សង្ខេបលទ្ធផលសំខាន់ៗ
- វិស័យទេសចរណ៍មានចំណែក ១៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំរបស់កម្ពុជា ហើយមានការកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១០មក។ ទោះជាយ៉ាងនេះក្តី ការធ្លាក់ចុះនូវកំណើនក្នុងវិស័យទេសចរណ៍ក្នុងពេលថ្មីៗនេះ ជាសញ្ញាប្រាប់អំពីភាពចាំបាច់ឱ្យកម្ពុជាជំរុញការធ្វើពិពិធកម្មវិស័យនេះថែមទៀត។
- នៅក្នុងឆ្នាំ២០១៩ ផ្នែកទេសចរណ៍ធម្មជាតិមានទំហំ១៦ភាគរយ នៃចំនួនភ្ញៀវទេសចរសរុប ហើយចំនួនទស្សនកិច្ចទៅកាន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិបានកើនទ្វេដង រវាងឆ្នាំ២០១៤ និង ឆ្នាំ២០១៩។
- ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ធម្មជាតិអាចជួយបង្កើតការងារ ផ្តល់កម្លាំងជំរុញដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាន និងកសាងជីវភាពឱ្យបានប្រសើរនៅក្នុងតំបន់ជនបទ ដែលមានសារៈសំខាន់ជាពិសេសពេលនេះ បន្ទាប់ពីរងផលប៉ះពាល់ពីការរាលដាលជំងឺកូវីដ-១៩។
- ការអភិវឌ្ឍទេសចរធម្មជាតិអាចនាំមកនូវចំណូលសម្រាប់ជួយគ្រប់គ្រងបណ្តាញតំបន់ការពារដ៏ធំល្វឹងល្វើយរបស់កម្ពុជា និងការពារសេវាកម្មអេកូឡូស៊ីដែលផ្តល់ដោយព្រៃឈើនៅក្នុងតំបន់ការពារទាំងនោះ។
ឧបសគ្គចំពោះការលូតលាស់នៃវិស័យទេសចរណ៍ធម្មជាតិ
ឧបសគ្គធំៗមួយចំនួនចាំបាច់ត្រូវដោះស្រាយជាប្រយោជន៍ដល់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា៖
- កង្វះកិច្ចការពារលើសម្បត្តិទេសចរណ៍ធម្មជាតិ។ នៅមានការខ្វះខាតក្នុងការការពារសម្បត្តិទេសចរណ៍ធម្មជាតិ ដូចជាតំបន់ការពារ ជាដើម។ ការខ្វះចន្លោះនេះបានធ្វើឱ្យព្រៃឈើរងការបំផ្លាញ ហើយរុញជីវៈចម្រុះរបស់ប្រទេសឱ្យធ្លាក់ក្នុងស្ថានភាពគំរាមកំហែង។
- ការផ្តល់នូវផលិតផលរបស់ទេសចរណ៍ធម្មជាតិនៅមិនទាន់សម្បូរបែបនិងមានគុណភាពទាប។ ការផ្តល់នូវផលិតផលរបស់ទេសចរណ៍ធម្មជាតិមួយចំនួនដែលមានក្នុងពេលបច្ចុប្បន្ននេះ នៅមានគុណភាពទាប និងមិនសូវមានជម្រើសច្រើន។ ភាពខ្វះខាតផ្នែកគុណភាពនិងចម្រុះភាពបែបនេះ មិនបានលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេសឱ្យចង់ «បន្តស្នាក់នៅមួយថ្ងៃទៀត» នៅកម្ពុជា ឬក៏ឱ្យចង់ត្រឡប់មកវិញម្តងទៀតទេ។
- កង្វះការរៀបចំផែនការនិងការគ្រប់គ្រង។ រដ្ឋាភិបាលនៅខ្វះខាតសកម្មភាពផែនរៀបចំផែនការនិងការគ្រប់គ្រង សម្រាប់ជួយគាំទ្រដល់វិសIយទេសចរធម្មជាតិ។
អនុសាសន៍សំខាន់ៗ
នៅក្នុងការឆ្លើយតបទៅនឹងភាពចាំបាច់ធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់កម្ពុជា និងទៅនឹងការរាលដាល់ជំងឺកូវីដ-១៩តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ របាយការណ៍ថ្មីនេះរបស់ធនាគារពិភពលោក បានលើកឡើងនូវអនុសាសន៍ធំៗចំនួន៥ ដែលអនុសាសន៍នីមួយៗមានអមដោយវិធានការយុទ្ធសាស្ត្រផង សម្រាប់៖
- សម្រាលផលប៉ះពាល់របស់ជំងឺកូវីដ-១៩ទៅលើឧស្សាហកម្មទេសចរណ៍ធម្មជាតិ។
- ពង្រឹងក្របខណ្ឌបទប្បញ្ញត្តិសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។
- ពង្រឹងស្ថាប័ន និង ភាពជាដៃគូសំខាន់ៗ សម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ។
- ពង្រឹងការរៀបចំផែនការ, ការគ្រប់គ្រង, និងការធ្វើម៉ាឃិតធីងគោលដៅទេសចរណ៍ធម្មជាតិ។
- បង្កលក្ខណៈអំណោយផល និង គាំទ្រដល់វិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍។