Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន24 កញ្ញា 2024

គម្រោងថ្មីដែលគាំទ្រដោយធនាគារពិភពលោក នឹងជួយលើកកម្ពស់គុណភាពអប់រំដល់និស្សិតរាប់ពាន់នាក់នៅកម្ពុជា

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ — ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក នៅថ្ងៃនេះ ​បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក  សម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេក​វិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។

​គម្រោងដែលមាន​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ​នេះ​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ប្រាំបួន ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២ ០០០នាក់ ក្នុងនោះនិស្សិត​​នារី​ប្រហែល ១៣ ០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ដែល​រួមមាន ការអាប់ដេតកម្មវិធីសិក្សា, ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស, និងការធ្វើឌីជីថលកម្ម​នៃយន្ត​ការផ្តល់ការសិក្សា​អប់រំ។

គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ​ចាប់​​យក​ស្តង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ទាក់ទងនឹងការ​ប្រែប្រួល​អាកាស​ធាតុ ។

លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​​ថា៖ “ការចូលរួមការវិនិយោគលើសុខភាពនិងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និង​ការរៀបចំបណ្តុះបណ្តាលឱ្យ​បាន​ច្រើន​នូវ​និស្សិត​បញ្ចប់ការសិក្សាដែលមានជំនាញ​ខ្ពស់ នឹងអាច​ជួយ​កម្ពុជា​ក្នុង​ការបង្កើន​ភាព​ជឿនលឿននៃ​ធន​ធាន​មនុស្សសម្រាប់កំណើតនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។”

គម្រោង​នេះ​ជា​កិច្ច​បន្ត​ពី​វឌ្ឍនភាព​យ៉ាង​ច្រើន​ដែលក្រសួង​អប់​រំ យុវជន និងកីឡា សម្រេច​បាន​កន្លង​មក​ ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​​ប្រទេសកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ នៅ​ក្នុងបរិបទ​បច្ចុ​ប្បន្ន​ដែល​មាន​ការ​វិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។ 

ទោះបីជាលទ្ធភាពទទួលបានការអប់រំឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជាដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារនៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ គម្រោងនេះ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨ ០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោម​​នោះ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន ៦៧, ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧។ 

សេចក្តីប្រកាសព័ត៌មាន​លេខ 2025/016/EAP

ទំនាក់ទំនង

នៅភ្នំពេញ
លោក សារឿន
+855 12 414 088
នៅវ៉ាស៊ីនតោន
Geetanjali Chopra
+1 202 288 9029

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image