Skip to Main Navigation
សេចក្តីប្រកាសព័ត៌មាន 17 កញ្ញា 2021

លោកស្រី Manuela Ferro (ម៉ានូអែឡា ហ្វេរ៉ូ) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក


 

វ៉ាស៊ីនតោន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២១ – លោកស្រី Manuela V. Ferro, (ម៉ានូអែឡា ហ្វេរ៉ូ) ដែលជា​សេដ្ឋ​វិទូ និង​ជាអ្នក​ដឹកនាំជាន់ខ្ពស់មួយរូបនៃធនាគារពិភពលោក ពេលនេះមានតំណែងថ្មីជា​អនុប្រធាន​នៃធនាគារនេះទទួលបន្ទុក​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក។

មុននឹងទទួល​តំណែងនេះ លោកស្រី ហ្វេរ៉ូ ​មាន​បទពិសោធន៍​ច្រើន​តាម​រយៈការ​ងារ​ជាង​បីទសវត្សរ៍នៅតំបន់អឺរ៉ុប, អាមេរិក ឡាទីន និង​ការ៉ាអ៊ីប, អាហ្វ្រ៊ិក និង​មជ្ឈិមបូព៌ា និង​នៅអាស៊ីខាងត្បូង អមជាមួយតំណែងថ្នាក់​ដឹកនាំជាន់ខ្ពស់​មួយចំនួនទៀតនៅក្នុង​ស្ថាប័នធនាគារពិភពលោក។ តំណែងជាន់ខ្ពស់​ដែលលោកស្រីធ្លាប់កាន់មុននេះគឺ ឋានៈអនុប្រធាន​ទទួលបន្ទុក​គោលនយោបាយប្រតិបត្តិការ និង​កម្មវិធី​តាមប្រទេស ដែលក្នុងនោះលោកស្រីជាអ្នកមើល​ការ​ខុស​ត្រូវ​​ លើ​អន្តរាគមន៍​ឆ្លើយតប​ទ្រង់​ទ្រាយធំបំផុតរបស់​ធនាគារ​ពិភពលោក ទៅនឹងការ​រាតត្បាតជំងឺកូវីដ១៩។ ក្នុងតំណែងជា​ប្រធាន​ផ្នែកយុទ្ធ​សាស្ត្រ​និង​ប្រតិបត្តិការសម្រាប់​តំបន់​អាមេរិក ឡាទីន លោកស្រី ហ្វេរ៉ូ ទទួលបន្ទុក​មើលកិច្ចការប្រតិបត្តិការ​របស់​ធនាគារ​សម្រាប់​តំបន់ធំមួយ​ក្នុង​ចំណោម​ប្រទេស​ និង​រដ្ឋ​មាន​ចំណូល​មធ្យម។ កាលនៅធ្វើ​ជា​ប្រធាន​ផ្នែក​កាត់បន្ថយ​ភាពក្រីក្រ និង​គ្រប់គ្រង​សេដ្ឋកិច្ច លោកស្រី​ជាអ្នក​ដឹកនាំ​កិច្ច​សន្ទនាសេដ្ឋកិច្ច​ជាមួយ​បណ្តា​រដ្ឋ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា និង​ អាហ្វ្រ៊ិក​ខាង​ជើង។

នៅក្នុងតំណែងថ្មីនេះ លោកស្រី ហ្វេរ៉ូ នឹង​មើល​ការ​ខុស​ត្រូវ​ទូទៅលើ​ការ​គាំទ្រ​របស់​ធនាគារ​ពិភពលោក​សម្រាប់​​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក នៅ​ក្នុង​​ការ​ស្តារសេដ្ឋកិច្ចឱ្យ​មាន​ចីរភាព និង​មានភាពស្វិតស្វាញឡើង​វិញ​ពី​វិបត្តិ​ដែលបង្កដោយកូវីដ១៩។ ពិតណាស់ ​ប្រទេសជាច្រើននៅក្នុងតំបន់នេះ​បាន​ព្យាយាម​ទប់​ស្កាត់​ការ​រាលដាលជំងឺនេះ​ប្រកប​ដោយជោគជ័យនៅក្នុង​ឆ្នាំ​២០២០កន្លងទៅ ប៉ុន្តែ​រលក​នៃការ​រាលដាលក្រោយមកទៀតរបស់​វីរុសនេះ កំពុងតែធ្វើឱ្យកំណើនសេដ្ឋកិច្ច​និង​ការ​បង្កើត​ការ​ងារ​មានសភាព​ថម​ថយ បណ្តាលឱ្យវិសមភាព​កាន់តែរីកធំទៅវិញនៅក្នុង​ឆ្នាំ​២០២១។

លោកស្រី Manuela V. Ferro, មានប្រសាសន៍ថា៖ “ធនាគារពិភពលោក​ជាដៃគូ​យូរអង្វែងនៅ​ក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក ហើយធនាគារ​នៅតែរក្សា​ការ​ប្តេជ្ញាចិត្ត​ជួយតំបន់នេះឱ្យ​រើបឡើងវិញ​នៅ​ក្នុង​ពេល​ដ៏សែន​លំបាកនេះ។ ក្នុង​នាម​ជា​អនុប្រធាន​នៃធនាគារនេះទទួលបន្ទុក​តំបន់អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក​ ខ្ញុំ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បីពង្រឹងភាពជាដៃគូជាមួយបណ្តា​ប្រទេស និង ដៃគូអភិវឌ្ឍន៍នានា នៅក្នុង​បេសកកម្មថ្មីនេះ។”  

