Skip to Main Navigation
publication

ការបណ្តុះមូលដ្ឋានគ្រឹះ ៖ គ្រូបង្រៀន និងការអប់រំកម្រិតមូលដ្ឋាន នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

The World Bank

ការបណ្តុះមូលដ្ឋានគ្រឹះ

ជាងពាក់កណ្តាលនៃកុមារអាយុ ១០ ឆ្នាំ ក្នុងប្រទេសមានប្រាក់ចំណូលមធ្យមភាគច្រើននៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មិនចេះអាន និងមិនអាចយល់ពីអត្ថបទដែលសមស្របតាមអាយុ។ គេមិនអាចកសាងជំនាញរឹងមាំជាមួយនឹងមូលដ្ឋានផុយស្រួលបាននោះទេ ហើយកម្រិតជំនាញខ្សោយនឹងមិនអាចជំរុញកំណើនផលិតភាពដែលត្រូវការចាំបាច់សម្រាប់អន្តរកាល ឆ្ពោះទៅរកស្ថានភាពជាប្រទេសមានប្រាក់ចំណូលខ្ពស់បានឡើយ។ ការបង្កើនសិទ្ធិអំណាចរបស់គ្រូបង្រៀន តាមរយៈការច្របាច់បញ្ចូលគ្នារវាងការបណ្តុះបណ្តាល និងបច្ចេកវិទ្យា ជាគន្លឹះក្នុងការពង្រឹងលទ្ធផលសិក្សាកម្រិតមូលដ្ឋាន។

ទស្សនាវីដេអូកម្មវិធីផ្សព្វផ្សាយរបាយការណ៍

ការ​វិនិយោគ​ពីដំបូង​លើការអប់រំ​​ ជា​គន្លឹះ​​នៃភាព​រីកចម្រើនគួរឱ្យកត់សម្គាល់​នៅអាស៊ីបូព៌ា​។ អក្ខរកម្ម​ និង​លេខនព្វន្ត​កម្រិតមូលដ្ឋាន​ ជួយឱ្យកសិករ​អាច​​អនុវត្ត​ការ​ប្រើប្រាស់​ពូជ​ដំណាំ​ថ្មី និងជី និង​​​ចាប់ផ្តើមបដិវត្តបៃតង។ ​​​កំណើនផលិតភាពដែលទទួលបាន​ ​​អាច​ឱ្យកម្មករ​​​ចាកចេញពី​វិស័យកសិកម្ម និង​ប្រើប្រាស់​ជំនាញកម្រិតមូលដ្ឋាន​របស់ពួកគេ​​នៅក្នុងវិស័យកម្មន្តសាល​ដែលផ្តោតលើការ​នាំចេញ​។ ​​បរិវត្តិកម្ម​​បែប​រចនាសម្ព័ន្ធនេះ ​បានជំរុញកំណើនផលិតភាពនៅ​ក្នុងសេដ្ឋកិច្ចទាំងមូល។​

ទោះជាយ៉ាងណា ​ភាពជោគជ័យដែលសម្រេច​បានកន្លង​មក ​អាច​ត្រូវ​បានរាំងស្ទះ​ដោយ​​ការ​អប់រំមិនគ្រប់គ្រាន់នៅក្នុង​បណ្តាប្រទេស​មានប្រាក់ចំណូលមធ្យម​​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នាពេលបច្ចុប្បន្ននេះ។ ទោះបីជា​មានភាពជឿនលឿន​​គួរ​ឱ្យកត់សម្គាល់នៃអត្រាចុះឈ្មោះចូលរៀន​ និង​កម្រិត​អប់រំ​មែន ប៉ុន្តែជាងពាក់កណ្តាល​នៃ​​កុមារ​អាយុ ១០ ឆ្នាំ​ក្នុងប្រទេសមានប្រាក់ចំណូល​មធ្យមភាគច្រើន​​​ មិនចេះអាន និងមិនអាច​យល់​ពី​​អត្ថបទ​ដែលសមស្របតាម​អាយុ​ ជាបាតុភូតមួយ​​ដែល​គេ​ហៅថា ការ​រៀនមិនចេះ (learning poverty)។ ដោយសារ​​​​ការ​រៀនសូត្រ​​មានលក្ខណៈ​ជា​ដំណើរការ​កើនឡើង​បន្តិចម្តងៗ កុមារជាច្រើនក្នុង​ចំណោមនេះ​​​​នឹង​មិនអាច​អភិវឌ្ឍ​​ជំនាញកម្រិតខ្ពស់​​​ដែលត្រូវ​ការ​ចាំបាច់​​សម្រាប់​​វិស័យ​កម្មន្តសាល​​បែប​នវានុវត្តន៍ និង​សេវា​​​សាំញ៉ាំ​បាន​ឡើយ​​​ ដែលវិស័យទាំងពីរនេះ​ជា​​សកម្មភាព​សេដ្ឋកិច្ច​ដែលបង្កើន​ផលិត​ភាព ដែល​​អាច​​ជំរុញឱ្យបណ្តាប្រទេស​​នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​​ចាកចេញពីស្ថានភាពជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​ ទៅជាស្ថានភាព​​ប្រទេស​មានប្រាក់ចំណូលខ្ពស់​។ ក្នុងតំបន់នេះ អត្រា​​រៀនមិនចេះក្នុង​​បណ្តាប្រទេស​​មានប្រាក់​ចំណូល​មធ្យមទាំង​អស់     ​គឺខ្ពស់ខ្លាំង​ជាង​​អត្រា​​រៀនមិនចេះ​​​ក្នុងបណ្តាប្រទេសមានប្រាក់ចំណូល​​​ខ្ពស់​ ដូចជា ជប៉ុន ​សាធារណរដ្ឋកូរ៉េ និង​សិង្ហបុរី។ ប៉ុន្តែ​​បញ្ហា​ប្រឈមទាំងនេះ​​កាន់តែមានភាពជ្រាលជ្រៅ​នៅក្នុង​បណ្តាប្រទេស​មានប្រាក់ចំណូល​មធ្យមកម្រិត​ទាប   ដូចជា   កម្ពុជា   ឡាវ  និងប៉ាពួញូហ្គីណេ។ នៅតាម​បណ្តា​ប្រទេស​ទាំងអស់​ គុណភាពនៃការអប់រំ​​​ក្នុង​​​តំបន់​ជនបទ និង​តំបន់ក្រីក្រ​ គឺ​អន់​ខ្លាំង​ជាង​​​គុណភាពនៃការអប់រំ​​ក្នុង​តំបន់​​ទីក្រុង និង​តំបន់​ស្តុកស្តម្ភ​។ ទន្ទឹមនឹងនេះ វិបត្តិកូវីដ-១៩ បានធ្វើ​មាន​ឱនភាព​កាន់​តែ​ខ្លាំងក្នុង​ការ​សិក្សា​កម្រិតមូលដ្ឋាន​។

ដូច្នេះ របាយការណ៍នេះ​ផ្តោតលើ​​ការ​សិក្សា​កម្រិត​មូលដ្ឋាន​ ពោលគឺ​អក្ខរកម្ម និង​លេខនព្វន្ត​កម្រិតមូលដ្ឋាន​ ដែល​ចាំបាច់សម្រាប់​​ការអភិវឌ្ឍជំនាញ​កម្រិត​ខ្ពស់​។ ​របាយការណ៍​នេះ​សង្កត់ធ្ងន់លើ​សាលា​រដ្ឋ​ ដែល​ជាប្រភព​នៃការអប់រំ​កម្រិតមូលដ្ឋានសម្រាប់​សិស្ស​ភាគច្រើននៅក្នុង​តំបន់។ របាយការណ៍នេះក៏​ផ្តោត​ផងដែរ​លើគ្រូបង្រៀន ដែលជា​​តួអង្គសំខាន់​ក្នុងការ​សិក្សា​របស់​កុមារ។​​