Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន22 វិច្ឆិកា 2023

សេដ្ឋកិច្ចរបស់កម្ពុជាប្រឹងឈានទៅមុខ ខណៈដែលនៅមាន បញ្ហាប្រឈមក្នុងស្រុក និងក្រៅស្រុក

ផ្នែកដឹកជញ្ជូន, សមត្ថភាព​ឡូហ្ស៊ីស្ទិក និង​ការ​ផ្គត់​ផ្គង់​ថាម​ពេល នៅតែជាបន្ទុក​ច្រើនលើ​ចំណាយ​ថ្លៃដើម

ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ — សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករទុកថា​នឹង​មាន​កំណើន៥,៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥,៥% ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ និង ឡើងដល់​ ៥,៨% ក្នុង​ឆ្នាំ​២០២៤ និង​ ៦,១%​ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ចកម្ម​នានាដែល​កម្ពុជា​មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។ នេះបើយោង​ទៅ​តាម ​របាយ​ការណ៍​ចុង​ក្រោយ​ ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​ដោយ ធនាគារពិភពលោក។ នៅក្នុង​ឆ្នាំនេះ កត្តា​រួមផ្សំ​រវាង​សម្ពាធ​ពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធ​លើ​កំណើន​ ទោះបីជាមាន​ការ​ងើបឡើងវិញ​ក្នុង​វិស័យទេសចរណ៍ និង​សេវាដទៃទៀត។ នៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាចុង​ក្រោយ​ក្រោម​ចំណងជើងថា ​​ Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោក​និយាយថា ប្រសិន​បើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការវិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កាលានុវត្តភាពពាណិជ្ជកម្ម នោះ​វា​នឹង​នាំ​ឱ្យ​កំណើន​បន្ត​បង្កើន​ល្បឿន​នៅ​ក្នុង​រយៈពេលមធ្យម និង​វែង។ នៅ​ក្នុង​ឆ្នាំ​២០២២ សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​កំណើន ៥,២%។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “ដើម្បីរក្សា​​បាន​នូវ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យឯកជនឱ្យ​​បំពេញ​មុខ​ងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​​សកម្មភាព​ភ្លាមៗក្នុង​ការ​កែលម្អ​ការបំពេញកិច្ច​របស់​វិស័យ​សា​ធារ​ណៈ”។ លោកស្រី​ពោលបន្ថែមទៀតថា៖ “​ការ​រក្សា​ស្ថេរភាពហិរញ្ញវត្ថុ​ក៏ជា​អាទិភាពមួយដែរ ហើយ​ ចាំ​បាច់​ត្រូវ​តែ​ខិតខំ​ថែម​ទៀត​ក្នុង​​ស្តារលំហ​សារពើពន្ធឡើងវិញ។”

បើទុកជាមានការវិនិយោគច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារ​ណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូន​និង​ប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅ​មានកម្រិត​ និង​ការផ្គត់ផ្គង់​ថាមពលដែលពិបានទុកចិត្តបាន នៅ​តែ​បន្ត​ជា​បន្ទុកខ្ពស់​លើ​ចំណាយ​ថ្លៃ​ដើម​របស់​ធុរកិច្ច និង​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ។ នៅ​ក្នុង​រយៈពេលមធ្យម វិបត្តិខាងក្រៅ​​ដែលមាន​ក្នុង​ពេល​តែមួយ​រួមបញ្ចូល ការ​រាតត្បាត​ជំងឺ​ជា​សកល, សង្គ្រាមលុកលុយ​របស់​ប្រទេស​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និង​អត្រា​ខ្ពស់​របស់​ការ​ប្រាក់លើទីផ្សារ​អន្តរជាតិ ត្រូវ​បាន​រំពឹង​​ថា​នឹង​នៅ​តែ​បន្ត​​ធ្វើ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។

វិស័យទេសចរណ៍មានសារៈសំខាន់ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញ​ជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយ​ចំនួន នៅ​តែ​មាន​ចំនួន​ទាបជាងកម្រិតមុនការផ្ទុះ​ជំងឺ​រាតត្បាតនៅឡើយ​។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញ​អំពី​តម្រូវការទាប​នៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅ​ផ្នែកឧស្សាហកម្ម​ផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើ​អន្តរាគមន៍​ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការ​ងារ។

ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅ​តែ​រងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅ​ក្នុងស្រុក ការកើនឡើងនៃ​បំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅ​ក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

របាយការណ៍នេះ​មាន​ផ្នែក​ផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើន​ប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ​។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់​កម្លាំងពលកម្ម។ 

របាយការណ៍ Cambodia Economic Update ចេញផ្សាយ​ពីរដង​ក្នុង​មួយ​ឆ្នាំ ហើយ​ផ្តោត​លើ​ការវិវឌ្ឍនៃម៉ាក្រូសេដ្ឋកិច្ច​នៅ​ក្នុង​រយៈពេល​ខ្លី និង​មធ្យម។

សេចក្តីប្រកាសព័ត៌មាន​លេខ 2024/017/EAP

ទំនាក់ទំនង

ភ្នំពេញ
លោក ប៊ូ សារឿន
(855 12) 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image