Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន15 មីនា 2024

ធនាគារពិភពលោកផ្តល់ហិញ្ញប្បទានបន្ថែម សម្រាប់គម្រោងកែលម្អផ្លូវធន់នឹងអាកាសធាតុ

ផ្លូវធន់​នឹង​អាកាស​ធាតុ ជួយ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​សេវាថែទាំសុខភាព ការ​អប់រំ និង​ទីផ្សារ

ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៤ — ផ្លូវជនបទជាច្រើនខ្សែ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ភាព​រឹងមាំកាន់តែ​ប្រសើរ​ ដើម្បីទប់ទល់​នឹងឥទ្ធិពលនៃ​អាកាស​ធាតុ និង​សម្រាប់​ពលរដ្ឋ​ប្រើ​ប្រាស់​នៅគ្រប់​កាលៈទេសៈនៃ​អាកាសធាតុ ​ដើម្បី​ទទួល​បាន​សេវាថែទាំសុខភាព​ និង​ទីផ្សារសំខាន់ៗ បន្ទាប់​ពី​គណៈនាយកប្រតិបត្តិ​នៃ​ធនាគារ​ពិ​ភពលោក បាន​អនុម័ត​ឥណទាន​ចំនួន ៣៥លានដុល្លាអាមេរិក ​បន្ថែម សម្រាប់​គម្រោង​នេះ។ ​ 

​​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់​ធនាគារពិភពលោក ផ្តល់ឥណទាន​បន្ថែមនេះ​សម្រាប់​ “​គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់” Cambodia Road Connectivity Improvement Project (RCIP) ក្នុង​គោលដៅបង្កើន​ភាព​ធន់​របស់​ផ្លូវ​ សម្រាប់​ពល​រដ្ឋ​ប្រើ​ប្រាស់​ក្នុ​ងការ​ចូលទៅរក​ទីផ្សារ, ទៅសាលារៀន និង​ទៅរកសេវាសុខាភិបាល នៅខេត្ត​ក្រចេះ, កំពង់ចាម និង​ត្បូងឃ្មុំ។ ខេត្ត​ទាំងបីនេះ​មាន​ប្រជាជន​សរុប​ជាង ២លាននាក់ ដែលក្នុងនោះ ៨០% រស់​នៅ​តាម​តំបន់​ជនបទ។ គម្រោង​ RCIP នេះ​ត្រូវ​បាន​អនុម័ត​កាលពីខែកក្កដា ឆ្នាំ​២០២០ ក្រោម​​ហិរញ្ញប្បទាន​ចំនួន ១០០លានដុល្លាអាមេរិក។

គម្រោង​ RCIP នេះ ផ្តល់ថវិកាវិនិយោគ​សម្រាប់​បណ្តាញតភ្ជាប់​ផ្លូវ​នៅ​តាម​ខេត្ត ដែល​ -- នៅក្នុង​របាយការណ៍ World Bank’s Country Climate and Development Report for Cambodia  -- ជា​បណ្តាញផ្លូវ​ប្រឈមខ្លាំង​ទៅ​នឹង​​ហានិភ័យប្រែ​ប្រួល​អាកាស​ធាតុ ហើយ​ដែល​គ្មានកម្រាលកៅស៊ូឬបេតុង​ និង​សំណង់គ្រប់គ្រងទឹកជំនន់​ ត្រឹម​ត្រូវ។ ភាព​ងាយ​រង​គ្រោះ​នៃ​បណ្តាញ​ផ្លូវ​ទាំងនេះ បង្ក​​ហានិភ័យ​ដល់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​សំខាន់​ៗ មាន​ដូច​ជា ការ​អប់រំ និង​ការ​ថែទាំសុខភាព ជាមួយ​នឹង​ផល​ជះ​អវិជ្ជមាន​ឥតស្រាកស្រាន្ត​ ទៅលើការ​រស់​នៅ​របស់​​ពលរដ្ឋ ​ក្នុង​ខេត្ត​ទាំង​បី។ ស្ថានភាព​ផ្លូវ​អន់ ក៏​ជា​ហេតុនាំ​ឱ្យ​មាន​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន និង​ឡូហ្ស៊ិស្ទិក​​សម្រាប់​កសិផល​សំខាន់​ៗ នៅ​ក្នុង​ខេត្ត​គោលដៅ​ទាំងនេះ​ដែរ។

