Skip to Main Navigation
សុន្ទរថា និងសំរងអត្ថបទ7 ធ្នូ 2022

បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា សុន្ទរកថាបើក ម៉ារីយ៉ាម ស្ហឺរមែន នាយិកាការិយាល័យធនាគារពិភពលោកប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងឡាវ

ឯកឧត្តម លោកជំទាវ លោក និង​លោកស្រី!

សូមស្វាគមន៍មកកាន់ពិធីសម្ពោធ​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ​ខែធ្នូ ឆ្នាំ២០២២ - ក្រោមចំណងជើងថា៖ ពុះពារឧបសគ្គនានានៃសេដ្ឋកិច្ចលើពិភពលោក។ ខ្ញុំឈ្មោះ ម៉ារៀម ស័រមែន នាយិកាការិយាល័យ​ធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ខ្ញុំមានក្តីរីករាយណាស់​ដែលបានជួបអ្នកទាំងអស់គ្នានៅថ្ងៃនេះ។  

 

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ជាផ្នែកដ៏សំខាន់​មួយនៃសេវាកម្មប្រឹក្សា និងការងារវិភាគរបស់យើង។ វាចេញផ្សាយពីរដងក្នុងមួយឆ្នាំ ហើយថ្ងៃនេះគឺជាការបោះពុម្ពផ្សាយ​លើកទី១៩របស់យើង។ របាយការណ៍នេះវិភាគលើការវិវត្ត​នៃម៉ាក្រូសេដ្ឋកិច្ចកម្ពុជា​នាពេលថ្មីៗនេះ ហើយពិភាក្សាអំពីទស្សនវិស័យសេដ្ឋកិច្ច ហានិភ័យ និងជម្រើសគោលនយោបាយសម្រាប់រក្សា​កំណើនសេដ្ឋ​កិច្ច​ និងការកាត់បន្ថយភាពក្រីក្រ។ នៅក្នុង​ការបោះពុម្ពផ្សាយរាល់លើក របាយការណ៍នេះ​មានអមដោយ ផ្នែកផ្តោតពិសេស ហើយលើក​នេះ​ប្រធានបទ​គឺផ្តោតលើ “ភាពក្រីក្រ និងឥទ្ធិពលសាយភាពរបស់​​អតិផរណានៅកម្ពុជា”

 

តាមរយៈបទបង្ហាញនៅពេលបន្តិចទៀតនេះ អ្នក​​ទាំង​អស់គ្នា​​នឹង​បាន​ជ្រាប​ថា​ ចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២២ មក ការរើបឡើងវិញនៃសេដ្ឋកិច្ចមានសន្ទុះ​ស្វាហាប់ជាងមុន មួយផ្នែកដោយសារ​ភាពស្វិតស្វាញនៅតែបន្តមាន​នៅ​ក្នុង​ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង។ វិស័យសេវាកម្ម ជាពិសេសឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ក៏មានភាពប្រសើរឡើងផងដែរ ជាមួយនឹងការកើនឡើងជាលំដាប់នៃចំនួនមកដល់របស់​ភ្ញៀវអន្តរជាតិ ដែល​ជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” ដែលកម្ពុជា​បាន​ដាក់​ចេញ​កាលពីចុងឆ្នាំកន្លងទៅ។

ការព្យាករកំណើនផ.ស.សពិតរបស់កម្ពុជា ត្រូវបានកែសម្រួលឡើងលើ ដោយ​វា​នឹង​មាន​រហូតដល់ទៅ ៤,៨ភាគរយក្នុងឆ្នាំ២០២២ ផ្អែកលើការរំពឹងទុក​ថា​ការងើបឡើងវិញនៃសេដ្ឋកិច្ចនឹង​មានលក្ខណៈទូលំទូលាយជាងមុន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ច​ត្រូវបានព្យាករថា​នឹង​មាន​ត្រឹម ៥,២ភាគរយប៉ុណ្ណោះ (ថយពី ៥,៨ភាគរយ) ដោយសារតែសភាពការណ៍សកលលោកនៅមានភាព​អាប់អួរ។

