Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន26 កញ្ញា 2022

តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិករក្សាបានកំណើនសេដ្ឋកិច្ច គ្រប់គ្រងបានអតិផរណា ប៉ុន្តែហានិភ័យមិនទាន់ចប់ទេ

សេដ្ឋកិច្ចក្នុងតំបន់មានកំណើនអាស្រ័យដោយតម្រូវការក្នុងស្រុករើបឡើងវិញ

ក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ — របាយការណ៍របស់ធនាគារពិភពលោកបាននិយាយនៅថ្ងៃចន្ទថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនបានស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ២០២២ ពីការប៉ះទង្គិចដោយសារ​ជំងឺកូវីដ-១៩ ខណៈដែលប្រទេសចិនបានបាត់បង់សន្ទុះរបស់ខ្លួនដោយសារតែការបន្តវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគនេះ។  

ទៅថ្ងៃមុខទៀត សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចចុះខ្សោយវិញដោយសារការធ្លាក់ចុះនៃតម្រូវការសកល, ការកើនឡើងបំណុល និងការពឹងផ្អែកលើវិធានការអន្តរាគមន៍សេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។ 

យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២២ របស់ធនាគារពិភពលោក (East Asia and Pacific October 2022 Economic Update) កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥,៣% ក្នុងឆ្នាំ២០២២ ពី ២,៦% ក្នុងឆ្នាំ២០២១។ ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងទទួលបានកំណើនត្រឹម ២,៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨,១% ក្នុងឆ្នាំ២០២១។ របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូល កំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣,២% ក្នុងឆ្នាំនេះ ពី​ ៧,២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤,៦% វិញនៅឆ្នាំក្រោយ។ 

លោកស្រី ម៉ានូអែលឡា ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “សេដ្ឋកិច្ច​កំពុងតែស្តារស្ថានភាពឡើងវិញហើយ​នៅ​ក្នុង​ប្រទេសភាគច្រើន​នៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។ ទន្ទឹមគ្នា​នឹង​ការត្រៀមខ្លួន​សម្រាប់ទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ប្រទេសក្នុងតំបន់គួរតែពិនិត្យដោះស្រាយផងដែរនូវគោល​នយោបាយ​អន្តរាគមន៍ក្នុងស្រុក ដែលជាឧបសគ្គដល់ការអភិវឌ្ឍវែងឆ្ងាយ។”

កំណើនក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកភាគច្រើនសម្រេចបានអាស្រ័យដោយការកម្រើកឡើងវិញនៃតម្រូវការក្នុងស្រុក ក្រោយពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងពាក់ព័ន្ធនឹងកូវីដ-១៩ និងដោយសារកំណើននៃការនាំចេញ។ ប្រទេសចិន ដែលសេដ្ឋកិច្ច​មានទំហំប្រហែល ៨៦% នៃទិន្នផលក្នុងតំបន់ បានប្រើប្រាស់វិធានការសុខាភិបាលសាធារណៈតាមគោលដៅដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ ដែល ជាលទ្ធផល បង្កឧបសគ្គដល់សកម្មភាពសេដ្ឋកិច្ចទៅវិញ។

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ចាប់​ផ្តើមធ្វើឱ្យធ្លាក់ដែរនូវ​តម្រូវ​ការ​សម្រាប់​ការ​នាំ​ចេញ​របស់តំបន់នូវទំនិញវត្ថុធាតុដើម ​និង​ទំនិញរោងចក្រ។ ការកើនឡើងអតិផរណានៅបរទេសបានរុញអត្រាការប្រាក់ឡើងដែរ ដែលជាហេតុធ្វើឱ្យមានការហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្នុងប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមួយចំនួន។ ការវិវត្តទាំងនេះបានបង្កើនបន្ទុករបស់សេវាទូទាត់បំណុល និងបង្រួញលំហសារពើពន្ធ បង្កើនការលំបាកដល់បណ្តាប្រទេសដែលមានបន្ទុកបំណុលខ្ពស់ស្រាប់ នៅពេលជំងឺរាតត្បាតមកដល់។

នៅពេលដែលប្រទេសក្នុងតំបន់ស្វែងខិតខំរកវិធីការពារគ្រួសារទូទៅ និងក្រុមហ៊ុនពីការឡើងថ្លៃខ្ពស់របស់ម្ហូបអាហារ និងថាមពល វិធានការគោលនយោបាយបច្ចុប្បន្នបាននាំមកនូវភាពធូរស្រាលចាំបាច់ច្រើនមែន ប៉ុន្តែជាមួយគ្នានោះ វាក៏ធ្វើឱ្យគោលនយោបាយដែលខូចទ្រង់ទ្រាយស្រាប់កាន់តែខូចថែមទៀតដែរ។ ការគ្រប់គ្រងលើតម្លៃម្ហូបអាហារ និងការឧបត្ថម្ភធនដល់ផ្នែកថាមពលផ្តល់ផលចំណេញដល់អ្នកមាន ហើយបង្វែរការចំណាយរបស់រដ្ឋាភិបាលចេញពីវិស័យផ្សេងៗវិញ មានផ្នែកហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និ អប់រំ ជាដើម។ ការអូសបន្លាយភាពអនុគ្រោះមិនចាត់ការតាមបទប្បញ្ញត្តិធនាគារ ដែលមានគោលបំណងសម្រួលការផ្តល់ប្រាក់កម្ចីក្នុងអំឡុងពេលមានជំងឺរាតត្បាត អាចធ្វើឱ្យគាំងធនធានសម្រាប់ក្រុមហ៊ុនដែលរកស៊ីខាត ហើយបង្វែរដើមទុនចេញពីវិស័យឬអាជីវកម្មដែលមានសក្តានុពលខ្លាំង ទៅវិញ។

លោក Aaditya Mattoo សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិកនៃធនាគារពិភពលោក មានប្រសាសន៍ថា៖ “អ្នកធ្វើគោលនយោបាយប្រឈមមុខនឹងថ្នូរដ៏លំបាកមួយ រវាងភាពចាំបាច់ដោះស្រាយបញ្ហាអតិផរណា និងការត្រូវជួយ(អន្តរាគមន៍)ឱ្យសេដ្ឋកិច្ចងើបឡើងវិញ។ វិធានការគ្រប់គ្រង​និង​ការឧបត្ថម្ភធន ធ្វើឱ្យព័ត៌មានតម្លៃមានភាពមិនច្បាស់លាស់ និងប៉ះពាល់ដល់ផលិតភាព។ ដូច្នេះ គោលនយោបាយកាន់តែល្អសម្រាប់ស្បៀងអាហារ ឥន្ធនៈ និងហិរញ្ញវត្ថុ នឹងជួយជំរុញកំណើន និងការពារប្រឆាំងនឹងអតិផរណាបានទៀតផង។   

សេចក្តីប្រកាសព័ត៌មាន​លេខ 2023/018/EAP

ទំនាក់ទំនង

In Washington:
Kym Smithies
+1(202) 458-0152
For Broadcast Requests:
Kym Smithies

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image