Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន28 មីនា 2024

ត្រៀមកម្ពុជាឱ្យ​សម្រេ​ច​បាន​នូវ​អន្តរកាលទៅប្រើប្រាស់​យានយន្តអគ្គិសនី

ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។   

ធនាគារពិភពលោកបាន​លើកឡើងដូច្នេះ​នៅ​ក្នុង​របាយការណ៍​មួយ ក្រោម​​​ចំណង​ជើង​ថា​ “អនុសាសន៍សម្រាប់​រៀបចំផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​ស្តី​ពីអន្តរកាល​នៃ​ការ​ប្រើ​ប្រាស់​យានយន្ត​​អគ្គិសនី” (Recommendations to the National Roadmap for Electric Mobility Transition) ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ។ របាយការណ៍​នេះ ​ផ្តល់នូវអនុសាសន៍សម្រាប់កិច្ចខិតខំបន្តរបស់កម្ពុជា ក្នុងការរៀបចំ​ឡើងនូវ​ក្របខណ្ឌគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ការ​ប្រើ​ប្រាស់​យាន​យន្ត​​អគ្គិសនី។ របាយ​ការណ៍ក៏បាន​ផ្តល់ទស្សនៈរួម​មួយ ជុំវិញ​ការ​រុករកមើល​វិធី​សម្រាប់​ដំណើរ​ងាក​ចេញ​ពី​ទីផ្សារ ដែលគ្របដណ្ដប់ដោយយានយន្តប្រើប្រេងសាំង និងប្រេងម៉ាស៊ូត ដែលសុទ្ធ​តែ​ត្រូវ​បាននាំចូលពីក្រៅ​។ នៅក្នុង​នោះ​មាន​ផង​ដែរ​នូវ​អនុសាសន៍​ថា​តើ​គួរ​បង្កើន​កម្រិត​ណា​ ទាំងតម្រូវការ និងការផ្គត់ផ្គង់យានយន្ត​អគ្គិសនី (EVs) និងថា​តើ​គួរ​ត្រៀម​ខ្លួន​ដូចម្តេចខ្លះ សម្រាប់​ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនី ដែលចាំបាច់សម្រាប់សាកអាគុយ​យានយន្ត​​អគ្គិសនី។ 

នៅខែធ្នូ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅក្លាយជាសេដ្ឋកិច្ចមាន​អព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូនគ្មានបំភាយ​កាបូន រួមបញ្ចូល​គោលដែលមាន​​ ៧០%នៃម៉ូតូ និង ៤០% នៃរថយន្ត និងរថយន្តសាធារណៈក្នុងទីប្រជុំជន​ ជា​យាន​យន្ត​​អគ្គិសនី នៅត្រឹម​ឆ្នាំ២០៥០។ លើស​ពីនេះ រដ្ឋា​ភិបាល​បាន​កំណត់​គោលដៅ​ពង្រីកសមត្ថភាព​នៃ​​មធ្យោបាយដឹកជញ្ជូនសាធារណៈ ឱ្យ​បំពេញបាន​​​រហូត​ដល់​ទៅ ៣០% នៃ​តម្រូវការដឹកជញ្ជូនអ្នកដំណើរនៅក្នុងទីក្រុង គិត​ត្រឹម​ឆ្នាំ២០៥០។ ស្រ​បគ្នា​នឹង​ការ​បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ចំនួន​យានយន្តសរុបដែលកំពុង​ធ្វើ​ចរាចរនៅលើ​ដង​ផ្លូវ តាម​ការ​ប៉ាន់​ស្មាន​ អាចនឹងកើនឡើងពី ៦លានគ្រឿង​ នា​ពេល​បច្ចុប្បន្ន ទៅដល់ ៨លានគ្រឿង នៅឆ្នាំ២០៣០ និង ១៤លានគ្រឿង នៅឆ្នាំ២០៥០។ បច្ចុប្បន្ននេះ ចំនួនរថយន្តអគ្គិសនីដែលធ្វើ​ចរាចរលើ​ដង​ផ្លូវ​ក្នុងប្រទេសកម្ពុជា មានតិចជាង ១ ០០០គ្រឿង ប៉ុណ្ណោះ។​ 

