Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន31 តុលា 2023

ចំណាត់ការលើបម្រែបម្រួលអាកាសធាតុ ជាគន្លឹះសម្រាប់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍

ការប្រែប្រួលអាកាសធាតុនឹងជះឥទ្ធិពលបណ្តាក់គ្នាបន្ថែមទៀតទៅលើគ្រប់ផ្នែកនៃសេដ្ឋកិច្ច ប្រសិនបើគ្មានដំណោះស្រាយ

ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ — កម្ពុជា​អាច​សម្រេច​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​ខ្លួន​បាន​ ប្រសិន​បើ​ប្រទេស​នេះ​ធ្វើ​ចំណាត់​ការ​លើ​បម្រែ​បម្រួល​អា​កាស​ធាតុ​​តាម​រយៈសកម្មភាព​ធំៗបី គឺ កាត់បន្ថយ (Reduce) ឱ្យបានច្រើននូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ; សម្របឡើងវិញ (Realign) នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ;  និង តម្រង់ទិសឡើងវិញ (Reorient) សម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពី​ការ​ធ្វើ​អន្តរកាល​ទៅរកការអភិវឌ្ឍ​បៃតងលើសកលលោក។ នេះបើយោងតាម​របាយការណ៍​ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (Country Climate and Development Report/CCDR) របស់ធនាគារពិភពលោកដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។​

​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ពីបម្រែបម្រួល​អាកាស​ធាតុ​រួច​ទៅហើយ ដែលមានន័យថាប្រទេសនេះ​ចាំបាច់​ត្រូវ​ធ្វើ​ការបន្ស៊ាំខ្លួន​ជា​បន្ទាន់​ទៅនឹង​ផលប៉ះពាល់​ទាំងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរាំងស្ងួតនិងទឹកជំនន់ញឹកញាប់និងខ្លាំងជាងមុន។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នាំ២០១៥និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម ២៥ខេត្ត/រាជធានី និងប៉ះពាល់ដល់មនុស្សជាង ២,៥លាននាក់។ ផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លាអាមេរិកដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នាំ២០១៩។ នៅខែកញ្ញាឆ្នាំ២០២២ ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនារយៈពេល៣ឆ្នាំនេះបានបង្ករគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារ និងមានការបាក់ដីដែលនាំឱ្យមានការជំលៀសប្រជាជន៥០០០គ្រួសារ។

របាយការណ៍ CCDR នេះ និយាយទៀតថា យោង​តាម​ការ​ព្យាករអាកាសធាតុ ហានិភ័យ​ទឹកជំនន់ និង​សម្ពាធកម្តៅ នៅ​ក្នុង​ប្រទេស​កម្ពុជា នឹងមាន​សភាព​កាន់​តែ​អាក្រក់នាពេលអនាគត។ ​ប្រសិនបើគ្មាន​វិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សម​ស្រប​ទេ បម្រែ​បម្រួល​អាកាស​ធាតុអាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ ផ.ស.ស អស់​ ៩ភាគរយ គិត​ត្រឹម​ឆ្នាំ​២០៥០ និង​ធ្វើ​ឱ្យអត្រា​​ភាព​ក្រីក្រ ​កើនឡើង​៦ភាគរយពិន្ទុ គិត​ត្រឹម​ឆ្នាំ​២០៤០។

របាយការណ៍នេះ គឺជាការសិក្សាបែបវិភាគចុងក្រោយ​មួយ​ ក្នុង​ចំណោម​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្នូលរបស់ធនាគារពិភពលោក ដែលសំយោគ​ចូល​គ្នានូវ​ការគិតគូរអំពីបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍ ​ ហើយផ្តល់អនុសាសន៍ដល់​រដ្ឋាភិបាលដែលជា​អតិថិជន​របស់ខ្លួន សម្រាប់យក​ទៅអនុវត្តដើម្បីលុបបំបាត់ភាពក្រីក្រនៅលើភពផែនដី។

លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មាន​ប្រសាសន៍​ថា៖ «កម្ពុជា​ជា​ប្រទេស​ដែល​ប្រឈម​ខ្លាំង​ទៅនឹង​ផលប៉ះពាល់នៃ​អាកាស​ធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។  លោកស្រី​ពោលបន្តទៀតថា៖ “ដើម្បីស្តារឡើងវិញដែលបានបាត់បង់ដោយសារជំងឺឆ្លងរាតត្បាតនិងការកើនឡើងតម្លៃចំណីអាហារនិងប្រេងឥន្ទនះ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយផលប៉ះពាល់ដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងការកាត់បន្ថយការបំភាយ​កាបូន”។

កម្ពុជាមានកំណត់ត្រាកំណើនសេដ្ឋកិច្ចខ្ពស់ដែលជាមធ្យមប្រមាណ ៧,១ភាគរយពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០២១ ដោយបានកាត់ភាគរយនៃប្រជាជនរស់ក្រោមបន្ទាត់នៃភាពក្រីក្របានពាក់កណ្តាលពីឆ្នាំ២០០៩ ដល់ ២០១៩ និងបានបង្កើនអាយុស្លាប់មធ្យមពី៥៧ឆ្នាំនៅឆ្នាំ១៩៩៨ មកដល់៧១ឆ្នាំនៅឆ្នាំ២០១៨។ របាយការណ៍បាន​ធ្វើ​ការ

កត់ស​ម្គាល់ថា កម្ពុជា ​បាន​ដាក់​ចេញ​នូវ​គោលដៅវែងឆ្ងាយ​មួយ ក្នុង​ការប្រែក្លាយសេដ្ឋកិច្ចឱ្យទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ទន្ទឹម​នឹង​ជោគជ័យ​ដែលសម្រេច​បានកន្លងមក​នេះ ដើម្បីរក្សាកំណើនឱ្យរីងមាំ កម្ពុជា​ចាំ​បាច់​ត្រូវ​តែខិតខំ​ជម្នះ​​ឧបសគ្គ​លក្ខណៈ​រចនាសម្ព័ន្ធមួយចំនួន រួមមានឧបសគ្គដែលទាក់ទងនឹងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធដែលមិនទាន់គ្រប់គ្រាន់សម្រាប់សំរួលដល់ពាណិជ្ជកម្ម ការវិនិយោគពីក្នុងស្រុកនៅទាប ការថយចុះនៃវិនិយោគសាធារណៈ និងការកើនឡើងនូវបំណុលជាឯកជន។

សេដ្ឋកិច្ចរបស់កម្ពុជាមានមូលដ្ឋាន​ប្រមូលផ្តុំខ្លាំង បើនិយាយពីការនាំចេញ, ទីផ្សារ, វិស័យ, និងប្រភពហិរញ្ញប្បទាន ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះណាស់​ ពីសំណាក់​ហេតុការណ៍នៅក្រៅប្រទេស។ ការធ្វើពិពិធកម្មមូលដ្ឋាននាំចេញរបស់ខ្លួន, ការកែលម្អបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន, ការដោះស្រាយបញ្ហា​ខ្វះ​ខាតនៅ​ក្នុង​វិស័យ​អប់រំ និងសុខាភិបាល, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងអស់នេះជាកត្តាសំខាន់សម្រាប់រក្សា​បាន​កំណើនបែប​បរិយាបន្ន​ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ផលប៉ះពាល់នៃអាកាសធាតុបង្កហានិភ័យច្រើនដល់ប្រទេស និងប្រជាជនរបស់ខ្លួន ហើយទំនងជាធ្វើឱ្យបញ្ហាប្រឈមដល់ការអភិវឌ្ឍមានសភាពកាន់តែធ្ងន់ធ្ងរ។ តាមការព្យាករ ទឹកជំនន់ទំនងជានឹងបង្កការខាតបង់កាន់​តែច្រើន​ឡើងដល់រោងចក្រ, ផ្លូវថ្នល់, ផ្ទះសម្បែង និងសាលារៀន និងបណ្តាល​ឱ្យសេវាកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ​ ជួបភាពរអាក់​រអួល​ទៀតផង។ បម្រែ​បម្រួល​អាកាសធាតុត្រូវបានព្យាករថានឹងបណ្តាលឱ្យទិន្នផលរបស់​ដំណាំសំខាន់ និងជលផល ធ្លាក់ចុះ ដែលបង្កបញ្ហាប្រឈមដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ សីតុណ្ហភាពកាន់តែខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ហើយ​ជា​ដើមចមនៅពីក្រោយការកើនឡើងនៃករណីជំងឺដែរ។

របាយការណ៍នេះកត់សម្គាល់ទៀតថា បែបផែន​​នៃការអភិវឌ្ឍថ្មីៗក៏មានចំណែក​ធ្វើ​ឱ្យ​ភាពប្រឈម​នឹងឥទ្ធិពលអាកាសធាតុ មាន​សភាពកាន់តែអាក្រក់ដែរ។ ​កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក។ បែបផែននៃការអភិវឌ្ឍទីក្រុងនាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកតាំងទីលំនៅថ្មីក្នុងទីក្រុង ស្ថិតនៅក្នុងតំបន់ងាយរងនឹងការលិចលង់ពីទឹកជំនន់។ ​ជា​ប្រវត្តិសាស្ត្រ​ កម្ពុជា​ជាប្រទេស​​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់កម្រិត​​ទាប ប៉ុន្តែមានកំណើននៃអត្រាបំភាយឧស្ម័ន​ផ្ទះកញ្ចក់លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍​ និងជាប្រទេសមួយដែលមានអត្រានៃការបំភាយឧស្ម័នកាបូនខ្ពស់ខ្លាំងក្នុងចំណោមប្រទេសដែលមានការវាស់វែងនៃការបំភាយឧស្ម័នកាបូនមនុស្សម្នាក់ៗធៀបទៅនឹងផ.ស.ស ប្រហាក់ប្រហែលគ្នា ។

ទោះជាយ៉ាងណាក៏ដោយ វិធានការរបស់រដ្ឋាភិបាល និងវិស័យឯកជន អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបម្រែបម្រួល​អាកាសធាតុ ហើយរបាយការណ៍នេះបានលើក​ឡើងនូវអនុសាសន៍ និងអាទិភាពមួយចំនួន សម្រាប់ធ្វើ​សកម្មភាពជា​បន្ទាន់។ នៅ​ក្នុងនោះមាន ឧទាហរណ៍ វិធានការបន្ស៊ាំរបស់​រដ្ឋាភិបាល អាចរួមបញ្ចូលការកែលម្អឱ្យ​កាន់​តែប្រសើរនូវ​ភាពធន់នឹងអាកាសធាតុរបស់​បណ្តាញផ្លូវថ្នល់ដែលមានស្រាប់ និងការបង្កើនស្តង់ដានៃ​ភាពធន់ ជាពិសេស សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ​សេវា​សុខា​ភិបាល និងអប់រំ។ សកម្មភាពរបស់​វិស័យ​ឯកជនអាចបញ្ចូលការវិនិយោគលើប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធផលថាមពល និងសំណង់​អគារដែលធន់នឹងទឹកជំនន់ ផងដែរ។   

លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចាំ​ប្រទេស​ មីយ៉ាន់ម៉ា, កម្ពុជា និង ឡាវ មាន​ប្រសាសន៍​ថា៖ “សម្រាប់​កម្ពុជា ការបន្ត​រក្សា​ឱ្យ​បាននូវកំណើន​សេដ្ឋកិច្ច​ប្រកបដោយចរីភាព និង​ការ​ឆ្លើយ​តបទៅនឹង​តម្រូវការ​នៃ​បម្រែបម្រួល​អាកាស​ធាតុ គឺ​ជា​បញ្ហាប្រឈម​ដែលប្រទាក់ក្រឡាគ្នា។   លោកស្រី​ពោលបន្តទៀតថា៖ “​នៅក្នុងន័យនេះ ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច, ការ​កសាងមូលធនមនុស្ស, និង​ការវិនិយោគទៅលើ​ភាពធន់​នឹង​អាកាសធាតុ នឹង​នាំអត្ថ​ប្រយោជន៍​ដល់​ប្រជាជនកម្ពុជា​ទាំងអស់គ្នា”។  

