Skip to Main Navigation
publication

វិធានការបិទខ្ទប់ការរាលដាលឆ្ពោះទៅស្តារសេដ្ឋកិច្ចឱ្យរើបឡើងវិញ របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ធនាគារពិភពលោក ខែតុលា ឆ្នាំ២០២០





លទ្ធផលសំខាន់ៗ

ការរាតត្បាតជំងឺកូវីដ-១៩ បានបញ្ចេញកម្លាំងអង្រួនកន្ត្រាក់បីយ៉ាងទៅលើតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក៖ ទីមួយ ការរាលដាលនៃជំងឺនេះតែម្តង, ទីពីរ ផលប៉ះពាល់លើសេដ្ឋកិច្ចពីសំណាក់​វិធានការ​បិទខ្ទប់ការរាលដាលជំងឺ, និងទីបី​ ឥទ្ធិពលអវិជ្ជមានជាបន្តបន្ទាប់ដោយសារឱនភាពសេដ្ឋកិច្ចទូទាំងពិភពលោក។​   

តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ដែលជាប្រភពនៃការផ្ទុះជំងឺកូវីដ-១៩ មកទល់ពេលនេះ​មិនសូវរងសភាពធ្ងន់ធ្ងរ​ខ្លាំងពីជំងឺនេះដូចតំបន់ដទៃទៀតលើពិភពលោកទេ។ បណ្តាប្រទេសដែល​បិទ​ខ្ទប់ការរាលដាលរបស់ជំងឺនេះ​បានគឺដោយសារ​ការអនុវត្តវិធានការចម្រុះ ក្នុងនោះមានការដាក់​បម្រាមតឹងរ៉ឹងលើការដើរហើរសេរី, យុទ្ធសាស្ត្រ​ធ្វើ​តេស្ត​ទូលំទូលាយ,​ និងកម្មវិធីផ្សព្វផ្សាយព័ត៌មាន​ជំរុញពលរដ្ឋឱ្យប្រកាន់ឥរិយាបថប្រយ័ត្នប្រយែងដើម្បីការពារខ្លួន។

យ៉ាងណាក្តី ការរាលដាលជំងឺនិងកិច្ចខិតខំ​បិទ​ខ្ទប់កុំឱ្យវា​សាយភាយខ្លាំង ក៏​បាន​បណ្តាល​ឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់​ចុះ​សម្បើមណាស់ដែរ។ ជារួម ទិន្នផលសេដ្ឋកិច្ច​នៅ​តាម​ប្រទេស​អាស្រ័យលើថា​តើ​ប្រទេសនីមួយមានប្រសិទ្ធភាព​ប៉ុនណា​ក្នុង​ការ​រាំងខ្ទប់ការរាលដាល និង​ថា​តើ​ប្រទេសនោះប្រឈមនឹង​ស្ថានភាពកន្ត្រាក់ពីខាងក្រៅ​កម្រិត​ណា​ដែរ។ ផលសេដ្ឋកិច្ច​នៅ​ប្រទេសចិន​បានរួញ​ដល់ ១,៨ភាគរយ នៅក្នុងកំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ហើយនៅផ្នែកដទៃទៀតក្នុងតំបន់​ ផលសេដ្ឋកិច្ចរួញ​ជា​មធ្យមដក ៤ភាគរយ។   