ទន្ទឹមគ្នានេះ ហានិភ័យ​កំពុងលេចឡើង​កាន់តែច្រើន។ តាមការ​ព្យាករ សកម្មភាព​ពាណិជ្ជកម្មសកលនឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣។ វិស័យផលិតកម្មដែលផ្តោតលើការនាំចេញរបស់កម្ពុជា ងាយរងគ្រោះណាស់កាលណាស្ថានភាព​ថមថយសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ចេះតែអូសបន្លាយ​យូរ។ ស្រដៀងគ្នានេះដែរ ប្រសិន​បើ​វា​នៅតែ​បន្ត ការធ្លាក់ចុះសេដ្ឋកិច្ច​នៅប្រទេសចិន ដែលជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់កម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានមកលើ​ការវិនិយោគ និងលំហូរទុនចូលមកក្នុង​ប្រទេស។ សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំទីពីររបស់កម្ពុជា កំពុងប្រឈមហានិភ័យនៃការធ្លាក់ចុះយ៉ាងខ្លាំងរបស់សេដ្ឋកិច្ច​ ខណៈដែលតម្លៃថាមពល និងអតិផរណា មាន​កម្រិត​ខ្ពស់។ ប្រសិនបើថាមពលនៅរក្សា​តម្លៃខ្ពស់យូរ ភាពចុះដុនដាបនៃលក្ខខណ្ឌពាណិជ្ជកម្មនឹងធ្វើឱ្យខូចទំនុកចិត្តរបស់​អ្នកប្រើប្រាស់ និងលទ្ធ​ភាពរក​ប្រាក់ចំណេញរបស់​ក្រុម​ហ៊ុន។ កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងស្រុកនៅ​ក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យដ៏ធំ​ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។

 

ផ្លូវនៅខាងមុខ​​មានភាពមិនប្រាកដ​ប្រជាទេ​ ប៉ុន្តែ​កម្ពុជា​នៅ​តែ​អាចពុះពារវែកផ្លូវបោះជំហាន​ទៅ​មុខ​បាន។ ដើម្បីធានាបាននូវចីរភាពសារពើពន្ធ កត្តា​ចាំបាច់គឺ​​ត្រូវ​ស្តារ​មូលដ្ឋាន​សារពើពន្ធឡើងវិញនិងពង្រីកវាឱ្យធំជាងមុន។ ឆ្ពោះទៅគោលដៅនេះ សំខាន់​ត្រូវ​ចាប់ផ្តើមពង្រីកមូលដ្ឋានពន្ធ។ ជារឿង​សំខាន់​ណាស់​ដែលគេ​ត្រូវ​រក្សា​ការពារ​ស្ថិរភាពហិរញ្ញវត្ថុឱ្យ​បាន​។

ការពង្រឹងទំនុកចិត្តទីផ្សារក្នុងស្រុកនឹងជួយបាន​មួយផ្នែកដែរ សម្រាប់​​ប៉ះប៉ូវ​ដល់​ការ​បង់​ខាត​ដោយសារ​ការធ្លាក់ចុះនៃតម្រូវការនៅខាងក្រៅប្រទេស។ ឆ្ពោះទៅរកគោលដៅ​នេះ ចាំបាច់ត្រូវប្រឹង​ថែម​ទៀតដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស ឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ វាមានសារៈសំខាន់ដូចគ្នាក្នុងការដោះស្រាយឧបសគ្គនៅ​ខ្សែចង្វាក់​ផ្គត់ផ្គង់ រួមមានចំ​ណាយ​ថ្លៃដើម​ខ្ពស់​លើឡូហ្ស៊ិស្ទិក និងការដឹកជញ្ជូន ព្រម​ទាំងដោះស្រាយការរាំងស្ទះផ្នែកផ្គត់ផ្គង់តាម​រយៈការ​កាត់បន្ថយថ្លៃដើមនៃ​ថាមពល, ការចំណាយក្នុងការបង្កើត​អាជីវកម្ម និងការចំណាយលើអាជ្ញាបណ្ណ ជាពិសេសសម្រាប់វិស័យនាំចេញ ដើម្បីស្តារសមត្ថភាពប្រកួតប្រជែងនៅ​ខាងក្រៅប្រទេស​ ឡើងវិញ។

