Skip to Main Navigation
រឿងពិសេស12 វិច្ឆិកា 2024

ដំណើរ​ឈានឡើង និ​ងឥទ្ធិ​ពល​ របស់លោកស្រី​សាស្ត្រាចារ្យ ផាត់ ផាន់ណា តាមរយៈគម្រោងកែលម្អការអប់​ឧត្តមសិក្សា

សង្ខេបសំខាន់ៗនៃសាច់រឿង

  • គម្រោង កែលម្អស្ថាប័នឧត្តមសិក្សា (HEIP) គាំទ្រដល់កិច្ចខិតខំ​ប្រឹងប្រែងរបស់កម្ពុជា​ក្នុងការលើក​កម្ពស់​គុណ​ភាពនៃការអប់រំ​ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា​។

  • តាមរយៈគម្រោងនេះ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រចំនួន ១៦១ ត្រូវបានសាងសង់ ឬជួសជុលឡើងវិញ, គម្រោង​​​​ស្រាវជ្រាវចំនួន ៥៣ បានទទួលជំនួយ, កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតចំនួន ៦៧ ត្រូវបានកែសម្រួល និងរៀបចំបង្កើតឡើង ហើយសមាជិកមហាវិទ្យាល័យចំនួន ៨៩ នាក់ បានទទួល​សញ្ញា​បត្រកម្រិតខ្ពស់។

  • និស្សិតជាង ១២៨ ០០០នាក់ និងសមាជិកមហាវិទ្យាល័យ និងបុគ្គលិកអប់រំចំនួន ១ ៣១៣នាក់ ​បាន​ទទួល​​អត្ថប្រយោជន៍តាម​រយៈគម្រោងនេះ។

  • ក្នុងអំឡុងពេលមាន​ជំងឺរាតត្បាតកូវីដ-១៩ ទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក​ត្រូវបានវិនិយោគ​លើការ​សិក្សា​​តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគម្រោង​ HEIP ដែលបង្ក​លក្ខណៈ​ឱ្យ​សិស្ស​ជិត ៣លាន​នាក់ នៅ​ក្នុង​​គ្រប់​ក្រុមអាយុ អាចបន្តការសិក្សារបស់ខ្លួន​បាន​ នៅពេលដែលសាលារៀនត្រូវ​បិទទ្វារ។

ជាមួយ​​ទឹកមុខ​ពោរពេញ​ដោយ​មោទនភាព លោក​ស្រី​សាស្ត្រាចារ្យ ផាត់ ផាន់ណា ធ្វើ​ការ​បង្ហាត់​បង្ហាញអំពី​ការ​ងារ​ពិសោធន៍​ដល់​និស្សិត​មួយ​ក្រុម​ នៅក្នុងរោងដំណាំ “ផ្ទះសំណាញ់” ដែល​ជារោង​​ពិសោធន៍​មួយ​​​ក្នុងបរិវេណ​សាកល​វិទ្យា​ល័យ​ភូមិន្ទកសិកម្ម ក្នុង​រាជ​ធានីភ្នំពេញ។ ​សំណាញ់ស្តើងគ្របពីលើរោងដំណាំ​នោះ មាន​​​មុខងារ​ការពារ​កុំឱ្យ​សត្វល្អិតចូល​បំផ្លាញ​ដំណាំ ហើយ​តាម​រយៈនោះ កាត់​បន្ថយ​បាន​ច្រើន​នូវ​ភាព​ចាំបាច់​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ដែល​មាន​ជាតិ​ពុល និង​តម្លៃខ្ពស់។

“ផ្ទះសំណាញ់” គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃ​ការ​ងារ​បែបនវានុវត្តន៍​ជាច្រើន ដែលត្រូវបានបង្កើត​ឡើង​ តាម​រយៈជំនួយឥតសំណងពីគម្រោងកែលម្អស្ថាប័នឧត្តមសិក្សា (HEIP) មានតម្លៃ ៩០លានដុល្លារអាមេរិក ពី​ធនាគារ​ពិភពលោក។ ​ផ្នែកមួយ​នៃ​គម្រោងរបស់សាស្រ្តាចារ្យ ផាន់ណា គឺជា​មន្ទីរពិសោធន៍បណ្តុះជាលិការុក្ខជាតិថ្មី កន្លែង​បង្កាត់​ពូជរុក្ខជាតិ និងកន្លែងធ្វើការសម្រាប់និស្សិតដើម្បីធ្វើការស្រាវជ្រាវ។