នៅក្នុងប្រទេសខ្លះ វិធានការ​បិទខ្ទប់បានធ្វើ​ឱ្យ​សកម្មភាពសេដ្ឋកិច្ច​ក្នុងស្រុក​កម្រើករស់ឡើងវិញ។ ប៉ុន្តែ សេដ្ឋកិច្ច​​របស់​តំបន់នេះ​មាន​ការ​ពឹងផ្អែកខ្លាំងទៅលើ​ផ្នែកដទៃទៀតនៃពិភពលោក។ ការធ្វើ​ពាណិជ្ជកម្ម​កំពុងតែចាប់ផ្តើម​រើបឡើងវិញ​ហើយទន្ទឹមនឹងពេលដែលសកម្មភាពសេដ្ឋកិច្ច​សកលលោក​​ចាប់ផ្តើមដំណើរការឡើងវិញ​បណ្តើរៗ ប៉ុន្តែ​វិស័យទេសចរណ៍​នៅមិនទាន់ងើបមុខរួចទេ។ ថ្វីដ្បិតតែ​ដើមទុនរយៈពេលខ្លីបានត្រលប់ចូលទៅក្នុងតំបន់វិញហើយក្តី ការវិនិយោគក្នុងស្រុកនិងពីបរទេសនៅតែ​ជួបឧបសគ្គនៅឡើយដោយសារតែ​ស្ថានភាពមិនប្រាកដប្រជាលើពិភពលោក។ បណ្តារដ្ឋាភិបាលដែល​ខ្សត់ខ្សោយហិរញ្ញវត្ថុ​ អាច​ធ្វើ​អន្តរាគមន៍ជំរុញសេដ្ឋកិច្ចបាន​ក្នុង​កម្រិត​តូចប៉ណ្ណោះ។

នៅក្នុងឆ្នាំ​២០២០ សេដ្ឋកិច្ចទូទាំងតំបន់​ត្រូវ​បាន​រំពឹងទុកថា​នឹង​លូតលាស់បានត្រឹមតែ ០,៩ភាគរយទេ ដែលជាអត្រាមួយ​ដ៏ទាបបំផុត​តាំងពីឆ្នាំ១៩៦៧ មក។ ខណៈដែលប្រទេសចិនត្រូវបានព្យាករទុកថា​នឹង​មានសេដ្ឋកិច្ចលូតលាស់​បាន​ ២ភាគរយក្នុងឆ្នាំនេះក្តី – នេះក៏ព្រោះតែមានការបង្កើនការចំណាយរបស់រដ្ឋាភិបាល ការនាំចេញច្រើន និងប្រទេសនេះ​អាច​ទប់ការឆ្លងឱ្យនៅកម្រិតទាបតាំងពីខែមីនា ប៉ុន្តែតម្រូវការក្នុងស្រុកបានធ្លាក់ចុះ – ផ្នែកដទៃទៀតនៃតំបន់​អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកត្រូវ​បាន​ព្យាករថា​នឹង​មាន​សេដ្ឋកិច្ចលូតលាស់បានត្រឹមដក​ ៣,៥ភាគរយ ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ២០២១ តំបន់នេះនឹងមាន​ពន្លឺក្តីសង្ឃឹមគ្រាន់បើជាងបច្ចុប្បន្ន ដោយពេលនោះ​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​បាន​រំពឹងថានឹង​កើនដល់ ៧,៩ភាគរយ បន្ទាប់មកទៀត ៥,១ភាគរយនៅក្នុងផ្នែកដទៃទៀតក្នុងតំបន់ បើយោងតាមការសន្មត​អំពី​ការបន្តរើបឡើងវិញ​និងអំពីប្រក្រតីភាពក្នុងសកម្មភាពសេដ្ឋកិច្ច​ធំៗមួយចំនួន ភ្ជាប់ជាមួយលទ្ធភាព​ដែល​នឹង​អាច​មាន​ថ្នាំវ៉ាក់សាំងចាក់ការពារ​ជំងឺនេះ។ ទោះជាយ៉ាងនេះក្តី សម្រាប់​រយៈពេលឆ្នាំទៅមុខ ទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករទុកថា​នៅតែបន្ត​នៅទាបជាងកម្រិត​ព្យាករនាមុនពេលមានការផ្ទុះមេរោគនេះ។ ទស្សនៈវិស័យដូចជាមិនសូវល្អសោះសម្រាប់​ប្រទេស​កោះមួយចំនួនមានហានិភ័យខ្ពស់​ក្នុងតំបន់ប៉ាស៊ីហ្វ៊ិក ដែលនៅទីនោះទិន្នផលសេដ្ឋកិច្ច​ត្រូវ​បាន​ព្យាករថានឹង​នៅមានប្រហែល​១០ភាគរយទាបជាង​កម្រិតមុនមានវិបត្តិ បាច់ពីពេលនេះរហូតដល់ពេញ​មួយ​ឆ្នាំ​២០២១​ ទៀត។

