សង្ខេបសំខាន់ៗនៃសាច់រឿង
គម្រោង កែលម្អស្ថាប័នឧត្តមសិក្សា (HEIP) គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា។
តាមរយៈគម្រោងនេះ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រចំនួន ១៦១ ត្រូវបានសាងសង់ ឬជួសជុលឡើងវិញ, គម្រោងស្រាវជ្រាវចំនួន ៥៣ បានទទួលជំនួយ, កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតចំនួន ៦៧ ត្រូវបានកែសម្រួល និងរៀបចំបង្កើតឡើង ហើយសមាជិកមហាវិទ្យាល័យចំនួន ៨៩ នាក់ បានទទួលសញ្ញាបត្រកម្រិតខ្ពស់។
និស្សិតជាង ១២៨ ០០០នាក់ និងសមាជិកមហាវិទ្យាល័យ និងបុគ្គលិកអប់រំចំនួន ១ ៣១៣នាក់ បានទទួលអត្ថប្រយោជន៍តាមរយៈគម្រោងនេះ។
ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិកត្រូវបានវិនិយោគលើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈគម្រោង HEIP ដែលបង្កលក្ខណៈឱ្យសិស្សជិត ៣លាននាក់ នៅក្នុងគ្រប់ក្រុមអាយុ អាចបន្តការសិក្សារបស់ខ្លួនបាន នៅពេលដែលសាលារៀនត្រូវបិទទ្វារ។
ជាមួយទឹកមុខពោរពេញដោយមោទនភាព លោកស្រីសាស្ត្រាចារ្យ ផាត់ ផាន់ណា ធ្វើការបង្ហាត់បង្ហាញអំពីការងារពិសោធន៍ដល់និស្សិតមួយក្រុម នៅក្នុងរោងដំណាំ “ផ្ទះសំណាញ់” ដែលជារោងពិសោធន៍មួយក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងរាជធានីភ្នំពេញ។ សំណាញ់ស្តើងគ្របពីលើរោងដំណាំនោះ មានមុខងារការពារកុំឱ្យសត្វល្អិតចូលបំផ្លាញដំណាំ ហើយតាមរយៈនោះ កាត់បន្ថយបានច្រើននូវភាពចាំបាច់ប្រើថ្នាំសម្លាប់សត្វល្អិត ដែលមានជាតិពុល និងតម្លៃខ្ពស់។
“ផ្ទះសំណាញ់” គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃការងារបែបនវានុវត្តន៍ជាច្រើន ដែលត្រូវបានបង្កើតឡើង តាមរយៈជំនួយឥតសំណងពីគម្រោងកែលម្អស្ថាប័នឧត្តមសិក្សា (HEIP) មានតម្លៃ ៩០លានដុល្លារអាមេរិក ពីធនាគារពិភពលោក។ ផ្នែកមួយនៃគម្រោងរបស់សាស្រ្តាចារ្យ ផាន់ណា គឺជាមន្ទីរពិសោធន៍បណ្តុះជាលិការុក្ខជាតិថ្មី កន្លែងបង្កាត់ពូជរុក្ខជាតិ និងកន្លែងធ្វើការសម្រាប់និស្សិតដើម្បីធ្វើការស្រាវជ្រាវ។
“ការមានបរិក្ខារដែលបំពាក់ដោយឧបករណ៍ទំនើបដូចមន្ទីរពិសោធន៍នេះ គឺជាកត្តាចាំបាច់បំផុតសម្រាប់ការជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ។” -- សាស្ត្រាចារ្យ ផាន់ណា មានប្រសាសន៍ដូច្នេះ ដោយបន្ថែមទៀតថា៖ “ដោយសារតែមានគ្រឿងបរិក្ខារប្រកបដោយនវានុវត្តន៍ទាំងនេះ ខ្ញុំទុកចិត្តលើសមត្ថភាពខ្លួនឯងក្នុងការផ្ទេរចំណេះដឹងរបស់ខ្ញុំទៅឱ្យនិស្សិតនៅក្នុងដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្រ្តនេះ។”
ជំរុញការស្រាវជ្រាវ៖ ការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា
