សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករទុកថានឹងមានកំណើន៥,៤% នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និង ឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានាដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។ នេះបើយោងទៅតាម របាយការណ៍ចុងក្រោយ ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ចេញផ្សាយដោយ ធនាគារពិភពលោក។ នៅក្នុងឆ្នាំនេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀត។ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយក្រោមចំណងជើងថា Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោកនិយាយថា ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នៅក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៥,២%។
បើទុកជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលដែលពិបានទុកចិត្តបាន នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។ នៅក្នុងរយៈពេលមធ្យម វិបត្តិខាងក្រៅដែលមានក្នុងពេលតែមួយរួមបញ្ចូល ការរាតត្បាតជំងឺជាសកល, សង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និងអត្រាខ្ពស់របស់ការប្រាក់លើទីផ្សារអន្តរជាតិ ត្រូវបានរំពឹងថានឹងនៅតែបន្តធ្វើជាឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។
ទិន្នន័យថ្មីបំផុត: 22 វិច្ឆិកា 2023