Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន13 ធ្នូ 2024

របាយការណ៍ថ្មីរបស់ធនាគារពិភពលោកផ្តល់អនុសាសន៍ឱ្យធ្វើកំណែទម្រង់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤៖ សកម្មភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ២០២៤ ដោយសារតម្រូវការខាងក្រៅជួយជំរុញឱ្យការនាំចេញស្ទុះងើបឡើងវិញ បើទោះបីជាវិស័យផ្សេងៗមានដំណើរការមិនរលូនក៏ដោយ។

យោងតាមរបាយការណ៍របស់ធនាគារពិភពស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញឆ្ពោះទៅរកភាពធន់ “ការប្រែក្លាយទេសចរណ៍និងពាណិជ្ជកម្មឱ្យទៅជាកត្តាជំរុញ​កំណើន​សេដ្ឋកិច្ច” ដែលចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យ​ដឹងថា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,៣ភាគរយនៅឆ្នាំនេះ ពីអត្រាកំណើន ៥ភាគរយនៅឆ្នាំ២០២៣ ដែលត្រូវបានជំរុញភាគច្រើនដោយពាណិជ្ជកម្ម។ ការកើនឡើងផ្នែកនាំចេញកម្មន្តសាល ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរដូចជា វ៉ាលី កាបូបនិងកាបូបដៃ និងស្បែកជើង រួមជាមួយនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍និងការបន្តកើនឡើងការវិនិយោគទុនបរទេស បានជួយទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កម្ពុជាអាចបន្តជំរុញកំណើនថែមទៀតដោយការធ្វើពិពិធកម្មពាណិជ្ជកម្មនិងការបង្កើនផលិតភាពរបស់ខ្លួន។ ការវិនិយោគលើទុនមនុស្ស ពិសេសលើវិស័យអប់រំ និងការកែទម្រង់ស៊ីជំរៅដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនឹងអាចជាគន្លឹះមួយដើម្បីឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការបង្កើតការងារបន្ថែមនិងប្រកបដោយជំនាញ»។

ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​បន្ត​កើន​ឡើង​ដល់​កម្រិត​មុនកើតមានជំងឺរាត្បាត​កូវីដ-១៩។ ប៉ុន្តែការចំណាយរបស់ភ្ញៀវទេសចរនៅមានកម្រិតទាបជាងខ្លាំងធៀបនឹងការចំណាយកាលពីឆ្នាំ២០១៩ ដោយសារភ្ញៀវទេសចរដែលមកពីប្រទេសចំណាយខ្ពស់មានតិចជាងមុន។ ក្នុងពេលជាមួយគ្នានេះ ការថមថយតារាងតុល្យការរបស់ធនាគារ និងការកើនឡើងបំណុលគ្រួសារ បង្ហាញពីការធ្លាក់ចុះការប្រើប្រាស់ក្នុងស្រុក។

សូចនាករទាំងនេះបង្ហាញពីតម្រូវការឱ្យមានការបន្តការកែលម្អការគ្រប់គ្រងសារពើពន្ធជាមួយនឹងកំណែទម្រង់ផ្សេងៗ ដែលជំរុញការកៀរគរប្រាក់ចំណូលក្នុងស្រុកជាអាទិភាពកំពូលដើម្បីគាំទ្រដល់ការចំណាយសង្គមនិងការវិនិយោគសាធារណៈ។ របាយការណ៍ដដែលនេះក៏បានផ្តល់អនុសាសន៍ផងដែរអំពីការផ្លាស់ប្តូរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគំរូកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពជាងមុន តាមរយៈការធ្វើពិពិធកម្មការនាំចេញទំនិញរបស់ខ្លួន ជាពិសេសផលិតផលកម្មន្តសាល និងផលិតលកសិកម្មកែច្នៃ និងសេវាកម្ម ជាពិសេសសេវាកម្មធ្វើដំណើរនិងបដិសណ្ឋារកិច្ច ដើម្បីជៀសវាងការថមថយសេដ្ឋកិច្ច។

អត្ថបទផ្តោតពិសេសមួយទៀតរបស់ធនាគារពិភពលោក បង្ហាញពីរបៀបដែលប្រទេសកម្ពុជាបង្កើនផលិតភាពដើម្បីរក្សានិរន្តរភាពកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យរបស់ខ្ហួនក្នុងប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ អនុសាសន៍ទាំងនេះរួមមានទាំងការពន្លឿនការផ្លាស់ប្តូរដែលមានលក្ខណៈជា​ប្រព័ន្ធ ការលើកកម្ពស់ទំនើបភាវូបនីយកម្មនិងឌីជីថល និងការដោះស្រាយបញ្ហាប្រឈមបរិស្ថានសំខាន់ៗរបស់អាជីវកម្ម៕

សេចក្តីប្រកាសព័ត៌មាន​លេខ 2025/038/EAP

ទំនាក់ទំនង

នៅទីក្រុងវ៉ាស៊ីនតោន
Geetanjali Chopra
នៅរាជធានីភ្នំពេញ
លោក ប៊ូ សារឿន
(៨៥៥ ១២) ៤១៤ ០៨៨

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image