Skip to Main Navigation
រឿងពិសេស5 មីនា 2025

ការជ្រើសរើសបុគ្គលិកដែលមានមេត្រីផ្នែកយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត

សង្ខេបសំខាន់ៗ

  • គម្រោងលើក​កម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែល​គាំទ្រដោយធនាគារពិភពលោក កំពុងបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាញបំពង់ និងការកែលម្អសេវាអនាម័យ ហើយ​ពង្រឹងការបំពេញកិច្ច​របស់អ្នកផ្តល់សេវាថែមទៀត។
  • ស្ថានីយ​ផ្គត់​ផ្គង់ទឹកស្អាតនៅកម្ពុជា ត្រូវបានលើកទឹក​ចិត្តឱ្យ​ជ្រើស​រើស​ស្ត្រីចូល​ធ្វើ​ការ​ឱ្យ​​ច្រើន​ជាង​មុន។
  • ស្ថានីយ​ផ្គត់ផ្គង់ទឹកស្អាតខេត្តមណ្ឌលគិរី បានបង្កើនសមាមាត្របុគ្គលិកជាស្ត្រីពី ១២% ក្នុងឆ្នាំ ២០១៩ ដល់ ៣២% នៅឆ្នាំ ២០២៤។

នៅក្នុងមន្ទីរពិសោធន៍ដែលស្ថិតនៅក្បែរ​អាងទឹកធំៗមួយ​ជួរ លោកស្រី ស៊ឹម សុគា ក្នុងឯកសណ្ឋានពណ៌ស កំពុង​អង្គុយ​ធ្វើការជាមួយម៉ាស៊ីន​តេស្ត​គុណភាព និង​សារធាតុ​គីមី​ក្នុង​ទឹក ជា​ច្រើន​គ្រឿង។ ជាបុគ្គលិកផ្នែក​ផលិតកម្ម នៃស្ថានីយ​​ទឹកស្អាតខេត្ត​មណ្ឌលគិរី សុគា ពោល​ក្នុង​ទឹកមុខញញឹម និង​ដោយមោទនកភាព ដូច្នេះ​ថា៖​ “ក្នុងនាម​ជា​មនុស្ស​ម្នាក់​ដែល​ប្រើ​ប្រាស់​ទឹក​ស្អាត ខ្ញុំ​ចង់​ធ្វើ​ការ​នៅទី​នេះ ព្រោះតែចង់​ឃើញ និងមាន​បទ​ពិសោធន៍​ថា​តើ​ កិច្ច​ការ​នៅ​ទីនេះ គេ​ធ្វើ​បែបម៉េចខ្លះ”។​

ដំបូងឡើយ សុគា បម្រើការងារនៅអង្គភាពនេះ​អស់​រយៈ​ពេលពីរ​ឆ្នាំ ក្នុងឋានៈជា​បុគ្គ​លិក​ធម្មតា​  ហើយក្រោយ​មក​ទៀត បន្ទាប់ពីទទួល​បាន​ការបណ្ដុះបណ្ដាលនឹង​នឹង​ការងារផ្ទាល់ គាត់​ត្រូវបានអង្គភាព​តម្លើងឋានៈទៅកាន់​មុខ​តំណែង​បច្ចេកទេស មើល​ខុស​ត្រូវ​លើការផលិតទឹក និងការ​ធ្វើ​តេស្ត​គុណ​ភាព​ទឹក។

ជារៀងរាល់ព្រឹក សុគា ប្រមូលសំណាកទឹកពីក្នុង​អាង​នៅ​ស្ថានីយ និងពីលំនៅឋាន​របស់អតិថិជន យក​មក​ធ្វើតេស្ត ហើយ​ថ្លឹងមើលសារធាតុគីមី ដើម្បីត្រួតពិនិត្យគុណភាព។ ដំបូងឡើយ អ្នកស្រីជឿថាខ្លួនមិនអាចធ្វើបាន ហើយចង់ឈប់ធ្វើ​ការវិញ ដោយគិតថាវាជាការងាររបស់បុរស។ ប៉ុន្តែ បន្តិច​ម្តងៗ អ្នកស្រី​ចាប់​ផ្តើម​ពេញ​ចិត្ត​ជា​មួយ​ការ​ងារ​​ជាប្រចាំនេះ រហូត​ដល់យល់​ថា គំនិត​ដែល​​ចង់​ឈប់​ធ្វើ​ការ​ គឺ​ជា​ការ​គិត​ខុស។

ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​គណៈ​គ្រប់​គ្រង​ និងការប្តេជ្ញាចិត្តមុតមាំថា​ត្រូវ​​ព្យាយាមឱ្យកាន់តែខ្លាំង ពេលនេះ សុគា ពេញ​ចិត្ត​នឹងការងារនេះណាស់​ ហើយលើកទឹកចិត្តឱ្យ​មាន​ស្ត្រីធ្វើ​ការ​ជាបុគ្គលិក​បច្ចេក​ទេស ឱ្យ​បាន​ច្រើន​ថែមទៀត។

ជាមួយទឹកមុខញញឹម អ្នកស្រីពោលដូច្នេះថា៖ “ខ្ញុំចង់ផ្ញើសារទៅកាន់ស្ត្រីឯទៀតថា នៅពេលណាស្ថានីយរបស់យើងរើសបុគ្គលិកបច្ចេកទេស សូមដាក់ពាក្យ និងត្រូវ​ហ៊ានសាកល្បង។ កុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យសម្រាប់ការងារនេះប្រសិនបើអ្នកចង់ធ្វើ។ ខ្ញុំខ្លួនឯងជាមនុស្សម្នាក់ដែលធ្លាប់ខ្លាចការងារនេះ ប៉ុន្តែឥឡូវខ្ញុំអាចធ្វើវាបាន។ ដូច្នេះ អ្នកក៏អាចធ្វើបានដែរ”។

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតមណ្ឌលគិរី ស្ថិតក្នុងចំណោម​ស្ថានីយ​មួយ​ចំនួន​ ដែលគាំទ្រដោយគម្រោងលើក​កម្ពស់​ការ​ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមរ​យៈហិរញ្ញប្បទានពី​ធនាគារពិភពលោកសម្រាប់កម្ពុជា។ គម្រោងនេះ​កំពុងបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកតាមបណ្តាញ​បំពង់ និង សេវាអនាម័យកាន់តែប្រសើរឡើង ព្រមទាំង​ជួយ​ពង្រឹង​កិច្ច​ប្រតិបត្តិការរបស់អ្នកផ្តល់សេវាទឹកស្អាត​ នៅតាមទីប្រជុំជន និងឃុំនានា។ ស្ថានីយ​ទឹកស្អាតទាំងនេះ​ត្រូវបានលើកទឹកចិត្តឱ្យជ្រើស​រើស​ស្ត្រីចូល​បម្រើ​ការ​ងារ​ឱ្យ​បានច្រើន​ ដូច​មាន​ស្ថានីយ​ខេត្តមណ្ឌលគិរី ជា​គំរូ​ស្រាប់។ ស្ថានីយ​នេះ​បានបង្កើនសមាមាត្របុគ្គលិកស្ត្រីពី ១២% ក្នុងឆ្នាំ២០១៩ ដល់ ៣២% នៅឆ្នាំ២០២៤។

លោក សូរ សុវណ្ណារិទ្ធ អគ្គនាយកស្ថានីយ មានប្រសាសន៍ថា ពេលប្រកាសដំណឹងជ្រើសរើសបុគ្គលិកម្តងៗ​ អង្គភាព តែងបញ្ជាក់ច្បាស់ថា ស្ត្រីត្រូវបានផ្តល់អាទិភាព​។ នៅ​ក្នុងដំណើរការជ្រើសរើស គណៈ​គ្រប់គ្រងពិនិត្យ​មើល​ពិន្ទុរបស់​បេក្ខជន។ ប្រសិនបើពិន្ទុរបស់​​បុរស និងស្ត្រី មាន​ភាពប្រហាក់ប្រហែលគ្នា នោះ គណៈ​​គ្រប់គ្រងនឹង​ផ្តល់អាទិភាពដល់ស្ត្រី។