កម្ពុជាបានសន្យាថានឹងសម្រេចឱ្យ​បាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ ដើម្បី​សម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ វាទាមទារឱ្យកម្ពុជា​បញ្ឈប់ការកាប់បំផ្លាញព្រៃឈើឱ្យ​បា​យ៉ាងឆាប់រហ័ស និងបង្វែរទិសនៃ​វិស័យថាមពល, ការដឹកជញ្ជូន, និងឧស្សាហកម្ម ទៅរកមាគ៌ាកំណើនដែលបញ្ចេញកាបូនទាបវិញ​។ របាយការណ៍នេះបន្ថែមថា ចំណាត់ការទាំងនេះ​អាចធ្វើបានដោយមិនប៉ះពាល់ដល់លទ្ធផលនៃការអភិវឌ្ឍទេ។

វិស័យឯកជននៅ​កម្ពុជា ក៏​អាចទទួលបានប្រយោជន៍សេដ្ឋកិច្ចផងដែរ ​ពីការធ្វើ​អន្តរកាល​របស់សេដ្ឋកិច្ចពិភពលោក  ទៅ​រក​ការ​បញ្ចេញ​កាបូន​តិច​ ដោយពួកគេ​គួរ​​ចាប់យកឱកាសនៃ​សកម្មភាពនាំចេញ និងការងារថ្មីៗ ដែលមាន​មក​តាម​តម្រូវការ​កាន់​តែ​ច្រើន​ឡើងសម្រាប់​ទំនិញ និងសេវាកម្មដែលបញ្ចេញកាបូនទាប។ ការបន្ទាប​របារ​ឧបសគ្គដល់​​ពាណិជ្ជកម្ម និងដល់​​ការវិនិយោគ អាចធ្វើអោយបរិយាកាសធុរកិច្ចប្រសើរឡើង និងជំរុញសមត្ថ​ភាព​ប្រកួតប្រជែងនៅ​ក្នុងវិស័យទាំងនេះ។

ការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃតម្លៃ​របស់បច្ចេកវិទ្យាថាមពលស្អាតទូទាំងពិភពលោក រួមទាំងថាមពលពន្លឺព្រះអាទិត្យផងដែរ ជាឱកាស​បន្ថែមមួយ​ទៀតសម្រាប់កម្ពុជា។ សមត្ថភាពផលិតថាមពលពន្លឺព្រះអាទិត្យរបស់កម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ពីជិតសូន្យក្នុងឆ្នាំ២០១៦ ដល់ ១២,៥ភាគរយ ក្នុងឆ្នាំ២០២១។ ថ្លៃចំណាយ​លើ​ថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ត្រូវបានព្យាករថា​នឹង​បន្ត​ធ្លាក់ចុះបន្ថែមទៀត ដែលធ្វើឱ្យវាក្លាយជាជម្រើសកាន់​តែទាក់ទាញសម្រាប់តម្រូវការថាមពលនៅ​ក្នុង​ប្រទេស។

 

Website: https://www.worldbank.org/en/region/eap

Facebook: http://www.facebook.com/worldbank

Twitter: http://www.twitter.com/worldbank

YouTube: http://www.youtube.com/worldbank

 

 

សេចក្តីប្រកាសព័ត៌មាន​លេខ 2024/015/EAP

ទំនាក់ទំនង

នៅវ៉ាស៊ីនតោន
Mark Felsenthal
+1 (202) 602-9673
នៅភ្នំពេញ
លោក ប៊ូ សារឿន
+855 12 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image