Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 28 កញ្ញា 2021

ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក កំពុងជួបឧបសគ្គ

វ៉ាស៊ីនតោន ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ — ធនាគារពិភពលោកនិយាយនៅថ្ងៃចន្ទនេះថា ការងើបឡើងវិញនៃសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វ៊ិកបានបន្ទុចបង្អាក់ដោយការរាលដាល​វីរុសបំប្លែងប្រភេទដែលតា (Delta variant) នៃជំងឺកូវីដ១៩ ដែលកាន់តែអូសបន្លាយនូវ​ការលំបាករបស់​បណ្តាក្រុម​ហ៊ុន​ ​ និង របស់គ្រួសារ ដែលស្ថានភាពនេះបានពន្យឺតល្បឿន​នៃ​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​វិសមភាព​កាន់តែកើនឡើងថែមទៀត​ នៅ​ក្នុង​រយៈពេលវែងទៅថ្ងៃខាងមុខ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​ចុងក្រោយឈ្មោះ East Asia and Pacific Fall 2021 Economic Update ធនាគារពិភពលោកបាន​ឱ្យ​ដឹង​ថា សកម្មភាពសេដ្ឋកិច្ច​បាន​ធ្លាក់ចុះនៅក្នងត្រីមាសទី២នៃឆ្នាំ២០២១ ហើយ​តាមរយៈនេះ ការព្យាករសេដ្ឋកិច្ចពីមុនមក​ក៏ត្រូវ​បាន​កែសម្រួល​ទម្លាក់​កម្រិត​ផងដែរសម្រាប់​ប្រទេស​ភាគច្រើន​នៅ​ទូទាំងតំបន់នេះ។ ខណៈដែលប្រទេស​ចិនទំនង​ជានឹងសម្រេច​បាន​កំណើនសេដ្ឋកិច្ច​ ៨,៥% តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ក្នុងតំបន់ត្រូវ​បាន​ព្យាករថានឹង​សម្រេច​បាន​កំណើត​តែ ២,៥% តែប៉ុណ្ណោះ ​គឺ​ទាបជាងក្នុងកម្រិត​ជិត​ ២% ធៀបទៅនឹង​ការ​ព្យាករណ៍ទុកនៅក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​កាលពីខែមេសា ឆ្នាំ​២០២១។ អត្រា​មានការងារធ្វើ និង​ការ​ចូលរួម​របស់​កម្លាំងពលកម្ម​មាន​ការ​ធ្លាក់ចុះ ហើយអាស្រ័យហេតុនេះ នៅ​ក្នុង​ឆ្នាំ​២០២១ ប្រជាជន​ជាង ២៤លាន​នាក់​នឹង​មិន​អាច​គេចផុត​ពីការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រទេ​។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធាធនាគារពិភពលោក​សម្រាប់​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ដំណើររងើបឡើងវិញនៃសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ីក កំពុងរងការរុញច្រានឲ្យថយក្រោយវិញ។ កាលនៅឆ្នាំ២០២០ ក្នុង​គ្រា​ដែលតំបន់ដទៃ​លើ​ពិភពលោក​កំពុងតែត្រដរទប់ទល់ការ​រាល​ដាលជំងឺកូវីដ​១៩  តំបន់អាស៊ីបូព៌ានិង​ប៉ាស៊ីហ្វ៊ិក​មានជោគជ័យនៅ​ក្នុង​ការឃុំគ្រងជំងឺកូវីដ១៩កុំឱ្យ​រាល​ដាលខ្លាំង។ ផ្ទុយទៅវិញនៅក្នុង​ឆ្នាំ​២០២១ តំបន់នេះមានករណីរឆ្លងជំងឺកូវិដ១៩កើនឡើងច្រើន ដែលជាហេតុធ្វើឲ្យ្ឲក្តីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។ តែទោះជាយ៉ាងណាក៏ដោយតំបន់នេះធ្លាប់ក្រោកឡើងចេញពីវិបត្តិមុនៗកាន់តែរឹងមាំលើសដើមផង ហើយលើកនេះពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ”។  