ភាពកន្ត្រាក់សេដ្ឋកិច្ចបង្កដោយ​ជំងឺកូវីដ-១៩ មិនគ្រាន់តែ​ទុកមនុស្សឱ្យនៅក្រទេ តែថែមទាំងបង្កើតវណ្ណៈ «អ្នកក្រីក្រថ្មី» មួយទៀតផងដែរ។ ចំនួនប្រជាជន​រស់​ក្នុងភាពក្រីក្រនៅក្នុងតំបន់នេះ​ត្រូវ​បាន​រំពឹងថានឹង​កើនឡើង ៣៨លាននាក់ថែមទៀត ក្នុងឆ្នាំ២០២០ – ក្នុងនោះមាន ៣៣លាននាក់ដែលប្រុងនឹង​ចាកផុតពីភាពក្រីក្រទៅហើយបើកុំតែមានការផ្ទុះជំងឺនេះ និង​ ៥លាននាក់ផ្សេងទៀតដែលធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រវិញដោយសារវិបត្តិកូវីដ-១៩ នេះបើគិតតាមបន្ទាត់ភាពក្រីក្រជាតម្លៃទឹកប្រាក់ ៥,៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ (2011 PPP)។  

ផលប៉ះទង្គិចរបស់ការរាលដាលជំងឺនេះទៅលើការ​ងារ​និង​លទ្ធភាពរកចំណូល មានវិសាលភាពធំធេង​និង​សាយភាយ​គ្រប់ទីកន្លែង។ រវាងខែមេសា​និង​ខែឧសភា​ឆ្នាំ​២០២០ សកម្មភាពលក់​របស់​ក្រុមហ៊ុននៅតាមប្រទេសមួយ​ចំនួនក្នុងតំបន់ មាន​កម្រិត​ ៣៨ ទៅ​ ៥៨ភាគរយ​ទាប​ជាង​កម្រិតនៃការលក់​ក្នុង​ចន្លោះពេលដូចគ្នា​កាលពីមួយឆ្នាំមុន។ ក្រុមហ៊ុនធំៗ​ហាក់ដូចជា​រើបសកម្មភាព​បានលឿនជាង​សហគ្រាសធុនតូចនិងមធ្យម ដែលតែង​ងាយ​រងគ្រោះដោយសារវិបត្តិហើយ​ថែមទាំង​ខ្វះសមត្ថភាព​បន្ស៊ាំខ្លួន​ទៅតាមបច្ចេកវិទ្យាឌីជីថលទៀត។ ទាំងនិយោជិតមានប្រាក់កម្រៃ​និង​អ្នកដែលធ្វើ​ការ​នៅ​តាម​អាជីវកម្មជាលក្ខណៈគ្រួសារ សុទ្ធតែមានការធ្លាក់ចុះចំណូលច្រើនគួរឱ្យកត់សម្គាល់។

បណ្តារដ្ឋាភិបាលនៅក្នុងតំបន់នេះបាន​សន្យាឧបត្ថម្ភទុនជាមធ្យមជិត ៥ភាគរយនៃផ.ស.ស ដើម្បី​បង្កើនសមត្ថភាពប្រព័ន្ធសុខាភិបាល ជួយ​ក្រុមគ្រួសារ​ដោះស្រាយបញ្ហាស្បៀង និង​ជួយ​ក្រុមហ៊ុនឱ្យរួចផុតពីការក្ស័យធន។ ទោះបីជា​យ៉ាងនេះក្តី ប្រទេសមួយចំនួន​នៅ​ជួបការលំបាកក្នុងការ​ពង្រីកកម្មវិធី​គាំពារសង្គម​របស់ខ្លួនដែលមានលក្ខណៈតូចចង្អៀត ដែលពីមុនមកគេធ្លាប់តែចំណាយទៅលើមិនដល់ ១ភាគរយ នៃផ.ស.ស ផង។ ថ្វីដ្បិតតែមានការបង្កើតការចំណាយក៏ដោយ ក៏របាយការណ៍នេះបាន​រកឃើញថា​ នៅ​តាម​ប្រទេសខ្លះ ជំនួយនេះ​បានទៅដល់មិនបានមួយភាគបួនផងនៃចំនួនគ្រួសារ​ដែល​ចំណូលធ្លាក់ចុះពី ១០ទៅ២០ភាគរយ ក្នុងចំណោមក្រុមហ៊ុន​ដែល​រាយការណ៍ឱ្យដឹងថា​បាន​ទទួលជំនួយ​ចាប់​តាំងពីពេលជំងឺនេះចាប់ផ្តើមផ្ទុះរាលដាលមកម្ល៉េះ។  

