បញ្ហាប្រឈម
វិស័យសុខាភិបាលនៅកម្ពុជាសម្រេចបានគុណភាពល្អប្រសើរគួរឱ្យកត់សម្គាល់នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។ រវាងឆ្នាំ២០០៥ និងឆ្នាំ២០១៤ អត្រាស្លាប់របស់មាតា បានធ្លាក់ចុះពី៤៧២នាក់មកនៅត្រឹម១៧០នាក់ ក្នុងរាល់ការផ្តល់កំណើតរស់១០០០០០កំណើត ហើយអត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ ក៏មានការថយចុះដែរ ពី៨៣នាក់មកនៅត្រឹម៣៥នាក់ ក្នុងរាល់កំណើតរស់ចំនួន ១០០០កំណើត។ យ៉ាងណាក្តី វិសមធម៌នៅតែបន្តមាននៅក្នុងលទ្ធផលនៃវិស័យសុខាភិបាលសម្រាប់ក្រុមនិងតំបន់មានស្ថានភាពសេដ្ឋកិច្ចសង្គម និងស្ថានភាពភូមិសាស្ត្រខុសៗគ្នា និងរវាងប្រជាជនដែលរស់នៅតាមទីប្រជុំជននិងនៅតាមទីជនបទ។ ទៅអនាគត ប្រទេសកម្ពុជាប្រឈមមុខទៅនឹងការកើនឡើងនៃបន្ទុកជំងឺដែលមិនឆ្លង (NCDs) ជាពិសេសជំងឺសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺសួតរ៉ាំរ៉ៃ ជាដើម។ កត្តាហានិភ័យនាំឱ្យមានជំងឺទាំងនេះមានខ្ពស់ ដោយសារថាចំនួនពលរដ្ឋដែលមានអាយុជាង ៦០ឆ្នាំក្នុងចំណោមប្រជាជនទាំងអស់ នឹងមានចំនួនកើនឡើងជិតទ្វេដងនៅក្នុងអំឡុងពេល ២០ឆ្នាំ ខាងមុខ គឺពីអត្រា ៦,២ភាគរយនៅក្នុងឆ្នាំ២០១០ រហូតដល់ទៅ ១១,៩ភាគរយ នៅក្នុងឆ្នាំ២០៣០។
អភិក្រម (ឬវិធីសាស្ត្រ)
ធនាគារពិភពលោកបានជួយគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាអស់ពេល១៥ឆ្នាំកន្លងមក ហើយ ដោយមានការចូលរួមធ្វើហិរញ្ញប្បទានពីរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ដទៃទៀត។ ការកៀរគរមូលនិធិចូលគ្នាដើម្បីគាំទ្រដល់ការកែទម្រង់ក្នុងប្រព័ន្ធសុខាភិបាល បានជួយពង្រឹងភាពម្ចាស់ការ និងគណនេយ្យភាពរបស់រដ្ឋាភិបាល និងធ្វើឱ្យកាន់តែប្រសើរដល់ការងារសម្របសម្រួលក្នុងចំណោមដៃគូអភិវឌ្ឍន៍ ដែលមានសារៈសំខាន់ខ្លាំងក្នុងការជំរុញវិសាលភាពគ្របដណ្តប់ និងគុណភាពរបស់សេវាសុខាភិបាល ទទួលបានការកែលម្អប្រសើរយ៉ាងឆាប់រហ័ស។
គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល មានមូលដ្ឋានរឹងមាំនៅលើលទ្ធផល និងភាពច្នៃប្រឌិតថ្មីនានាដែលបានដាក់ចេញតាមរយៈកម្មវិធីពង្រឹងវិស័យសុខាភិបាលជំហានទី១និងទី២ ដែលមានគោលដៅបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលរបស់ប្រជាជន។ ភាពច្នៃប្រឌិតថ្មីៗទាំងនោះរួមមាន ការធ្វើហិរញ្ញប្បទានផ្អែកលើលទ្ធផល តាមរយៈបរិធានដូចជា មូលនិធិសមធម៌សុខាភិបាល (HEFs) និង មូលនិធិផ្តល់សេវា (Service Delivery Grants) ដែលត្រូវបានបង្កើតឡើងដើម្បីកែលម្អគុណភាពរបស់សេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្កើនការប្រើប្រាស់របស់ជនក្រីក្រនូវសេវាថែទាំសុខភាពក្នុងស្រុក។
មូលនិធិសមធម៌សុខាភិបាលទទួលបានជោគជ័យក្នុងការជួយកាត់បន្ថយការចំណាយច្រើនសន្ធឹកសន្ធាប់ និងបង្កើនការប្រើប្រាស់របស់ជនក្រីក្រនូវសេវាសុខាភិបាល ហើយផ្តល់នូវប្រភពហិរញ្ញប្បទានគួរទុកចិត្តបានសម្រាប់ជួយដល់គ្រឿងប្រដាប់សម្រួលដល់កិច្ចការក្នុងផ្នែកសុខាភិបាលផងដែរ។ ដើម្បីបង្កើនការប្រើប្រាស់និងគុណភាពនៃការថែទាំសុខភាពនៅតាមគោលដៅដែលបំពេញការងារពុំទាន់បានល្អ ក្រសួងសុខាភិបាលបានបង្កើតភ្នាក់ងារប្រតិបត្តិ ពិសេសនៅតាមខេត្ត មន្ទីរពេទ្របង្អែកស្រុក និងស្រុកប្រតិបត្តិ ជាជម្រើសមួយចំនួន។ នៅតាមកន្លែងទាំងនោះ បុគ្គលិកមន្ទីរពេទ្យបានចុះកិច្ចសន្យាជារួមនិងជាលក្ខណៈបុគ្គល ដោយក្នុងកិច្ចសន្យាទាំងនោះមានកំណត់គោលដៅបំពេញការងារប្រចាំឆ្នាំ ហើយការសម្រេចបានតាមគោលដៅការងារទាំងនោះនឹងនាំឱ្យពួកគេទទួលបានមូលនិធិផ្តល់សេវា ជាការលើកទឹកចិត្ត។ គោលដៅបំពេញការងារត្រូវបានពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីជំរុញលើកទឹកចិត្តឱ្យការផ្តល់សេវាកាន់តែមានភាពប្រសើរថែមទៀត។ វិធីសាស្ត្រនេះបានជួយបង្កើនការផ្តល់សេវានៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពសាធារណៈ អនុញ្ញាតឱ្យមានការជួលបុគ្គលិកបន្ថែមដើម្បីបំពេញតម្រូវការ និងកាត់បន្ថយនូវការខ្វះខាតឱសថនិងបរិក្ខារបម្រុងចាំបាច់នៅក្នុងឃ្លាំង។ យន្តការសម្បទាននេះបានផ្តល់មូលនិធិបន្ថែមដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពសម្រាប់កែលម្អគុណភាពសេវា ដូចជាតាមរយៈការផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមដល់បុគ្គលិកណាដែលសម្រេចបាន ឬធ្វើហួសពីគោលដៅការងារដែលត្រូវបានកំណត់នៅក្នុងកិច្ចសន្យាទៅទៀត។