សាស្ត្រាចារ្យ ផាន់ណា មានការជក់ចិត្តយ៉ាងខ្លាំងនៅក្នុងការធ្វើយ៉ាងណាវិស័យកសិកម្មរបស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងឡើង តាំងតែពីពេលដែលលោកស្រីនៅនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ម្ល៉េះ។លោកស្រីទទួលបានបរិញ្ញាបត្រផ្នែកជីវវិទ្យាក្នុងឆ្នាំ២០១១ មុននឹងទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ។ នៅសាកលវិទ្យាល័យ Jeonbuk National University លោកស្រីរៀនចប់ថ្នាក់អនុបណ្ឌិត និងក្រោយមកទៀតថ្នាក់បណ្ឌិតផ្នែកជីវវិទ្យាកសិកម្ម មុននឹងបន្តទៅធ្វើការជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានល្បីឈ្មោះចំនួនពីរគឺ Jeollbuk-do Agricultural Research and Extension Services និង National Institute of Agricultural Sciences។
ការសិក្សា និងការងារនៅប្រទេសកូរ៉េ បានធ្វើឱ្យសាស្ត្រាចារ្យ ផាន់ណា កសាងបាននូវចំណេះដឹង និងសមត្ថភាពអាជីពលេចធ្លោនៅក្នុងវិស័យវិទ្យាសាស្ត្រកសិកម្ម រហូតធ្វើឱ្យលោកស្រីសម្រេចចិត្តថា ត្រូវត្រឡប់មកកម្ពុជាវិញ ដើម្បីប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដែលលោកស្រីទទួលបាននៅកូរ៉េ នៅក្នុងការរួមចំណែកលើកកម្ពស់វិស័យកសិកម្មរបស់ប្រទេស។ អ្វីដែលលោកស្រីមានចំណង់ចំណូលចិត្តខ្លាំង គឺផ្តោតលើការផ្សព្វផ្សាយពូជដំណាំជម្រើសថ្មី ដែលអាចដាំបានរួមគ្នាជាមួយដំណាស្រូវ ដែលជាទំនិញស្បៀងសំខាន់ជាងនៅក្នុងប្រទេសកម្ពុជា។ លោកស្រីជឿថា ការធ្វើពិពិធកម្មទិន្នផលកសិករតាមរបៀបនេះ អាចធ្វើឱ្យការដាំដំណាំមានភាពធន់កាន់តែខ្លាំង និងផលិតភាពរួមកាន់តែខ្ពស់ផងដែរ។
គម្រោង HEIP បានផ្តល់ជំនួយទឹកប្រាក់ចំនួន ៣២ ០០០ ដុល្លារអាមេរិក សម្រាប់លោកស្រីបណ្ឌិតប្រែក្លាយទ្រឹស្តីនិក្ខេបបទទៅជាការអនុវត្តសាកល្បង តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវដំណាំជម្រើសមួយមុខ គឺ ដំណាំឪឡឹកគ្មានគ្រាប់។ ឪឡឹកជាដំណាំមួយមុខដែលមានតម្លៃថោក និងសម្បូរនៅកម្ពុជា។ លោកស្រីពន្យល់ថា អ្វីដែលសំខាន់ដែរនោះ ទីផ្សារអន្តរជាតិមានតម្រូវការផ្លែឈើកើនឡើង ហើយផលចំណេញពីការនាំចេញក៏ខ្ពស់ដែរ។ ជាងនេះទៅទៀត ឪឡឹកអាចដាំបានផលនៅចន្លោះរវាងរដូវប្រមូលផលស្រូវនីមួយៗ ដែលជួយឱ្យកសិករមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជាប្រចាំ។
សាស្ត្រាចារ្យ ផាន់ណា មានប្រសាសន៍ថា៖ “ប្រទេសមួយមិនអាចជោគជ័យក្នុងការអភិវឌ្ឍដោយពឹងផ្អែកលើវិស័យតែមួយនោះទេ។ វិស័យកសិកម្មនៅកម្ពុជាមានអ្នកឯកទេសខាងស្រូវច្រើន ប៉ុន្តែ មានអ្នកឯកទេសតិចតួចណាស់ ខាងដំណាំឪឡឹក និងដំណាំផ្សេងៗទៀត។ ខ្ញុំគាំទ្រយ៉ាងខ្លាំងឱ្យវិស័យកសិកម្មកាន់តែមានភាពជឿនលឿន និងមានពិពិធភាព ដើម្បីជួយកម្ពុជាឱ្យរីកចម្រើន។”
កម្មវិធីស្រាវជ្រាវរបស់សាស្ត្រាចារ្យ ផាន់ណា ដែលទទួលការគាំទ្រថវិកាពីគម្រោង HEIP គម្រោង ផ្តោតជាពិសេសលើការបង្កាត់ពូជនៃជាលិកាឪឡឹកតេត្រាប្លូអ៊ីដ (tetraploid) ដែលអាចយកទៅប្រើដើម្បីដាំពូជផ្លែឳឡឹកគ្មានគ្រាប់។ អ្វីដែលសំខាន់នៅក្នុងការស្រាវជ្រាវនេះ គឺការប្រមូលសំណាកគ្រាប់ពូជ។ រហូតមកដល់ពេលនេះ ក្រុមការងាររបស់លោកស្រី ប្រមូលបានសំណាក់គ្រាប់ពូជផ្សេងៗគ្នាជិត ១៧០ប្រភេទ ក្នុងនោះពាក់កណ្តាលបានមកពីបរទេស និងពាក់កណ្តាលនៅក្នុងប្រទេសកម្ពុជា។ ការយល់ដឹងដែលទទួលបានតាមរយៈសមុច្ច័យសំណាកគ្រាប់ពូជទាំងនេះ បានបង្កលទ្ធភាពឱ្យលោកស្រីបណ្ឌិត និងក្រុមរបស់លោកស្រី អាចបង្កើតបានគ្រាប់ពូជឪឡឹកសុទ្ធជំនាន់ទីប្រាំ។