យោង​តាម​ការ​វិភាគ​នៅ​ក្នុង​របាយការណ៍នេះ ការបិទសាលារៀនដោយសារកូវីដ-១៩ អាចនឹងធ្វើ​ឱ្យខាតបង់​ការសិក្សារៀនសូត្រចំនួន ០,៧ឆ្នាំ នៅតាម​ប្រទេស​ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក។ ជាលទ្ធផល សិស្សម្នាក់ៗនៅក្នុង​តំបន់​ត្រូវ​បាន​រំពឹងថា​នឹង​អាច​ខាតចំណូលជាមធ្យម ៤ភាគរយក្នុងមួយឆ្នាំ​ នៃអាយុកាលប្រកបការងាររបស់ពួកគេ។

ជំងឺកូវីដ-១៩ នឹង​បន្សល់ទុកឥទ្ធិពលអវិជ្ជមាន​ជារៀងរហូតទៅលើ​កំណើន​បែបបរិយាប័ន្នក្នុងរយៈពេលយូរអង្វែង ដោយវា​ប៉ះទង្គិច​លើ​ការ​វិនិយោគ, មូលធនមនុស្ស, និង​ផលិតភាព។ បំណុល​សាធារណៈនិងឯកជន រួមដោយតារាងសមតុល្យធនាគារធា្លក់ក្នុងស្ថានភាពអាក្រក់​និង​ភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗផង ទំនងជានឹង​បង្កឧបសគ្គដល់​ការ​វិនិយោគ​ និង​ហានិភ័យមួយដល់​ស្ថេរភាពសេដ្ឋកិច្ច​ផង​ដែរ។ ការឈឺថ្កាត់, ភាពអកម្ម និង​ការ​បិទសាលារៀន អាច​បណ្តាលឱ្យ​​មូលធនមនុស្ស​រេចរឹលខូចគុណភាព និង​បាត់​បង់ចំណូល ដែល​ជា​ស្ថានភាពមួយ​អាចនៅបន្តមានអស់មួយ​អាយុកាលមនុស្ស។ ការបិទក្រុមហ៊ុន​និង​ការ​បន្ទុចបង្អាក់ក្នុងទំនាក់ទំនងរវាងក្រុមហ៊ុននិង​កម្មករ អាច​ជះផល​មិន​ល្អទៅលើ​ផលិតភាព ដោយ​វា​ធ្វើ​ឱ្យ​បាត់​បង់នូវសម្បត្តិអរូបិយដ៏មានតម្លៃ។ ការរអាក់រអួល​នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ខ្សែច្រវាក់តម្លៃសាកល ក៏អាចជះផលអាក្រក់ទៅលើផលិតភាពដែរ ដោយ​ធ្វើ​ឱ្យ​ការ​បែងចែង​មិន​មាន​ប្រសិទ្ធភាព​នូវ​ធន​ធាន​ទៅតាម​វិស័យ​និង​ក្រុម​ហ៊ុន​ និង​ធ្វើ​ឱ្យរាំងស្ទះដល់ការបញ្ជ្រាបបច្ចេកវិទ្យាទៅក្នុងធុរកិច្ច​ផង​ដែរ។

ប្រសិន​បើ​គ្មានដំណោះស្រាយព្យាបាលទេ វិបាក​នៃការ​រាល​ដាលរបស់​ជំងឺនេះ​អាច​នឹង​កាត់​បន្ថយកំណើន​​​សេដ្ឋកិច្ច​ក្នុង​តំបន់ ១ភាគរយ ក្នុងមួយ​ឆ្នាំសម្រាប់​មួយទសវត្សរ៍ខាងមុខ។ ជនក្រីក្រនឹង​កាន់តែក្រីក្រ​ក្នុង​វិសមាមាត្រ​កាន់តែធំ ដោយសារ​មិនអាចរកបានសេវាថែទាំសុខភាព, ការ​អប់រំ, ការ​ងារ និង​ហិរញ្ញវត្ថុ។

