សូមគោរព ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី និងសហការី ជាទីរាប់អាន!
អរុណសួស្តី!
ជាបឋម ខ្ញុំសូមអនុញ្ញាតសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់គ្នា — មានតំណាងរបស់រាជរដ្ឋាភិបាល សង្គមស៊ីវិល ផ្នែកេកជន វិស័យអប់រំសិក្សា និងប្រព័ន្ធផ្សព្វផ្សាយ — នៅក្នុងពិធីសម្ពោធថ្ងៃនេះនូវរបាយការណ៍ថ្មីមួយទៀតរបស់ធនាគារពិភពលោក ដែលមានឈ្មោះថា «អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ»។ យើងខ្ញុំមានសេចក្តីរីករាយណាស់ ដោយមានវត្តមានរបស់ភ្ញៀវទាំងអស់នៅទីនេះ ក្នុងនោះមានតំណាងមកពីក្រសួងនិងវិស័យនានា ដែលជាសក្ខីភាពបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃរបៀបវារៈមុខរបរការងារនៅក្នុងប្រទេសកម្ពុជា។
រឿងរ៉ាវជុំវិញវិស័យការងារក្នុងប្រទេសកម្ពុជា គឺជាជំពូកដ៏សំខាន់មួយនៅក្នុងដំណើរ ជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកធ្វើគោលនយោបាយ និងសេដ្ឋវិទូនៅកម្ពុជា និងនៅកន្លែងផ្សេងទៀត ទទួលស្គាល់សមិទ្ធផលទាំងឡាយដែលកម្ពុជាសម្រេចបាន ជាពិសេស ការសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបមធ្យម៧ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍មកនេះ ដែលធ្វើឱ្យអត្រានៃភាពក្រីក្រធ្លាក់ចុះជាប្រចាំ ប៉ុន្តែគេមិនត្រូវមើលរំលងទេថា ការងារគឺជាយន្តការមួយដែលមនុស្សម្នាក់ៗ មើលឃើញអត្ថប្រយោជន៍របស់វឌ្ឍនភាពនេះ។ ប្រជាជនទទួលបានផលច្រើន នៅពេលណាដែលពួកគេសំបូរឱកាសការងារធ្វើ មានប្រាក់ថ្លៃឈ្នួលនិងចំណូលកើនឡើង ហើយគុណភាពការងាររបស់ពួកគេកាន់តែប្រសើរ។
ពលរដ្ឋកម្ពុជាជាអ្នកប្រឹងប្រែងធ្វើការងារណាស់។ កម្ពុជាមានការងារប្រមាណជា ៨លានការងារ ដែលក្នុងនោះ ៨០ភាគរយ ជាមនុស្សពេញវ័យ។ ក្រោយពេលដែលកម្ពុជាចាប់យកយុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ ដែលបើកចំហកាន់តែទូលាយសម្រាប់ទីផ្សារអន្តរជាតិ និងការវិនិយោគបរទេស វិស័យឯកជន — និងជាពិសេស ឧស្សាហកម្មនាំចេញ — បានពង្រីកផលិតកម្មរបស់ខ្លួន និងចំនួនឱកាសប្រកបដោយគុណភាពសម្រាប់ពលករកម្ពុជាផងដែរ។ រវាងឆ្នាំ២០១០ និងឆ្នាំ២០១៥ ចំនួនការងារមានប្រាក់ឈ្នួលបានកើនជិត១២ភាគរយក្នុងមួយឆ្នាំ ដែលក្នុងនោះចំនួនមួយភាគបីជាការងារមានប្រាក់ឈ្នួលក្នុងក្រុមហ៊ុនកាន់កាប់ដោយជនបរទេស។
យ៉ាងណាក៏ដោយ ទន្ទឹមនឹងជោគជ័យដែលគំរូអភិវឌ្ឍន៍របស់កម្ពុជាសម្រេចបាននៅក្នុងការផ្តល់ការងារបានកាន់តែច្រើននិងកាន់តែល្អ — ហើយមិនបាច់សង្ស័យទេថាពិតជាមានជោគជ័យពិតមែន — ឥឡូវនេះដល់ពេលដែលត្រូវធ្វើការឆ្លុះបញ្ចាំងមើលថាត្រូវធ្វើដូចម្តេចទៀតដើម្បីរក្សានិរន្តរភាពរបស់សមិទ្ធផលនេះ ឱ្យបានវែងឆ្ងាយទៅមុខទៀត។ សេដ្ឋកិច្ចពិភពលោកកំពុងតែមានការប្រែប្រួល កាន់តែខ្វះភាពប្រាកដប្រជា ហើយជាមួយគ្នានេះ និន្នាការគ្រាក់ៗជាច្រើន — មានជាអាទ៌ ការកើនឡើងនូវចំនួនវណ្ណៈអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ី និងដំណើរងាកទិសរបស់លំនាំធ្វើពាណិជ្ជកម្មឆ្ពោះទៅរកស្វ័យប្រវត្តិកម្មនិងបដិវត្តន៍ឧស្សាហកម្ម៤.០ — នឹងធ្វើឱ្យប្រែប្រួលផងដែរនូវរបៀបដែលកម្លាំងទីផ្សារសាកល មានឥទ្ធិពលតម្រង់ទិសការងារនៅកម្ពុជា នាពេលអនាគត។
រាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ណាស់អំពីសារៈសំខាន់របស់គោលនយោបាយ ដែលចាំបាច់សម្រាប់បញ្ចេញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាឱ្យអស់លទ្ធភាព ពីព្រោះគោលដៅនេះមានភាពស្របគ្នាល្អណាស់ជាមួយនិងគោលដៅទាំងឡាយ ដែលត្រូវបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។
នៅធនាគារពិភពលោក យើងចូលរួមចែករំលែកជាមួយចក្ខុវិស័យការងារនេះ ដែលបន្ស៊ីគ្នាជាមួយនឹងការសង្កត់ធ្ងន់ ដែលបានយើងដាក់ទៅលើការលើកស្ទួយការអភិវឌ្ឍមនុស្ស និងជំរុញកំណើនវិស័យឯកជន នៅក្នុងឯកសារ «ក្របខណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣» របស់យើង។
ដោយពិចារណាចក្ខុវិស័យរួមនេះសម្រាប់អនាគត ដែលនឹងផ្តល់ការងារកាន់តែច្រើន កាន់តែល្អ និងកាន់តែបរិយាប័ន្នដល់ពលករកម្ពុជា ធនាគារពិភពលោកមានកិត្តិយសដោយទទួលបានការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការរៀបចំផលិតរបាយការណ៍នេះ ក្រោមចំណងជើងថា «អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ»។ ការសិក្សាមួយនេះគឺជាលើកដំំបូងហើយ ដោយវាបានគូសចេញជារូបភាពគ្រប់ជ្រុងជ្រោយមួយស្តីពីអេកូឡូស៊ីការងារនៅកម្ពុជា តាមរយៈការផ្គុំចូលគ្នានូវជំនាញ និងទស្សនវិស័យអំពីការងារពីសំណាក់អ្នកឯកទេសពហុវិញ្ញសា៖ មានខាងភាពក្រីក្រ, ម៉ាក្រូសេដ្ឋកិច្ច, ការអភិវឌ្ឍវិស័យឯកជន, ឧស្សាហកម្ម, ពាណិជ្ជកម្ម, ជំនាញ, និង