កែលម្អសមត្ថភាពប្រកួតប្រជែងឱ្យប្រសើរឡើងជាគន្លឹះសម្រាប់រក្សាសម្ទុះណើនទៅថ្ងៃមុខ
ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ — ធនាគារពិភពលោក នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាដែលចេញផ្សាយថ្ងៃនេះ និយាយថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥ភាគរយនៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។
ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ — ដែលទាំងអស់នេះមានជាងពីរភាគបីនៃមុខទំនិញនាំចេញសរុប — ជាកំណត់ត្រាកំណើនខ្ពស់ប្រាំឆ្នាំជាប់គ្នាហើយ ដោយវាកើនបាន១៧,៦ភាគរយក្នុងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ៨,៣ភាគរយក្នុងឆ្នាំ២០១៧។ វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍ សរុបគ្នាមក មានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨។ ការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលប្ល៉ាស្ទ៊ីកក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់។
ប៉ុន្តែ ភាពមិនប្រាកដប្រជាដែលបន្តមានបានបង្កហានិភ័យខ្លាំងឡើងដែរ។ បច្ចុប្បន្ននេះ ទីផ្សារសហភាពអឺរ៉ុប (រួមទាំងចក្រភពអង់គ្លេសផង) ស្រូបយកជាងមួយភាគបីនៃទំហំនៃការនាំចេញសរុបរបស់កម្ពុជា ជាពិសេសផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទោចក្រយាន។ លទ្ធភាពដែលកម្ពុជានឹងអាចបាត់បង់ភាពអនុគ្រោះនាំទំនិញចូលទីផ្សារអឺរ៉ុបដោយរួចពន្ធក្រោមប្រព័ន្ធអនុគ្រោះ «គ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ» (EBA) ទំនងជានឹងអាចបន្ថយល្បឿននៃការនាំចេញពីកម្ពុជា។ បន្ថែមលើនេះ វិស័យសំណង់និងអចលនទ្រព្យកាន់តែងាយធ្លាក់ក្នុង វដ្តស្ថានភាពឆាប់ប៉ោងហើយឆាប់ផ្ទុះបែកទៅវិញ ហើយកំណើនការផ្តល់ហិរញ្ញប្បទានក្នុងស្រុកនៅក្នុងវិស័យសំណង់នឹងកាន់តែបង្កើនហានិភ័យថែមទៀតដល់វិស័យហិរញ្ញវត្ថុដែរ។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការធ្វើឱ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះសម្រាប់រក្សាកំណើនខ្លាំងក្នុងរយៈពេលមធ្យម។ ភ័ស្តុតាងនានាបានរំលេចឱ្យឃើញថា ការវិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ដើម្បីជំរុញឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និងការកែលម្អគុណភាពនៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅជាសេដ្ឋកិច្ចមានចំណូលមធ្យមខ្ពស់ត្រឹមឆ្នាំ២០៣០។»
របាយការណ៍នេះក៏បានអំពាវនាវផងដែរឱ្យមានការបំពេញភាពខ្វះខាតផ្នែកជំនាញ និងការវិនិយោគទៅលើមូលធនមនុស្សដើម្បីផ្តល់ជាគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាយូរអង្វែង។ ការបង្កើនទំហំ និងប្រសិទ្ធផលនៃការវិនិយោគទាំងនេះពីសំណាក់បុគ្គលផ្ទាល់ និងវិស័យសាធារណៈនិងឯកជន អាចជួយធានាឱ្យកុមារកម្ពុជាមានចំណុចចាប់ផ្តើមល្អមួយឆ្ពោះទៅអនាគត ដោយផ្តល់ដល់ពួកគេនូវមូលដ្ឋានគ្រឹះដែលពួកគេត្រូវការចាំបាច់ដើម្បីទាញយកផលអតិបរមាពីការអប់រំសិក្សា ហើយអភិវឌ្ឍជំនាញឱ្យបានច្រើនពេញមួយដំណើរជីវិតរបស់ខ្លួន។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជានេះចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពអំពីការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។