របកគំហើញសំខាន់ៗ ៖
- សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញជាបណ្តើរៗ តាមការព្យាករណ៍ នឹងកើនចំនួន 4 % នៅឆ្នាំ 2021បន្ទាប់ពីការថយចុះចំនួន 3.1 % នៅឆ្នាំ 2020។ ការងើបឡើងវិញនេះគឺដោយសារតែការវិលត្រឡប់នៃតម្រូវការសកល។
- វិស័យកសិកម្មនៅតែមានភាពរឹងមាំ មួយផ្នែកដោយសារតែស្ថានភាពវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន។ វិស័យកម្មន្តសាលកាន់តែវិវត្តន៍ទៅឆ្លើយតបទៅនឹងការប្រែប្រួលនៅក្រៅប្រទេស។ វិស័យទេសចរណ៍នៅតែទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
- ការនាំចេញទំនិញ កំពុងមានងើបឡើងវិញជាបណ្តើរៗ ដោយកើនចំនួន 12.2 % ក្នុងរយៈពេល 4 ខែដំបូងក្នុងឆ្នាំ 2021 រីឯចំណែកនៃការនាំចេញសម្លៀកបំពាក់ធៀបនឹងការនាំចេញទំនិញសរុប (មិនគិត មាស) បានថយចុះមកត្រឹម 45.6 %។
- លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស នៅតែមានភាពរឹងមាំ និងបានជួយគាំទ្រដល់វិស័យក្រៅប្រទេស។
- កម្មវិធីឧបត្ថម្ភសាច់ប្រាក់គឺជាតម្រូវការខ្ពស់មួយ ដោយបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង 710,000 គ្រួសារ ឬស្មើនឹង 19.5% នៃចំនួនគ្រួសារសរុប គិតត្រឹមខែ មករា ឆ្នាំ 2021។
- ទស្សនៈវិស័យនៃកំណើននៅតែមានភាពមិនច្បាស់លាស់ខ្លាំង។ ការស្តារឡើងវិញនេះអាស្រ័យទៅលើការវិវត្តនៃវីរុសកូរ៉ូណា និងល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ 19។
ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ 19 ជាការសំខាន់ត្រូវអនុវត្តវិធានការខាងក្រោម ៖
- ត្រូវពន្លឿនការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការ ទន្ទឹមនឹងការបន្តទប់ស្កាត់ឲ្យមានប្រសិទ្ធភាពលើកំណើនករណីឆ្លង និងការស្លាប់។
- ជំរុញបន្ថែមទៀតលើការវិនិយោគសាធារណៈដែលកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើន សេដ្ឋកិច្ច រួមទាំង គម្រោងផ្តល់ប្រាក់កម្រៃសម្រាប់ការងារ ដោយការងារនេះមានសារៈសំខាន់ខ្លាំងដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
- ជាការសំខាន់ត្រូវបង្កើនវិសាលភាពនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងបង្កើតមូលដ្ឋានទិន្នន័យសម្រាប់កម្មវិធីសង្គមទាំងអស់ ទន្ទឹមនឹងការធ្វើឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ កាន់តែមានប្រសិទ្ធផល មានភាពងាយស្រួល និងប្រើប្រាស់ប្រព័ន្ធឌីជីថល។
- ជាការចាំបាច់ត្រូវពិនិត្យតាមដានយ៉ាងល្អិតល្អន់លើភាពងាយរងគ្រោះ ដែលបណ្តាលមកពីកំណើនរយៈពេលយូរនៃវិស័យអចលនទ្រព្យ និងកំណើនឥណទានទៅវិស័យសំណង់។