ពលកម្ម។ ក្រុមសេដ្ឋវិទូរបស់យើងបានធ្វើការប្រមូលនិងវិភាគទិន្នន័យ ស្រង់យកមេរៀនពីប្រទេសផ្សេងៗ ធ្វើការពិគ្រោះយោបល់ជាមួយផ្នែកសាធារណៈ ឯកជន និងសង្គមស៊ីវិលនៅប្រទេសកម្ពុជា ហើយសង្ខេបរបកគំហើញនិងសំណើអនុសាសន៍មកដាក់នៅក្នុងរបាយការណ៍នេះ ដែលអ្នកចូលរួមទាំងគ្នាបានឃើញស្រាប់នៅថ្ងៃនេះ។
នៅក្នុងការរៀបចំតាក់តែងរបាយការណ៍នេះ បេសកកម្មគន្លឹះរបស់យើងគឺនៅក្នុងការកំណត់អត្តសញ្ញាណគោលនយោបាយណាដែលអាចមានឥទ្ធិពល អាចធ្វើបាន មាននិរន្តរភាព ហើយអាចវាស់ស្ទង់សមិទ្ធផលបាន ដែលនឹងជួយនិងត្រៀមលក្ខណៈពលករកម្ពុជាសម្រាប់ឈានទៅទាញយកផលពីកម្លាំងសេដ្ឋកិច្ ដែលនឹងតម្រង់ទិសសេដ្ឋកិច្ចរបស់ប្រទេសនាពេលអនាគត។ គោលនយោបាយតាមវិស័យជាក់លាក់ និងតាមបែបសេដ្ឋកិច្ចទូលំទូលាយ ដែលមានរៀបរាប់ពិស្តារនៅក្នុងរបាយការណ៍នេះ អាចផ្គុំចូលគ្នាធ្វើជាយុទ្ធសាស្ត្របួនមុខព្រួញស្របគ្នា ដូចខាងក្រោមនេះ៖
- ទីមួយ កម្ពុជាគួរធ្វើពិពិធកម្មវិស័យនាំចេញរបស់ខ្លួន ហើយបោះជំហានចូលក្នុងសកម្មភាពសេដ្ឋកិច្ចទាំឡាយណាដែលមានតម្លៃបន្ថែមកាន់តែខ្ពស់នៅក្នុងខ្សែចង្វាក់តម្លៃ ដើម្បីបង្កើនឱកាសការងារមានគុណភាពសម្រាប់វិស័យនាំចេញ។
- ទីពីរ គុណភាពការងារនៅក្នុងក្រុមហ៊ុនគ្រប់គ្រងដោយអ្នកក្នុងស្រុក រាប់ទាំងអាជីវកម្មតាមគ្រួសារផង ត្រូវតែមានការកែលម្អឱ្យបានប្រសើរឡើងថែមទៀត។ វិស័យឯកជនចាំបាច់ត្រូវមានការគាំទ្រដើម្បីបង្កើតបផលិតភាពសហគ្រាសរបស់ខ្លួន និងដើម្បីជួយឱ្យអាជីវកម្មធុនតុចនិងមធ្យមអាចលូតលាស់និងបង្កើតការងារបានកាន់តែច្រើន។
- ទីបី ត្រូវពង្រឹងថែមទៀតនូវតំណភ្ជាប់រវាងក្រុមហ៊ុនគ្រប់គ្រងដោយជនបរទេស និងក្រុមហ៊ុនគ្រប់គ្រងដោយជនក្នុងស្រុក ដើម្បីជួយវិស័យនីមួយៗឱ្យទទួលបានផលពីការលូតលាស់ និងការរីកចម្រើនរបស់ផងគ្នា។
- ទីបួន កម្ពុជាត្រូវវិនិយោគទៅលើពលកររបស់ខ្លួន និងជំនាញរបស់ពលករ។ ការកែលម្អជំនាញរបស់ពលករឱ្យប្រសើរឡើងនឹងទាក់ទាញការវិនិយោគបរទេស និងបង្កើនផលិតភាពរបស់ពលកម្ម បានថែមទៀត។ វាមិនគ្រាន់តែនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើនផលចំណេញសេដ្ឋកិច្ចដែលនឹងធ្លាក់ទៅដល់ដៃរបស់ពលករកម្ពុជា ផងដែរ។
