Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 9 ធ្នូ 2021

ធនាគារពិភពលោក៖ កម្ពុជាកំពុងរស់នៅជាមួយកូវីដ-១៩

ភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ — ផលិតផលសរុបក្នុងស្រុក (ផ.ស.ស) របស់​កម្ពុជាត្រូវ​បានព្យាករថា​នឹង​មានកំណើន​​ត្រឹម​តែ​ ២,២ភាគរយ ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ដោយសារ​វិស័យ​សេវាកម្ម រួមមានវិស័យ​ទេសចរណ៍, និងវិស័យ​សំណង់ និង​អចលនទ្រព្យ នៅមានកំណើនយឺត។ ទន្ទឹមគ្នានេះ វិស័យជាប្រពៃណីក្នុងការជំរុញកំណើន ជាពិសេស​ឧស្សាហកម្មកាត់ដេរ, ទំនិញធ្វើដំណើរ និង​ស្បែកជើង និង​ឧស្សាហកម្មផលិតកង់ រួមទាំងវិស័យ​កសិកម្មផង នៅតែបន្ត​ដើរតួក្នុងការទ្រទ្រង់ដល់ការ​ស្តារសេដ្ឋកិច្ច​ឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។ ទាំងនេះ​ជា​បច្ចុប្បន្នភាពចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ច​របស់​កម្ពុជាដែលធនាគារពិភពលោក​បាន​ធ្វើ​ឡើង តាម​រយៈរបាយការណ៍​ថ្មី​មួយ​ក្រោមចំណងជើងថា “រស់ជាមួយកូវីដ-១៩” (Living with COVID-19)

ថ្វីដ្បិតតែការ​ផលិត​សម្រាប់​ការ​នាំចេញបានរើបឡើងវិញ ហើយ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្មមានការកើនឡើង​ពិតមែនក៏ដោយ ​ឱនភាពផ្នែកពាណិជ្ជកម្មបាន​រីកទំហំកាន់តែធំ​គួរឱ្យកត់សម្គាល់ ដោយសារ​​មានការកើនឡើង​នៃ​ការ​នាំចូល​មុខទំនិញ​មួយ​ចំនួន ជាពិសេស​មាស សម្រាប់​​យក​មក​ធ្វើ​ជា​សញ្ជ័យធន (ការសន្សំ)។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ដូច្នេះថា៖ “យើងទាំងអស់គ្នា​បានដឹងហើយថា​ ពេលនេះកម្ពុជាកំពុងតែរស់នៅជាមួយជំងឺកូវីដ​-១៩, ប្រជា​ជន​ចំនួនច្រើនលើសលប់​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួច ហើយ​រដ្ឋា​ភិបាល​ក៏​បាន​ចាប់​ផ្តើម​បើកប្រទេស​ឱ្យដំណើរការឡើងវិញសឹងតែគ្រប់ផ្នែកហើយដែរ ដោយ​បន្ត​អនុវត្ត​វិធានការ​ការ​ពារ​សុខភាព​ដែលមានជាធរមានស្រាប់។ នៅធនាគារពិភពលោក ពេលនេះយើង​កំពុង​តែ​រៀបចំ​ធ្វើការពិនិត្យឡើងវិញ​នូវ​ការ​បំពេញកិច្ច និង​បទពិសោធន៍ (Performance and Learning Review) ដែល​នឹង​អាចឱ្យយើង​ពង្រឹងនឹងសម្របភាពជាដៃគូ​របស់​យើង​ជាមួយ​កម្ពុជា​ឱ្យ​បានកាន់តែប្រសើរថែមទៀត ខណៈដែលប្រទេសនេះកំពុ​ង​ខិតខំ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​កាន់​តែមាន​ភាព​ស្វិត​ស្វាញ បន្ទាប់​ពី​រងផលប៉ះពាល់ខ្លាំងពី​ការ​រាតត្បាតនៃជំងឺកូវីដ-១៩។”

តាមការព្យាករទុកសម្រាប់ពេលខាងមុខ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ងើបឡើងវិញ​បន្ទាប់​ពី​វិធាន​ការ​រឹតត្បិត​ពាក់​ព័ន្ធ​នឹង​កូវីដ-១៩ត្រូវ​បាន​ដកចេញ។ នៅក្នុង​ឆ្នាំ​២០២២ សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​សម្រេច​បាន​កំណើន ៤,៥% ប៉ុន្តែ​ដំណើរ​រើប​ឡើង​វិញ​នេះ​នឹង​ជួបហានិភ័យ​ទៅវិញ​ប្រសិន​បើ​មាន​ការ​សាយ​ភាព​នៃ​វីរុស​នេះ​ជា​ថ្មីម្តងទៀត។

