Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 6 ឧសភា 2019

ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនស្វាហាប់ក្នុងឆ្នាំ២០១៨

កែលម្អសមត្ថភាពប្រកួតប្រជែងឱ្យប្រសើរឡើងជាគន្លឹះសម្រាប់​រក្សា​សម្ទុះណើនទៅថ្ងៃមុខ

ភ្នំពេញ ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៩ — ធនាគារពិភពលោក​ នៅក្នុង​​​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាដែល​ចេញផ្សាយ​ថ្ងៃនេះ និយាយ​ថា ប្រទេសកម្ពុជាសម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧,៥ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​អត្រាកំណើនល្អជាងការរំពឹងទុកទៅទៀត ដោយ​មាន​ការ​ជំរុញ​មួយ​ផ្នែកធំ​ពីការ​កើន​យ៉ាង​រហ័ស​នៃការនាំ​ចេញ​ និង​ការបន្ត​​លូតលាស់នៃវិស័យសំណង់។  

ការនាំចេញ​របស់​ផលិតផលសម្លៀកបំពាក់ ស្បែកជើង​ និង​មុខ​ទំនិញធ្វើ​ដំណើរ — ដែល​ទាំងអស់នេះ​មាន​ជាង​ពីរភាគបីនៃ​មុខទំនិញនាំចេញសរុប — ជាកំណត់​ត្រាកំណើន​ខ្ពស់​ប្រាំ​ឆ្នាំជាប់គ្នាហើយ ដោយ​វា​កើន​បាន​១៧,៦ភាគរយ​ក្នុ​ងឆ្នាំ​២០១៨ ប្រៀបធៀប​ជាមួយ​៨,៣ភាគរយក្នុង​ឆ្នាំ​២០១៧។ វិស័យសំណង់ អចលនទ្រព្យ និង​ទេសចរណ៍ សរុប​គ្នា​មក​ មានចំណែក​៦០ភាគរយ នៃចំនួន​គម្រោង​វិនិយោគទាំងអស់​ដែល​ត្រូវ​បាន​អនុម័ត​រួច​ក្នុង​ឆ្នាំ​២០១៨។ ការ​ផលិត​សម្ភារផ្គត់ផ្គង់​ការ​សាងសង់ ដែកគ្រឿងសង្ហារឹម និង​ផលិតផល​ប្ល៉ាស្ទ៊ីក​ក៏មាន​ការ​កើន​ឡើង​យ៉ាង​លឿនដែរ ដើម្បីគាំទ្រ​ដល់​ការ​លូតលាស់​របស់​វិស័យសំណង់។

ប៉ុន្តែ ភាពមិនប្រាកដប្រជា​ដែល​បន្តមានបានបង្កហានិភ័យ​ខ្លាំងឡើងដែរ។ បច្ចុប្បន្ននេះ ទីផ្សារ​សហភាពអឺរ៉ុប (រួមទាំង​ចក្រភពអង់គ្លេសផង) ស្រូបយក​ជាងមួយ​ភាគបីនៃទំហំនៃការនាំចេញ​សរុបរបស់កម្ពុជា ជាពិសេស​ផលិតផលសម្លៀកបំពាក់ ស្បែកជើង និង​ទោចក្រយាន។ លទ្ធភាពដែល​កម្ពុជានឹងអាច​បាត់​បង់​ភាពអនុគ្រោះ​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយរួចពន្ធក្រោម​ប្រព័ន្ធអនុគ្រោះ «គ្រប់​មុខទំនិញ​ទាំងអស់​លើក​លែងគ្រឿងសព្វាវុធ» (EBA) ទំនង​ជា​នឹង​អាច​បន្ថយ​ល្បឿន​នៃការ​នាំចេញពីកម្ពុជា។ បន្ថែមលើនេះ វិស័យសំណង់​និង​អចលនទ្រព្យកាន់​តែ​ងាយធ្លាក់​​ក្នុង ​វដ្ត​ស្ថាន​ភាពឆាប់ប៉ោង​ហើយ​ឆាប់​ផ្ទុះបែកទៅវិញ ហើយកំណើន​ការ​ផ្តល់​ហិរញ្ញប្បទានក្នុងស្រុកនៅ​ក្នុង​វិស័យ​សំណង់​នឹង​កាន់តែ​បង្កើន​ហានិភ័យ​ថែមទៀត​ដល់​វិស័យ​ហិរញ្ញវត្ថុ​ដែរ។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​ដល់​បរិយាកាស​វិនិយោគ និង​ការ​កាត់​បន្ថយ​ថ្លៃចំណាយ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​ ព្រម​ទាំង​ការ​កសាង​ជំនាញ​សម្រាប់​សេដ្ឋកិច្ច​នា​ពេល​អនាគត សុទ្ធ​តែ​ជា​អាទិភាពគន្លឹះ​សម្រាប់​រក្សា​កំណើន​ខ្លាំង​ក្នុង​រយៈពេល​មធ្យម។ ភ័ស្តុតាងនានា​បានរំលេចឱ្យឃើញថា​ ការ​វិនិយោគទៅលើលើប្រជាជន មានសារៈសំខាន់ណាស់ដើម្បីជំរុញ​ឱ្យមាន​វឌ្ឍន​ភាពសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និង​ការកែលម្អ​គុណភាព​នៃមូលធនមនុស្ស​របស់​កម្ពុជា គួរតែបន្តនៅ​ជា​ស្នូល​នៃ​សេចក្តី​ប្រាថ្នារបស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅសម្រេចគោលដៅ​ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យមខ្ពស់ត្រឹម​ឆ្នាំ​២០៣០។»

របាយការណ៍នេះ​ក៏​បាន​អំពាវនាវផងដែរឱ្យ​មានការ​បំពេញ​ភាព​ខ្វះ​ខាត​ផ្នែកជំនាញ និង​ការ​វិនិយោគទៅលើ​មូលធន​មនុស្ស​ដើម្បី​ផ្តល់​ជា​គ្រឹះសម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យូរអង្វែង។ ការ​បង្កើនទំហំ និង​ប្រសិទ្ធផល​នៃការ​វិនិ​យោគ​ទាំងនេះ​ពីសំណាក់​បុគ្គលផ្ទាល់ និងវិស័យសាធារណៈនិងឯកជន អាច​ជួយ​ធានាឱ្យ​កុមារកម្ពុជាមានចំណុច​ចាប់​ផ្តើមល្អមួយឆ្ពោះទៅ​​អនាគត ដោយផ្តល់​ដល់ពួកគេនូវ​មូលដ្ឋានគ្រឹះ​ដែលពួកគេត្រូវការ​ចាំបាច់ដើម្បី​ទាញ​យក​ផល​អតិបរមា​ពីការ​អប់រំសិក្សា​ ហើយ​អភិវឌ្ឍជំនាញឱ្យ​បាន​ច្រើន​ពេញ​មួយ​ដំណើរ​ជីវិត​របស់​ខ្លួន។

របាយការ​ណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជានេះចេញផ្សាយ​ពីរដងក្នុងមួយឆ្នាំ ដោយ​ផ្តល់នូវ​ព័ត៌មាន​បច្ចុប្បន្នភាពអំពី​ការ​អភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចកម្ពុជាក្នុង​រយៈពេលខ្លី និងមធ្យម។


ទំនាក់ទំនង

នៅភ្នំពេញ
លោក ប៊ូ សារឿន
(855 12) 414 088
sbou@worldbank.org
Api
Api