របកគំហើញសំខាន់ៗ
- ក្នុងឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចបន្តមានសម្ទុះខ្លាំងនៅឡើយគឺមាន ៧ភាគរយ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថាថមថយបន្តិចមកនៅត្រឹម ៦,៨ភាគរយ។
- ការនាំចេញសំលៀកបំពាក់ និងផលិតផលវាយនភណ្ឌផ្សេងទៀត មានសម្ទុះមធ្យម រីឯវិស័យសំណង់វិញក៏កំពុងតែបង្ហាញសញ្ញាឲ្យឃើញថាមានសភាពថមថយដែរ។ ជាការប៉ះប៉ូវដល់ការធ្លាក់ចុះក្នុងការនាំចេញសំលៀកបំពាក់ និងផលិតផលវាយនភណ្ឌ គេឃើញមានការកើនឡើងនៃចំណែករបស់ការនាំចេញផលិតផលមិនមែនវាយនភណ្ឌ ជាពិសេសគ្រឿងអេឡិចត្រូនិក បរិក្ខារ និងគ្រឿងបន្លាស់យានយន្ត នៅពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានឈានឡើងនៅក្នុងខ្សែសង្វាក់តម្លៃវិស័យកម្មន្តសាល។
- កិច្ចប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរហាក់ដូចជាទទួលបានផល ដោយគេឃើញមានការងើបឡើងគួរឲ្យកត់សម្គាល់នូវចំនួនមកដល់របស់ទេសចរបរទេស។
- អតិផរណានៅរក្សាសភាពមធ្យម ដែលឆ្លុះបញ្ចាំងឲ្យឃើញថាតម្រូវការប្រើប្រាស់ក្នុងស្រុកមានភាពថមថយ នៅពេលដែលកំណើនក្នុងផ្នែកសំណង់បានបង្ហាញសញ្ញាធ្លាក់ល្បឿន ហើយសម្ទុះកំណើនឥណទានក្នុងស្រុកក៏ស្រុតចុះបន្តិចវិញដែរ។
- ទន្ទឹមគ្នានេះដែរ ស្ថានភាពនៅខាងក្រៅរក្សាបានលំនឹង ដោយក្នុងនោះ ឱនភាពគណនេយ្យចរន្តកាន់តែរួមតូច ហើយទុនបម្រុងអន្តរជាតិសរុបបានកើន ជាសមមូល ស្មើនឹង៦ខែ នៃទំហំតម្លៃរបស់ការនាំចេញ។
- ឱនភាពសារពើពន្ធជារួម ត្រូវបានប្រមាណឃើញថារក្សាបានស្ថានភាពដដែល ដោយសារការប្រមូលចំណូលបានល្អ។ ការកើនឡើងទំហំវិក្កយបត្របៀវត្សរ៍ក្នុងវិស័យសាធារណៈ ត្រូវបានប៉ះប៉ូវវិញដោយការធ្លាក់ចុះនូវការចំណាយមូលធនដែលទទួលហិរញ្ញប្បទានពីម្ចាស់ជំនួយ។
- ទស្សនវិស័យទៅមុខនៅមានភាពវិជ្ជមាន។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករទុកថានឹងមានសម្ទុះរឹងប៉ឹង ក្នុងកម្រិត៦,៩ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែពិពិធកម្មក្នុងការនាំចេញ ការរក្សាស្ថានភាពល្អនៃការហូរចូលទុនវិនិយោគផ្ទាល់មកពីខាងក្រៅ និងការប្រមើលទុកថាស្ថានភាពសេដ្ឋកិច្ចសាកលនឹងមានភាពកាន់តែប្រសើរ។
- យ៉ាងណាក៏ដោយ លទ្ធភាពដែលអាចមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ចប្រទេសចិន និងភាពមិនប្រាកដប្រជាពាក់ព័ន្ធជាមួយការបោះឆ្នោត អាចបង្កហានិភ័យដល់ទស្សនវិស័យសម្រាប់កំណើននេះដែរ។
ជម្រើសគោលនយោបាយ
កម្ពុជាកំពុងបោះជំហានឡើងក្នុងខ្សែសង្វាក់តមៃ្លវិស័យកម្មន្តសាល។ កិច្ចប្រឹងប្រែងបែបនេះ អាចជួយជម្រុញដល់កំណើនសេដ្ឋកិច្ចបន្ថែមទៀត។
- ជ្រោមជ្រែងពិពិធកម្មការនាំចេញឲ្យកាន់តែរីកលូតលាស់ ដោយប្រកាន់យកគោលនយោបាយអត្រាតម្លៃថាមពលអគ្គិសនីមួយដែលជួយសម្រាលការចំណាយ ដើម្បីបង្កើនភាពប្រកួតប្រជែង។ កំណត់អត្តសញ្ញាណការខ្វះចន្លោះផ្នែកជំនាញ ដើម្បីរៀបចំតាក់តែងវគ្គនិងកម្មវិធីបណ្តុះបណ្តាលសម្រាប់បំពេញឲ្យការខ្វះខាតទាំងនោះ។ បង្កើនភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនិងក្នុងបរិយាកាសវិនិយោគ ដោយលុបបំបាត់ចេញនូវឧបសគ្គផ្នែកច្បាប់បញ្ញត្តិនានា ដើម្បីកាត់បន្ថយថ្លៃចំណាយលើការបើកនិងប្រតិបត្តិការធុរកិច្ច ក៏ដូចជាថ្លៃចំណាយលើផ្នែកភ័ស្តុភារ ផងដែរ។
- បង្កលទ្ធភាពឲ្យកាន់តែប្រសើរដល់កសិករក្នុងការស្វែងរកទីផ្សារ និងក្នុងការធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ពិសេសនៅក្នុងស្ថានភាពដែលពួកគេកំពុងរងការប៉ះទង្គិចពីការធ្លាក់ចុះថ្លៃផលិតផលកសិកម្ម។ វិធានការនានាសម្រាប់តភ្ជាប់គ្រួសារនៅជនបទទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យទេសចរណ៍ ក៏អាចនាំមកនូវភាគលាភខ្ពស់ដែរ។
- បើទោះជាកម្រិតភាពក្រីក្របន្តធ្លាក់ចុះមែន ដោយសារតែពិពិធភាពនៃប្រភពចំណូលរបស់គ្រួសារនៅជនបទ មានដូចជាប្រាក់បញ្ញើ ប្រាក់កម្រៃការងារមិនមែនកសិកម្ម ជំនួញតាមផ្ទះ ជាដើម ភាពចាំបាច់នឹងនៅតែមានសម្រាប់តាមដានមើលឲ្យបានដិតដល់នូវការប៉ះទង្គិចអវិជ្ជមានដែលអាចកើតឡើង ដោយសារតែការថមថយសម្ទុះកំណើនក្នុងវិស័យវាយនភណ្ឌនិងវិស័យសំណង់។