Skip to Main Navigation
publication 2 កញ្ញា 2020

ការបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍវិស័យទេសចរធម្មជាតិនៅកម្ពុជា

Image

សង្ខេបលទ្ធផលសំខាន់ៗ

  • វិស័យទេសចរណ៍​មានចំណែក ១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំរបស់​កម្ពុជា ហើយ​មាន​ការ​កើនឡើងជាលំដាប់ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក។ ទោះជាយ៉ាងនេះក្តី ការធ្លាក់ចុះនូវកំណើនក្នុងវិស័យទេសចរណ៍ក្នុងពេលថ្មីៗនេះ ជា​សញ្ញាប្រាប់អំពីភាពចាំបាច់ឱ្យកម្ពុជាជំរុញការធ្វើ​ពិពិធកម្មវិស័យនេះថែមទៀត។
  • នៅ​ក្នុង​ឆ្នាំ​២០១៩ ផ្នែក​ទេសចរណ៍ធម្មជាតិ​មាន​ទំហំ១​៦ភាគរយ នៃចំនួនភ្ញៀវទេសចរសរុប ហើយ​ចំនួន​ទស្សនកិច្ច​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​បាន​កើនទ្វេដង​ រវាងឆ្នាំ​២០១៤ និង ឆ្នាំ​២០១៩។
  • ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ធម្មជាតិ​អាច​ជួយ​បង្កើត​ការ​ងារ​ ផ្តល់​កម្លាំងជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុងមូលដ្ឋាន និង​កសាង​ជីវភាព​ឱ្យ​បាន​ប្រសើរ​នៅ​ក្នុង​តំបន់​ជនបទ ដែល​មាន​សារៈសំខាន់​ជា​ពិសេសពេលនេះ​ បន្ទាប់​ពី​រង​ផលប៉ះពាល់​ពីការ​រាលដាលជំងឺកូវីដ-១៩។
  • ការអភិវឌ្ឍទេសចរធម្មជាតិ​អាចនាំមកនូវចំណូលសម្រាប់​ជួយ​គ្រប់​គ្រង​បណ្តាញ​តំបន់​ការ​ពារ​ដ៏​ធំ​ល្វឹងល្វើយ​របស់​កម្ពុជា និង​ការ​ពារ​សេវា​កម្ម​អេកូឡូស៊ី​ដែល​ផ្តល់​ដោយ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការ​ពារ​ទាំងនោះ។

ឧបសគ្គចំពោះ​ការ​លូតលាស់​នៃវិស័យទេសចរណ៍ធម្មជាតិ

ឧបសគ្គធំៗមួយចំនួន​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាប្រយោជន៍ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិប្រកប​ដោយ​ចីរភាព​នៅកម្ពុជា៖

  • កង្វះកិច្ច​ការពារ​លើ​សម្បត្តិ​ទេសចរណ៍ធម្មជាតិ។ នៅ​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​ការ​ពារ​សម្បត្តិ​ទេសចរណ៍​ធម្ម​ជាតិ ដូច​ជា​តំបន់​ការ​ពារ​ ជា​ដើម។ ការ​ខ្វះចន្លោះនេះ​បានធ្វើ​ឱ្យព្រៃឈើរងការបំផ្លាញ ហើយ​រុញជីវៈចម្រុះរបស់​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​គំរាម​កំហែង។ 
  • ការផ្តល់​នូវ​ផលិតផល​របស់​ទេសចរណ៍​ធម្ម​ជាតិ​នៅមិនទាន់សម្បូរបែប​និង​មាន​គុណភាពទាប។ ការផ្តល់​នូវ​ផលិតផល​របស់​ទេសចរណ៍​ធម្ម​ជាតិមួយចំនួនដែលមាន​ក្នុង​ពេលបច្ចុប្បន្ននេះ ​​នៅ​មាន​គុណភា​ពទាប និង​មិន​សូវមានជម្រើស​ច្រើន​។ ភាពខ្វះខាតផ្នែកគុណភាព​និង​ចម្រុះភាពបែប​នេះ មិន​បានលើក​ទឹក​ចិត្ត​ដល់​ភ្ញៀវ​ទេសចរបរទេស​ឱ្យ​ចង់​ «បន្តស្នាក់​នៅមួយថ្ងៃទៀត» នៅ​កម្ពុជា ឬ​ក៏​ឱ្យ​ចង់​ត្រឡប់​មកវិញម្តងទៀតទេ។
  • កង្វះការរៀបចំផែនការ​និង​ការ​គ្រប់​គ្រង។ រដ្ឋាភិបាល​នៅ​ខ្វះខាត​សកម្មភាពផែនរៀបចំផែនការ​និង​ការគ្រប់​គ្រង​ សម្រាប់​ជួយ​គាំទ្រ​ដល់​វិសIយទេសចរធម្មជាតិ។

អនុសាសន៍សំខាន់ៗ

នៅ​ក្នុង​ការ​ឆ្លើយ​តបទៅនឹងភាពចាំបាច់​ធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍​របស់​កម្ពុជា​ និង​ទៅនឹង​ការរាល​ដាល់​ជំងឺ​កូវីដ-១៩​តាម​រយៈការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ របាយការ​ណ៍ថ្មីនេះរបស់ធនាគារពិភពលោក​ បានលើកឡើងនូវ​អនុសាសន៍ធំៗចំនួន​៥ ដែលអនុសាសន៍នីមួយៗមានអមដោយ​វិធានការ​យុទ្ធសាស្ត្រ​ផង​ សម្រាប់៖

  • សម្រាល​ផល​ប៉ះពាល់​របស់​ជំងឺកូវីដ-១៩ទៅលើ​ឧស្សាហកម្ម​ទេសចរណ៍ធម្មជាតិ។
  • ពង្រឹង​ក្រប​ខណ្ឌ​បទប្បញ្ញត្តិ​សម្រាប់​វិស័យទេសចរណ៍ធម្មជាតិ។
  • ពង្រឹង​ស្ថាប័ន និង ភាព​ជា​ដៃគូសំខាន់ៗ​ សម្រាប់​ការ​អភិវឌ្ឍទេសចរណ៍​ធម្ម​ជាតិ។
  • ពង្រឹង​ការ​រៀបចំផែនការ, ការ​គ្រប់​គ្រង, និង​ការធ្វើ​ម៉ាឃិតធីងគោលដៅទេសចរណ៍​ធម្ម​ជាតិ។
  • បង្កលក្ខណៈអំណោយផល​ និង​ គាំទ្រ​ដល់​វិស័យឯកជន​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍។