Skip to Main Navigation
publication 25 មីនា 2021

“ការងើបឡើងវិញមិនស្មើគ្នា” បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក

Image

Photo: Pramote Polyamate / Getty Images





ខ្លឹមសារសង្ខេប

ទិដ្ឋភាពផ្សេងគ្នា

សេដ្ឋកិច្ចក្នុងតំបន់បានចាប់ផ្តើមរើបឡើងវិញបន្តិចម្តងៗ ក្រោយពីជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២០។

·        ប៉ុន្តែ មានតែប្រទេសចិននិងវៀតណាមទេដែលសេដ្ឋកិច្ចដាំក្បាលចុះហើយងើបឡើងវិញ​ចេញរាងជាអក្សរ V ដែលក្នុងនោះទិន្នផលសេដ្ឋកិច្ច​បានកើនឡើងលើសកម្រិតមុនពេលមានការរាតត្បាតកូវីដ១៩ ក្នុង​ឆ្នាំ​២០២០។

·        នៅប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀត ទិន្នផលសេដ្ឋកិច្ចនៅមានជាមធ្យមប្រហែល ៥ ភាគរយ គឺ​ទាបជាងកម្រិតមុនគ្រាផ្ទុះការរាតត្បាតទៅទៀត  ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ី ទិន្នផលសេដ្ឋកិច្ច​ទាបជាងមុន​តែ​២,២ភាគរយទេ ប្រៀបទៅនឹងប្រទេសហ្វ៊ីលីពីនដែលមានរហូតដល់ទៅ ៨,៤ភាគរយ។

·        ការ​កន្ត្រាក់ផ្នែកសេដ្ឋកិច្ច​មាន​សភាពធ្ងន់ធ្ងរនិង​ឥតស្រាកស្រាន្តសោះនៅតាមប្រទេសកោះតូចៗក្នុង​តំបន់​ប៉ាស៊ីហ្វ៊ិក ដែលនៅទីនោះ​ទិន្នផលសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២០ ធា្លក់ជាង១០ភាគរយក្រោម​កម្រិតមុន​ផ្ទុះជំងឺរាតត្បាត ពិសេស​នៅ​ប្រទេសហ្វ៊ីជី, ប៉ាឡូ និង​វ៉ានូអាទូ។  

ភាពក្រីក្រកាន់តែកើន វិសមភាពកាន់តែជ្រាលជ្រៅ

ដោយសារតែភាពតានតឹងរបស់សេដ្ឋកិច្ច កម្រិតភាពក្រីក្រនៅ​ក្នុងតំបន់ឈប់​ធ្លាក់ចុះទៀតហើយ ជាលើកដំបូង ក្នុងរយៈពេល២០ឆ្នាំនេះ ធ្វើ​ឱ្យ​ប្រជាជនប្រមាណ ៣២លាននាក់ មិនអាចរើខ្លួនចេញផុតពីភាពក្រីក្របានទេ។

វិសមភាពបានកើនឡើង ដោយមកពីការរាតត្បាតជំងឺ និងវិធានការរឹតត្បិតការធ្វើដំណើរ ព្រមទាំងកង្វះលទ្ធភាព​ស្មើភាពគ្នាក្នុងការទទួលបានសេវាកម្មសង្គម និងបច្ចេកវិទ្យាឌីជីថល ផងដែរ។    

·        ការបាត់បង់ទុនជារូបវ័ន្តនិងមនុស្ស មានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងចំណោមប្រជាជនក្រីក្រ។ នៅក្នុង​ប្រទេសមួយចំនួន កុមារក្នុងគ្រួសារក្រីក្របំផុតចំនួន ២ ភាគ ៥ នៃចំណោមគ្រួសារទាំងអស់ មានតិចជាង ២០ ភាគរយទេដែលទំនងថានៅបន្តការរៀនសូត្រ បើ​ធៀបទៅនឹងកុមារនៃគ្រួសារធូរធាដែលមានចំនួន ១ ភាគ ៥ នៃគ្រួសារទាំងអស់។

·        រីឯស្ត្រីវិញ ពួកគេកំពុងរងអំពើហិង្សាច្រើនជាងមុន ក្នុងនោះមាន២៥ភាគរយនៃអ្នកឆ្លើយសំណួរនៅក្នុងប្រទេសឡាវ និង ៨៣ភាគរយនៅប្រទេសឥណ្ឌូនេស៊ី ដែលបាននិយាយថា អំពើហិង្សាបង្កដោយដៃគូស្និទ្ធស្នាលមានសភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែវីរុសកូវីដ១៩។

·        ការលក់របស់សហគ្រាសខ្នាតតូចបានធ្លាក់ចុះមួយភាគបី បើប្រៀបធៀបទៅនឹងការធ្លាក់ចុះមួយភាគបួននៃក្រុមហ៊ុនធំៗ។ ក្រុមហ៊ុនតូចៗក៏ទំនងជាមិនសូវអាចទទួលបានអត្ថប្រយោជន៍ពីឱកាសឌីជីថលថ្មីៗ ប៉ុន្មានដែរ។ 

ពីទិដ្ឋភាពផ្សេងគ្នាឆ្ពោះទៅរកការងើបឡើងវិញក្នុងល្បឿនបីខុសគ្នា

·        ក្នុង​ឆ្នាំ​២០២១ ប្រទេសចិននិងវៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងបាន៨,១ ភាគរយនិង ៦,៦ ភាគរយ រៀងៗខ្លួន ពី ២,៣ភាគរយ និង ២,៩ភាគរយ ក្នុងឆ្នាំ ២០២០។ ដោយសារ​ប្រទេសទាំងពីរនេះមិនសូវប៉ះពាល់​ខ្លាំងពីវិបត្តិនេះ សេដ្ឋកិច្ច​របស់គេនឹងស្ទុះងើបទៅរកស្ថានភាពដែលត្រូវបានព្យាករណ៍ទុកនៅមុនមានការរាតត្បាតកូវីដ១៩។

·        សម្រាប់​ប្រទេសដទៃទៀតនៅក្នុងតំបន់ កំណើន​នឹង​មាន​ប្រហែល ៤,៤ភាគរយជាមធ្យម ឬ ០,៤ភាគរយ​យឺតជាងល្បឿនកំណើននៅមុនពេលមានវិបត្តិ។ នៅប្រទេសណាដែលវិបត្តិនេះមានសភាពជ្រាលជ្រៅ វា​នឹង​ស៊ីពេល​យូរជាងសម្រាប់វិលទៅរកកម្រិតការព្យាករណ៍នៅមុន​កូវីដមកដល់។

·        ក្នុងចំណោមប្រទេសតូចៗ ដំណើររើបឡើងវិញនៃសេដ្ឋកិច្ចត្រូវ​បានរំពឹងទុកថា​នឹង​អូសបន្លាយយូរជាងការព្យាករណ៍ទុក​ទៅទៀត ជាពិសេស​សម្រាប់​​ប្រទេសនៅតាមកោះដែលពឹងផ្អែកលើទេសចរណ៍។ ថ្វីដ្បិតតែប្រទេសទាំងនោះមិនសូវមានការឆ្លងជំងឺរាតត្បាតនេះក៏ពិតមែន ជិតពាក់កណ្តាលនៃចំនួនប្រទេសទាំងនោះ​ត្រូវ​បាន​រំពឹងទុកថានឹងមានកំណើនអវិជ្ជមាន។

 

កត្តានៅពីក្រោយការ​ងើបឡើបវិញបានល្អ

សេដ្ឋកិច្ចនៅប្រទេសមួយចំនួនងើបឡើងវិញបានល្អដោយសារ៖

·        ប្រទេសទាំងនោះមានវិធានការសក្តិសិទ្ធក្នុង​​គ្រប់គ្រងការរាតត្បាតកូវីដ១៩ ដោយផ្លាស់ប្តូរ​ពីវិធានការបិទខ្ទប់តឹងរ៉ឹង ទៅ​ដាក់ចេញ​យុទ្ធសាស្ត្រ​​ដែលមានការធ្វើ​តេស្តប្រកបដោយប្រសិទ្ធភាព ជាជាងនៅបណ្តែតបណ្តោយ​តាម​ការ​អូសបន្លាយរបស់​វិធានការបិទខ្ទប់។ (គួរកត់សម្គាល់ថា ការបញ្ចេញវ៉ាក់សាំងសម្រាប់ចាក់ការពារនៅមិនទាន់​មានឥទ្ធិពលអ្វីគួរឱ្យកត់សម្គាល់ទៅលើកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នៅឡើយទេ)។

·        ទាញយកអត្ថប្រយោជន៍ពីការរើបឡើងវិញនៃ​ពាណិជ្ជកម្ម​ទំនិញកមន្តកម្ម ជាពិសេសទំនិញអេឡិចត្រូនិក ហើយ​មិន​សូវ​ពឹងផ្អែកខ្លាំងលើចំណូលពីវិស័យទេសចរណ៍។

·        ផ្តល់ការគាំទ្រច្រើន​ផ្នែកសារពើពន្ធ និង​សាច់ប្រាក់ ដោយសារ​តែ​រដ្ឋា​ភិបាល​នៅប្រទេសទាំងនោះមាន​លទ្ធភាព​ផ្នែកគោលនយោបាយ​គ្រប់គ្រាន់។

វិធានការអន្តរាគមន៍របស់អាមេរិកដើម្បីជំរុញកំណើន និង​ភាពយឺតយ៉ាវ​របស់​វ៉ាក់សាំងដែលបន្ទុចបង្អាក់កំណើន

·        វិធានការអន្តរាគមន៍សេដ្ឋកិច្ច​ដែលរដ្ឋាភិបាលអាមេរិកដាក់ចេញកាលពីពេលថ្មីៗនេះ អាចរួមចំណែកបាន ១ភាគរយជាមធ្យមដល់កំណើននៃបណ្តាប្រទេសក្នុងតំបន់នៅឆ្នាំ២០២១ និងដល់ការប្រឹងងើបឡើងវិញនៃសេដ្ឋកិច្ចបានយ៉ាងតិចមួយត្រីមាសទៀតដែរ។    

·        ក៏ប៉ុន្តែ ភាពយឺតយ៉ាវនៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ដោយសារមកពីភាពមិនស៊ីគ្នារវាងវ៉ាក់សាំងនិងតម្រូវ និង​សមត្ថភាពមានកម្រិត អាច​ធ្វើឱ្យកំណើននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ស្រុតចុះ ១ ភាគរយវិញ។

អាទិភាពគោលនយោបាយ

វិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩

·        បើគិតតាមបរិមាណស្តុកនិងការបែងចែកវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះ បណ្តាប្រទេសឧស្សាហកម្មនឹងចាក់វ៉ាក់សាំងបាន ៨០ភាគរយនៃប្រជាជន​របស់ខ្លួនគិតត្រឹមចុងឆ្នាំ២០២១ រីឯប្រទេសកំពុងអភិវឌ្ឍន៍ដែលអាចនឹងសម្រេចបានប្រហែល ៥៥ភាគរយប៉ុណ្ណោះ។ ស្របពេលគ្នានោះដែរ វីរុសបំប្លែងថ្មីដែលកាន់តែស៊ាំនិងកាន់តែងាយ​ឆ្លង (VOCs)  អាច​នឹ​ងប៉ះពាល់​ខ្លាំងដល់​ផល​រំពឹងទុករបស់​ការចាក់វ៉ាក់សាំងនេះ។  ​

·        ការ​ចាក់​វ៉ាក់សាំងឱ្យ​បានលឿនគឺជាអាទិភាពសម្រាប់ប្រទេសដែលវិធានការទប់ស្កាត់កូវីដ១៩​មិនសូវមានប្រសិទ្ធភាព តួយ៉ាងប្រទេសឥណ្ឌូនេស៊ី និង​ហ្វ៊ីលីពីន​ជា​ដើម។ ប្រទេសចិន និង​ប្រទេសវៀតណាម ដែលកំពុងខិតខំលុបបំបាត់​កូវីដ១៩​ឱ្យ​មាន​ប្រសិទ្ធភាព នៅ​មាន​លទ្ធភាព​​រៀបចំយុទ្ធសាស្ត្រ​សមស្រប​ដើម្បីចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់គេ។

·        ដោយសារតែវ៉ាក់សាំងមិន​មាន​បរិមាណគ្រប់គ្រាន់សម្រាប់បំបាត់ការឆ្លង​វីរុស​ទាំងស្រុង​ឱ្យ​បានឆាប់ រដ្ឋា​ភិបាល​ក្នុង​តំបន់​ត្រូវ​តែបង្កើន​វិធានការ​អន្តរាគមន៍​មិន​មែនឱសថសាស្ត្រ​ (NPIs) ថែមទៀត ជាពិសេស ការធ្វើ​តេស្ត ការ​តាម​ការទាក់​ទង និង​ការ​ធ្វើ​ចត្តាឡីស័ក ដែលជាវិធីមួយជួយ​ពង្រីកឥទ្ធិពល​ និង​ប្រសិទ្ធ​ភាព​តម្លៃ​របស់​ថ្នាំវ៉ាក់សាំងដែរ។

ជួយថ្ងៃនេះដោយមិនធ្វើឱ្យមានអស្ថិរភាពថ្ងៃស្អែក

·        គោលនយោបាយសារពើពន្ធត្រូវបានគេរំពឹងថានឹងដើរតួនាទីបីដងលើសមុន​ក្នុង​ការជួយដល់​ការ​សម្រាល​ការ​លំបាកជីវភាព ការស្តារឡើងវិញ និងកំណើន។ នៅក្នុងប្រទេសជាច្រើននៃតំបន់​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក អន្តរាគមន៍សម្រាលការលំបាកជីវភាពនៅមានទំហំតិចតួចបើធៀបទៅនឹងទំហំនៃការបាត់បង់ប្រាក់​ចំណូល ហើយវិធានការទ្រង់ទ្រង់សេដ្ឋកិច្ច​ក៏មិន​ទាន់ឆ្លើយតបបានទាំងស្រុងចំពោះការខ្វះខាតនៃតម្រូវការ នៅពេលដែលការវិនិយោគសាធារណៈក៏មិនសូវមានជាដុំកំភួននៅក្នុង​កិច្ចខិតខំស្តារសេដ្ឋកិច្ច នៅឡើយ​ដែរ។ រីឯបំណុលសាធារណៈវិញ វាបានកើនឡើងជាមធ្យម ៧ភាគរយនៃផ.ស.ស នៅពេលដែល​រដ្ឋា​ភិបាលនានា​បានសន្យា​ថា​នឹង​ផ្តល់​ការ​គាំទ្រ​ផ្នែកសារពើពន្ធ ក្នុងទំហំជិតដល់ទៅ១០ភាគរយ នៃផ.ស.ស ឯណោះ។ 

·        រដ្ឋាភិបាលក្នុងតំបន់អាចបង្កើនភាពស័ក្តិសិទ្ធនៃចំណាយថែមទៀតដែរ។ ឧទាហរណ៍ គ្រួសារនិងក្រុមហ៊ុនដែល ប្រាក់ចំណូលមិនមានការផ្លាស់ប្តូរក្នុងកំឡុងពេលមានវិបត្តិនេះ សឹងតែទទួលបានជំនួយដូចជាអ្នកដែលបាត់​បង់ប្រាក់ចំណូលដែរ។ នៅក្នុងប្រទេសដែលមានការគ្រប់គ្រងវិនិយោគសាធារណៈល្អប្រសើរ ការត្រឡប់ទៅធ្វើ​ការវិនិយោគសាធារណៈវិញមានកម្រិត ៤ដងខ្ពស់ជាងនៅប្រទេសផ្សេងទៀតដែលមានការគ្រប់គ្រងខ្សោយ។

·        ជាជាងកាត់បន្ថយការចំណាយឬដំឡើងពន្ធ រដ្ឋាភិបាលអាចប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការពង្រឹងវិន័យ និង​ធ្វើកំណែទម្រង់ពង្រឹងភាពសក្តិសិទ្ធក្នុងការគ្រប់គ្រង នាពេលអនាគត។ ពួកគេក៏អាចប្តេជ្ញាបញ្ឈប់ការចាយវាយខ្ជះខ្ជាយបន្តិចម្តងៗ។ ការឧបត្ថម្ភទុនដល់វិស័យប្រេងឥន្ធនៈមានចន្លោះពី ០,២៥ ភាគរយទៅ ១,៣ ភាគរយនៃផ.ស.ស នៅក្នុងបណ្តាប្រទេសធំៗក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក។

·        បណ្តាប្រទេសក្នុង​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក អាចបន្តប្រើគោលនយោបាយរូបិយវត្ថុដើម្បីរំលែកបន្ទុកនៃការគាំទ្រសេដ្ឋកិច្ច ពីព្រោះអត្រាការប្រាក់របស់ពួកគេមានភាពវិជ្ជមាន តម្រូវការទុន​បម្រុងខ្ពស់គួរសម និងអតិផរណាស្ថិត​ក្រោម​ការ​គ្រប់​គ្រងបាន។

បង្កើនភាពបៃតងដោយមិនឱ្យប៉ះពាល់ដល់កំណើន ឬជនក្រីក្រ

·        តំបន់នេះជាអ្នកមានរួមចំណែកធំមួយដល់ការកើនឡើងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលក្នុងនោះការបំភាយឧស្ម័នកើនឡើងបីដងចាប់តាំងពីឆ្នាំ ២០០០ ហើយឥឡូវនេះសឹងតែស្មើ ១ ភាគ ៣ នៃការបំភាយឧស្ម័នលើពិភពលោកហើយ។ តំបន់នេះក៏ប្រឈមនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុផងដែរ។ ប៉ុន្តែដើម្បីរក្សាទិន្នផលកំណើនគ្មានការបំភាយ វាតម្រូវឱ្យមានការផ្លាស់ប្តូរយ៉ាងសម្បើមនៅក្នុងទម្លាប់នៃការប្រើប្រាស់ និងផលិតកម្ម។ នៅប្រទេសចិន ក្នុងចំណោមវិធានការ៣ សម្រាប់​ការស្តារសេដ្ឋកិច្ចឡើងវិញ មានតែវិធានការមួយប៉ុណ្ណោះដែលមានលក្ខណៈមេត្រីអាកាសធាតុ ដែលគ្រាន់បើជានៅប្រទេស ឥណ្ឌូនេស៊ីនិងហ្វីលីពីន ដែលមានតែមួយទេក្នុងចំណោម ៥ វិធានការ។

·        អ្នកធ្វើគោលនយោបាយអាច​ប្រើបរិធានចម្រុះ៖ (i) ដកចេញការឧបត្ថម្ភទុនដល់ផ្នែក​ប្រេងឥន្ធនៈហ្វូស៊ីល និង​ថាមពល, (ii) កែសម្រួលតម្លៃកាបូន, (iii) ជំរុញ​ការវិនិយោគសាធារណៈទៅលើនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធបញ្ចេញកាបូនតិច, (iv) ធ្វើកំណែទម្រង់​គោលនយោបាយបញ្ចេញកាបូនតិចនៅតាមវិស័យសំខាន់ៗ មាន ថាមពល ដឹកជញ្ជូន ការ​ប្រើ​ប្រាស់ដីធ្លី និង​នគរូបនីយកម្ម។