លោកស្រី ហ្វេរ៉ូ មាន​សញ្ញាបត្របណ្ឌិតផ្នែក​អភិវឌ្ឍន៍សេដ្ឋកិច្ច​ពី​សាកលវិទ្យា​ល័យ Stanford University និង​សញ្ញាបត្រវិស្វកម្មមួយទៀត​ពីសាកលវិទ្យាល័យ Technical University of Lisbon ប្រទេស​ព័រទូហ្កាល់។ លោក​ស្រី​មានកេរ្តិ៍ឈ្មោះលេចធ្លោដោយសារស្នាដៃការងារសំខាន់មួយចំនួន មាន​ដូចជា​​ភាពជាអ្នក​ដឹកនាំបែបយុទ្ធសាស្ត្ររបស់លោកស្រី, ការសម្រេច​បាន​សមិទ្ធផល​ល្អៗ​ក្នុង​កម្ម​វិធីនៅតាមប្រទេស, និង​ប្រវត្តិស្នាដៃក្នុង​ការ​បង្កើត​ភាពជា​ដៃគូ​ប្រកប​ដោយ​ផ្លែផ្កាជាមួយ​បណ្តាប្រទេសជាអតិថិជន និង​ដៃគូអភិវឌ្ឍ​ន៍នានា។

លោកស្រី ហ្វេរ៉ូ នឹង​មើលលើការគ្រប់គ្រងទំនាក់ទំនងរបស់​ធនាគារ​ជា​មួយ​ប្រទេស​ចំនួន ២៦,​ បុគ្គលិក​ជាង ១ ០០០នាក់ និង​ផតហ្វូលីយោ​កម្មវិធី​(កម្រងកម្មវីធី)ដែលមានទឹកប្រាក់​សរុប​ប្រមាណជា ៤០ប៊ីលានដុល្លារអាមរិក សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក ទាំងមូល។

វិធានការឆ្លើយតបរបស់ក្រុមធនាគារពិភពលោកចំពោះកូវីដ១៩៖

ចាប់តាំងពី​មានការផ្ទុះការ​រាតត្បាតជំងឺកូវីដ១៩មក ក្រុមធនាគារពិភពលោក​បានធ្វើ​អន្តរាគមន៍ឆ្លើយតបគិត​ជាទឹកប្រាក់​អស់​ជាង ១៥៧​ប៊ីលានដុល្លារអាមេរិករួចហើយ ដើម្បី​ទប់​ទល់​ទៅនឹ​ង​ផលប៉ះពាល់​របស់​ជំងឺ​នេះទៅលើ​ផ្នែក​សុខាភិបាល,​ សេដ្ឋកិច្ច និង​សង្គម។ ការឆ្លើយតបនេះមានវិសាលភាពធំបំផុត និង​ល្បឿន​លឿនបំផុតដែលមិនធ្លាប់មាននៅក្នុង​ប្រវត្តិ​របស់​ធនាគារទេ។ អន្តរាគមន៍​ហិរញ្ញវត្ថុ​នេះ​កំពុង​តែជួយ​ដល់​ប្រទេស​ចំនួនជាង ១០០ ​នៅជុំវិញពិភពលោក​ ឱ្យ​ពង្រឹង​សមត្ថភាព​ត្រៀមខ្លួន​ប្រយុទ្ធ​នឹង​ការ​រាតត្បាតជំងឺ, ការ​ពារ​ជន​ក្រីក្រ និង​ការ​ងារ, និង​​ចាប់ផ្តើម​ស្តារសេដ្ឋកិច្ចមកវិញ​តាមបែបមានមេត្រីជាមួយ​បរិស្ថាន។ លើស​ពីនេះ ធនាគារ​ក៏កំពុងតែជួយ​ដល់ប្រទេសមានចំណូលទាប និង​ចំណូលមធ្យម​ជាង​៥០​ប្រទេស​ផ្សេង​ទៀត ក្នុងនោះ​ចំនួន​ជា​ងពាក់​កណ្តាល​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្វ្រ៊ិក ក្នុង​ការ​ទិញ​និង​បែងចែក​វ៉ាក់សាំងការ​ពារ​ជំងឺ​​កូវីដ​១៩។ សម្រាប់​បម្រើ​ដល់​គោលដៅនេះ ធនាគារ​បាន​ត្រៀម​ជា​ស្រេច​នូវ​ហិរញ្ញប្បទាន​ចំនួន ២០ប៊ីលាន​ដុល្លារ​អាមេរិក រហូតដល់​ចុង​ឆ្នាំ​២០២១។


សេចក្តីប្រកាសព័ត៌មាន​លេខ 2022/001/EAP

ទំនាក់ទំនង

Kym Smithies
(646) 407 8629
ksmithies@worldbank.org
Api
Api