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “គោលដៅនៃ​ដំណើរឆ្ពោះទៅប្រើ​យានយន្តអគ្គិសនី គឺអាចសម្រេចបាន ហើយវានឹងជួយកម្ពុជាឈានទៅដល់គោលដៅអព្យាក្រឹតភាពកាបូនប្រកបដោយមហិច្ឆតារបស់ខ្លួន”។ លោកស្រី​ពោលបន្ត​ទៀ​តថា៖ “ទោះជាយ៉ាងណាក៏ដោយ គោលដៅ​នេះ​ទាមទារឱ្យមានការវាយតម្លៃដោយប្រុងប្រយ័ត្នលើការផ្លាស់ប្តូរនេះ​។ ពិត​ណាស់ បច្ចុប្បន្ន​ប្រជាជនកម្ពុជាទទួលបានអត្ថប្រយោជន៍​ច្រើន​​តាម​រយៈ​ការ​ប្រើ​ប្រាស់​យានយន្តជជុះតម្លៃទាប ដែលនាំចូលពីបរទេស ប៉ុន្តែ​វាបាន​​នាំ​មក​នូវ​ការ​ខាតបង់​ធំ​ដល់​បរិស្ថាន​ ហើយក៏នឹងក៏​អាច​ជា​ឧបសគ្គ​មួយ​ដល់ការកើន​ឡើង​នូវ​ការ​ប្រើប្រាស់យានយន្តអគ្គិសនី​ផង​ដែរ។ យើងប្តេជ្ញាជួយរដ្ឋាភិបាលនៅ​ក្នុង​​អន្តរការនេះ និងស្វែងរកមធ្យោបាយដែលអាចធ្វើទៅបាន នៅ​ក្នុងដំណើរ​ទៅមុខ។” 

ដើម្បីធានាបាន​ថាយានយន្តអគ្គិសនី​មាន​វត្ត​មាន​ធ្វើ​ចរាចរលើ​ដង​ផ្លូវ​ ច្រើន​ជាង​យាន​យន្ត​ប្រើសាំង ឬប្រេងម៉ាស៊ូត កម្ពុជាចាំ​បាច់​ត្រូវធ្វើកំណែទម្រង់បទប្បញ្ញត្តិនៃការនាំចូល និងប្រើប្រាស់យានយន្ត ដោយប្រើវិធីសាស្រ្តរឹតបន្តឹងបន្តិចម្តងៗ។ នៅក្នុងនោះ គួរតែអនុវត្តគោលនយោបាយ ដែលតម្រូវលែង​ឱ្យមាន​យានយន្តដែលប្រើសាំង ឬប្រេងម៉ាស៊ូត ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ​តទៅទៀត នៅពេលដែល​អាយុកាលរបស់វាចូលដល់រយៈពេល​ជាក់លាក់ណា​មួយ​។  វិធីនេះនឹងបង្កើនតម្រូវការសម្រាប់យានយន្ត​ថ្មី និងជួយ​បើក​ផ្លូវ​ឱ្យយានយន្តអគ្គិសនីចូលក្នុងទីផ្សារឱ្យបានកាន់​តែលឿន​។ សម្រាប់​រយៈពេលខ្លីខាងមុខ ម៉ូតូ និង​យាន​កង់​បី​ប្រើ​អគ្គិសនី ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ដើរតួ​នាំ​មុខ​គេ​នៅ​ក្នុង​អន្ត​កាល​ឆ្ពោះ​ទៅ​ការ​ប្រើ​យាន​យន្ត​អគ្គិសនី​ នៅក្នុងប្រទេសកម្ពុជា។ 

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ “ការលើកកម្ពស់យានយន្តអគ្គិសនី ជា​ឱកាសមួយសម្រាប់កម្ពុជាក្នុងការកាត់បន្ថយបំភាយកាបូនក្នុង​ការដឹកជញ្ជូន សម្រេចបាននូវមហិច្ឆតានៃការរួមចំណែកតាម​ការ​កំណត់​របស់​ជាតិ និងឈានដល់អព្យាក្រឹតភាពនៃកាបូននៅឆ្នាំ២០៥០។ លើស​ពីនេះទៀត​ វា​នឹង​ជួយកម្ពុជាក្នុង​ការ​ធ្វើសមាហរណកម្មទៅ​ក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ជំរុញការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើតការងារ ទៀត​ផង។” 

ការសិក្សានេះត្រូវបានគាំទ្រពីមូលនិធិប្រឹក្សាយោបល់​ហេដ្ឋារចនាសម្ព័ន្ធ​​រវាងផ្នែក​សាធារណៈ និងឯកជន (PPIAF) ដែលជាមូលនិធិបរធនបាលកិច្ច​ពហុភាគីគ្រប់គ្រងដោយធនាគារពិភពលោក ផ្តោតលើការគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដោយមានការចូលរួមពីវិស័យឯកជន។ 

 

សេចក្តីប្រកាសព័ត៌មាន​លេខ 2024/047/EAP

ទំនាក់ទំនង

ភ្នំពេញ
លោក ប៊ូ សារឿន
+៨៥៥ ១២ ៤១៤ ០៨៨

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image