អនុសាសន៍សំខាន់ៗ

ជម្រើសផ្នែកគោលនយោបាយ​សម្រាប់​បិទខ្ទប់ការរាលដាលជំងឺ និង​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ដែលដាក់ចេញនាពេល​នេះ នឹងស្តែងឱ្យឃើញប្រសិទ្ធភាពរបស់ខ្លួនតាម​រយៈថាតើ​វា​មាន​ឥទ្ធិពលកម្រិតណាទៅលើ​ការ​ស្តារសេដ្ឋកិច្ច​ឱ្យងើបឡើងវិញនិង​ទៅលើ​កំណើន​សេដ្ឋកិច្ច​នាពេលអនាគត។ បណ្តារដ្ឋាភិបាល​កំពុងប្រឈមស្ថានភាពលំបាកមួយ​ដែលត្រូវ​ខាតបង់អ្វីម៉្យាងដើម្បីបានអ្វីមួយមកវិញ។ ការចំណាយកាន់តែច្រើន​សន្ធឹកសន្ធាប់ទៅលើ​អន្តរាគមន៍សង្គ្រោះ​ ឬទៅ​លើ​ផ្នែកទទួលទានដើម្បីទ្រទ្រង់ជំរុញសេដ្ឋកិច្ច អាច​បណ្តាលឱ្យរដ្ឋាភិបាល​ដែលជាប់បំណុល​កាន់​តែលែងសូវមានសមត្ថភាព​វិនិយោគទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​និងកំណើន​សេដ្ឋកិច្ច​ ទៀត។ ម៉្យាងទៀត វិធីថាតើ​រដ្ឋា​ភិបាល​នឹង​បែងចែក​បន្ទុក​បំណុលសាធារណៈទៅឱ្យបុគ្គលនីមួយៗក្នុងរយៈពេលណាមួយនោះ – ដូចជា​តាម​រយៈពន្ធដោយប្រយោល, ពន្ធលើចំណូល​និង​ប្រាក់ចំណេញ, អតិផរណា​ ឬ​ ការដាក់សម្ពាធ​ហិរញ្ញវត្ថុ – វានឹងមានសារៈសំខាន់ ទៅលើ​កំណើន​និង​ការបែងចែកកំណើននៅថ្ងៃមុខ។ វិបត្តិនេះ​បាន​បង្ហាញឱ្យឃើញថា ការ​ប្រកាន់យកទស្សនៈមួយមានលក្ខណៈឌីណាមិក អាចនឹងជួយ​បណ្តារដ្ឋាភិបាល​ក្នុងតំបន់ឱ្យ​​ធ្វើ​ជម្រើសពេលនេះតាមរបៀបមួយដែលនឹងមិននាំមកនូវការខាត់បង់ធ្ងន់ធ្ងរពេកនៅថ្ងៃក្រោយ នៅក្នុងវិស័យសំខាន់ចំនួន ៧ ដូចខាងក្រោមនេះ៖   

