ក្រុងវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — វីរុសដែលបានធ្វើឱ្យបណ្តាញផ្គត់ផ្គង់នៅប្រទេសចិនត្រូវអាក់ខាន បានបង្កផលប៉ះទង្គិចទូទាំងសាកលលោកហើយនាពេលនេះ។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកដែលកំពុងប្រឹងងើបឡើងពីភាពតានតឹងពាណិជ្ជកម្ម និងប្រឹងពុះពារជាមួយការរាលដាលរបស់វីរូសកូវីឌ-១៩ ពេលនេះប្រឈមជាមួយស្ថានភាពមួយទៀត គឺលទ្ធភាពដែលវិបត្តិហិរញ្ញវត្ថុនិងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចទូទាំងសាកលលោក។
មកទល់ពេលនេះ ការប្រកាន់យកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរឹងមាំនិងបទប្បញ្ញត្តិហិរញ្ញវត្ថុបែបមធ្យ័ត បានជួយប្រទេសភាគច្រើនក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការលៃលកជាមួយស្ថានភាពរំជើបរំជួលធម្មតា។ តែបច្ចុប្បន្ននេះ យើងកំពុងតែប្រឈមមុខទៅនឹងស្ថានភាពអធម្មតាមួយ ដែលព្រឹត្តិការណ៍ច្រើនគួបគ្នានិងប្រទាក់ក្រឡាគ្នាបង្កភាពរង្គោះរង្គាយដល់សេដ្ឋកិច្ចពិភពលោក។ ប្រទេសទាំងអស់លើសាកលលោកទំនងជាមិនអាចគេចផុតពីរងការលំបាកធំដុំផ្នែកសេដ្ឋកិច្ចឡើយ។ ដូច្នេះ ប្រទេសទាំងអស់ត្រូវតែនាំគ្នាចាត់វិធានការពេលនេះ -- រួមទាំងធ្វើការវិនិយោគជាបន្ទាន់ទៅលើសមត្ថភាពនៃសេវាសុខាភិបាល និងវិធានការថិវកាតាមគោលដៅអាទិភាពផង -- ដើម្បីបន្ធូរបានខ្លះនូវផលប៉ះទង្គិចភ្លាមៗទៅលើសេដ្ឋកិច្ច។ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ខែមេសា ឆ្នាំ២០២០ ដែលមានចំណងជើងថា «តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ក្នុងសម័យកាលកូវីឌ-១៩»។
ស្ថិតនៅក្នុងបរិយាកាសមួយដែលមានការប្រែប្រួលយ៉ាងរហ័សបែបនេះ គេពិបាកនឹងធ្វើការព្យាករកំណើនសេដ្ឋកិច្ចឱ្យបានជាក់លាក់ណាស់។ អាស្រ័យហេតុនេះ របាយការណ៍សូមបង្ហាញជូនតែបន្ទាត់គោល និងសេណារីយោករណីទាបៗតែប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចក្នុងតំបន់នេះត្រូវបានប៉ាន់ទុកជាមុនថានឹងបន្ថយល្បឿនមកនៅត្រឹម ២,១ភាគរយ នៅក្នុងបន្ទាត់គោល ហើយនៅក្នុងសេណារីយោទាបវាអាចធ្លាក់អវិជ្ជមានមកនៅត្រឹម ០,៥ភាគរយ ក្នុងឆ្នាំ២០២០ ប្រៀបធៀបទៅនឹង ៥,៨ភាគរយ ដែលបានស្មានទុកក្នុងឆ្នាំ២០១៩។ កំណើនសេដ្ឋកិច្ចនៅប្រទេសចិន ត្រូវបានប៉ាន់ទុកថានឹងស្រុតចុះមកនៅ ២,៣ភាគរយ នៅក្នុងបន្ទាត់គោល និងមកនៅត្រឹម ០,១ភាគរយក្នុងសេណារីយោទាប ក្នុងឆ្នាំ២០២០នេះ ប្រៀបធៀបទៅនឹងកំណើន ៦,១ភាគរយដែលមាននៅក្នុងឆ្នាំ២០១៩។ ការរាំងខ្ទប់កុំឱ្យវីរុសនេះរាតត្បាតតទៅទៀតបាន អាចនឹងជួយឱ្យសេដ្ឋកិច្ចក្នុងតំបន់ងើបឡើងវិញបន្តិចម្តងបាន ទោះបីជាទៅមុខទៀត ភាពតានតឹងនៃផ្សារហិរញ្ញវត្ថុនៅមានហានិភ័យខ្ពស់ ក៏ដោយ។