ឥណទានបន្ថែមនេះ នឹង​ជួយបំពេញការ​ទូទាត់​ឱ្យ​ចំណាយ​គម្រោង​ ដែល​បានឡើងថ្លៃខ្ពស់​ជាង​ការ​គ្រោង​ទុក ជាពិសេស​ នៅ​ក្នុង​​កិច្ច​សន្យា​ធ្វើ​ផ្លូវ។ អតិផរណាខ្ពស់ និង​ការឡើងថ្លៃលើ​ធាតុ​ចូលសំខាន់​ៗ​ ដូចជា​ឥន្ធនៈ និង​កៅស៊ូអ៊ុតផ្លូវ ក្នុង​អំឡុង​ពេល​បីឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ថ្លៃចំណាយ​ឡើងហួស​​ការ​ប៉ាន់​ស្មាន នៅ​​ក្នុង​ឆ្នាំ​២០១៩ មុនពេល​គម្រោង​ត្រូវបាន​អនុម័ត​ជាលើក​ដំបូង​ ទៅ​ទៀត។ លើសពីនេះ កិច្ចការ​នវានវុត្តន៍មួយចំនួន​ដែល​ការ​សិក្សា​ស្ទង់លម្អិត​បាន​រកឃើញ និង​ការរចនាផ្នែក​​វិស្វកម្ម​សម្រាប់​គម្រោង​ផ្លូវ ក៏តម្រូវ​ឱ្យ​មាន​ថវិកា​ទ្រទ្រង់​ថែម​ទៀត​ដែរ។ បច្ចុប្បន្ននេះ ការ​ងារ​ស្តារសម្បទាផ្លូវ​ត្រូវ​បាន​អនុវត្តលើ​ផ្លូវប្រវែង ១៣០គម នៃ​ផ្លូវ​ជាតិ​និង​ផ្លូវខេត្តគោលដៅ​ និង​លើផ្លូវ​ ១៤២គម​នៃ​ ប្រវែងសរុប​ ២៧៩គម នៃផ្លូវ​ជនបទដែលជាគោលដៅ។ 

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “លទ្ធភាពចូល​ទៅ​រក​សេវា​ថែទាំសុខភាព​ និង​សាលារៀន និង​ការ​ដឹក​ជញ្ជូន​ទំនិញទៅកាន់ផ្សារ សុទ្ធ​តែ​ជាបញ្ហា​ប្រឈម​ធំណាស់​ សម្រាប់​ពល​រដ្ឋ​កម្ពុជា​រស់​នៅ​តាម​ទីជនបទ ជា​ពិសេស​ នៅក្នុង​រដូវ​វស្សា។ មិនតែប៉ុណ្ណោះ ស្ថាន​ភាព​ផ្លូវ​អន់ និង​ការ​កាត់​ផ្តាច់ដោយ​ទឹក​ជំនន់ និង​ចំណាយ​ខ្ពស់​លើ​ការ​ដឹក​ជញ្ជូន បង្ក​ឧបសគ្គធំៗ​ដល់​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំសុខភាព និង​ការ​សង្គ្រោះ​បន្ទាន់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។”

គម្រោងនេះក៏​ជួយ​ផង​ដែរ​ ដល់​ការ​អភិវឌ្ឍផ្នែក​ស្ថាប័ន​សំខាន់​ៗ នៅ​ក្រោម​​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែល​ ទាំងពីរនេះ ​ជា​ភ្នាក់ងារ​អនុវត្តន៍គម្រោង។ ការងារ​អភិវឌ្ឍ​ស្ថាប័ននោះរួមមាន ការ​រៀបចំបង្កើត​យុត្តិសាស្ត្រ​ហិរញ្ញប្បទាន​សម្រាប់​ទ្រ​ទ្រង់​ផ្លូវ​ជនបទធន់អាកាសធាតុ ការ​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​សកម្មភាព​បញ្ជ្រាប​យេនឌ័រ និង​ការ​គ្រប់​គ្រង់​កិច្ច​សន្យាផ្អែក​លើ​សមិទ្ធ​កម្ម​ការ​ងារ សម្រាប់​ការ​កែលម្អ និង​ការ​ថែទាំ​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ ឱ្យ​មាន​ចីរភាពកាន់តែប្រសើរឡើង។

សេចក្តីប្រកាសព័ត៌មាន​លេខ 2024/043/EAP

ទំនាក់ទំនង

នៅទីក្រុងវ៉ាស៊ីនតោន៖
Mark Felsenthal
+1 (202) 458-0051
នៅភ្នំពេញ៖
Saroeun Bou
855 12 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image