“ការមានបរិក្ខារដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើបដូចមន្ទីរពិសោធន៍នេះ គឺជាកត្តាចាំបាច់​បំផុត​សម្រាប់​ការជំរុញ​ការស្រាវជ្រាវវិទ្យាសាស្ត្រ។” -- សាស្ត្រាចារ្យ ផាន់ណា មានប្រសាសន៍ដូច្នេះ ដោយ​បន្ថែម​ទៀត​ថា៖ “ដោយសារ​តែ​មាន​​គ្រឿងបរិក្ខារប្រកបដោយនវានុវត្តន៍​ទាំងនេះ ខ្ញុំទុក​ចិត្ត​លើ​សមត្ថភាពខ្លួន​ឯងក្នុង​ការផ្ទេរ​ចំណេះ​ដឹង​របស់​ខ្ញុំ​ទៅ​ឱ្យ​​និស្សិតនៅក្នុងដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្តនេះ។”

ជំរុញការស្រាវជ្រាវ៖ ការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា

សាស្ត្រាចារ្យ ផាន់ណា មាន​ការ​​ជក់ចិត្តយ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​វិស័យកសិកម្មរបស់កម្ពុជា ​មាន​សមត្ថ​ភាព​ប្រកួតប្រជែងកាន់​តែ​ខ្លាំង​ឡើង តាំងតែពីពេលដែល​លោកស្រី​នៅ​និស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ ម្ល៉េះ។​លោក​ស្រី​ទទួលបានបរិញ្ញាបត្រផ្នែកជីវវិទ្យាក្នុងឆ្នាំ២០១១  មុន​នឹង​ទៅ​បន្តការ​សិក្សា​នៅសាធារណរដ្ឋកូរ៉េ។ នៅ​​សាកល​​​វិទ្យាល័យ Jeonbuk National University លោកស្រី​រៀន​ចប់​ថ្នាក់​​អនុបណ្ឌិត និងក្រោយ​មក​ទៀត​ថ្នាក់​បណ្ឌិតផ្នែកជីវវិទ្យាកសិកម្ម មុន​នឹង​បន្តទៅធ្វើការជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានល្បី​ឈ្មោះ​ចំនួនពីរគឺ Jeollbuk-do Agricultural Research and Extension Services និង National Institute of Agricultural Sciences។

ការសិក្សា និង​ការ​ងារ​នៅ​ប្រទេស​កូរ៉េ បាន​ធ្វើ​ឱ្យ​សាស្ត្រាចារ្យ ផាន់ណា កសាង​បាន​នូវ​ចំណេះ​ដឹង និង​សមត្ថ​ភាព​អាជីព​លេចធ្លោ​នៅ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​កសិកម្ម រហូត​ធ្វើ​ឱ្យ​លោកស្រីសម្រេ​ចចិត្ត​ថា​ ​​ត្រូវ​ត្រឡប់​មក​​កម្ពុជា​វិញ ដើ​ម្បី​​ប្រើ​ប្រាស់​ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​លោក​ស្រី​ទទួល​បាន​នៅ​កូរ៉េ នៅ​ក្នុងការ​​រួម​ចំណែក​លើក​កម្ពស់​វិស័យ​កសិកម្មរបស់ប្រទេស។ អ្វី​ដែល​លោកស្រីមាន​ចំណង់​ចំណូលចិត្តខ្លាំង​ គឺ​ផ្តោតលើការផ្សព្វ​​ផ្សាយ​ពូជ​ដំណាំជម្រើស​ថ្មី ដែលអាចដាំបានរួមគ្នា​ជាមួយដំណាស្រូវ ដែលជាទំនិញស្បៀង​សំខាន់ជាង​នៅក្នុង​ប្រទេស​កម្ពុជា។ លោកស្រីជឿថា ការធ្វើពិពិធកម្មទិន្នផលកសិករតាមរបៀបនេះ អាចធ្វើ​ឱ្យ​ការ​ដាំ​ដំណាំ​​មាន​ភាព​ធន់​កាន់​តែ​ខ្លាំង និង​ផលិត​ភាព​រួម​កាន់​តែខ្ពស់ផងដែរ។

