Skip to Main Navigation
publication7 ធ្នូ 2022

បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២២

Latest Issue: 
  • December 2022

សង្ខេបសំខាន់ៗ

·        ក្រោយពីធ្លាក់ចុះកំណើនដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុងងើបឡើងវិញ ដោយ​មាន​​​​ការទ្រ​ទ្រង់​​ពី​វិស័យ​នាំចេញ​ដែល​នៅមាន​​ភាពរឹង​មាំ។ ប៉ុន្តែ កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​​ឧបសគ្គ​ច្រើន​ទៀតនៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក ខណៈដែល​សកម្មភាព​ពាណិ​ជ្ជ​កម្ម​ពិភពលោក​​មាន​កំណើន​យឺត។

·        ធនាគារពិភពលោក​បានកែសម្រួល​ឡើង​វិញ​នូវ​ការ​ព្យាករ​អំពី​កំណើន​ផ.ស.ស​ពិតរបស់​កម្ពុជា ​នឹ​ង​មាន​ ៤,៨ភាគរយ ​​ក្នុង​ឆ្នាំ​២០២២ ដោយឃើញ​ថា​ សេដ្ឋកិច្ច​កំពុង​មាន​សកម្ម​ភាពរើប​ឡើង​វិញ​ជា​ទូទៅ​។ ការ​នាំ​ចេញទំនិញ​សម្លៀក​បំពាក់, ទំនិញធ្វើដំណើរ និងទំនិញ​​ស្បែក​ជើង នៅ​​មាន​សកម្មភាពរស់​រវើកគួរឱ្យ​កត់​សម្គាល់​​ដដែល។ ការ​រក​ចំណូល​ពី​វិស័យ​សេវាកម្ម ពិសេស​ពី​ផ្នែក​ធ្វើ​ដំណើរ​និង​ទេសចរណ៍ ក៏​មាន​ភាព​ប្រសើរ​ឡើងដែរ ក្រោយ​ពី​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​យុទ្ធ​សាស្ត្រ “រស់នៅ​ជា​មួយ​កូវីដ-១៩” នា​ចុង​ឆ្នាំ​កន្លងទៅ។

·        អតិផរណានៅកម្ពុជា​​កំពុងកើនខ្ពស់ជាងមុន និង​បង្កផលប៉ះទង្គិចខ្លាំងទៅលើជីវភាព​របស់​គ្រួសារ​ក្រី​ក្រ ដែល​ក្នុង​នោះ​មាន​គ្រួសារ​ខ្លះ​ត្រូវ​បាន​បង្ខំ​ចិត្ត​កាត់​បន្ថយ​បរិមាណ​អាហារហូបចុក​របស់​ខ្លួន និង​ឈប់​ឱ្យ​កូន​ទៅ​រៀន​ទៀត​ផង។ បញ្ហានេះ​អាច​ជះ​ឥទ្ធិ​ពល​អាក្រក់​យូរ​អង្វែង​ទៅលើ​មូល​ធន​មនុស្ស ដោ​យ​វា​នឹង​បណ្តាល​ឱ្យ​បាត់​បង់​នូវ​ផលិតភាព​របស់​ពលករ និង​សុខុមាលភាព និង​បង្កវិសមភាព​នៃ​ការទទួលបាន​ចំណូល​។

·        គោលនយោបាយរូបិយវត្ថុបន្ត​ដើរតួ​សំខាន់​ក្នុង​ការ​ងើបឡើងវិញរបស់​សេដ្ឋកិច្ច ក្នុងនោះ​ ជំនឿទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារនៅមានកម្រិតខ្ពស់។ កំណើនឥណទានក្នុងស្រុករក្សា​បាន​ភាពរឹងមាំ ហើយអត្រាប្តូរប្រាក់ក៏​មានស្ថិរភាពដែរ​។ ​ប្រាក់ចំណូលក្នុងស្រុកឥឡូវនេះមានកំណើន​ស្ទុះងើបពេញលេញវិញហើយ រីឯការចំណាយត្រូវបានរំពឹងទុក​ថានឹងថម​ថយ​ល្បឿន​បន្តិច​វិញ បន្ទាប់ពីមាន​ការចំណាយច្រើន​ទៅ​លើវិធានការសង្គ្រោះពាក់​ព័ន្ធ​នឹង​ជំងឺរាតត្បាត នៅ​ក្នុង​ឆ្នាំ​កន្លងទៅ។ តាមរយៈនេះ ​ឱនភាព​សារពើពន្ធ​ត្រូវ​បាន​ព្យាករ​ថា​នឹង​រួម​តូចបន្តិចមកវិញ បើ​ទោះ​បី​ជា​វា​នៅ​តែ​មាន​ទំហំ​ធំ​គឺ ៤,៦ភាគរយ​នៃផ.ស.សក៏ដោយ ហើយ​ឱនភាពនេះ​នឹងត្រូវ​បាន​បំពេញមួយផ្នែកធំតាមរយៈ​ការ​ខ្ចី​បុល​​ពី​ខាង​ក្រៅប្រទេស។  

·        ទន្ទឹម​នឹង​ការងើបឡើងវិញនៃសេដ្ឋកិច្ច ការព្យាករកំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកនៅ​ត្រឹម ៥,២ភាគរយ ដោយសារ តាមការព្យាករ ការធ្លាក់ចុះនៃពាណិជ្ជកម្មសកល ជាពិសេសនៅសហរដ្ឋអាមេរិក និងប្រទេសចិន។ សហរដ្ឋ​អាមេរិក​ជា​ទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយ​ប្រទេស​ចិនក៏​​ជា​ប្រភពធំជាង​គេ​នៃការវិនិយោគផ្ទាល់ពីបរទេស​របស់​ខ្លួន​​ដែរ។