ដើម្បីធ្វើ​ឱ្យ​សេដ្ឋកិច្ចមានកម្លាំង​ស្ទុះងើបឡើងវិញ របាយការណ៍នេះ​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើកំណែទម្រង់នូវផ្នែកសំខាន់​ៗមួយចំនួន ក្នុងនោះ​មានការដាក់​ចេញនូវ​​វិធាន​និង​បទប្បញ្ញត្តិ​ច្បាស់​លាស់​ស្តីពី​ការរៀន​រស់​ជាមួយ​កូវីដ-១៩ស្រប​តាម “គន្លងប្រក្រតីភាពថ្មី”, វិធានការផ្នែក​​បទប្បញ្ញត្តិ​និង​ផ្នែក​សារពើ​ពន្ធ​ដែល​ជួយ​ដល់​ការ​រស់​រាន​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍, និង​ការ​ដាក់​ចេញ​ជា​បន្ទាន់នូវ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​និយោគថ្មី។ របាយការណ៍នេះ​បាន​បន្ថែមទៀតថា កាលណាការងើបឡើងវិញនៃសេដ្ឋ​កិច្ច​លេចចេញជារូបរាងហើយ កម្ពុជាអាច​ចាប់​ផ្តើម​រៀបចំ​កែសម្រួល​លំហ​សារ​ពើពន្ធ​របស់​ខ្លួន​ឡើងវិញ ហើយជាមួយគ្នានោះ បន្ត​តាមដាន​មើលលើគុណភាព​របស់ធនធាន និង​បង្កើន​ភាព​ទុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

របាយការណ៍នេះមានជំពូកពិសេសមួយ​ពិនិត្យទៅលើ​ផល​ប៉ះពាល់​នៃជំងឺកូវីដ-១៩ ទៅលើ​ការ​រៀនសូត្រ និង​ការ​រក​ចំណូល។ ជំពូកនេះ​បាន​ឱ្យដឹងថា ការបិទ​សា​លា​រៀនបាននាំមកនូវការ​ខាត​បង់​ធំធេង​នៅ​ទូទាំង​ប្រទេស។ ក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​ខិត​ខំបង្កើត​ជម្រើស​កម្មវិធី​ច្រើន​យ៉ាង​សម្រាប់​ការ​រៀនពីចម្ងាយ​ក៏ពិតមែន ប៉ុន្តែសិស្ស​មួយចំនួន​នៅ​តែ​មិន​អាច​ប្រើប្រាស់​​វា​បាន ឬ មិន​បាន​ប្រើ​ប្រាស់​វា​សោះ​តែ​ម្តង។ សិស្សណាដែលរៀនមិនបានជាប់លាប់ ឬ​ដែលបោះបង់ចោលការសិក្សា​ នឹង​មានលទ្ធ​ភាព​អាច​រក​បាន​ចំណូល​តិចតួចក្នុងមួយជីវិត​របស់​ខ្លួន ខុសពី​អ្នក​ដែល​បាន​រៀន​សូត្រ​គ្រប់​គ្រាន់។ ការ​ខាតបង់​ការ​រៀនសូត្រ​ដោយ​សារ​តែ​ការ​បិទ​សាលារៀន​ក្នុងអំឡុង​ពេល​មាន​ការ​រាត​ត្បាត​ជំងឺ​នេះ នឹង​បង្កឱ្យ​មាន​នូវ​វិបាក​ធំធេងផ្នែក​សេដ្ឋ​កិច្ច ដោយ​វា​នឹង​​កាត់​បន្ថយប្រាក់​ចំណូល​រំពឹងទុក​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ជន​ក្រី​ក្រអស់​ចំនួនប្រ​មាណ​ជា ៧៣៨​ដុល្លារ​អាមេរិក សម្រាប់​មនុស្ស​ម្នាក់ នេះ​បើ​និយាយ​ក្នុងន័យ​ធៀប​អំពី​លទ្ធភាព​ក្នុង​​ការ​ទិញ​​សម្រាប់​​ពួកគេ។  

នៅចំពោះមុខស្ថានភាពបែបនេះ របាយការណ៍​បាន​ផ្តល់អនុសាសន៍ថា កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគបន្ថែមលើ​ធនធានមនុស្ស អមដោយការ​ចាត់វិធានការឱ្យ​បាន​ទាន់ពេលវេលាដើម្បីទប់ស្កាត់ការឈប់រៀន, ធ្វើ​ការ​វាយតម្លៃ​ការ​រៀនសូត្រ​របស់​សិស្ស និង​អនុវត្ត​បច្ចេកទេសសម្រាប់​ស្តារការ​រៀនឡើងវិញ ​ដើម្បីជួយឱ្យសិស្ស​អាចបំពេញបានមកវិញនូវអ្វីដែលគេខាតបង់ដោយសារការបិទសាលាកន្លងមក។

បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា ជារបាយការណ៍​ចេញផ្សាយ​ពីរដងក្នុងមួយឆ្នាំ ដែលផ្តល់​ព័ត៌មាន​ទាន់សភាពការណ៍ស្តីពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្នុងរយៈពេលខ្លី​និង​មធ្យមរបស់​កម្ពុជា។


សេចក្តីប្រកាសព័ត៌មាន​លេខ 2022/040/EAP

ទំនាក់ទំនង

ភ្នំពេញ៖
លោក ប៊ូ សារឿន
(855 12) 414 088
sbou@worldbank.org
Api
Api