របាយការណ៍បច្ចុប្បន្នភាពនេះបានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩​ និងពី​សន្ទុះ​កម្រិត​នៃការឆ្លង​របស់វា ទំនងជានឹង​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ និងធ្វើ​ឱ្យ​វិសមភាព​កាន់​តែកើនឡើងថែមទៀត សម្រាប់​រយៈ​ពេល​វែងឆ្ងាយទៅថ្ងៃមុខ។ ការអូសបន្លាយស្ថានភាពបែបនេះ​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​​ខាត​បង់​ធន​ធាន​អរូបិយមាន​តម្លៃ​របស់​ខ្លួន ហើយ​ក្រុមហ៊ុនដែល​អាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាក​ការវិនិយោគ​របស់​ខ្លួន​មួយ​រយៈសិនដែរ។ ក្រុមហ៊ុន​តូច​ៗបាន​រងនូវការ​ប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុនទាំងអស់សុទ្ធតែជួបការលំបាក ក្រុមហ៊ុនធំៗមិនសូវ​ជាកាត់​បន្ថយ​បរិមាណ​នៃការលក់ទេ ហើយ​ក៏ទំនង​ជា​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​ក្នុង​ការ​ចាប់​យក​បច្ចេកវិទ្យា​ទំនើបមក​ប្រើ និង​ក្នុង​ការ​ទទួល​បាន​ការ​ឧបត្ថម្ភគាំពារពីរដ្ឋា​ភិបាល​ផង​ដែរ។

ស្របពេលគ្នានេះ គ្រួសារ​ទាំងអស់​សុទ្ធ​តែរងការលំបាក ប៉ុន្តែមិនលំបាកខ្លាំងដូចអ្នក​ក្រីក្រទេដែល​ងាយ​នឹង​បាត់​បង់ចំណូល, ប្រឈម​នឹង​អសន្តិសុខស្បៀងកាន់តែខ្លាំង, មាន​កូនដែលលែងសូវ​បានរៀនសូត្រ ហើយរងសម្ពាធត្រូវ​លក់ទ្រព្យ​សម្បត្តិដើម្បីដោះទ័ល។ ជាលទ្ធផល កុមារកាន់តែច្រើននឹងប្រឈមជាមួយជំងឺក្រិស, មូលធនមនុស្សនឹងបាត់បង់ ហើយ​ធន​ធាន​ផលិតកម្ម​ក៏នឹង​ត្រូវ​ខាត​បង់​ដែរ ដែលកត្តា​ទាំងអស់នេះនឹង​ជះឥទ្ធិកាន់តែមិនល្អទៅលើលទ្ធភាពរកចំណូលរបស់គ្រួសារ។ វិសមភាពកាន់តែធំឡើងរវាង​ក្រុម​ហ៊ុន​ក៏​នឹង​បណ្តាលឱ្យមានវិសមភាពកាន់តែធំដែរនៅក្នុងចំណោមកម្មករ។

លោក អាឌីត្យា ម៉ាត់ទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា៖ “ការចាក់វ៉ាក់សាំងឱ្យ​បាន​កាន់តែលឿន និង​ការ​ធ្វើតេស្តដើម្បី​គ្រប់គ្រង​ការឆ្លងវីរុសកូវីដ១៩ អាចស្តារសកម្មភាពសេដ្ឋកិច្ចនៅ​តាម​ប្រទេសដែលកំពុងជួបការលំបាកឱ្យ​រើបឡើងវិញក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ​២០២២ និង​រុញ​សេដ្ឋកិច្ចនៅតាមប្រទេស​ទាំង​នោះ​ឱ្យ​មាន​អត្រា​កំណើនទ្វេដងនៅក្នុង​ឆ្នាំ​បន្ទាប់។” លោកបន្ថែមទៀតថា៖ “យ៉ាងណាក្តីសម្រាប់រយៈពេលវែងឆ្ងាយ មានតែការកែទម្រង់ស៊ីជម្រៅទេ​ដែលអាច​បញ្ចៀសបាននូវភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​ និង​ ការកើនឡើងនៃវិសមភាពនេះ ​ដែលជា​កត្តាធំពីរបង្កភាពក្រីក្រកាន់តែធំដែលតំបន់នេះមិនដែលប្រទះនៅក្នុង​សតវត្សរ៍នេះ។” ​

របាយការណ៍នេះបានប៉ាន់ស្មានថា ប្រទេសភាគច្រើននៅក្នុងតំបន់នេះ រាប់ទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន អាច​សម្រេច​ ការ​ចាក់​វ៉ាក់​សាំងបាន ៦០%នៃ​ចំនួន​ប្រជាជនរៀងៗខ្លួន​ក្នុង​អំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២។ ថ្វីបើការចាក់វ៉ាក់សាំងបានកម្រិតនោះនឹងមិនកំចាត់​ការ​ឆ្លងវីរុសកូវីដក៏ដោយ ក៏វា​ពិត​ជា​នឹងកាត់​បន្ថយ​ការ​ស្លាប់​បានច្រើន និង​ជួយ​ឱ្យ​សកម្មភាពសេដ្ឋ​កិច្ច​ចាប់​ផ្តើមកម្រើកឡើងវិញ។

យ៉ាងណាក៏ដោយ របាយការណ៍​បាន​សង្កត់ធ្ងន់ថា តំបន់ទាំងមូលចាំបាច់​ត្រូវ​ប្រឹង​ប្រែង​ឱ្យ​ខ្លាំងមែនទែនក្នុង​ការរកដំណោះស្រាយ​បញ្ហា​នៅលើសមរភូមិ​ចំនួន​បួន គឺ បញ្ហាភាពអល់អែកចំពោះ​ការ​ចាក់​វ៉ាក់សាំង និងកម្រិត​នៃសមត្ថភាព​បែងចែកវ៉ាក់សាំង​ដើម្បី​បង្កើន​វិសាលភាពគ្របដណ្តប់​នៃការ​ចាក់​វ៉ាក់សាំង; ពង្រីកការធ្វើ​តេស្ត តាមដាន​ប្រភពឆ្លង​ និង​ការ​អនុវត្ត​វិធានការ​ចត្តាឡីស័កដើម្បី​គ្រប់​គ្រង​ការ​ឆ្លងវីរុស; បង្កើន​ការ​ផលិត​វ៉ាក់សាំងនៅក្នុងតំបន់ដើម្បីឈានទៅកាត់បន្ថយ​ការពឹងផ្អែកលើ​ការនាំចូលពីក្រៅ; និង​ការ​ពង្រឹងប្រព័ន្ធ​សុខាភិបាល​សម្រាប់​លៃលកទប់ទល់ជាមួយ​ជំងឺដែលមានវត្តមានរ៉ាំរ៉ៃទៅថ្ងៃមុខ។ ជំនួយអន្តរជាតិ​នៅតែជាការ​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​កិច្ច​ខិតខំថ្នាក់​ជាតិនៃប្រទេសនីមួយៗនៅក្នុង​ករណីទាំងនេះ ជាពិសេស​នៅ​តាម​ប្រទេស​ដែល​ប្រព័ន្ធសុខាភិបាល​នៅមានសមត្ថភាពខ្សោយ។

ទៅហួសពីការងារទប់ស្កាត់គ្រប់គ្រងជំងឺកូវីដ១៩ អ្វីដែលចាំបាច់ដែរនោះគឺត្រូវមានយុទ្ធសាស្ត្រ​ពហុវិស័យមួយសម្រាប់ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ធានា​ឱ្យ​បាន​ថា​កំណើននោះមានភាពបរិយាបន្ន។ របាយការណ៍នេះ​បានស្នើថា ការផ្សព្វ​ផ្សាយ​បច្ចេកវិទ្យា​ឱ្យ​បាន​ឆាប់​រហ័សនៅក្នុង​វិបត្តិនេះអាចមានប្រយោជន៍ជួយជំរុញផលិតភាព, ធ្វើប្រជាធិបតេយូបនីយកម្ម​នៃ​ការ​អប់រំ និង​ធ្វើ​បរិវត្តកម្ម​ស្ថាប័នរបស់រដ្ឋ។ យ៉ាងណាក៏ដោយ ចាំបាច់ត្រូវតែមានការកែទម្រង់​អមជាមួយ។ ការបំពាក់​ជំនាញ​ដល់​ក្រុម​ហ៊ុន​ឱ្យចេះ​ប្រើ​​បច្ចេកវិទ្យា​នៅ​តាម​ធុរកិច្ច​របស់ខ្លួនត្រូវមាន​អមជាមួយដោយ​ភាពបើកចំហសម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​អម​ដោយ​ការ​រៀបចំគោលនយោបាយនានាដែលលើកទឹកចិត្ត​ក្រុមហ៊ុនឱ្យ​ចាប់​យក​បច្ចេកវិទ្យាថ្មីមកប្រើ។

ការ​អនុវត្ត​វិធានការកែទម្រង់ដែលបានអូសបន្លាយពេលយ៉ាងយូរក្នុងវិស័យអប់រំ ដើម្បីលើកកម្ពស់គុណភាពបង្រៀន និង​កម្មវិធីសិក្សាដែលអាច​បង្កើន​លទ្ធភាពបានកាន់តែទូលំទូលាយ​សម្រាប់​ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ។


សេចក្តីប្រកាសព័ត៌មាន​លេខ 2021/021/EAP

ទំនាក់ទំនង

វ៉ាស៊ីនតោន៖
Kym Smithies
+1(202) 458-0152
ksmithies@worldbank.org
ភ្នំពេញ៖
លោក ប៊ូ សារឿន
012 414 088
sbou@worldbank.org
Api
Api