·        ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមនៅ​មានភាពវិជ្ជមាន ដោយ​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជួយគាំទ្រដល់កំណើននៃផលិតកម្មកសិកម្ម និងការកែច្នៃកសិផល។ ការវិនិយោគខ្លាំងទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា​នឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលទំនងជានឹងមាន​សន្ទុះ​កើនឡើងថែម​ទៀត។

·        ប្រសិនបើតម្លៃថាមពលនៅតែ​ខ្ពស់​យូរទៀត​ វា​នឹង​ធ្វើ​ឱ្យ​លក្ខខណ្ឌពាណិជ្ជកម្មកាន់តែមាន​សភាព​យ៉ាប់យ៉ឺនខ្លាំង ដែល​នឹងបំផ្លាញ​ទំនុកចិត្តរបស់​អ្នកប្រើប្រាស់ និងលទ្ធភាព​រក​ចំណេញរបស់​ក្រុម​ហ៊ុន។ ជាមួយ​គ្នា​នេះ​ដែរ​ កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងស្រុកនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យធំចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់​កម្ពុជា​។

·        ដើម្បីរក្សា​ឱ្យ​បាន​នូវ​និរន្តរភាពសេដ្ឋកិច្ច​ កម្ពុជា​ត្រូវ​តែពង្រីក​លំហ​សារពើពន្ធ​ឡើងវិញ។ ក្នុងន័យនេះ ធនាគារពិភពលោកសូម​ជូន​អនុសាសន៍ ដូចតទៅ៖

o   ពង្រីងមូលដ្ឋានពន្ធ។

o   ការពាររក្សា​ឱ្យ​បាន​នូវ​ស្ថិរភាពហិរញ្ញវត្ថុ។

o   ជំរុញ​លើកកម្ពស់​​វិស័យសេដ្ឋកិច្ច​ក្នុង​ស្រុក ជា​ពិសេស​​ក្នុង​ផ្នែក​ធ្វើដំណើរ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច។

o   ដោះស្រាយឧបសគ្គក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ក្នុងនោះ​រួមមាន​ចំណាយថ្លៃដើមខ្ពស់​លើ​ឡូហ្ស៊ិស្ទិក និង​ការ​ដឹកជញ្ជូន ព្រម​ទាំង​រកវិធីសម្រួលឧបសគ្គសម្រាប់​ផ្នែកផ្គត់ផ្គង់​តាម​រយៈ​ការ​កាត់​បន្ថយចំណាយថ្លៃ​ដើម​​លើ​ថាមពល, លើ​ការ​ធ្វើ​អាជីវកម្ម និង​ការ​ចេញ​អាជ្ញាបណ្ណ​អាជីវកម្ម។ ការដោះស្រាយ​​បញ្ហា​ទាំង​នេះ​នឹង​មាន​ប្រយោជន៍​ជួយ​ធុរកិច្ច​ផ្នែក​នាំ​ចេញ​ឱ្យ​ស្តារ​សមត្ថភាព​ប្រកួត​ប្រជែង​នៅ​ក្រៅ​ស្រុក​បាន​ទៀតផង។

·        ជំពូក ផ្តោតពិសេស នៃរបាយការណ៍នេះ ពិនិត្យមើល​លើភាពក្រីក្រដើម្បីកំណត់ពីផលប៉ះពាល់នៃអតិផរណាទៅ​លើក្រុម​ប្រជា​ជន​ដែល​ងាយរងគ្រោះបំផុត និងកំណត់​វិធានការដែលអាចយកមក​អនុវត្ត ដើម្បីសម្រាល​ការលំបាកផ្នែកសេដ្ឋកិច្ច។

·        ទិន្នន័យបង្ហាញថា ក្នុងអំឡុងពេលមាន​ការ​រាតត្បាតជំងឺកូវីដ-១៩ គ្រួសារកម្ពុជាជាង ៦០ភាគរយ និងគ្រួសារក្រីក្រប្រហែល ៩០ភាគរយ បានកាត់បន្ថយការទទួលទានអាហាររបស់ពួកគេ។ អត្រាបោះបង់ការសិក្សានៅ​ថ្នាក់ជាតិបានកើនឡើងក្នុងឆ្នាំ២០១៩/២០២០ ដែល​ជា​ការ​ដើរបញ្ច្រាសទៅនឹងនិន្នាការឆ្នាំមុនៗដែល​អត្រានេះ​បាន​​ធ្លាក់ចុះ ហើយប្រហែល ១៤ភាគរយ នៃកុមារក្រីក្រដែលមានអាយុពី ៦ ទៅ​ ១៧ឆ្នាំ បានបោះបង់ការសិក្សានៅដើមឆ្នាំ២០២២។

·        ការវិភាគសាកល្បងមួយបង្ហាញថា អតិផរណាបច្ចុប្បន្នអាច​ធ្វើ​ឱ្យ​ភាពក្រីក្រកើន​កាន់​តែខ្ពស់​ថែម​ទៀត។

·        ការពង្រីកកម្មវិធីគាំពារសង្គមបណ្តោះអាសន្ន និងចំគោលដៅល្អ ជាពិសេសតាមរយៈការផ្ទេរសាច់ប្រាក់ នឹងជួយ​កាត់បន្ថយភាពក្រីក្រ និងការពារជនក្រីក្រនិងក្រុម​ជន​ងាយរងគ្រោះ បានច្រើន។