Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន11 ឧសភា 2023

ធនាគារពិភពលោកគាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោកនៅថ្ងៃនេះបាន​អនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារ​ទៀតជា​សហហិរញ្ញប្បទាន​ពី​មូលនិធិ PROBLUE Trust Fund។  

ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និង​ទេសចរណ៍ក្នុង​អំឡុងពេលប៉ុន្មានឆ្នាំនេះ បាន​បណ្តាល​ឱ្យ​សំណល់​រឹង និង​សំណល់​ប្លាស្ទិក កើន​បរិមាណ​ច្រើន​សន្ធឹក​សន្ធាប់​ដែរនៅកម្ពុជា។ ទន្ទឹម​គ្នានេះ សេវា​ប្រមូល​សំរាម​នៅស្ថិត​ក្នុង​អត្រា​ទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រ​ទ្រង់​ដល់​​ប្រព្រឹត្តិកម្ម​និង​ចាក់ចោលកាកសំណល់​ក៏នៅខ្វះខាត, ហើយ​ការ​បោះចោលសំរាម​​ និង​សំណល់​ប្លាស្ទិកនៅតាម​ដង​ផ្លូវ ផ្លូវទឹក, ​ការរាយប៉ាយសំរាម​តាម​ផ្លូវ និង​ការ​​ដុត​សំរាមនៅតែ​មាន​ជា​ហូរហែរនៅឡើយ។ កិច្ច​ខិត​ខំ​ក្នុង​ការ​គ្រប់​គ្រង​សំណល់​នេះ​ក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និង​គោលនយោបាយ​សម្រាប់យក​ទៅ​​អនុវត្ត​តាម។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់​ប្លាស្ទិកឱ្យកាន់តែល្អប្រសើរឡើងជាកិច្ចការដែលមានអាទិភាពខ្ពស់នៅក្នុងរបៀបវារៈរបស់ថ្នាក់ជាតិ ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០"។ ដូចនេះ ការគាំទ្រដល់ការអនុវត្តអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងសេវាប្រមូលសំរាម និងការពារសុខភាពសាធារណៈ បរិស្ថាន និងទេសភាពនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។

គម្រោងកែលម្អការ​គ្រប់​គ្រងសំរាម ​សំណល់​រឹង និង​សំណល់​ប្លាស្ទិកនៅកម្ពុជា (Cambodia: Solid Waste and Plastic Management Improvement Project) គាំទ្រដល់កិច្ចខិតខំ​របស់រដ្ឋាភិបាលក្នុងការ​ពង្រឹង​សមត្ថ​ភាព​របស់​ស្ថាប័ន​​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោមជាតិក្នុង​ការ​គ្រប់គ្រង​សំរាម​ សំណល់​ និងសំណល់ប្លាស្ទិក, ជំរុញ​ក្រុម​ហ៊ុនពាក់ព័ន្ធ​ក្នុងការ​​ប្រមូល​សំរាម​ឱ្យខិតខំ​កែលម្អសេវា​របស់​ខ្លួន, និង​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​បង់​ថ្លៃសេវាមួយមានដំណើរ​ការ​ល្អ​ជាង​មុន សម្រាប់​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​ប្រមូលសំរាម​មួយដែល​មាន​ចីរ​ភាព​ផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និង​សង្គមថែមទៀត។ គម្រោងនេះ​ត្រូវ​បានរៀបចំឡើងដោយមានបញ្ចូលនូវ​ការ​កំណត់​លក្ខណៈសម្បត្តិចាំ​បាច់​សម្រាប់ការ​ចូលរួមរបស់​ទីក្រុង​ និងទីប្រជុំជននានានៅក្នុង​គម្រោង និងសម្រាប់​ធានា​ឱ្យបាន​ថា​ បណ្តាទីក្រុងដែលចូលរួម​ ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន​ ឱ្យបានទៀងទាត់។​

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មាន​ប្រសាសន៍ថា៖ “ការ​កែលម្អ​ការ​ងារ​គ្រប់​គ្រង​សំរាម សំណល់​រឹង និង​សំណល់​ប្លាស្ទិក​ គឺ​ជា​រឿងមួយ​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​កម្ពុជា​ រួម​ទាំង​​តាម​រយៈ​វិស័យ​ទេសចរណ៍​របស់ខ្លួនផងដែរ”។ លោកស្រី​មាន​ប្រសាសន៍​​បន្ថែមទៀត​ថា៖ “បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែន​ទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ​​ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។​ លើសពីនេះ​ គម្រោងនឹងជួយ​ពង្រីក​សេវា​ប្រមូលសំរាមឱ្យគ្របដណ្តប់​តាមខ្នងផ្ទះ​កាន់តែច្រើននិងកាន់តែទៀងទាត់​, ហើយកាលណាសមត្ថ​ភាព​របស់​ទីលាន​ទុកដាក់សំរាម,​ ការកែច្នៃសំរាម និង​ការយកសំរាម​ធ្វើ​កំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន​ និងទេសចរណ៍​ ជាមិនខាន។”

គម្រោង​នេះ​នឹងអនុវត្ត​រួម​គ្នា​ដោយ​ក្រសួង​មហាផ្ទៃ, ក្រសួង​បរិស្ថាន, និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

សេចក្តីប្រកាសព័ត៌មាន​លេខ 2023/066/EAP

ទំនាក់ទំនង

Washington D.C.
Mark Felsenthal
Phnom Penh
Saroeun Bou
+855 12 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image