការជំនួយនៅ​តាមប្រទេស​មានវិសាលភាពទូលំទូលាយ ក្រុមធនាគារពិភពលោក​ត្រៀមខ្លួននឹងដាក់ចេញកញ្ចប់ហិរញ្ញវត្ថុ​រហូតដល់ទៅ ១៦០ប៊ីលានដុល្លារ សម្រាប់​រយៈពេល ១៥ខែ ដើម្បីការពារ​ជនក្រីក្រ និង​ជន​ងាយរងគ្រោះ, ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឱ្យងើបមុខឡើងវិញ នាពេលខាងមុខ។


សេចក្តីប្រកាសព័ត៌មាន​លេខ 2020/154/EAP

ទំនាក់ទំនង

Nick Keyes
ក្រុងវ៉ាស៊ីនតោន
+1 (202) 473-9135
nkeyes@worldbank.org
Marcela Sanchez-Bender
+1 (202) 473-5863
msanchezbender@worldbankgroup.org
នៅភ្នំពេញ
លោក ប៊ូ សារឿន
sbou@worldbank.org
Api
Api