ការលើកកម្ពស់ការអប់រំ៖ ការកែលម្អការអប់រំកម្រិតឧត្តមសិក្សា
លោកស្រីសាស្រ្តាចារ្យ ផាន់ណា មិនមែនជាមនុស្សតែម្នាក់ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោង HEIP ទេ។ សមាជិកមហាវិទ្យាល័យចំនួន ១៤៩នាក់ នៅទូទាំងប្រទេសកម្ពុជា បានទទួលការគាំទ្រពីកម្មវិធីរបស់គម្រោងនេះ។ នៅក្នុងនោះមានសហការីរបស់លោកស្រីមួយចំនួននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកទទួលផលពីគម្រោង HEIP មានបុគ្គលិកសិក្សានៅសាកលវិទ្យាល័យចំនួន ៤ ផ្សេងទៀតផងដែរ គឺ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យជាតិបាត់ដំបង។
ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិបាត់ដំបង មានប្រសាសន៍ថា ផលជះរបស់មូលនិធិនេះមានច្រើនសន្ធឹកសន្ធាប់។ លោកពន្យល់ថា ក្នុងនាមជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតនៅក្នុងតំបន់ភាគពាយ័ព្យរបស់ប្រទេសកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង មានលទ្ធភាពពង្រីកកម្មវិធីសិក្សា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ការគាំទ្រតាមរយៈគម្រោង HEIP បានជួយពង្រឹងទំនាក់ទំនងរបស់សាកលវិទ្យាល័យនេះជាមួយឧស្សាហកម្ម ក៏ដូចជាការកសាងមូលដ្ឋាននៃការអប់រំ STEM, ភាពជាដៃគូក្នុងស្រុក, សមត្ថភាពស្ថាប័ន និងការងារស្រាវជ្រាវ។
ឯកឧត្តម សុខ ខន បានឱ្យដឹងដែរថា និស្សិតជាង ៧ ៥៤០ នាក់ បានឃើញថាបទពិសោធន៍សិក្សារបស់ពួកគេមានភាពប្រសើរឡើងជាងមុន ក្នុងនោះ ៦៣ ភាគរយជាស្ត្រី។ កម្រិតរដ្ឋបាល និងការបង្រៀន ក៏ទទួលលទ្ធផលវិជ្ជមានស្រដៀងគ្នាដែរ។ រហូតមកដល់បច្ចុប្បន្ន បុគ្គលិករបស់សាកលវិទ្យាល័យចំនួន ១៥៧នាក់ បានទទួល ការបណ្តុះបណ្តាលបង្កើនជំនាញ ហើយសាស្ត្រាចារ្យចំនួន ១៨នាក់ ទទួលសញ្ញាបត្រអនុបណ្ឌិត និងសាស្រ្តាចារ្យ ៤នាក់ ផ្សេងទៀតទទួលបានសញ្ញាបត្របណ្ឌិត។
សាកលវិទ្យាធិការមានប្រសាសន៍បន្ថែមទៀតថា ចំណុចសំខាន់មួយទៀតនោះ គឺនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង មានលទ្ធភាពត្រៀមរៀបចំខ្លួនបានប្រសើរជាងមុន សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារទំនើប នាពេលអនាគត មួយផ្នែកធំ ដោយសារការកែលម្អកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ដែលត្រូវបានតម្រឹមតាមយ៉ាងជិតស្និទ្ធជាមួយគំរូនៃការអប់រំផ្អែកលើលទ្ធផល (OBE)។ ជាលទ្ធផល និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានការបង្ហាត់បង្រៀន ដែលឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់បំផុតនៅក្នុងតំបន់។