 

ផ្នែកផ្តោតពិសេសនៃរបាយការណ៍នេះ ដែលពិនិត្យមើលលើ​ស្ថាន​ភាពក្រីក្រ និងឥទ្ធិពលសាយភាព​របស់​អតិផរណា បាន​ចង្អុលទៅរក​ភាពចាំបាច់ត្រូវ​​ការពារជនក្រីក្រ និងក្រុម​ជនងាយរងគ្រោះ តាមរយៈការពង្រីក​កម្មវិធី​គាំពារសង្គម​បណ្តោះ​​អាសន្ន និង​ចំគោលដៅល្អ។ ក្នុងន័យ​នេះ យកល្អគួរតែ​ (i) បន្ត និងបង្កើនការជួយ​ដល់​ផ្នែក​ប្រាក់ចំណូលរបស់​ជនក្រីក្រ ដើម្បីបញ្ចៀសពួកគេពីការធ្លាក់ចុះ​ទៅក្នុងភាពក្រីក្រកាន់តែជ្រៅ និង (ii) ពង្រឹងសមត្ថភាព​របស់​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​​ឆ្លើយតបភ្លាម​ៗ​ទៅនឹង​សភាព​ការណ៍ឆក់​កន្ត្រាក់​ផ្នែក​សេដ្ឋកិច្ច​ ដែលមិន​អាច​ស្មាន​ទុក​មុន​បាន​​។

ភាព​ចាំបាច់មិនមែន​តែសម្រាប់​ការពារប្រាក់ចំណូលរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះពីផលប៉ះពាល់នៃការ​បាត់​ចំណូលភ្លាម​ៗ​ប៉ុណ្ណោះទេ ប៉ុន្តែអ្វី​ដែល​ចាំបាច់​ដែរ​នោះ​គឺ​ត្រូវ​​ការពារ​លទ្ធភាពរបស់​ពួក​គេ​ក្នុង​ការ​ទទួលបានសេវាមូលដ្ឋាន ដែលកសាង​​ធន​ធានមនុស្ស និងសក្តានុពលរបស់​ពួកគេក្នុង​ការ​រក​ប្រាក់ចំណូល នាពេលអនាគតផងដែរ។ ក្នុង​ន័យនេះ​ ការបន្តវិនិយោគលើសេវាសង្គម មានសារៈសំខាន់ខ្លាំង​ណាស់។

 

ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរចំពោះវត្តមានរបស់​អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​ថ្ងៃនេះ ដើម្បី​ចូល​រួម​សម្ពោធ​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ​ខែធ្នូ ឆ្នាំ២០២២។

ដើម្បីកុំឱ្យខាតពេលទៀត ខ្ញុំសូមអញ្ជើញ​ក្រុមការ​ងារ​របស់​ធនាគារពិភពលោក​ដែល​រៀបចំរបាយការណ៍នេះ ឡើង​មក​ធ្វើ​ការ​បក​ស្រាយ​លម្អិត។ ក្រុម​ការ​ងារ​នេះ​ដឹកនាំដោយលោក លី សូដេត និង Wendy Karamba ដោយមានលោក ប៊ូ សារឿន តុង គឹមស៊ុន និង លោកស្រី ហេង សៀកហៀង ជួយជ្រោមជ្រែង ក្រោម​ការ​ណែនាំ​ផ្ទាល់​របស់​លោកស្រី ម៉ារៀម សាលីម និង​ លោក Sebastian Eckardt។

សូមអរគុណ!

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image