កម្លាំងអង្រួនរបស់វីរុសកូវីឌ-១៩ នឹងបង្កផលប៉ះទង្គិចធ្ងន់ធ្ងរទៅលើភាពក្រីក្រផងដែរ។ របាយការណ៍នេះបានប៉ាន់ប្រមាណថា នៅក្រោមសេណារីយោបន្ទាត់គោលនៃកំណើន មានមនុស្សមិនដល់ ២៤លាននាក់ ទេដែលនឹងអាចឆ្លងផុតភាពក្រីក្រនៅទូទាំងតំបន់ក្នុងឆ្នាំ២០២០ (ដោយប្រើបន្ទាត់ភាពក្រីក្រគិតតម្លៃទឹកប្រាក់ ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ) ហើយចំនួននេះនឹងមានច្រើនទៅវិញប្រសិនបើគ្មានការរាតត្បាតមេរោគកូវីឌ-១៩។ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចបន្តចុះដុនដាបឈានចូលដល់សេណារីយោទាប ពេលនោះភាពក្រីក្រនឹងកើនឡើង ដោយមានមនុស្សប្រហែល១១លាននាក់នឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ។ មុននេះ ការព្យាករបានប្រមើលឃើញថា នឹងមានមនុស្សជិត ៣៥លាននាក់ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក អាចឆ្លងផុតភាពក្រីក្រ នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានជាង ២៥លាននាក់ នៅក្នុងប្រទេសចិន។
លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «មុននេះបន្តិច ប្រទេសនានានៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក កំពុងតែប្រឹងប្រែងរកវិធីសម្រាប់លៃលកជាមួយភាពតានតឹងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងផលវិបាកពីការសាយភាយវីរុសកូវីឌ-១៩នៅក្នុងប្រទេសចិន រួចទៅហើយ តែឥឡូវប្រទេសទាំងអស់នេះត្រូវប្រឈមនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចទូទាំងសាកលលោកទៀត។ ដំណឹងល្អគឺនៅត្រង់ថា តំបន់នេះនៅមានចំណុចខ្លាំងច្រើនដែលខ្លួនអាចទាញយកមកប្រើបាន ប៉ុន្តែប្រទេសទាំងអស់ត្រូវតែចាត់វិធានការឱ្យបានរហ័សរហួន និងក្នុងទ្រង់ទ្រាយមួយធំធេងដែលមិនធ្លាប់មានពីមុនមក។»
របាយការណ៍បានលើកអនុសាសន៍វិធានការមួយចំនួន មានដូចជា ការវិនិយោគជាបន្ទាន់ទៅលើសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាល និងទៅលើការត្រៀមលក្ខណៈយូរអង្វែង។ របាយការណ៍ក៏ស្នើផងដែរឱ្យប្រទេសទាំងអស់ប្រកាន់យកទស្សនៈចម្រុះគ្រប់ជ្រុងជ្រោយចំពោះវិធានការរាំងខ្ទប់វីរុស និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។ វិធានការថវិកាគោលដៅអាទិភាព - មានដូចជាប្រាក់ឧបត្ថម្ភសម្រាប់ពេលមានជំងឺ និងសម្រាប់ថែទាំងសុខភាព - អាចជួយដល់ការរាំងខ្ទប់ការរាលដាលវីរុស និងជួយធានាធ្វើយ៉ាងណាមិនឱ្យស្ថានភាពខ្វះខាតបណ្តោះអាសន្ននេះក្លាយទៅជាការបាត់បង់មូលធនមនុស្សយូរអង្វែងឡើយ។