លោក សុវណ្ណារិទ្ធ មាន​ប្រសាសន៍​ថា បច្ចុប្បន្ននេះ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តមណ្ឌលគិរី មានបុគ្គលិកជាស្ត្រីចំនួន៦នាក់ រួមមាននាយករងម្នាក់ ប្រធាននាយកដ្ឋានម្នាក់ ប្រធានការិយាល័យម្នាក់​ និងបុគ្គលិកបច្ចេកទេសម្នាក់​។ ស្ថានីយ​​សង្កេតឃើញថាស្ត្រីមាន​ទំនួលខុសត្រូវខ្ពស់នៅក្នុង​ការ​ងារ​។

អ្នកស្រី ស៊ូ​ ស្រីណា អគ្គនាយករងនៃស្ថានីយ​ផ្គត់​ផ្គង់​ទឹកស្អាតខេត្តមណ្ឌលគិរី បានបម្រើការងារនៅទីនោះ​អស់រយៈពេលជាងប្រាំមួយឆ្នាំមកហើយៗ។ អ្នកស្រី​ឯកភាព​ជាមួយ​ការវាយតម្លៃ ទៅលើគុណភាពការងាររបស់បុគ្គលិកស្ត្រី។

យ៉ាង​ណាក៏ដោយ ការជ្រើស​រើស​ស្ត្រីឱ្យ​បាន​ច្រើនមក​ចូលធ្វើការផ្នែកបច្ចេកទេស នៅតែប្រឈមនឹងបញ្ហាជាច្រើនដោយសារតែការរើសអើង និងកត្តាសង្គម។ ស្ត្រីមួយចំនួនជឿថា ការងារប្រភេទនេះពឹងផ្អែកលើកម្លាំងពលកម្ម ទាមទារចំណេះដឹងខ្ពស់ ហើយស័ក្តិសមសម្រាប់តែបុរសប៉ុណ្ណោះ។

ស្រីណា មាន​ប្រសាសន៍ដូច្នេះថា៖ “មានកត្តាសង្គម កត្តា​គ្រួសារចោទឡើងជានិច្ច។ រឿងសំខាន់គឺត្រូវស្វែងយល់ពីគ្រួសារ មានន័យថា តើគ្រួសារមួយចង់ឱ្យប្រពន្ធ និងកូនស្រីទទួលបានបទពិសោធន៍អ្វីថ្មីឬអត់​។ គ្រួសារគឺជាកត្តាជំរុញទឹកចិត្តធំជាងកត្តាសង្គមខាងក្រៅ”។

នៅពេលអនាគត ស្ថានីយ​នឹងជ្រើសរើសស្ត្រីបន្ថែមទៀត សម្រាប់​ផ្នែកអាជីវកម្មដែលមានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន ហើយ​​នឹង​ស្វែងរកវិធីសាស្រ្តដើម្បីគាំទ្រដល់​បុគ្គលិកជាស្ត្រី។

លោក សូរ សុវណ្ណារិទ្ធ​ អគ្គនាយកស្ថានីយ​ផ្គត់ផ្គង់ទឹកស្អាតខេត្តមណ្ឌលគិរី មានប្រសាសន៍ថា៖ “នៅពេលដែលយើងព្យាយាមបង្កើនចំនួនបុគ្គលិកជាស្ត្រី ចាំបាច់ណាស់ដែលយើងត្រូវ​ផ្តល់ការគាំទ្រគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ពួកគាត់។ នេះរួមបញ្ចូលទាំងការបង្កើតបន្ទប់សមរម្យ​សម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ និងការថែទាំកូនតូច ដើម្បីធានាឱ្យមានការធ្វើ​អន្តរកម្ម​ដោយរលូនពេលដែលត្រឡប់​ចូល​ធ្វើការវិញ បន្ទាប់ពីសំរាកមាតុភាព របស់បុគ្គលិកស្រី​”។

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image