Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន31 ឧសភា 2024

ធនាគារពិភពលោកអនុម័តថវិកាបន្ថែមចំនួន ៧៩,៥ លានដុល្លារអាមេរិក សម្រាប់​លើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានការអប់រំ នៅកម្ពុជា

ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ — ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក ថ្ងៃនេះ បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក​ សម្រាប់​ការ​ពង្រីកសកម្មភាពដែលកំពុងត្រូវ​បាន​អនុវត្ត​​ ក្នុង​គោល​ដៅ​​​លើកកម្ពស់លទ្ធ​ភាព​ទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។

មូលនិធិថ្មី​នេះនឹងត្រូវបាន​យក​ទៅ​ប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល​ពី​​​ខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់​ហិរញ្ញប្បទានលើក​ដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ​មានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែល​ជា​មូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាត​បំផុត និងជំនួយ​ចំនួន ១៩,៥លានដុល្លារ​ផ្សេងទៀត​ពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាបានប្រឹង​ប្រែង​យ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វី​ដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺ​លទ្ធផលនៃការសិក្សារបស់សិស្សនៅ​មាន​កម្រិត​ទាប​ ហើយលទ្ធភាព​ទទួលបានការអប់រំប្រកប​ដោយគុណភាពក៏​នៅខ្វះ​​​សមធម៌ដែរ”។ លោកស្រី​និយាយ​បន្ថែម​ទៀត​ថា៖ “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺ​ដើម្បី​ពង្រឹងថែម​ទៀត​នូវ​កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់​សម្រាប់ការ​លូតលាស់​នៃ​សេដ្ឋកិច្ច​ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។”កញ្ចប់​ហិរញ្ញប្បទានបន្ថែមនេះ​នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថាន​អប់​រំ​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​មាន​ អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖

  • ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត,

  • ផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់​ដឹកនាំ​ និងបុគ្គលិកសាលា,

  • សាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោម​ការរចនាដែលធន់នឹងអាកាសធាតុ,

  • សាកល្បងដាក់​ឱ្យ​ប្រើ​បច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,

  • ធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ, 

  • ពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅ​តាមនីមួយៗ។

គម្រោងនេះសង្កត់ធ្ងន់លើភាព​ចាំបាច់នៃការបង្កភាពងាយស្រួលដល់កុមារមកពីក្រុមជួបការលំបាក គ្រួសារក្រីក្រ ឬសហគមន៍ជនជាតិដើម​ភាគតិច រួមទាំងអ្នកដែលនៅតំបន់ដាច់ស្រយាល ឬរស់នៅក្នុង​ពិការភាព​ ដើម្បីបានទៅសាលារៀន និងទទួលបានឱកាសសិក្សាប្រកបដោយគុណភាព។

លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់​ការ​អប់រំ មានប្រសាសន៍ថា៖ “អង្គការ​ភាពជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាក្នុងការពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។” លោកស្រីបន្តទៀតថា៖ “មូលនិធិបន្ថែមនេះនឹងផ្តល់ជាឱកាសសម្រាប់បង្កើន​កិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមាន​ការប៉ះពាល់បង្កដោយការ​រាតត្បាតជំងឺ​កូវីដ-១៩។”

អំពីធនាគារពិភពលោក

ធនាគារពិភពលោកមានចក្ខុវិស័យប្រកបដោយ​មហិច្ឆតា​មួយ គឺបង្កើតពិភពលោកមួយដែលគ្មានភាពក្រីក្រនៅលើភពផែនដីដែលជាទីជម្រក​សម្រាប់​ទាំង​អស់​គ្នា​។ ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទាន ប្រឹក្សា និងដំណោះស្រាយប្រកបដោយភាពនវានុវត្តន៍ដើម្បីធ្វើឱ្យជីវភាពកាន់​តែ​ប្រសើរឡើង តាមរយៈការបង្កើតការងារ ពង្រឹងកំណើនសេដ្ឋកិច្ច និងការឆ្លើយ​តបភ្លាម​ៗ​ទៅ​នឹងបញ្ហាប្រឈមធំៗដែល​សកលលោកជួបប្រទះ​នៅ​ក្នុង​ការអភិវឌ្ឍ។ ធនាគារពិភពលោក គឺជាប្រភពមូលនិធិ​ និងចំណេះដឹងដ៏ធំបំផុតមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ សមាសភាគ​របស់​ធនាគារ​រួមមាន ធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍ (IBRD) ដែលជាសហករណ៍អភិវឌ្ឍន៍សកលគ្រប់គ្រងដោយប្រទេសសមាជិកចំនួន១៨៩ និងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលផ្តល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាប ឬសូន្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រខ្លាំងនៅក្នុងចំណោម​ប្រទេសចំនួន ៧៥ ដែលក្រីក្រ និងងាយរងគ្រោះបំផុត លើ​ពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.worldbank.org

អំពីអង្គការ​ ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE)

GPE គឺជាការប្តេជ្ញាចិត្តរួមគ្នាមួយ​សំដៅលុបបំបាត់វិបត្តិនៃការសិក្សារបស់ពិភពលោក។ យើងប្រមែប្រមូល​ដៃគូ និងមូលនិធិសម្រាប់​ជួយដល់ប្រទេសមានចំណូលទាបចំនួន ៩០ ក្នុង​ការកែលម្អ​ប្រព័ន្ធអប់រំរបស់ពួកគេជា​ប្រយោជន៍​ឱ្យក្មេងស្រី និងក្មេងប្រុសគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយគុណភាពដែលពួកគេត្រូវការ ហើយ​អាច​ឈាន​ទៅបញ្ចេញសក្តានុពលរបស់ខ្លួនឱ្យ​បាន​ពេញលេញ រួមចំណែកក្នុងការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។

សេចក្តីប្រកាសព័ត៌មាន​លេខ 2024/060/EAP

ទំនាក់ទំនង

Phnom Penh
Saroeun Bou
855 12 414 088
Washington
Masud Masud Mozammel
+12024734770
GPE Head of Media
Tamara Kummer
+33782260718

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image