ដោះស្រាយបញ្ហាធ្លាក់ចុះផលិតភាពជាគន្លឹះសម្រាប់កំណើនរយៈពេលវែង
ក្រុងវ៉ាស៊ីនតោន, ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងមានកំណើនសេដ្ឋកិច្ចលឿនជាងប្រទេសដទៃទៀតក្នុងពិភពលោក ប៉ុន្តែយឺតជាងនៅមុនពេលមានជំងឺរាតត្បាតសកល -- ធនាគារពិភពលោកបាននិយាយដូច្នេះ នៅថ្ងៃអាទិត្យនេះ តាមរយៈរបាយការណ៍ចុងក្រោយមួយស្តីពីទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់។ ប៉ុន្តែធនាគារនេះបានបន្ថែមទៀតថា ខណៈដែលការងើបឡើងវិញនៃពាណិជ្ជកម្មសកល និងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ នៅតែបន្តធ្វើជាកត្តាទ្រទ្រង់សេដ្ឋកិច្ចក្នុងតំបន់ក៏ដោយ ការកើនឡើងនៃលទ្ធិការពារនិយម និងភាពមិនប្រាកដប្រជានៃគោលនយោបាយ អាចនឹងសង្កត់កំណើនសេដ្ឋកិច្ចមិនឱ្យស្ទុះឡើងដែរ។
របាយការណ៍នោះមានឈ្មោះថា បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ខែមេសា ឆ្នាំ២០២៤ (East Asia and Pacific April 2024 Economic Update) បានបង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងតំបន់សម្រាប់ឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងមានត្រឹម ៤,៥% ទាបជាងក្នុងឆ្នាំមុនដែលមាន ៥,១%។ បើកាលណាមិនរាប់បញ្ចូលប្រទេសចិន តាមការគេព្យាករ កំណើននៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើងដល់ ៤,៦% នៅក្នុងឆ្នាំនេះ កើនឡើងពី ៤,៤% ក្នុងឆ្នាំ២០២៣។ កំណើនសេដ្ឋកិច្ចនៅប្រទេសចិនត្រូវបានព្យាករថានឹងស្រកចុះបន្តិចមកនៅត្រឹម ៤,៥% ពី ៥,២% ក្នុងឆ្នាំ២០២៣ ដោយសារតែបំណុលមានកម្រិតខ្ពស់, វិស័យអចលនទ្រព្យចុះខ្សោយ និងវិវាទពាណិជ្ជកម្មដែលដាក់សម្ពាធទៅលើសេដ្ឋកិច្ច។ ក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វិក កំណើនត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៣,៦% ក្នុងឆ្នាំ២០២៤ ពី ៥,៦% នៅឆ្នាំមុន ដោយសារការស្ទុះងើបឡើងក្រោយជំងឺរាតត្បាតបានថមថយសន្ទុះរបស់វាទៅវិញ។ ការធ្លាក់ចុះនេះ មួយផ្នែក ឆ្លុះបញ្ចាំងឱ្យឃើញនូវការវិលមករកសន្ទុះធម្មតាវិញរបស់កំណើន ជាពិសេសនៅប្រទេសហ្វីជី ដែលកំណើនបានស្រុតចុះមកនៅត្រឹម ៣,៥% វិញក្នុងឆ្នាំ២០២៤ ពី ៨% ដែលជាកម្រិតលេចធ្លោ នៅក្នុងឆ្នាំមុន។
លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយថា៖ ”តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងរួមចំណែកខ្លាំដល់កំណើនសេដ្ឋកិច្ចពិភពលោក ថ្វីដ្បិតតែស្ថិតនៅក្នុងបរិការណ៍មួយដែលពិភពលោកជួបបញ្ហាប្រឈមកាន់តែច្រើន, មានភាពមិនប្រាកដប្រជាកាន់តែខ្លាំង, ប្រជាជនចាស់ជរាមានចំនួនកាន់តែច្រើន ហើយផលប៉ះទង្គិចពីការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងក៏ដោយ”។ លោកស្រីមានប្រសាសន៍ទៀតថា៖ “ប្រទេសក្នុងតំបន់អាចរក្សាសន្ទុះកំណើនរបស់ខ្លួនបាន តាមរយៈការពន្លឿនការបើកឱ្យមានសកម្មភាពច្រើនថែមទៀត សម្រាប់ការវិនិយោគរបស់វិស័យឯកជន, ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ និងការជំរុញផលិតភាព។”
ចក្ខុវិស័យក៏អាចប្រែប្រួលដែរនៅក្នុងសេណារីយោទាប ក្នុងនោះរួមមានការបន្តធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកលើសពីការរំពឹងទុក អត្រាការប្រាក់ខ្ពស់ហើយមានរយៈពេលយូរនៅក្នុងសេដ្ឋកិច្ចធំៗ ការកើនឡើងនូវភាពមិនប្រាកដប្រជាអំពីគោលនយោបាយសេដ្ឋកិច្ចនៅជុំវិញពិភពលោក និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ។
ជំពូកពិសេសមួយនៅក្នុងរបាយការណ៍នេះ បង្ហាញភស្តុតាងថា ផលិតភាពរបស់ក្រុមហ៊ុនឈានមុខធំៗនៅក្នុងតំបន់ មានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងផលិតភាពរបស់ក្រុមហ៊ុនធំៗលើពិភពលោក។ គម្លាតខុសគ្នាមានសភាពធំខ្លាំងនៅក្នុងវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលច្រើន។ ដោយសារបច្ចេកវិទ្យាថ្មីៗ តាមធម្មតា តែងទទួលបានការទាក់ទាញមុនគេពីក្រុមហ៊ុនធំៗ មុននឹងពង្រាយខ្លួនទៅតាមធុរកិច្ចតូចៗផ្សេងទៀត និន្នាការនេះធ្វើឱ្យមានកង្វល់កាន់តែច្រើននៅតាមទិដ្ឋភាពនានារបស់ធុរកិច្ច។
ឧបសគ្គដល់ភាពប្រកួតប្រជែង, ជំនាញពលកម្មមិនស្មើគ្នា និងការគ្រប់គ្រងខ្សោយ ក៏រួមចំណែកធ្វើឱ្យបណ្តាក្រុមហ៊ុនមានកំណើនផលិតភាពទាបដែរ។ ការបើកការជួញដូរ និងសេវាកម្មឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងការលើកកម្ពស់មូលធនមនុស្ស តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការអប់រំកម្រិតឧត្តមសិក្សា អាចជួយធ្វើឱ្យផលិតភាពកើនឡើងនាថ្ងៃអនាគត។
លោក Aaditya Mattoo សេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយថា៖ “ខណៈដែលប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានកំណើនវ៉ាដាច់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះពិតមែន កំណើននោះបានមកដោយសារការវិនិយោគទេ ជាជាងដោយសារកំណើនផលិតភាព”។ លោកពោលបន្ថែមថា៖ “ចំណាត់ការមុះមុតផ្នែកគោលនយោបាយដើម្បីជំរុញសន្ទុះនៃការប្រកួតប្រជែង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់ក្នុងវិស័យអប់រំ ទាំងអស់នេះអាចជួយធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់មានភាពរស់រវើកឡើងវិញ។”