  គម្រោង HEIP បាន​ផ្តល់​ជំនួយទឹក​ប្រាក់ចំនួន ៣២ ០០០ ដុល្លារអាមេរិក សម្រាប់​លោកស្រីបណ្ឌិត​ប្រែក្លាយ​ទ្រឹស្តី​និក្ខេបបទ​ទៅ​ជា​ការ​អនុវត្ត​សាកល្បង តាម​រយៈការ​ផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវដំណាំជម្រើសមួយមុខ គឺ ដំណាំ​ឪឡឹក​គ្មានគ្រាប់។ ឪឡឹក​ជា​ដំណាំ​មួយ​មុខ​ដែល​មាន​​តម្លៃ​ថោក និង​សម្បូរ​​នៅ​កម្ពុជា។ លោក​ស្រី​ពន្យល់​ថា អ្វី​ដែល​សំខាន់ដែរ​នោះ ទីផ្សារ​អន្តរជាតិមាន​តម្រូវការផ្លែឈើកើនឡើង​ ហើយផលចំណេញពីការនាំចេញក៏ខ្ពស់ដែរ​។ ជាងនេះ​ទៅ​ទៀត ឪឡឹកអាច​ដាំ​បានផល​​នៅ​ចន្លោះ​រវាងរដូវ​ប្រមូល​ផល​​ស្រូវ​នីមួយៗ ដែលជួយ​ឱ្យ​កសិករ​មាន​លទ្ធ​ភាព​រក​​ប្រាក់​ចំណូល​បន្ថែម​ជា​ប្រចាំ​។

 សាស្ត្រាចារ្យ ផាន់ណា មានប្រសាសន៍ថា៖ “ប្រទេសមួយមិនអាចជោគជ័យក្នុងការអភិវឌ្ឍដោយពឹងផ្អែកលើវិស័យតែមួយនោះទេ។ វិស័យកសិកម្មនៅ​កម្ពុជាមានអ្នកឯកទេស​ខាងស្រូវច្រើន ប៉ុន្តែ មានអ្នកឯកទេស​តិចតួចណាស់ ខាង​ដំណាំឪឡឹក និងដំណាំផ្សេងៗទៀត។ ខ្ញុំគាំទ្រ​យ៉ាងខ្លាំងឱ្យ​វិស័យ​កសិកម្ម​កាន់​តែ​មាន​ភាព​ជឿនលឿន និង​មាន​ពិពិធភាព ដើម្បីជួយកម្ពុជាឱ្យ​រីកចម្រើន។”

កម្ម​វិធី​ស្រាវ​ជ្រាវ​របស់​សាស្ត្រាចារ្យ ផាន់ណា ដែល​ទទួល​ការ​គាំទ្រ​ថវិកា​ពីគម្រោង​ HEIP គម្រោង ផ្តោត​ជាពិសេស​លើការបង្កាត់ពូជនៃជាលិកាឪឡឹកតេត្រាប្លូអ៊ីដ (tetraploid) ដែលអាចយក​ទៅ​ប្រើដើម្បី​ដាំពូជ​ផ្លែឳឡឹក​គ្មានគ្រាប់។ អ្វី​ដែល​​សំខាន់​នៅ​ក្នុង​ការស្រាវជ្រាវនេះ គឺការប្រមូលសំណាកគ្រាប់ពូជ។ រហូតមកដល់ពេលនេះ ក្រុមការងារ​របស់​លោកស្រី​ ប្រមូល​បានសំណាក់​គ្រាប់​ពូជ​ផ្សេងៗគ្នាជិត ១៧០ប្រភេទ ក្នុងនោះ​ពាក់កណ្តាលបាន​មកពីបរទេស និង​ពាក់កណ្តាលនៅ​ក្នុង​ប្រទេសកម្ពុជា។ ការយល់ដឹងដែល​ទទួល​បាន​តាម​រយៈសមុច្ច័យ​​សំណាក​គ្រាប់​ពូជទាំងនេះ បាន​​បង្កលទ្ធភាពឱ្យ​លោក​ស្រីបណ្ឌិត និងក្រុមរបស់លោកស្រី អាច​បង្កើតបាន​គ្រាប់ពូជឪឡឹកសុទ្ធជំនាន់ទីប្រាំ។