ថ្វីបើកម្ពុជាសម្រេចបានវឌ្ឍនភាពក្នុងផ្នែកអប់រំបណ្តុះបណ្តាលកម្លាំងពលកម្ម របស់ខ្លួនក៏ពិតមែន ការងារនៅកម្ពុជាកំពុងតែក្លាយជាការងារបែបអតិពលកម្មកាន់តែខ្លាំងឡើងៗ ហើយនិងកំពុងតែតម្រូវឱ្យមានល្បាយចម្រុះគ្នារវាងជំនាញរឹង និងជំនាញទន់។ ប្រការនេះនឹងតម្រូវឱ្យប្រព័ន្ធអប់រំត្រូវអភិវឌ្ឍនិងផ្តល់នូវកម្រងជំនាញមួយមានភាពចម្រុះស្របតាមតម្រូវការរបស់ទីផ្សារ ក្នុងនោះរួមមានជំនាញផ្នែកកម្រិតយល់ដឹង, ផ្នែកសង្គម-ផ្លូវចិត្ត, និងផ្នែកអក្ខរកម្មឌីជីថល។ អាស្រ័យហេតុនេះហើយ ខ្ញុំរីករាយណាស់ដោយឃើញថា អនុសាសន៍របស់របាយការណ៍នេះ ទាក់ទងនឹងយុទ្ធសាស្ត្រជំនាញ ត្រូវបានបំពេញបន្ថែមដោយរបកគំហើញនៃរបាយការណ៍មួយទៀតរបស់ធនាគារពិភពលោក គឺ របាយការណ៍អភិវឌ្ឍន៍ពិភពលោកឆ្នាំ២០១៨៖ បទពិសោធណ៍ឆ្ពោះទៅសម្រេចឱ្យបានការសន្យរបស់ការអប់រំ ដែលបានរំលេចអំពីយុទ្ធសាស្ត្រសម្រាប់បង្កើតប្រព័ន្ធ និងបរិស្ថាននានាដែលជួយដល់ការរៀនសូត្រ។
ឯកឧត្តម សហការី លោក និងលោកស្រី!
ដូចខ្ញុំបាននិយាយមុននេះ ភាពសំបូរបែប និងគុណភាពការងារនៅកម្ពុជាមានភាពប្រសើរឡើងបន្តិចម្តងៗហើយ។ ប៉ុន្តែ និន្នាការសាកល ដូចជាកំណើនវណ្ណៈអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ី, បម្រែបម្រួលនៃលំនាំធ្វើពាណិជ្ជកម្ម, និងស្វ័យប្រវត្តិកម្ម តម្រូវឱ្យកម្ពុជាគិតគូរឡើងវិញអំពីយុទ្ធសាស្ត្រការងាររបស់ខ្លួន នៅក្នុងពេលដែលប្រទេសនេះ កំពុងបោះជំហានទៅរកដំណាក់កាលមួយទៀតនៃការអភិវឌ្ឍដែលនាំមុខដោយការនាំចេញ។
ជាទីបញ្ចប់ ហើយក៏សំខាន់ផងដែរ ជោគជ័យនៃយុទ្ធសាស្ត្រការងាររបស់កម្ពុជានឹងអាស្រ័យលើការចូលរួម និងសហប្រតិបត្តិការពីសំណាក់ភាគីពាក់ព័ន្ធក្នុងគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនមែនអ្នកធ្វើគោលនយោបាយនិងថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែមានសហគ្រិន វិនិយោគិន ដៃគូអភិវឌ្ឍន៍ ហើយជាពិសេស គឺពលករខ្លួនឯងនេះតែម្តង។
យើងសង្ឃឹមថា ព្រឹត្តិការណ៍នៅថ្ងៃនេះអាចជំរុញឱ្យមានការសន្ទនាបែបស្ថាបនាផុសផុលថែមទៀតជុំវិញវិញ្ញាសាការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ហើយយើងសូមសង្ឃឹមទៀតថា របាយការណ៍នេះ នឹងជំរុញលើកទឹកចិត្តល់តួអង្គទាំងអស់ដែលមានការពាក់ព័ន្ធក្នុងការកំណត់ទិសសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យចូលរួមសហការគ្នាថ្ងៃនេះ ដើម្បីចាប់ផ្តើមចាក់គ្រឹះដែលនឹងធានាឱ្យមានជោគជ័យក្នុងវិស័យការងារនេះ នៅថ្ងៃអនាគត។
សូមអរគុណ!