·        ដំណើរការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចកាបូនទាប ចាំបាច់ត្រូវអមដោយចំណាត់​ការមួយចំនួន ដើម្បីធានាថាថ្លៃដើមត្រូវបានបែងចែកដោយយុត្តិធម៌។ ឧទាហរណ៍ ចំណូលពីការកែច្នៃដែលបានតាមរយៈការកំណត់ថ្លៃកាបូនចូលទៅក្នុងសេដ្ឋកិច្ចវិញ អាចជួយបង់រំលស់ថ្លៃដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសង្គម និងកាត់បន្ថយការបំភាន់ភ្នែកពន្ធ​ផ្សេងៗតាមរយៈកម្លាំងពលកម្ម ការប្រើប្រាស់ ឬផលចំណេញ។

កិច្ច​សហប្រតិបត្តិការអន្តរជាតិធ្វើឱ្យចំណាត់នៅតាមប្រទេសកាន់តែមុះមុតថែមទៀត

·        កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផលិតនិងអនុម័តវ៉ាក់សាំង និងផលិតផលផ្សេងទៀតសម្រាប់អន្តរាគមន៍មិនមែនផ្នែកឱសថ ដូចជាការធ្វើតេស្ត៍ និងកិច្ចសហប្រតិបត្តិការក្នុងការបែងចែកវ៉ាក់សាំងផ្អែកលើតម្រូវការ អាចជួយទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ និងកាត់បន្ថយការលេចឡើងនូវវីរុសបំប្លែងថ្មីទៀត។    

·        ការសម្របសម្រួលអន្តរជាតិនឹងបង្កើនឥទ្ធិពលរួមនៃគោលនយោបាយសារពើពន្ធថែមទៀត ពីព្រោះរដ្ឋាភិបាលមួយ​ចំនួន ច្រើនតែផ្តល់កញ្ចប់កិច្ចអន្តរាគមន៍នៅកម្រិតសកល តិចជាងនៅក្នុងស្រុក។ 

·        ក្រៅពីសកម្មភាពសហប្រតិបត្តិការដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ជំនួយអន្តរជាតិនឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ក្រីក្រឱ្យមានលទ្ធភាពចាត់វិធានការអាកាសធាតុកាន់តែស៊ីជម្រៅថែមទៀត ជាងអ្វីដែលគេអាចធ្វើបានជាមួយនឹងធនធានស្តួចស្តើងរបស់ពួកគេ។

ការរួមចំណែករបស់ប្រទេសចិនដល់ទំនិញមាន​ប្រយោជន៍បីយ៉ាងលើសកលលោក

ប្រទេសចិនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត តាមរយៈការពង្រីកផលិតកម្មនិងការនាំចេញគ្រឿងបរិក្ខារធ្វើតេស្ត ម៉ាស់ និងវ៉ាក់សាំង, ការរើបឡើងវិញនៃសេដ្ឋកិច្ចសកលតាមរយៈវិធានការជំរុញសារពើពន្ធចើម្បីបង្កើនការប្រើប្រាស់, និងធ្វើឱ្យពិភពលោកកាន់តែបៃតង ដោយធ្វើសកម្មភាពអាកាសធាតុឱ្យ​កាន់តែខ្លាំងក្លា​ថែម​ទៀត។ ក្នុងករណីនីមួយៗ ប្រទេសចិនក៏នឹងទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួនឯងផងដែរ តាមរយៈបើកព្រំដែននៅក្នុងពិភពលោកដែលមានសុវត្ថិភាពជាងមុន, សម្រេចបាននូវកំណើនក្នុងស្រុកកាន់តែមានតុល្យភាព, និងកាត់បន្ថយផលប៉ះពាល់អាក្រក់ក្នុងស្រុកដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។