លោក អាឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ «បន្ថែមលើវិធានការអង់អាចនានា កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជ្រាលជ្រៅថែមទៀត គឺជាថ្នាំវ៉ាក់សាំងដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងទៅនឹងការគំរាមកំហែងរបស់វីរុសនេះ។ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក និងនៅតាមតំបន់ផ្សេងទៀត ត្រូវតែរួមគ្នាប្រយុទ្ធនឹងជំងឺនេះ, រក្សាពាណិជ្ជកម្មឱ្យនៅដំណើរការដដែល និងចេះសម្របសម្រួលគ្នាផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច។»
របាយការណ៍នេះអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូឆ្លងដែនរវាងផ្នែកសាធារណៈនិងឯកជន ដើម្បីបង្កើនសម្ទុះផលិតកម្ម និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យនិងសេវាសំខាន់ៗ នៅក្នុងសភាពដែលមានការរាតត្បាតមេរោគនេះ និងដើម្បីធានាឱ្យមានស្ថិរភាពហិរញ្ញវត្ថុនៅពេលក្រោយមកទៀត។ អ្វីដែលសំខាន់នោះគឺ គោលនយោបាយពាណិជ្ជកម្មគួរតែនៅបើកចំហ ដើម្បីបង្កលទ្ធភាពឱ្យមានរំហូរចេញចូលរបស់ការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យនិងការផ្គត់ផ្គង់ទំនិញដទៃទៀត រវាងប្រទេសផងគ្នា ក៏ដូចជាជួយសម្រួលឱ្យសេដ្ឋកិច្ចក្នុងតំបន់ឆាប់ងើបឡើងបានផង។
អនុសាសន៍គោលនយោបាយមួយទៀតដែលរបាយការណ៍បានស្នើឡើង គឺស្នើឱ្យមានការបន្ធូរបន្ថយផ្នែកខ្ចីបុល ដើម្បីជួយក្រុមគ្រួសារក្នុងការកែសម្រួលទម្លាប់ទទួលទានប្រើប្រាស់របស់គេ និងជួយក្រុមហ៊ុនឱ្យនៅរស់រានឆ្លងកាត់វិបត្តិនេះបានផងដែរ។ យ៉ាងណាក្តី ដោយសារតែវិបត្តិនេះមានសក្តានុពលអូសបន្លាយយូរ របាយការណ៍នេះបានធ្វើការសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវមានឱ្យរឹតបន្តឹងវិធានការនានារួមគ្នាជាមួយនឹងការតាមដានមើលពីលើការអនុវត្តបទប្បញ្ញត្តិ ពិសេសដោយសារប្រទេសជាច្រើនក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកនេះ កំពុងមានបន្ទុកបំណុលរបស់ក្រុមហ៊ុននិងតាមគ្រួសារ ក្នុងកម្រិតខ្ពស់ស្រាប់។ សម្រាប់ប្រទេសដែលនៅក្រជាងគេ វិធានការសម្រាលបំណុលគឺសំខាន់ណាស់ ដើម្បីអាចបង្វែរធនធានចាំបាច់ទៅផ្តោតលើការគ្រប់គ្រងផលប៉ះទង្គិចរបស់ការរាតត្បាតនៃវីរុសនេះទៅលើផ្នែកសេដ្ឋកិច្ច និងសុខាភិបាល។