  • ការកសាងសមត្ថភាពសម្រាប់ការបិទខ្ទប់កាន់តែ​វៃឆ្លាតជាងមុន – រួមទាំងការធ្វើតេស្ត,​ ការ​តាម​រកប្រភព, និង​ការ​ដាក់ឱ្យនៅដាច់ដោយឡែកផង – នឹងជួយខ្ទប់​ការផ្ទុះជំងឺ ដោយ​គ្រាន់​តែ​ចាត់វិធានការលើគោលដៅជាក់លាក់ហើយ​មិន​បង្ក​ភាពរអាក់រអួលខ្លាំងដល់​សកម្មភាព​សេដ្ឋកិច្ច។ ទន្ទឹមគ្នានោះ ការសហការអន្តរជាតិ​ដើម្បីជំរុញ​ដល់​ការ​បង្កើត​ថ្នាំវ៉ាក់សាំង​និង​ត្រៀម​រៀបចំបែងចែកវា​ឱ្យ​បាន​ស័ក្តិសិទ្ធនិង​ត្រឹម​ត្រូវ​យុត្តិធម៌ នឹងរួមចំណែក​ធ្វើ​ឱ្យ​មាន​ស្ថេរភាពសង្គម និង​សម្រួល​ដល់​ការ​រើបឡើងវិញ​របស់​សេដ្ឋកិច្ច។
  • ការផ្តើមធ្វើកំណែទម្រង់សារពើពន្ធ​អាច​បង្កលទ្ធភាពដល់ការចំណាយច្រើនបន្តិចទៀតទៅលើកិច្ច​អន្តរាគមន៍​សង្គ្រោះបន្ទាន់ ដោយ​មិននាំឱ្យមានការខាតបង់ដល់ផ្នែកវិនិយោគសាធារណៈ។ ឱនភាពសារពើពន្ធដ៏ធំនៅ​ក្នុង​តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ត្រូវ​បាន​ព្យាករថា​នឹង​ធ្វើ​ឱ្យ​បំណុលរដ្ឋាភិបាល​កើន​ជាមធ្យម ៧ភាគរយនៃផ.ស.ស ក្នុង​ឆ្នាំ២០២០។ បំណុលឯកជនដែលមានខ្ពស់ស្រាប់ហើយកំពុងតែកើនឡើងថែមទៀត អាច​បង្ក​ហានិភ័យ​បែបប្រយោលបន្ថែមមួយទៀតសម្រាប់​ស្ថានភាពហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល។ ការរើបឡើងវិញនៃសេដ្ឋកិច្ច​អាច​នឹង​មានលក្ខណៈកាន់តែបរិយាប័ន្ន​និង​ចីរភាព ប្រសិនបើ​មូលដ្ឋានពន្ធ​ត្រូវ​បាន​ពង្រីក​បន្ថែម អមដោយការយកពន្ធកើនតាមប្រាក់ចំណូលនិងប្រាក់ចំណេញផង និង​ការកាត់​បន្ថយការចាយវាយ​ខ្ជះខ្ជាយលើការឧបត្ថម្ភទុនទៅ​លើផ្នែកថាមពល ដែលករណីខ្លះមានជាង ២ភាគរយនៃផ.ស.ស។
  • បណ្តារដ្ឋាភិបាលក្នុង​តំបន់ចាំបាច់ត្រូវរក្សា​ឱ្យបានកេរ្តិ៍ឈ្មោះដែលខ្លួនធ្លាប់រកបានយ៉ាងលំបាក​ក្នុង​នាមជា​ប្រទេស​មាន​ការ​ប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុ នៅពេលដែលត្រូវប្រឈម​នឹងតម្រូវការហិរញ្ញវត្ថុកាន់តែច្រើនឡើង។ ថ្វីដ្បិតតែរដ្ឋាភិបាលក្នុងតំបន់​មានឱនភាពហិរញ្ញវត្ថុមួយភាគធំតែតាមរយៈការខ្ចីបុលក្នុងស្រុកក៏ដោយ បំណុលមួយចំនួនក៏បានបណ្តាល​ឱ្យធនាគារកណ្តាលត្រូវចំណាយលើកការ​ទិញសញ្ញាបណ្ណជាតិដែរ។ ការ​ពឹងផ្អែក​ខ្លាំងពេកទៅលើ​ប្រព័ន្ធធនាគារ​ធ្វើ​ជា​បំពង់ខ្យល់ជំនួយ​បន្ថែម​ ក៏អាច​បណ្តាលឱ្យមានហានិភ័យដែរ។ ខណៈដែលគោលនយោបាយទាំងនេះ​អាច​ជាភាពចាំបាច់នាពេលបច្ចុប្បន្ន ការប្តេជ្ញាចិត្តគួរឱ្យជឿជាក់បានណាមួយចំពោះ​តម្លាភាព និង​ការស្តារ​ឡើងវិញឱ្យបានឆាប់រហ័សនូវវិន័យផ្នែកហិរញ្ញវត្ថុ អាច​នឹង​ជួយ​សម្រាល​ហានិភ័យបង្កអស្ថេរភាពបាន។