ការលើកកម្ពស់ការអប់រំ៖ ការកែលម្អការអប់រំកម្រិតឧត្តមសិក្សា

 លោកស្រី​សាស្រ្តាចារ្យ ផាន់ណា មិន​មែនជា​មនុស្ស​តែ​ម្នាក់​ដែល​ទទួលបានអត្ថប្រយោជន៍ពីគម្រោង​ HEIP ទេ។ សមាជិកមហាវិទ្យាល័យចំនួន ១៤៩នាក់ នៅទូទាំងប្រទេសកម្ពុជា បាន​ទទួល​ការគាំទ្រពីកម្មវិធី​របស់​គម្រោង​នេះ​។ នៅ​ក្នុង​នោះ​​មាន​សហការី​របស់​លោកស្រី​មួយ​ចំនួន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ អ្នកទទួលផលពីគម្រោង​ HEIP មានបុគ្គលិកសិក្សានៅសាកលវិទ្យាល័យចំនួន ៤ ផ្សេងទៀតផងដែរ គឺ​ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកល​វិទ្យា​ល័យស្វាយរៀង, សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យជាតិបាត់ដំបង។

 ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិបាត់ដំបង មាន​ប្រសាសន៍ថា ផលជះ​របស់​មូលនិធិ​នេះ​មានច្រើនសន្ធឹកសន្ធាប់។ លោកពន្យល់ថា ក្នុងនាមជាសាកលវិទ្យាល័យ​សាធារណៈដ៏ធំបំផុត​នៅក្នុងតំបន់​ភាគ​ពាយ័ព្យរបស់ប្រទេសកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង មាន​លទ្ធ​ភាពពង្រីក​កម្មវិធីសិក្សា ​និងកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធរបស់ខ្លួន។ ការគាំទ្រតាមរយៈគម្រោង​ HEIP បានជួយ​ពង្រឹងទំនាក់ទំនងរបស់សាកលវិទ្យា​ល័យនេះ​ជាមួយឧស្សាហកម្ម ក៏ដូចជាការកសាងមូលដ្ឋាន​នៃ​ការ​អប់រំ STEM, ភាពជាដៃគូក្នុងស្រុក, សមត្ថភាពស្ថាប័ន និងការងារស្រាវជ្រាវ។  
 
​ឯកឧត្តម សុខ ខន បាន​ឱ្យ​ដឹង​ដែរ​ថា និស្សិត​​ជាង ៧ ៥៤០ នាក់​ បានឃើញ​ថា​បទពិសោធន៍​សិក្សា​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​ជាងមុន​ ក្នុង​នោះ ៦៣ ភាគរយ​ជា​ស្ត្រី។ កម្រិតរដ្ឋបាល និងការបង្រៀន ក៏ទទួល​លទ្ធផលវិជ្ជ​មាន​ស្រដៀង​គ្នាដែរ​។ រហូតមកដល់បច្ចុប្បន្ន បុគ្គលិករបស់សាកលវិទ្យាល័យចំនួន ១៥៧នាក់ បានទទួល ការ​បណ្តុះ​បណ្តាល​​បង្កើន​ជំនាញ ហើយ​សាស្ត្រាចារ្យចំនួន ១៨នាក់ ទទួលសញ្ញាបត្រអនុបណ្ឌិត និងសាស្រ្តាចារ្យ ៤នាក់​ ផ្សេង​​ទៀត​ទទួល​បាន​សញ្ញាបត្របណ្ឌិត។

សាកលវិទ្យាធិការមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ចំណុច​សំខាន់​មួយ​ទៀតនោះ គឺ​និស្សិតនៃសាកលវិទ្យា​ល័យ​ជាតិ​បាត់​ដំបង មាន​លទ្ធ​ភាព​ត្រៀម​រៀបចំ​ខ្លួន​បានប្រសើរជាង​មុន សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ទីផ្សារ​ការ​ងារ​ទំនើប នា​ពេល​អនាគត មួយ​ផ្នែកធំ ដោយសារ​ការកែលម្អកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ដែលត្រូវ​បាន​តម្រឹម​តាម​យ៉ាងជិតស្និទ្ធជាមួយគំរូនៃការអប់រំផ្អែកលើលទ្ធផល (OBE)។ ជាលទ្ធផល និស្សិតបញ្ចប់ការសិក្សានៅ​សា​កល​​វិទ្យា​ល័យ​ជាតិ​បាត់​ដំបង ទទួលបានការបង្ហាត់​បង្រៀន ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់បំផុតនៅ​ក្នុង​តំបន់។

ឯកឧត្តម សុខ ខន មានប្រសាសន៍ថា៖ “គម្រោង​ HEIP បានដើរតួយ៉ាងសំខាន់​ក្នុងការ​ប្រែក្លាយ​សាកល​វិទ្យា​ល័យ​​ជាតិបាត់ដំបង ឱ្យ​ទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញ និងទទួលស្គាល់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និង​អន្តរ​ជាតិ។ គម្រោងនេះបានជួយ​ធ្វើ​ឱ្យ​សាកលវិទ្យា​ល័យ​ ក្នុង​ការ​ពង្រឹង​ជំហរ​របស់​ខ្លួន​បាន​កាន់​តែ​រឹង​មាំ​ ក្នុង​ការ​ផ្តល់​នូវ​ការអប់រំ និងសមត្ថភាពស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា។”

