បញ្ហាប្រឈម
ជាង ៦០ភាគរយនៃកុមារនៅកម្ពុជាដែលមានអាយុចូលរៀនកម្រិតមធ្យមសិក្សាចំណេះទូទៅ (អាយុ១២-១៤ឆ្នាំ) មិនបានចូលរៀនក្នុងឆ្នាំ២០១៥ ហើយ ២១ភាគរយបានបោះបង់ការសិក្សាចោលទាំងស្រុង។ ប្រហែល ៧០ភាគរយនៃសាលារៀនមិនមានថ្នាក់រៀនគ្រប់គ្រាន់។ កង្វះគ្រូបង្រៀនក៏ជាបញ្ហាធ្ងន់ធ្ងរ ហើយគ្រូបង្រៀនភាគច្រើនមានគុណវុឌ្ឍិទាប។ ដោយហេតុនេះហើយ លទ្ធផលសិក្សារបស់សិស្សក៏មានកម្រិតទាបដែរ។ មានតែ ៨ភាគរយ នៃសិស្សដែលមានអាយុ ១៥ឆ្នាំ អាចអានក្នុងកម្រិតអប្បរមា ដែលស្របតាមការកំណត់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ហើយមានតែ ១០ភាគរយប៉ុណ្ណោះចេះមុខវិជ្ជាគណិតវិទ្យាក្នុងកម្រិតអប្បបរមា បើផ្អែកលើលទ្ធផល របស់កម្មវិធីសម្រាប់ការវាយតម្លៃនិស្សិតអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ (PISA-D) ក្នុងឆ្នាំ២០១៨។
អភិក្រម
គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សា (Secondary Education Improvement Project/SEIP) បានខិតខំជួយការអប់រំកម្រិតមធ្យមសិក្សា ឱ្យសម្រេចបានស្តង់ដារអប្បបរមា តាមរយៈកិច្ចអន្តរាគមន៍បែបនវានុវត្តន៍ជាច្រើន។ ទីមួយ គម្រោងនេះបានបង្កើតឱ្យមានតម្រូវការខ្ពស់លើការអប់រំប្រកបដោយគុណភាពពីមាតាបិតា និងសហគមន៍ ដោយដាក់ចេញនូវរបៀបគ្រប់គ្រងតាមសាលារៀន ដើម្បីបង្កើនស្វ័យភាព គណនេយ្យភាព និងការវាយតម្លៃរបស់ខ្លួន។ មាតាបិតា និងសហគមន៍ទទួលបានព័ត៌មាន ពេញលេញអំពីដំណើរការរៀនសូត្ររបស់សិស្ស និងអំពីការបំពេញកិច្ចរបស់សាលារៀន ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការអប់រំរបស់កូនពួកគាត់ទៀតផង។ ទីពីរ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងអ្នកតំណាងសហគមន៍បានទទួលការបណ្តុះបណ្តាល និងការណែនាំគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តតួនាទីរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ទីបី ការទូទាត់ផ្តល់ថវិកាផ្អែកលើសមិទ្ធផលការងារ បានផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាពនៃការចំណាយ ដូចជាការផ្តល់ហិរញ្ញប្បទាននៃការចំណាយ លើវិធានការឆ្លើយតបនឹងជំងឺរាតត្បាត (ឧទាហរណ៍៖ ការផ្តល់កុំព្យូទ័រយួរដៃដល់លោកគ្រូអ្នកគ្រូដើម្ប់អនុវត្តការបង្រៀនពីចម្ងាយ ការផលិតវីដេអូបង្រៀន ការផ្តល់សាចប្រាក់សម្រាប់សេវា អ៊ិនធឺណិត, ការបណ្តុះបណ្តាលលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ [ICT] ជាដើម)។
លទ្ធផល
គម្រោងនេះគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអប់រំនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាព និងការពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាប្រកបដោយសមធម៌។ សមិទ្ធផលទទួលបានរួមមាន៖
· ដំណើការសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់គ្រូ និងរបស់ថ្នាក់ដឹកនាំសាលារៀន ទទួលបានការកែលម្អកាន់តែប្រសើរ។ សិស្សចំនួន ៤៥៣,៨៣៨នាក់ ក្នុងនោះ ៥២ភាគរយជាក្មេងស្រី ទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
· សាលារៀនចំនួន ៩៤ ក្នុងចំណោម ១០០ សម្រេចបានស្តង់ដារអប្បបរមានៃស្តង់ដារសាលារៀនដែលមានប្រសិទ្ធភាព ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់មាតាបិតា និងសហគមន៍ក្នុងការរៀបចំផែនការកែលម្អសាលារៀន ក្នុងការត្រួតពិនិត្យការអនុវត្តការងាររបស់សាលា និងក្នុងការទាក់ទាញធនធានហិរញ្ញវត្ថុពីខាងក្រៅ ។