  • កិច្ចគាំពារសង្គមមានតួនាទីបីយ៉ាង៖ មួយ ក្នុងការ​សម្រាលផលប៉ះពាល់​របស់វិបត្តិ, ពីរ ជួយ​កម្មករឱ្យចូលទៅរកការងារវិញនៅពេលដែលសេដ្ឋកិច្ច​តាមប្រទេសរើបឡើងវិញបណ្តើរៗ, និង​បី ទប់ស្កាត់​ផលអាក្រក់​យូរអង្វែងទៅលើ​មូលធនមនុស្ស។ ការពង្រីកកិច្ចគាំពារសង្គមទៅគ្របដណ្តប់​លើជនក្រីក្រ​ទាំងថ្មីទាំងចាស់ អមដោយ​ការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់​ផ្តល់សេវារបស់​វា​ផង អាច​នឹង​ធានា​បាន​ថាជំនួយ​នឹង​ទៅ​ដល់​ប្រជាជនពិតៗនៅពេលណាដែលគេត្រូវការវា។
  • ការរៀបចំយុទ្ធសាស្ត្រសម្រាប់​ការបង្រៀន​តាមវិធី​វៃឆ្លាត ដើម្បីការពារ​សិស្ស, បុគ្គលិកសិក្សា, គ្រូបង្រៀន​និង​គ្រួសារ​របស់​គេ - ពិធីការពាក់ព័ន្ធសុខភាពអនាម័យ, ទម្លាប់​រក្សាគម្លាតពីគ្នា, ការចូលរៀនឡើងវិញ - សុទ្ធ​តែ​ជា​វិធីដែល​អាចទប់ស្កាត់ការខាតបង់យូរអង្វែងនូវមូលធនមនុស្ស ជា​ពិសេស​ក្នុង​ចំណោម​គ្រួសារ​ក្រីក្រ។
  • ការជួយ​​ដល់​ក្រុមហ៊ុន គឺ​ជា​ការចាំបាច់​ដើម្បីបញ្ចៀសការក្ស័យធន និង​ភាពអកម្ម។ រាល់ជំនួយ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឱ្យ​ឈរមូលដ្ឋានលើ​លក្ខខណ្ឌវិនិច្ឆ័យ​បែបសត្យានុម័ត​តាមតែអាចធ្វើទៅបាន ដែលមិនគ្រាន់តែឆ្លុះបញ្ចាំងពី​ផលការងារ​កន្លងមកឬស្ថានភាពលំបាកនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែត្រូវ​បង្ហាញឱ្យឃើញនូវសក្តា​នុពលរបស់ក្រុមហ៊ុនថា​អាច​នឹង​ប្រឹងលូតលាស់បាននៅពេលអនាគតផងដែរ។ ដើម្បីចៀសវាង​ការ ​បន្លាយពេលផ្តល់ជំនួយ​យូរដោយមិនចាំបាច់ បណ្តារដ្ឋាភិបាលអាចបញ្ចប់វាជាដំណាក់កាលៗ ដោយភ្ជាប់​វា​ទៅនឹង​សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​បង្ហាញការរីកចម្រើននៅក្នុងដំណើរការរើបឡើងវិញ។
  • បណ្តាប្រទេសក្នុងតំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិក ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ពាណិជ្ជកម្ម​ឱ្យកាន់តែ​ស៊ីជម្រៅ​ថែមទៀត ជាពិសេសក្នុងវិស័យសេវាកម្មដែលស្ថិតនៅក្រោម​ការ​ការពារ​មាំទាំនៅឡើយ – មានដូចជា​ផ្នែកហិរញ្ញវត្ថុ, ដឹកជញ្ជូន និង​ទូរគមនាគមន៍ ជាដើម – ដើម្បី​បង្កើន​លទ្ធភាព​ផលិតរបស់ក្រុមហ៊ុន, បញ្ចៀស​សម្ពាធ​ដើម្បីការពារ​វិស័យដទៃទៀត, និង​ដើម្បី​បំពាក់ដល់មនុស្សនូវសមត្ថភាពសម្រាប់​យកប្រៀបពី​ឱកាសឌីជីថល ដែលកំពុងមានសម្ទុះកាន់តែលឿនខ្លាំងឡើង​ចាប់តាំងពីពេលផ្ទុះការរាលដាលជំងឺនេះ។




Welcome