ឯកឧត្តម សុខ ខន មានប្រសាសន៍ថា៖ “គម្រោង HEIP បានដើរតួយ៉ាងសំខាន់ក្នុងការប្រែក្លាយសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញ និងទទួលស្គាល់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ។ គម្រោងនេះបានជួយធ្វើឱ្យសាកលវិទ្យាល័យ ក្នុងការពង្រឹងជំហររបស់ខ្លួនបានកាន់តែរឹងមាំ ក្នុងការផ្តល់នូវការអប់រំ និងសមត្ថភាពស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។”
ការអភិវឌ្ឍន៍ដែលដឹកនាំដោយការស្រាវជ្រាវ៖ ជើងឯកខាងនវានុវត្តន៍ឆ្លាតវៃ
លោកបណ្ឌិត ម៉ម សុផានី គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលអាចអាប់ក្រេដសញ្ញាបត្ររបស់គាត់បាន ដោយសារអាហារូបករណ៍ពីគម្រោង HEIP។ បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រសត្វពីសាកលវិទ្យាល័យ Ubon Ratchathani University ក្នុងប្រទេសថៃ គាត់បានឡើងឋានៈជាអនុប្រធានមហាវិទ្យាល័យកសិកម្ម និងកែច្នៃចំណីអាហារនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ បច្ចុប្បន្ន លោកនិយាយថាសមត្ថភាព និងភាពជាអ្នកដឹកនាំក្នុងការងារស្រាវជ្រាវទាក់ទងជាមួយវិស័យឯកទេសរបស់លោក មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។
លោកមានប្រសាសន៍ថា៖ “ការផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអាប់ក្រេដពីថ្នាក់បរិញ្ញាបត្រទៅអនុបណ្ឌិត ឬពីថ្នាក់អនុបណ្ឌិតទៅបណ្ឌិត នាំមកនូវអត្ថប្រយោជន៍វែងឆ្ងាយសម្រាប់សាកលវិទ្យាល័យនីមួយៗ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ការបន្តគាំទ្រសម្រាប់ការអាប់ក្រេដសញ្ញាបត្រ និងសកម្មភាពស្រាវជ្រាវ គឺចាំបាច់សម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព។”
ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០១៨ មកទល់ពេលនេះ គម្រោង HEIP ដែលមានតម្លៃ ៩០លានដុល្លារអាមេរិក បានផ្តល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវចំនួន ៥៣ ដែលបានបង្កើតផលិតផលិតផលស្រាវជ្រាវចំនួន ៧៣មុខ និងគំរូ។ ក្រៅពីការស្រាវជ្រាវរបស់សាស្ត្រាចារ្យ ផាន់ណា ទៅលើឪឡឹកគ្មានគ្រាប់ សកម្មភាពនវានុវត្តន៍ផ្សេងទៀតដែលគាំទ្រដោយកម្មវិធីនេះរួមមាន ឧបករណ៍បញ្ជាប្រព័ន្ធធារាសាស្រ្តឆ្លាតវៃ, ឧបករណ៍ចាប់សញ្ញាអេឡិចត្រូគីមី, បាក់តេរីអាស៊ីតឡាក់ទិកសម្រាប់ការផ្អាប់អាហារ, ចំណីជ្រូកស្រស់ និងកម្រាលដែលអាចស្រូបទប់កម្លាំងអុក។ លើសពីនេះ និស្សិតជាង ១២៨ 000នាក់ និងសមាជិកមហាវិទ្យាល័យ និងបុគ្គលិកអប់រំចំនួន ១ ៣១៣នាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ។ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ទឹកប្រាក់ចំនួន ៥លានដុល្លារ អាមេរិក នៃគម្រោង HEIP ត្រូវបានវិនិយោគក្នុងការរៀនតាមប្រព័ន្ធអនឡាញ សម្រាប់ផ្តល់លទ្ធភាពឱ្យសិស្សជិត ៣លាននាក់នៅគ្រប់ក្រុមអាយុ អាចបន្តការសិក្សាបាន ក្នុងពេលសាលារៀនត្រូវបិទទ្វារ។