 
ការអភិវឌ្ឍន៍ដែលដឹកនាំដោយការស្រាវជ្រាវ៖ ជើងឯកខាងនវានុវត្តន៍​ឆ្លាតវៃ 

លោកបណ្ឌិត ម៉ម សុផានី គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលអាចអាប់​ក្រេដ​សញ្ញាបត្ររបស់គាត់បាន ដោយ​សារអាហារូបករណ៍ពីគម្រោង​​ HEIP។ បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រសត្វពីសាកលវិទ្យាល័យ Ubon Ratchathani University ក្នុងប្រទេសថៃ គាត់បានឡើងឋានៈជាអនុប្រធានមហាវិទ្យាល័យកសិកម្ម និងកែ​ច្នៃ​ចំណីអាហារនៅសាកល​វិទ្យា​ល័យ​ជាតិ​បាត់​ដំបង។ បច្ចុប្បន្ន លោក​និយាយថាសមត្ថភាព និងភាពជាអ្នកដឹកនាំ​​ក្នុងការងារ​ស្រាវជ្រាវទាក់ទងជាមួយ​វិស័យ​ឯកទេសរបស់លោក​ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

លោកមាន​ប្រសាសន៍ថា៖ “ការផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអាប់​ក្រេដ​ពីថ្នាក់​បរិញ្ញា​បត្រ​​ទៅអនុបណ្ឌិត​ ឬពីថ្នាក់​អនុបណ្ឌិតទៅបណ្ឌិត នាំមក​នូវ​​អត្ថប្រយោជន៍វែងឆ្ងាយ​សម្រាប់សាកលវិទ្យា​ល័យ​នីមួយៗ និងសម្រាប់ប្រទេស​កម្ពុជា​ទាំងមូល។ ការបន្តគាំទ្រសម្រាប់ការអាប់​ក្រេដ​សញ្ញាបត្រ និងសកម្មភាព​ស្រាវ​ជ្រាវ គឺចាំបាច់សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព។”

ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០១៨ មកទល់ពេលនេះ គម្រោង​ HEIP ដែលមានតម្លៃ ៩០លានដុល្លារអាមេរិក បានផ្តល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវចំនួន ៥៣ ដែលបានបង្កើត​ផលិតផលិតផលស្រាវជ្រាវចំនួន ៧៣មុខ និងគំរូ។ ក្រៅ​ពីការស្រាវជ្រាវរបស់សាស្ត្រាចារ្យ ផាន់ណា ទៅលើឪឡឹកគ្មានគ្រាប់ សកម្ម​ភាព​នវានុវត្តន៍​ផ្សេង​​ទៀត​ដែលគាំទ្រដោយកម្មវិធីនេះរួមមាន ឧបករណ៍បញ្ជាប្រព័ន្ធធារាសាស្រ្តឆ្លាតវៃ, ឧបករណ៍ចាប់សញ្ញាអេឡិចត្រូ​គីមី, បាក់តេរីអាស៊ីតឡាក់ទិកសម្រាប់ការផ្អាប់អាហារ, ចំណីជ្រូកស្រស់ និងកម្រាលដែលអាច​ស្រូបទប់​​កម្លាំង​អុក។ លើសពីនេះ និស្សិតជាង ១២៨ 000នាក់ និងសមាជិកមហាវិទ្យាល័យ និងបុគ្គលិកអប់រំចំនួន ១ ៣១៣នាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ។ ក្នុងអំឡុងពេលមាន​ជំងឺរាតត្បាតកូវីដ-១៩ ទឹក​ប្រាក់​ចំនួន ៥លានដុល្លារ អាមេរិក នៃគម្រោង HEIP ត្រូវបានវិនិយោគ​ក្នុងការរៀនតាមប្រព័ន្ធអនឡាញ សម្រាប់​ផ្តល់លទ្ធ​ភាព​ឱ្យ​សិស្ស​ជិត ៣លាននាក់នៅគ្រប់ក្រុមអាយុ អាច​បន្តការសិក្សាបាន ក្នុង​ពេល​សាលារៀនត្រូវ​បិទទ្វារ។

 

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image