Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន17 មីនា 2022

ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងបង្កើនការវិនិយោគលើវិស័យអប់រំ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាការផ្តោតការយកចិត្តទុកដាក់នៃទស្សនកិច្ចរបស់អនុប្រធានធនាគារពិភពលោកមកកម្ពុជា

ភ្នំពេញ ថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០២២​ — លោកស្រី​ ម៉ានូអេឡា វ. ហ្វឺរ៉ូ​ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានផ្តល់តម្លៃខ្ពស់ចំពោះចំណាត់ការមានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ហើយលោកស្រីបានលើកទឹកចិត្តផងដែរឱ្យមានការបន្តជំរុញការវិនិយោគលើវិស័យអប់រំ​ថែមទៀត ក្នុងខណៈដែលរដ្ឋាភិបាលខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្នុងឱកាសដែលលោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាពិថ្ងៃទី ១៣ដល់ថ្ងៃទី១៧ ខែមីនានេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ហ្វេរ៉ូ បានជួបធ្វើកិច្ចពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន, និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់។

លោកស្រី ហ្វឺរ៉ូ មានប្រសាសន៍ថា៖ “កម្ពុជានៅមិនទាន់រួចផុតពីផលប៉ះពាល់អវិជ្ជមានរបស់ជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច នៅឡើយទេ ដែលពេលនេះកំពុងជួបនឹងរឿងមិនសូវល្អមួយទៀតដោយសារប្រេងឥន្ធនៈ និង ស្បៀងអាហារឡើងថ្លៃ។ យ៉ាងណាក្តី អត្រាចាក់វ៉ាក់សាំងខ្ពស់ និង ការបើកប្រទេសឡើងវិញ ជាកត្តាធ្វើឱ្យកម្ពុជាមានភាពប្រសើរមួយក្នុងការស្តារសេដ្ឋកិច្ចឱ្យបានរឹងមាំសាជាថ្មី”។ លោកស្រីពោលបន្ថែមទៀតថា៖ “ធនាគារពិភពលោកកំពុងតែបន្តជួយកម្ពុជាលើផ្នែកសេវាកម្មអប់រំនិងសុខាភិបាល, ការកែទម្រង់សេដ្ឋកិច្ច​ដើម្បីបង្កើនការវិនិយោគ និង បង្កើតការងារថ្មីៗ, និងដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈប្រកប ដោយគុណភាព។”

នៅក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាល និង តំណាងវិស័យឯកជន លោកស្រី ហ្វឺរ៉ូ បានស្វាគមន៍ចំពោះការគ្រប់គ្រងមានប្រសិទ្ធភាព​របស់កម្ពុជាលើការរាតត្បាតវីរុសកូវីដ-១៩ ក៏ដូចជាចំពោះកម្មវិធីស្តារសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងអនុវត្ត។ លោកស្រីក៏​បានធ្វើ​ការកត់​សម្គាល់ដែរថា កិច្ចខិតខំស្តារសេដ្ឋកិច្ចនេះក៏ជាឱកាសថ្មីមួយដែរ​សម្រាប់គិតគូរអំពីគន្លងផ្លូវថ្មីដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ច គឺតាមរយៈការធ្វើកំណែទម្រង់ដែលនឹងជំរុញថែមទៀតនូវផលិតភាពរបស់ក្រុមហ៊ុន​ និង របស់កម្មករ ហើយនឹងជួយធ្វើឱ្យការវិនិយោគនិងការនាំចេញកាន់តែរីក និង កាន់តែសម្បូរបែប។

ក្រៅពីជំនួបទាំងនេៈ លោកស្រី ហ្វឺរ៉ូ បានឆ្លៀតពេលទៅធ្វើទស្សនកិច្ចដល់គម្រោងមួយចំនួនដែលទទួលជំនួយពីធនាគារ​ពិភព​លោក។ លោកស្រីបានសង្កេតមើលសកម្មភាពនៅតាមថ្នាក់រៀន និង នៅតាមមន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលកំពុងតែសហការគ្នាជាមួយសាកលវិទ្យាល័យអន្តរជាតិនានាជាដៃគូ ដើម្បីអឹបក្រេដកម្មវិធីសិក្សាវិស្វកម្មសម្រាប់​កម្រិតបរិញ្ញាបត្រ និង អនុបណ្ឌិត។ លោកស្រីក៏បានធ្វើការសន្ទនាដែរជាមួយគ្រូបង្រៀន​ មាតាបិតា និង សិស្សានុសិស្សនៅអនុវិទ្យាល័យ ទួលប្រាសាទសែនសុខ ដែលនៅទីនោះកិច្ចប្រឹងប្រែងនានាក្នុងការកែលម្អប្រតិបត្តិការរបស់សាលា និង លទ្ធផលសិក្សារបស់សិស្ស កំពុងតែទទួលបានផលល្អ ក្នុងនោះអត្រាសិស្សឈប់រៀនបានធ្លាក់ចុះ ហើយសិស្សក៏ខិតខំរៀនសូត្រក៏ទទួលបានលទ្ធផលប្រសើរជាងមុនដែរ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិ សុខសែនជ័យ ឃុំពាម និងទៅកាន់ភូមិ​ ខ្សាច់ស ក្នុងឃុំក្រាំងល្វា ខេត្តកំពង់ឆ្នាំង លោកស្រី ហ្វឺរ៉ូ បានជួបសន្ទនាជាមួយមន្ត្រី និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានទទួលកម្មសិទ្ធិដីធ្លី និងអត្ថប្រយោជន៍នានាពីជំនួយដូចជាផ្លូវថ្នល់​ ទឹក អនាម័យ និងជំនួយដល់ផ្នែកកសិកម្មបម្រើឱ្យជីវភាពរស់នៅរបស់សហគមន៍នៅទីនោះ។

នាពេលបច្ចុប្បន្ន ធនាគារពិភពលោកកំពុងជួយដល់គម្រោងអភិវឌ្ឍនានារបស់កម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជាង ១,១ ប៊ីលានដុល្លារអាមេរិក។​

 

សេចក្តីប្រកាសព័ត៌មាន​លេខ 2022/066/EAP

ទំនាក់ទំនង

In Phnom Penh:
855 12 414 088

នៅ​ប្លុក

    loader image

អ្វីៗ​ដែល​ថ្មី

    loader image