ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ — ក្របខ័ណ្ឌភាពជាដៃគូថ្មីប្រចាំប្រទេស (CPF) សម្រាប់កម្ពុជា ឆ្នាំ២០២៥-២០២៩ នឹងចូលរួមដោះស្រាយគោលដៅប្រទាក់ក្រឡាគ្នាចំនួនបី៖ ការកែលម្អសុខភាព និងការអប់រំឱ្យប្រសើរឡើង, ការលើកកម្ពស់ភាពប្រកួតប្រជែង និងការពង្រឹងភាពធន់នៃក្រុមគ្រួសារដែលងាយរងគ្រោះ។
ក្របខ័ណ្ឌថ្មីនេះបានពិភាក្សាដោយក្រុមធនាគារពិភពលោកកាលពីថ្ងៃអង្គារនេះ។ ផែនការសកម្មភាពយេនឌ័រដែលបានធ្វើបច្ចុប្បន្នភាពនឹងផ្តល់ជាមូលដ្ឋានសម្រាប់ដោះស្រាយគម្លាតយេនឌ័រក្នុងការឈានទៅការអប់រំមធ្យមសិក្សា និងលើកកម្ពស់ទិន្នន័យយេនឌ័រឱ្យកាន់តែប្រសើរឡើង។ ក្របខ័ណ្ឌថ្មីនេះក៏នឹងផ្តោតដែរទៅលើការកសាងគណនេយ្យភាពសម្រាប់បណ្តាគម្រោងផ្តល់សេវា ការពង្រឹងស្តង់ដាធានាការទុកចិត្តលើវិស័យសាធារណៈ, និងផ្តោតលើការបន្តការត្រួតពិនិត្យពីលើ និងផ្តល់ប្រឹក្សាអំពីយន្តការសម្រាប់ដោះស្រាយបណ្តឹងតវ៉ា/បណ្តឹងសាទុក្ខនានា ដែលអាចកើតមាន។
ឯកសារក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសនេះ បានគូសបញ្ជាក់អំពីបណ្តាអាទិភាពសម្រាប់កម្មវិធីនានារបស់ក្រុមធនាគារពិភពលោក សម្រាប់ជួយដល់កម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ក្របខ័ណ្ឌនេះត្រូវបានរៀបចំឡើងដោយផ្អែកលើឯកសារវិភាគអំពីបញ្ហាប្រឈមនានានៅក្នុងកិច្ចអភិវឌ្ឍន៍របស់ប្រទេស, យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើន។
លោកស្រី ម៉ារីយ៉ាម ស្ហ៊ឺមែន (Mariam Sherman) នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ឡាវ និងវៀតណាម មានប្រសាសន៍ថា៖ “ការផ្តោតជាគន្លឹះសម្រាប់ការចូលរួមរបស់យើងគឺការលើកកម្ពស់មូលធនមនុស្ស ជាពិសេសគឺការអប់រំជាមូលដ្ឋាន និងមូលដ្ឋានគ្រឹះនៃជំនាញ”។ លោកស្រីមានប្រសាសន៍ថែមទៀតថា៖ “កម្មវិធីថ្មីនេះក៏នឹង សង្កត់ធ្ងន់លើការកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញការវិនិយោគលើវិស័យសុខាភិបាល និងការអប់រំ, ជួយបង្កើតការងារ និងការការពារជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងគ្រោះ រួមទាំងការពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។”
ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ផ្នែកទាំងបីរបស់ក្រុមធនាគារពិភពលោក -- មានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងទីភ្នាក់ងារពហុភាគីធានាការវិនិយោគ (MIGA) -- នឹងបន្តជំរុញដល់ការវិនិយោគនៅកម្ពុជា និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រី Kim-See Lim នាយក IFC ប្រចាំតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “IFC និងក្រុមធនាគារពិភពលោកកំពុងតែជំរុញឱ្យមានការចូលរួមរបស់វិស័យឯកជននៅកម្ពុជា ឱ្យបានស្វាហាប់ និងប្រកបដោយការប្រកួតប្រជែង។” លោកស្រីមានប្រសាសន៍បន្ថែមថា៖ “យើងនឹងបន្តការគាំទ្ររបស់យើងដល់ការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ, ជំរុញដល់ការរៀបចំបង្កើតទីផ្សារហិរញ្ញប្បទានបៃតង, និងជួយកម្ពុជាក្នុងការទាក់ទាញទុនឯកជនសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាថាមពល និងការដឹកជញ្ជូន ជាពិសេសតាមរយៈភាពជាដៃគូសាធារណៈនិងឯកជន។”