សង្ខេបសំខាន់ៗ
- កម្ពុជានៅពេលនេះកំពុងប្រឹងទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ ខណៈដែលសេដ្ឋកិច្ចទើបនឹងចាប់ផ្តើមរើបខ្លួនឡើងវិញមិនបានប៉ុន្មានផង ក្រោយពីត្រូវស្ថិតនៅក្រោមការរឹតត្បិតដោយវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
- ប្រេងឥន្ធនៈឡើងថ្លៃ គួបជាមួយអតុល្យភាពជញ្ជីងពាណិជ្ជកម្មបរទេសរបស់កម្ពុជា បានបន្ថែមផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច។
- ការឡើងថ្លៃឥតឈប់ឈរនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជានឹងត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។
- ស្ថិតក្នុងស្ថានភាពបែបនេះក៏ពិតមែន យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចបើកមានដំណើរការឡើងវិញតាំងពីចុងឆ្នាំកន្លងទៅ។
- សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយក្នុងឆ្នាំ២០២២ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។
- ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។
- នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារមានអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ផង។
ជម្រើសគោលនយោបាយ
របាយការណ៍ផ្តល់អនុសាសន៍គោលនយោបាយមួយចំនួន ដែលអាចជួយទ្រទ្រង់សកម្មភាពស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ ក្នុងនោះរួមមាន៖
- បន្តកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩,
- បន្តពង្រឹងភាពជឿទុកចិត្តរបស់អ្នកទទួលប្រើប្រាស់ និង វិនិយោគិន,
- ជំរុញការនាំចេញ ជាពិសេសទំនិញកសិផល តាមរយៈកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និង
- បន្តរក្សាលំនឹងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។
ផ្នែកត្រូវផ្តោតការយកចិត្តទុកដាក់ពិសេស៖
ផ្នែកត្រូវផ្តោតការយកចិត្តទុកដាក់ពិសេស នៅក្នុងរបាយការណ៍នេះ ពិនិត្យមើលទៅលើភាពរអាក់រអួលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោយសម័យកូវីដ-១៩ និងពន្យល់ថាតើគួររៀបចំយុទ្ធសាស្ត្រដូចម្តេចខ្លះ ដើម្បីកាត់បន្ថយថ្លៃចំណាយទៅលើឡូហ្ស៊ីស្ទិក។ ខាងក្រោមជាការរកឃើញគន្លឹះមួយចំនួន៖
- ការឡើងថ្លៃប្រេងឥន្ធនៈធ្វើឲ្យប៉ះពាល់ខ្លាំងដល់ផ្នែកនាំចេញ និងទំនិញកសិផល។
- ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅខ្វះការអភិវឌ្ឍនៅឡើយ ហើយសមត្ថភាពបំពេញមុខងាររបស់ផ្នែកឡូហ្ស៊ីស្ទិក (logistics) នៅក្នុងប្រទេសនេះក៏នៅមានកម្រិតទាប ធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់ ដែលជាហេតុញ៉ាំងឲ្យការចំណាយកាន់តែខ្ពស់។
- ការបង្កើនភាពពឹងពាក់បានរបស់ខ្សែច្រវាក់ផ្គត់ផ្គង់ និងសេវាកម្មមានគុណភាព ជាគន្លឹះសម្រាប់លើកកម្ពស់សមត្ថភាពបំពេញមុខងាររបស់ផ្នែកឡូហ្ស៊ីស្ទិកកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះថា ពេលវេលា និងតម្លៃមិនមែនជាធាតុផ្សំរបស់ភាពទស្សទាយបានតែមួយមុខនោះទេ ប៉ុន្តែគុណភាពនៃការដឹកជញ្ជូនទំនិញក៏ជាសមាសភាគសំខាន់មួយដែរ។
- កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, សម្របសម្រួលពាណិជ្ជកម្មអន្តរជាតិ, និងពង្រីកការផ្សារភ្ជាប់ប្រទេសដើម្បីបម្រើអ្នកទទួលទានប្រើប្រាស់ឲ្យកាន់តែល្អ និងបំពេញភាពចាំបាច់របស់រចនាសម្ព័ន្ធរួមក្នុងតំបន់សម្រាប់ផ្តល់ធាតុចូលនិងធាតុចេញឲ្យបានទៀងទាត់ ចាំបាច់ត្រូវមានអភិក្រមជាលក្ខណៈប្រព័ន្ធមួយ ដែលមានវិសាលភាពទូលំទូលាយជាងតម្រូវការឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅទៀត។
អនុសាសន៍
- សម្រាប់ដំណាក់កាលខ្លីខាងមុខ សំខាន់បំផុតត្រូវពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល តាមរយៈការតាមដានប្រសិទ្ធភាពរបស់ច្រកពាណិជ្ជកម្មសំខាន់ៗ, ពង្រីក “កម្មវិធីពាណិជ្ជករឆ្នើម” (“Best Trader scheme”) ឲ្យបានទូលំទូលាយទៅក្នុងផ្នែកឡូហ្ស៊ីស្ទិក និងតាមរយៈការបង្កើតកម្មវិធី “ឃ្លាំមើលតាមផ្លូវ” (“ROADWATCH”) ដែលជាបណ្តាញហត់ឡាញមួយសម្រាប់ពាណិជ្ជករ និងពលរដ្ឋរាយការណ៍អំពីសកម្មភាពមិនប្រក្រតីនានា។
- សម្រាប់ដំណាក់កាលមធ្យម អ្វីដែលសំខាន់គឺត្រូវរៀបចំយុទ្ធសាស្ត្រឡូហ្ស៊ីស្ទិករួមមួយដែលប្រើមធ្យោបាយដឹកជញ្ជូនចម្រុះ និងផែនការសកម្មភាព, ជំរុញឲ្យមានគំនិតផ្តួចផ្តើមនិងការរៀបចំផែនការឡូហ្ស៊ីស្ទិកក្នុងទីប្រជុំជន, លើកកម្ពស់វិស័យឡូហ្ស៊ីស្ទិកពិសេសនិងការធ្វើពាណិជ្ជកម្មអនឡាញ, និងគាំទ្រដល់ការផ្សព្វផ្សាយឲ្យឃើញជាក់ស្តែង និងតម្លាភាពរបស់ចលនាលើកដាក់ទំនិញសម្រាប់ធ្វើពាណិជ្ជកម្ម។