របាយការណ៍នេះក៏រំលេចឱ្យឃើញផងដែរនូវហានិភ័យកាន់តែខ្ពស់ថែមទៀត ជុំវិញលទ្ធភាពនៃការធ្លាក់ចុះទៅក្នុងភាពក្រីក្ររបស់បណ្តាគ្រួសារ ដែលធ្លាប់តែពឹងអាស្រ័យមុខរបរទៅលើវិស័យទាំងឡាយដែលងាយរងគ្រោះពីផលប៉ះទង្គិចរបស់កូវីឌ-១៩ ដូចជាវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ និងនៅតាមកោះប៉ាស៊ីហ្វ៊ិក, វិស័យកម្មន្តសាលនៅប្រទេសកម្ពុជា និងវៀតណាម, និងក្នុងចំណោមគ្រួសារដែលធ្លាប់តែពឹងអាស្រ័យលើកម្លាំងពលកម្មក្រៅប្រព័ន្ធផ្លូវការនៅតាមប្រទេសទាំងអស់។ នៅប្រទេសមួយចំនួន ផលប៉ះទង្គិចរបស់កូវីឌ-១៩ នេះ បានបន្ថែមបញ្ហាពីលើកត្តាជាក់លាក់ដែលកើតមានតាមប្រទេសស្រាប់ មានដូចជា បញ្ហាភាពរាំងស្ងួត(នៅប្រទេសថៃ) ឬ បញ្ហាវិបត្តិខ្វះទំនិញកសិផល (ប្រទេសម៉ុងហ្គោលី) ជាដើម។ នៅបណ្តាប្រទេសកោះប៉ាស៊ីហ្វ៊ិកខ្លះ ចក្ខុវិស័យសម្រាប់ឆ្នាំ២០២០ ស្ថិតនៅក្រោមហានិភ័យខ្លាំង ដោយសារតែសេដ្ឋកិច្ចនៃប្រទេសទាំងនោះពឹងផ្អែកខ្លាំងលើជំនួយឥតសំណង, វិស័យទេសចរណ៍ និងការនាំចូល។
ដោយសារតែការរាតត្បាតរបស់វីរុសកូវីឌ-១៩ ស្ថានភាពសេដ្ឋកិច្ចរវាងប្រទេសនានាមានសភាពមិនប្រាកដប្រជាទេ ហើយវាប្រែប្រួលរហូតពីមួយថ្ងៃទៅមួយថ្ងៃ។ ការវិភាគនៅក្នុងរបាយការណ៍នេះគឺឈរលើមូលដ្ឋានទិន្នន័យដែលមាននៅតាមប្រទេស គិតត្រឹមថ្ងៃទី២៧ ខែមីនា។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន ១៤ប៊ីលានដុល្លារអាមេរិក ដោយបញ្ចេញវាឱ្យបានឆាប់រហ័សសម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់កូវីឌ-១៩ នៅតាមប្រទេសនានា និងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ងើបឡើងវិញ។ វិធានការឆ្លើយតបភ្លាមៗរួមមាន ជំនួយហិរញ្ញវត្ថុ, ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដល់បណ្តាប្រទេសឱ្យមានលទ្ធភាពលៃលកជាមួយផលប៉ះទង្គិចរបស់ការរាត្បាតនេះ ទៅលើសេដ្ឋកិច្ច និងសុខាភិបាល។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងផ្តល់ហិរញ្ញប្បទានចំនួន ៨ប៊ីលានដុល្លារអាមេរិក សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនដែលរងការប៉ះទង្គិចពីវីរុសនេះ និងដើម្បីឱ្យគេអាចរក្សាការងារបានផង។ ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញនិងការអភិវឌ្ឍ (IBRD) និង សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) កំពុងតែដាក់ចេញកញ្ចប់ថវិកា ៦ប៊ីលានដុល្លារអាមេរិកសម្រាប់វិធានការឆ្លើយតបផ្នែកសុខាភិបាល។ ដោយសារតម្រូវការជំនួយនៅតាមប្រទេសមានវិសាលភាពទូលំទូលាយ ក្រុមធនាគារពិភពលោកត្រៀមខ្លួននឹងដាក់ចេញកញ្ចប់ហិរញ្ញវត្ថុរហូតដល់ទៅ ១៦០ប៊ីលានដុល្លារ សម្រាប់រយៈពេល ១៥ខែ ដើម្បីការពារជនក្រីក្រ និងជនងាយរងគ្រោះ, ជួយជ្រោមជ្រែងដល់ធុរកិច្ច និងជួយជំរុញសេដ្ឋកិច្ចឱ្យងើបមុខឡើងវិញ នាពេលខាងមុខ។