· គម្រោងនេះបានជួយបង្កើតអនុវិទ្យាល័យថ្មីចំនួន ៣០ ដែលបានទទួល សិស្សចុះឈ្មោះចូលរៀនប្រហែល ៦,១៧៥នាក់។ គម្រោងក៏បានសាងសង់អគារសិក្សាថ្មីចំនួន ៧៦ ដែលមាន៣៩៥បន្ទប់ ជួសជុលថ្នាក់រៀនបាន៤៣៧បន្ទប់ រៀបចំបន្ទប់ពិសោធន៍ចំនួន ២៧៦ និងបានសាងសង់ផ្ទះចំនួន ៣០ ខ្នងសម្រាប់គ្រូបង្រៀននៅសាលាក្នុងតំបន់ដាច់ស្រយាល។
· គម្រោងនេះបាន បង្កើនគុណវុឌ្ឍិរបស់ថ្នាក់ដឹកនាំសាលាចំនួន ៦៣៦នាក់ និងគ្រូបង្រៀនចំនួន ២,៣៤៨នាក់ បណ្តុះបណ្តាលសមាជិកគណៈកម្មាធិការគ្រប់គ្រងសាលារៀន និងអ្នកតំណាងសហគមន៍សរុបបាន ៤៣៥នាក់ និងបានផ្តល់ការបង្វឹកនៅនឹងកន្លែងដល់សាលារៀនទាំងអស់ក្នុងគម្រោង។
· លើសពីនេះ ផលជះ របស់គម្រោងនេះ បានសាយភាពទៅដល់អនុវិទ្យាល័យចំនួន ១០២ និងសាលាបឋមសិក្សាចំនួន ១៦៦ ដែលយកគម្រូតាមសាលាគោលដៅរបស់គម្រោង។
ការរួមចំណែករបស់ក្រុមធនាគារពិភពលោក
គម្រោងនេះចំណាយថវិកាអស់ចំនួន ៤១.៤លានដុល្លារអាមេរិក ក្នុងនោះឥណទាន ពីធនាគារពិភពលោក ចំនួន ៤០.៥០លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាភិបាលចំនួន ០.៩លានដុល្លារអាមេរិក។ ថវិកាបដិភាគពីរដ្ឋាភិបាលកម្ពុជា គឺជាប្រាក់ លើកទឹកចិត្តដល់មន្ត្រីរាជការដែលចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោង។
ដៃគូអនុវត្តន៍
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងនាយកដ្ឋាន និងបុគ្គលិកគាំទ្រដល់ការអនុវត្តគម្រោងនេះ ដោយផ្អែកលើតួនាទី និងការទទួលខុសត្រូវផ្លូវការរបស់ខ្លួន ស្របតាមរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីអនុវត្តសកម្មភាពស្នូលរបស់គម្រោង។ នេះសបញ្ជាក់ យ៉ាងច្បាស់អំពីភាពជាម្ចាស់ដ៏ពេញលេញរបស់ក្រសួង ។ ក្រុមការងាររបស់ធនាគារពិភពលោកបានផ្តល់ការគាំទ្រ ការកសាងសមត្ថភាព និង ជំនួយបច្ចេកទេសជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តឱ្យបានទាន់ពេលវេលា។
ទៅអនាគត
ឥទ្ធិពលរបស់គម្រោងនៅតែបន្ត បើទោះជាគម្រោងត្រូវបានបញ្ចប់។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលសកម្មភាពគម្រោងទៅក្នុងគោលនយោបាយអប់រំជាតិ ហើយបានបង្កើតគណៈកម្មាធិការជាតិដើម្បីអនុវត្តគោលនយោបាយទាំងនោះ។ សាលារៀនមិនមែនគោលដៅជាច្រើន (រួមមានអនុវិទ្យាល័យចំនួន ២១៣ និងសាលាបឋមសិក្សាចំនួន ៥៦០) បានអនុវត្តសកម្មភាពនេះ។ រដ្ឋាភិបាលកម្ពុជាបានស្នើសុំគម្រោងកែលម្អការអប់រំចំណេះដឹងទូទៅ (General Education Improvement Project/GEIP) ដោយមានឥណទាន ពីធនាគារពិភពលោក ចំនួន ៦០លានដុល្លារអាមេរិក (អនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារពិភពលោកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២) និងសហហិរញ្ញប្បទានជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ចំនួន 9.25 លានដុល្លារអាមេរិក ដើម្បីបន្ត និងពង្រីកការអនុវត្តសកម្មភាពរបស់គម្រោងSEIP។ បច្ចុប្បន្ន
សំណើឥណទានបន្ថែមទៀត ចំនួន៦០លានដុល្លារពីធនាគារពិភពលោក កំពុងត្រូវបានរៀបចំ រួមជាមួយនឹងសហហិរញ្ញប្បទានជំនួយឥតសំណងចំនួន ២០លានដុល្លារអាមេរិក របស់ GPE ។